ក្រសួង​ប្រៃសណីយ៍​សម្រេច​លុបចោល​និង​ព្យួរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​មួយ​ចំនួន

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សម្រេច​លុបចោល និង​ព្យួរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ១៧ ដែល​អសកម្ម និង​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា បញ្ជាក់​ថា ក្រសួង រក​ឃើញ​៣៣ថា ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយ​ចំនួន បាន​គេចវេះ​មិន​បង់​ចំណូល​ជូន​រដ្ឋ​ជាច្រើន​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​ខ្លះ​បាន​លាក់​ចំណូល​របស់​ខ្លួន និង​ក្រុមហ៊ុន​ខ្លះ​ទៀត អសកម្ម គ្មាន​បុគ្គលិក​ធ្វើការ មិន​បាន​បំពេញ​កាតព្វកិច្ច​ផ្សេងៗ តាម​លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ និង​ពុំបាន​ផ្ដល់​ឯកសារ​បច្ចេកទេស ជាដើម​។​

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏បាន​ណែនាំ​ឱ្យ​ប្រតិបត្តិ​ករ ដែល​ត្រូវ​បាន​លុប​អាជ្ញាប័ណ្ណ​នេះ ត្រូវ​ទូទាត់​បំណុល ដែល​ជំពាក់​ក្រសួង។ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំង​១៧ ដែល​ត្រូវ​ព្យួរ​និង​លុបចោល​អាជ្ញាប័ណ្ណ​ទាំងនេះ គឺ​មាន​ក្រុមហ៊ុន​ខ្លះ​ផ្ដល់​សេវា​ទូរស័ព្ទ សេវា​អ៊ីនធឺណិត សេវា​កំណត់​ទីតាំង និង​តម្រង់​ទិស​តាម​ផ្កាយរណប​ជាដើម។

យោង​តាម​ស្ថិតិ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ចំនួន​អ្នក​ចុះបញ្ជី​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​កម្ពុជា​តាមរយៈ​ស៊ីមកាត គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២០ មាន​ជាង ២០​លាន​នាក់ (២០.៧៤៥.៣៩២)​។ រីឯ ចំនួន​អ្នកប្រើប្រាស់​សេវា​អ៊ីនធឺណិត គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២០ មាន​ជាង ១៥​លាន​នាក់ (១៥.២៦២.៥២៦) ដែល​ជា​តួលេខ​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​នោះ​រដ្ឋ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​សរុប ៣៨​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។