គ្រូ​បង្រៀន​ដែល​ពិការភាព​ស្នើ​រដ្ឋាភិបាល​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ជន​ពិការ

ដោយ ជីវិតា
2023.12.03
គ្រូ​បង្រៀន​ដែល​ពិការភាព​ស្នើ​រដ្ឋាភិបាល​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ជន​ពិការ ស្ថាបនិក​សាលារៀន​អាយស៊ីអាយឌូ (I SEE I DO) លោក គឹម នី ស្ថិតនៅខេត្ត​តាកែវ។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

គ្រូបង្រៀន​ពិការ​ស្នើ​ដល់​រដ្ឋាភិបាល​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ជន​មាន​ពិការភាព​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ដល់​រដ្ឋាភិបាល ពង្រឹង​ការអនុវត្ត​គោល​នយោបាយ​គាំពារ​ដល់​ជន​មាន​ពិការភាព។​

គ្រូ​បង្រៀន​មាន​ពិការភាព​ម្នាក់​ដែល​ស្ម័គ្រចិត្ត​បង្រៀន​សិស្ស​ជាង ៣​រយ​នាក់ ដោយ​មិន​គិតថ្លៃ​នៅ​ខេត្ត​តាកែវ រៀបរាប់​ពី​បញ្ហា​ប្រឈម​របស់​ជន​ពិការ​រួម​មាន ការ​ពិបាក​ធ្វើដំណើរ ពិបាក​ទទួល​បានការ​សិក្សា​រៀនសូត្រ និង​ពិបាក​ប្រកប​របរ​ការងារ​ជាដើម។

ស្ថាបនិក​សាលារៀន​អាយ​ស៊ីអាយឌូ (I SEE I DO) លោក គឹម នី ដែល​ជា​ជន​ពិការ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣ វិច្ឆិកា​ថា លោក​ពុំ​ធ្លាប់​បាន​ជំនួយ​ឧបត្ថម្ភ​ណាមួយ​ពី​សំណាក់​រដ្ឋាភិបាល​នោះ​ទេ។ លោក​បន្ថែម​ថា នៅពេល​លោក​ចុះទៅ​មូលដ្ឋាន ដែល​មាន​ជនពិការ​រស់នៅ ពួកគាត់​តែងតែ​បង្ហាញ​ពី​ភាព​ខ្វះខាត និង​ត្រូវ​ការ​ជំនួយ​ឧបត្ថម្ភ​ជាដើម​។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​លើកកម្ពស់​ការ​យកចិត្ត​ទុកដាក់​លើ​ជន​ពិការ ដែល​ជា​ជន​ងាយ​រងគ្រោះ។

លោក គឹម នី៖ «ពីព្រោះ​ដោយសារតែ​ខ្ញុំ​ចុះ​តាម​មូលដ្ឋាន​ជាច្រើន ថ្វីត្បិតតែ​ខ្ញុំ​ពិការ ប៉ុន្តែ​ខ្ញុំ​តែងតែ​ទទួល​បាន​ការ​ជួយជ្រោមជ្រែង​ពី​បងប្អូន​ហើយ​បាន​ជួយ​ជ្រោមជ្រែង​លើ​ការងារ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ចុះ​ទៅតាម​មូលដ្ឋាន​គឺ​មាន​បងប្អូន​ពិការភាព​ខ្លះ​គាត់​មាន​រទេះ​ខូច​តែម្ដង គាត់​អត់​មានលទ្ធភាព​ប្ដូរ ពិបាក​ប្ដូរ ពិបាក​អីចឹង​ទៅ គាត់​ទៅ​មណ្ឌល​ជន​ពិការ ដើម្បី​ផ្លាស់ប្ដូរ​រទេះ​មាន​ការ​កង្វះខាត​មែនទែន មាន​ន័យ​ថា ផ្លាស់ប្ដូរ​អត់​ទាន់ពេល»

ការ​លើកឡើង​នេះ គឺ​នៅ​ថ្ងៃ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៥ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៤១។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច លោក ឯម ច័ន្ទមករា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី៣ ធ្នូ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា រដ្ឋាភិបាល​នឹង​ប្រារព្ធ​ពិធី​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២៥ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៤១ នៅ​ថ្ងៃទី​៤ ធ្នូ នៅ​សាល​មហោស្រព​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ។

លោក ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​នេះ ជា​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​ថ្មីៗ នៃ​វិស័យ​ពិការភាព ដែល​លោក​អះអាង​ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ ជាមួយ​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឲ្យ​មានការ​បង្កើន​ការ​ធ្វើ​វិនិយោគ​លើ​វិស័យ​ពិការភាព ដោយ​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​កសាង​សមត្ថភាព ផ្ដល់​អាទិភាព​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​របស់​ជន​មាន​ពិការភាព កែសម្រួល​របស់របរ​ប្រើប្រាស់​នៅ​តាម​ទី​សាធារណៈ​ដើម្បី​ងាយស្រួល​ដល់​ជនពិការ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន និង​រដ្ឋ ដោយ​ត្រូវ​ភ្ជាប់​កាតព្វកិច្ច​ជ្រើសរើស​ជន​មាន​ពិការភាព​ឲ្យ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង​ជាដើម។

