នៅឯខេត្តសៀមរាប ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាទីក្រុងអង្គរជាច្រើនម៉ឺននាក់។
ក្រុមកីឡាករប្រណាំងទូក និងអ្នកដើរកម្សាន្ត លើកឡើងថា កម្មវិធីនេះផ្តល់ឱកាសឱ្យអ្នកទេសចរស្គាល់នូវវប្បធម៌អត្តសញ្ញាណជាតិខ្មែរកាន់តែទូលំទូលាយ បង្កប់អត្ថន័យសាមគ្គីភាពគ្នារបស់ដូនតាខ្មែរ។
រយៈពេលពីរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកានេះ ពិធីបុណ្យអុំទូក នៅខេត្តសៀមរាប អាជ្ញាធរប្រារព្ធឡើងនៅតាមបណ្ដោយដងស្ទឹងសៀមរាប ដោយមានភ្ញៀវទេសចរជាច្រើនកកកុញបានសម្រុកដើរកម្សាន្តក្នុងក្រុងសៀមរាប និងតាមប្រាសាទបុរាណនានា ធ្វើឱ្យតំបន់ទេសចរប្រវត្តិសាស្ត្រនេះមានភាពអ៊ូអរចាប់តាំងពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅ។ ភ្ញៀវទេសចរភាគច្រើនជាភ្ញៀវជាតិមកពីខេត្តផ្សេងៗ និងរាជធានីភ្នំពេញ។
យុវតីចូលរួមទស្សនាពិធីបុណ្យនេះគឺកញ្ញា ទឺ នីសា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ វិច្ឆិកាថា កម្មវិធីនេះ រួមចំណែកទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប ផ្តល់ឱកាសឱ្យយុវជនផ្សព្វផ្សាយពីប្រពៃណីបុណ្យអុំទូកដល់ភ្ញៀវទេសចរ។
កញ្ញាយល់ថា ពេលមានភ្ញៀវទេសចរច្រើននឹងធ្វើឱ្យកន្លែងផ្តល់សេវាកម្មភ្ញៀវទេសចរទាំងអស់មមាញឹកទទួលភ្ញៀវ ផ្តល់ឱកាសការងារ និងប្រាក់ចំណូលដល់ពលរដ្ឋ។
កញ្ញា ទី នីសា៖«ផ្ដល់អត្តសញ្ញាណជាតិទៅកាន់ពិភពលោកបានស្គាល់ និងឱ្យដឹងពីវប្បធម៌ខ្មែរយើង ណាមួយទៀតខេត្តសៀមរាបគឺជាតំបន់បណ្ដុំទៅដោយភ្ញៀវទេសចរផង»។
យុវតីម្នាក់ទៀតរស់នៅខេត្តសៀមរាប កញ្ញា ប៉ែត ចាន់រិទ្ធ យល់ថា ព្រឹត្តិការណ៍នេះនឹងទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យស្គាល់នូវអត្ថន័យប្រពៃណីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ព្រមទាំងផ្សព្វផ្សាយពីផលិតផលខ្មែរកាន់តែទូលំទូលាយ។
កញ្ញា ប៉ែត ចាន់រិទ្ធ៖«ខ្ញុំឃើញភ្ញៀវជាតិនិងអន្តរជាតិគាត់មកច្រើនអ៊ូអរ ហើយពួកគាត់សើចសប្បាយរីករាយជាមួយបុណ្យអុំទូក អកអំបុកនិងបណ្ដែតប្រទីបរបស់យើង»។
ចំណែកក្រុមកីឡាករអុំទូក ដែលភាគច្រើនជាយុវជនមកពីខេត្តខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំនិងកំពង់ឆ្នាំង។ ពួកគេភាគច្រើនស្នាក់នៅតាមវត្តអារាម សាលារៀន និងទីសាធារណៈ ដើម្បីចូលរួមប្រណាំងទូកងតំណាងឱ្យខេត្តរបស់ខ្លួន។
ប្រធានគណៈកម្មការគ្រប់គ្រងទូកងនៅខេត្តបន្ទាយមានជ័យ លោក ប៉ា ប៊ុនថោះ មានប្រសាសន៍ថា យុវជនចូលរួមពិធីនេះ បានលះបង់ពេលវេលាយ៉ាងសកម្ម ដើម្បីថែរក្សាអត្តសញ្ញាណជាតិ។
