អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ចំនួន ១៣នាក់ ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់

អាជ្ញាធរ​ថៃ ចាប់ខ្លួន​ពលករ​ខ្មែរ​ចំនួន ​១៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ ៥នាក់ កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា។ ហ្វេសប៊ុក​របស់​ទាហាន​ថៃ ប្រចាំ​នៅ​ខេត្ត​ស្រះកែវ (Sakeo) ចុះ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី១០ ថា ពលករ​ខ្មែរ​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ក្នុង​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​មេខ្យល់​ជា​ជនជាតិ​ថៃ នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះកែវ (Sakeao) ប្រទេស​ថៃ ​ដោយ​ខុស​ច្បាប់។ ពេល​សមត្ថកិច្ច​ថៃ​សួរនាំ​នោះ គឺ​ជនជាតិ​ខ្មែរ​ទាំង ​១៣​នាក់ ​បាន​ប្រាប់​ថា ពួកគេ​ធ្វើដំណើរ​ទៅ​ខេត្តចន្ទបុរី (Chanthaburi) ខេត្ត រៈយ៉ង (Rayong) និង​ខេត្តនន្ទបុរី (Nonthaburi) ដើម្បី​រក​ការងារ​ធ្វើ ។ ក្រោយពី​សួរចម្លើយ​ពលករ​ខ្មែរ​ទាំង ១៣នាក់ និង​មេខ្យល់​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅកាន់​កម្លាំង​ជំនាញ ដើម្បី​ចាត់ការ​តាម​ច្បាប់។

ស្នងការ​រង​ទទួលបន្ទុក​ការពារ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ សុផល ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តាម​រយៈ​សារ​តេឡេក្រាម​ថា ពលករ​ទាំងនោះ នឹង​បញ្ជូន​មក​ដល់​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី១០ ខែឧសភា ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​តែង​ចាប់​បញ្ជូន​ពលករ​ខ្មែរ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​ជា​រៀងរាល់​ថ្ងៃ គ្រាន់តែ​ថ្ងៃ​ខ្លះ​មាន​ចំនួន​ច្រើន​ថ្ងៃ​ខ្លះ​មាន​ចំនួន​តិច​ប៉ុណ្ណោះ។

ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​នៃ​អង្គ​ការ​សង់ត្រាល់ (Central) ​លោក ឌី ថេហូយ៉ា កត់សម្គាល់​ថា ការ​បើក​ច្រក​ព្រំដែន គឺ​បើក​ជា​ផ្លូវការ ប៉ុន្តែ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ទាំង​នោះ គឺ​ឆ្លង​ដែន​តាម​ច្រក​របៀង​ជា​ច្រក​មិន​ផ្លូវការ ទើប​មាន​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ។ លោក​បន្ថែម​ថា ពលករ​គ្មាន​ឯកសារ​ស្រប​ច្បាប់​នោះ​ទេ ព្រោះ​ថា បើ​ពួក​គេ​ទៅ​ស្រប​ច្បាប់​តម្រូវ​ឱ្យ​ដាក់​ពាក្យ​តាម​ក្រុមហ៊ុន​ពលករ​ណា​មួយ ហើយ​ការ​រង់ចាំ​ពេល​យូរ អស់​ប្រាក់​ច្រើន ​អ៊ីចឹង គាត់​មាន​តែ​ជម្រើស​ឆ្លងដែន​ខុស​ច្បាប់ គឺ​លឿន ហើយ​ចង់​ទៅ​ពេល​ណា គឺ​បាន​ពេល​ហ្នឹង៖ « គួរ​តែ​សម្រួល​ធ្វើ​ឯកសារ​ប៉ាស្ព័រ (Passport) ហ្នឹង តាម​ជាយ​ដែន​ហ្នឹង​ណា៎ ហើយ​ប្រកាស​ជា​ផ្លូវការ​ទៅ ក្នុង​តម្លៃ​ដែល​មិន​ថ្លៃ ដែល​គាត់​អាច​ធ្វើ​បាន អី​ជា​ដើម​ចឹង អា​ហ្នឹង​វា​ជា​ជម្រើស​មួយ​ពាក់ព័ន្ធ​ការ​ផ្តល់​ឯកសារ​របស់​រដ្ឋាភិបាល ទី២ គឺ​ពាក់ព័ន្ធ​នឹង​រឿង ប្រសិន​គាត់​ហៅ​ថា​ឆ្លងដែន​មិន​មាន​ជម្រើស​ល្អ​ហើយ មាន​តែ​មិន​ស្រប​ច្បាប់​អ៊ីចឹង រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​តែ​អន្តរាគមន៍ ជួយ​ពួក​គាត់​ឱ្យ​បាន​ជា​បន្ទាន់​ពាក់ព័ន្ធ និង​រឿង​ការ​ចាប់​ខ្លួន ដើម្បី​កុំ​ឱ្យ​គាត់​ប្រឈម​អំពី​ការ​ដាក់​ទោស​ទណ្ឌ​ពិន័យ​ជា​ប្រាក់​អី​ថែម​ជា​ដើម »

លោក ឌីថេ ហូយ៉ា ព្រួយ​បារម្ភ​ថា ប្រសិនបើ​បញ្ហា​ទាំងនេះ មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ទេ នឹង​បង្ក​ឲ្យ​មាន​បញ្ហា​សង្គម​ធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុន។ លោក​បន្ថែម​ទៀត​ថា ដំណោះស្រាយ​យូរ​អង្វែង គឺ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការងារ​ក្នុង​ស្រុក ដោយ​បង្កើន​វិនិយោគ​ក្នុង​ស្រុក​ច្រើន ពិសេស​វិស័យ​កសិកម្ម ឧស្សាហកម្ម សិប្បកម្ម​កែច្នៃ និង​ទីផ្សារ​កសិកម្ម​ដល់​ពលរដ្ឋ។

បើ​គិត​ត្រឹម​ថ្ងៃ​ទី១១ ខែឧសភា​នេះ ពលរដ្ឋ​ខ្មែរ ១០០នាក់​ជាង​ហើយ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន និង​បញ្ជូន​មក​កាន់​កម្ពុជា​ជា​បន្តបន្ទាប់ បើ​ទោះ​បី​ជា​មាន​ការ​បើក​ច្រក​អន្តរជាតិ​រួចរាល់​ហើយ​ក៏​ដោយ ពលរដ្ឋ​នៅ​តែ​បន្ត​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។