ក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានជនជាតិចិនព្រួតគ្នាវាយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ពួកគាត់មិនទាន់ទទួលយុត្តិធម៌នៅឡើយ ដោយសារតែអាជ្ញាធរបណ្តោយឱ្យក្រុមជនល្មើសរស់នៅក្រៅប្រព័ន្ធច្បាប់។ ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិលរិះគន់ថា ទំនងជាអាជ្ញាធរឃុបឃិតគ្នាជាប្រព័ន្ធជាមួយក្រុមឧក្រិដ្ឋជនទទួលសំណូកពីជនជាតិចិនទើបគ្មានស្ថាប័នមានសមត្ថកិច្ចណាហ៊ានចេញមុខចាប់ក្រុមជនល្មើសមកអនុវត្តទោសតាមផ្លូវច្បាប់។
សាច់ញាតិជនរងគ្រោះរស់នៅក្រុងប៉ោយប៉ែតដែលត្រូវជនជាតិចិនលើកគ្នាមកវាយធ្វើបាបដល់ផ្ទះ រិះគន់ថា អាជ្ញាធរមិនបានអើពើក្នុងការស៊ើបអង្កេតតាមចាប់ក្រុមជនល្មើសប្រដាប់ដោយអាវុធយកមកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ឡើយ។
ម្ដាយស្រី្តជនរងគ្រោះលោកស្រី រ៉ានី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែកក្កដាថា គ្រួសារលោកស្រីនៅតែឈឺចាប់ចំពោះទង្វើជនជាតិចិនដែលលើកគ្នាមកព្រួតវាយកូនៗលោកស្រីកន្លងនេះ។ លោកស្រីបញ្ជាក់ថា មកដល់ពេលនេះក្រុមជនល្មើសនៅតែរស់នៅមានសេរីភាព ទោះបីជាអាជ្ញាធរបានដឹងពីទីតាំងក្រុមជនជាតិចិនទាំងនោះក្ដី ក៏គ្មានសមត្ថកិច្ចណាហ៊ានចាប់ក្រុមជនដៃដល់ទាំងនោះដែរ។
លើសពីនេះទៀត លោកស្រីថា ក្រុមជនជាតិចិនដែលវាយធ្វើបាបកូនលោកស្រីនោះ តែងតែចាត់មេការជាជនជាតិខ្មែរ ដើម្បីឱ្យសហការជាមួយសមត្ថកិច្ចក្រុងប៉ោយប៉ែត បញ្ចុះបញ្ចូលក្រុមគ្រួសារលោកស្រីឱ្យដកពាក្យបណ្ដឹងដើម្បីទទួលយកសំណង «យើងចង់បានមនុស្ស ដើម្បីថាថ្ងៃក្រោយកុំឱ្យមនុស្សហ្នឹងវាធ្វើអ៊ីចឹងទៀត។ បើរឿងលុយ យើងអត់គិតឃើញថាចង់បានលុយគេទេ ស្រវ៉ាយកលុយគេ របៀបដូចថាយើងលក់កូនឱ្យកូនគេវាយហើយចង់បានលុយយើងអត់ចង់អ៊ីចឹង»។លោកស្រី រ៉ានី ចាត់ទុកទង្វើរបស់អាជ្ញាធរក្រុងប៉ោយប៉ែតដែលតែងតែបង្ខំឱ្យគ្រួសារលោកស្រីទទួលសំណងកន្លងមកនេះ ថា មិនផ្តល់តម្លៃឱ្យកូនៗលោកស្រីដែលរងការវាយដំពីក្រុមជនល្មើស។ លោកស្រីចង់ឃើញអាជ្ញាធរ អនុវត្តច្បាប់ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយចាប់ក្រុមជនល្មើសទាំងអស់យកមកដាក់ទោសឱ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់។
កាលពីថ្ងៃទី២ ខែមីនា ជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ និងក្រុមសន្តិសុខជាង២០នាក់ បានសម្រុកចូលផ្ទះលោកស្រី រ៉ានី ព្រួតវាយកូនលោកស្រី រ៉ានី ឈ្មោះ សុភ័ក្រ ដាលីន ហៅធីតា និងកូនប្រសាជាម្ចាស់ហាងកាត់សក់មួយកន្លែងនៅក្រុងប៉ោយប៉ែត។ លោកស្រី រ៉ានី ថា ដើមហេតុដំបូងក្រុមជនជាតិចិនទាំងនោះ មានបំណងមកវាយជនជាតិថៃ ២នាក់ផ្សេងទៀត ដែលមកចូលកាត់សក់ក្នុងហាងកូនលោកស្រី។ ប៉ុន្តែ ជនជាតិថៃទាំងនោះបានរត់គេចខ្លួន។ ភ្លាមៗនោះ ក្រុមជនជាតិចិន និងក្រុមសន្តិសុខបានព្រួតគ្នាវាយកូនលោកស្រី រ៉ានី ឈ្មោះ សុភ័ក្រ ដាលីន ហៅធីតា ទាំងកម្រោលព្រមទាំងបំផ្លាញទ្រព្យសម្ភារៈក្នុងផ្ទះមួយចំនួនធំ ទោះបីជាកូនស្រី លោកស្រី រ៉ានី ឈ្មោះ សុភ័ក្រ ដាលីន ហៅធីតា បានពន្យល់ប្រាប់ថា នាងមិនដែលបានស្គាល់ ឬមានទំនាក់ទំនងជាមួយនឹងជនជាតិថៃទោះនោះយ៉ាងណាក្ដី។