ក៏ប៉ុន្តែលោកថា កន្លែងស្នាក់នៅរបស់កីឡាករនៅមិនទាន់សមរម្យនៅឡើយទេ ហើយប្រសិនបើអាជ្ញាធរជួយរៀបចំជាតង់ឱ្យពួកគាត់ស្នាក់នៅមានសណ្ដាប់ធ្នាប់ និងអនាម័យល្អ ជាផ្នែកមួយលើកកម្ពស់សោភ័ណភាពទេសចរណ៍ក្នុងខេត្តនេះ និងលើកទឹកចិត្តឱ្យពួកគាត់ថែមទៀត។
លោក ប៉ា ប៊ុនថោះ៖«ក្នុងនាមពួកខ្ញុំជាយុវជន គឺអត់មានអីចូលរួមថែរក្សា និងលះបង់កម្លាំងកាយចិត្តប្រឹងប្រែងហ្វឹកហាត់ប្រកួត ដើម្បីមកអបអរពិធីបុណ្យអុំទូករបស់ខ្មែរយើង»។
ចំណែកអាជ្ញាធរខេត្តសៀមរាបបានកំណត់គោលដៅ រៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូកនេះជាការស្ដារឡើងវិញនូវវិស័យទេសចរណ៍ និង សេដ្ឋកិច្ចពលរដ្ឋក្នុងតំបន់ ក្រោយពេលខេត្តនេះ ធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ។
អភិបាលខេត្តសៀមរាប លោក ប្រាក់សោភ័ណ បានថ្លែងក្នុងពិធីនេះថា គោលបំណងនៃពិធីនេះជួយអភិរក្សវប្បធម៌ខ្មែរ និងលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋក្នុងខេត្តឱ្យទទួលបានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន។
លោក ប្រាក់ សោភ័ណ៖«ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់រៀបចំលើកកម្ពស់ស្ដារវិស័យទេសចរណ៍ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន»។
ជុំវិញរឿងនេះចាស់ព្រឹទ្ធាចារ្យ និងជាគ្រូបង្វឹកកីឡាករទូកងរស់នៅខេត្តបន្ទាយមានជ័យ លោក មួន ឃាន ពន្យល់ថា អត្ថន័យប្រពៃណីប្រណាំងទូកង គឺដូនតាខ្មែរចង់បង្ហាញពីគុណតម្លៃនៃការសាមគ្គីគ្នារវាងកងទ័ពជើងទឹករបស់បុព្វបុរសខ្មែរកាលពីសម័យបុរាណ ដែលពួកគាត់ក្លាហាន និងសាមគ្គីគ្នារឹងមាំទើបអាចច្បាំងឈ្នះសត្រូវការពារទឹកដី។
លោកថាការដឹកនាំប្រទេសជាតិក៏ដូច្នេះដែរ បើគ្មានការសាមគ្គីគ្នាទេ នឹងមិនរីកចម្រើនឡើយ។
លោក មួន ឃាន៖«ពិធីបុណ្យអុំទូកជាប្រពៃណីជាតិយើង យើងធ្វើតាមប្រពៃណីនិងថែរក្សាកុំឱ្យបាត់បង់ ដូចកាលពីសម័យមុនៗ ដែរ»។
របាយការណ៍របស់អាជ្ញាធរខេត្តសៀមរាបបង្ហាញថា ប្រព្រឹត្តបុណ្យអុំទូកនេះមានចំនួនទូកសរុប ៣៧ទូក និងកីឡាករកីឡាការិនីចូលរួមប្រកួតប្រជែង ៩០៩នាក់ មកពីខេត្ត/ក្រុងចំនួន៦ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសរុបជាង ៨ម៉ឺននាក់ (៨៧.១១៩)។ ក្រុមកីឡាករទទូចឱ្យអាជ្ញាធរខេត្តសៀមរាប យកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅសមរម្យជូនពួកគាត់ដើម្បីផ្តល់តម្លៃឱ្យយុវជនមានទឹកចិត្តថែរក្សាកេរមរតកដូនតានៅឆ្នាំក្រោយៗ ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