កន្លង​ទៅ លោក ហ៊ុន ម៉ាណែត ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​កំណត់​អត្តសញ្ញាណ​ជន​មាន​ពិការភាព តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន​ជិត​៣០​ម៉ឺន​នាក់ (២៨៨.៦៩០) ហើយ​បាន​ផ្ដល់​ប័ណ្ណ​សម្គាល់​ជន​មាន​ពិការភាព​ចំនួន​ជាង ២០​ម៉ឺន​ប័ណ្ណ (២២២. ១៤៨)

អនុក្រឹត្យ​ស្ដីពី​ការកំណត់ និង​បែបបទ​នៃ​ការ​ជ្រើសរើស​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ ចែង​ថា ក្រសួង ស្ថាប័នរដ្ឋ ដែល​មាន​មន្ត្រីរាជការ​ចាប់ពី​៥០ នាក់​ឡើង​ទៅ ត្រូវតែ​មាន​ជនពិការ ដែល​មាន​លក្ខណសម្បត្តិ និង​សមត្ថភាព​បំពេញការងារ​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ក្នុង​អត្រា​២​ភាគរយ (%)​នៃ​ចំនួន​មន្ត្រីរាជការ​សរុប​។ ចំណែកឯ​វិស័យ​ឯកជន​វិញ ដែល​មាន​បុគ្គលិក​ចាប់ពី​១០០​នាក់​ឡើង​ទៅ ត្រូវ​តែ​មាន​ជន​មាន​ពិការ ដែល​មាន​លក្ខណសម្បត្តិ និង​សមត្ថភាព​បំពេញ​ការងារ​ក្នុង​អត្រា​មួយ​ភាគរយ​(%) នៃ​បុគ្គលិក​សរុប។ ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហាញ​ថា នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​ទាំង​៣៩ មាន​ជន​មាន​ពិការភាព​ចំនួន​ជិត ៤​ពាន់​នាក់ (.៧៧៦) កំពុង​បម្រើ​ការងារ។

តួលេខ​នេះ បង្ហាញ​ថា អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បន្ត​ដល់​នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត នៅ​ពុំ​ទាន់​អនុវត្ត​តាម​អនុក្រឹត្យ​ស្ដីពី​ការកំណត់ និង​បែបបទ​នៃ​ការ​ជ្រើសរើស​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ ដែល​ចុះ​ហត្ថលេខា​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន តាំងពី​ឆ្នាំ​២០១០។

ជន​មាន​ពិការភាព​មួយ​ចំនួន​នៅតែ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ និង​មួយ​ចំនួន​ទៀត​គ្មាន​ទីពឹង​ហើយ​ប្រកប​របរ​សុំ​ទាន ដើម្បី​ជីវិត និង​គ្រួសារ។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​សង្កេត​ឃើញ​ថា ស្ថានភាព​រស់នៅ​របស់​ជន​មាន​ពិការភាព គឺ​កំពុង​តែ​ជួបប្រទះ​បញ្ហា​ទាំង​ផ្លូវចិត្ត ទាំង​ផ្លូវកាយ ព្រោះតែ​រដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​ក្នុង​វិស័យ​នេះ​មិនទាន់​បាន​ល្អ​ប្រសើរ​។ លោក​បន្ថែម​ថា ជន​មាន​ពិការភាព គួរតែ​ត្រូវ​បាន​យកចិត្តទុកដាក់ និង​ផ្ដល់​ឱកាស​ដូច​ពលរដ្ឋ​ទូទៅ ជាពិសេស​ពួកគាត់​ជា​មនុស្ស ហើយ​ជា​ជន​ដែល​ងាយ​រងគ្រោះ​ទៀត​ផង។

លោក សន ជ័យ៖ «ការ​ដែល​ផ្ដល់​ឱកាស​ឲ្យ​ជន​មាន​ពិការភាព​មានការ​ងារ​ធ្វើ​តាមរយៈ​ជំនាញ​ទុន​របស់​គាត់ ភាគច្រើន​យើង​ចង់​ផ្ដោត​ទៅ​លើ​ការងារ ដែល​គាត់​អាច​ទទួល​បាន តាមរយៈ​ជំនាញ​ទន់ ព្រោះ​ពួកគាត់​អត់​មាន​កម្លាំង​គ្រប់គ្រាន់​ទៅ​ធ្វើ​ការងារ​ធំដុំ​ដូចជា លី សែង ឬ​ការងារ​ធ្ងន់ៗ​ទេ ប៉ុន្តែ​គាត់​អាច​មាន​ជំនាញ​ទន់​ហ្នឹង គាត់​អាច​នឹង​ចូលរួម​ទទួល​បាន​នូវ​ការងារ​នៅក្នុង​វិស័យ​ឯកជន វិស័យ​ការងារ​រដ្ឋ ឬក៏​ការងារ​សង្គម​ស៊ីវិល​អី​ជាដើម»

ស្ថាបនិក​សាលារៀន​អាយស៊ីអាយឌូ (I SEE I DO) លោក គឹម នី ដែល​ជា​ជន​មាន​ពិការភាព ទទូច​ដល់​រដ្ឋាភិបាល បំពេញ​តម្រូវការ​ចាំបាច់​របស់​ជន​មាន​ពិការភាព​ដូចជា ឈើ​ច្រត់ រទេះរុញ និង​ឧបករណ៍​ជំនួយ​ដល់​ជន​មាន​ពិការភាព ជាពិសេស​សម្រាប់​ជន​មាន​ពិការភាព​នៅ​តំបន់​ដាច់​ស្រយាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។