លោកស្រី រ៉ានី អះអាងទៀតថា ក្រុមជនដៃដល់ទាំងនោះមានម្នាក់ជាជនជាតិចិនបានដកកាំភ្លើងខ្លីភ្ជង់ក្បាលកូនលោកស្រី។ ចំណែក ជនជាតិចិន និងក្រុមសន្តិសុខផ្សេងទៀត មាន ដំបងឆក់ ញញួរ និងបំពង់ដែក បានព្រួតវាយដំទាត់ធាក់កូនស្រីឈ្មោះ សុភ័ក្រ ដាលីន ហៅធីតា និងកូនប្រសារបណ្ដាលឱ្យបែកក្បាល និងបាក់ថ្គាម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ ដើម្បីសាកសួរជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី៣០ កក្កដា។ ចំណែក ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកជនអន្តោប្រវេសន៍លោក អេង លីហួ បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលោកឆ្លើយថា រវល់ប្រជុំ។
ទោះជាយ៉ាងណា ក្រោយមានហេតុការណ៍ជនជាតិចិនទាំងនោះលើកគ្នាទៅវាយកូនលោកស្រី រ៉ានី លោក អេង លីហួ ធ្លាប់អះអាងប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចបានស៊ើបអង្កេតដោយមានតម្រុយមួយចំនួន ដើម្បីតាមចាប់ខ្លួនជនល្មើសទាំងនោះយកមកផ្ដន្ទាទោស។ ប៉ុន្តែ មកដល់ពេលនេះ អាជ្ញាធរមិនទាន់បានបង្ហាញរបាយការណ៍ចុងក្រោយពាក់ព័ន្ធការស៊ើបអង្កេតលើជនល្មើសទាំងនោះនៅឡើយ។
ក្រុមគ្រួសារជនរងគ្រោះឱ្យដឹងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនបានតែសន្តិសុខម្នាក់តែប៉ុណ្ណោះ ដែលជាមនុស្សគ ថ្លង់ យកទៅអនុវត្តទោស។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មើលឃើញថា អាជ្ញាធរខេត្តបន្ទាយមានជ័យគ្មានឆន្ទៈចាប់ជនដៃដល់ ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់នោះទេ។ លោករិះគន់ថា អាជ្ញាធរអនុវត្តច្បាប់ហាក់មានស្តង់ដារពីរ ដោយសារតែជនជាតិចិន ជាជនដៃដល់ទាំងនោះអាចមានអ្នកមានលុយមានអំណាចនៅពីក្រោយខ្នង៖ «យើងមានការព្រួយបារម្ភថា ការកើតឡើយក្រោយៗទៀត បើសិនជាមិនមានការផ្តល់នូវយុត្តិធម៌ ដើម្បីជូនដល់ជនរងគ្រោះនៅពេលក្រោយៗទៀត ជនទាំងអស់នោះចេះតែធ្វើអ៊ីចឹងទៀតទៅ អំណាចរបស់ខ្លួន ហើយច្បាប់កម្ពុជាមានត្រូវអនុវត្ត ត្រូវគោរពទាំងអស់គ្នាហ្នឹង បែរជាទុកចោលគៀនជញ្ជាំងអីវាមិនល្អមើល»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញដល់ញាតិជនរងគ្រោះបន្តស្វែងរកកិច្ចអន្តរាគមន៍នៅថ្នាក់ជាតិ ដើម្បីស្នើដល់អាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតចាប់ជនល្មើសមកអនុវត្តទោសតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា សាច់ញាតិជនរងគ្រោះមិនទាន់បានដាក់ពាក្យប្តឹងទៅកាន់អាជ្ញាធរថ្នាក់ជាតិនៅឡើយ ដោយសារតែពួកគាត់គ្មានជំនឿលើប្រព័ន្ធច្បាប់នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
