មន្ត្រីសង្គមស៊ីវិលបានរិះគន់ និងចាត់ទុកការផាកពិន័យទៅលើអ្នកគ្មានប័ណ្ណបើកបរម៉ូតូមានតម្លៃខ្ពស់ គឺមិនអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅក្នុងសង្គមកម្ពុជានោះទេ។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានថ្លែងរិះគន់ចំពោះការផាកពិន័យដល់អ្នកគ្មានប័ណ្ណបើកបរចំនួន ៦ម៉ឺនរៀល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថាជារឿងមិនត្រឹមត្រូវទេ។
លោកបន្តថា បើងាកទៅមើលការរកចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាវិញ គឺពលរដ្ឋភាគច្រើនរកចំណូលក្នុង ១ថ្ងៃមិនបាន ៨.០០០រៀល ឬប្រមាណ ២ដុល្លារនោះទេ។ ដូច្នេះការផាកពិន័យនេះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពួកគាត់។
លោក កែម ឡី ថ្លែងបន្តថា ការបើកបរនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬមនុស្សមិនគោរពច្បាប់ចរាចរណ៍ឯណោះទេ ទើបជាដើមហេតុនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើនខ្ពស់ជារៀងរាល់ឆ្នាំ។ ហើយថា រដ្ឋាភិបាល ឬផ្នែកពាក់ព័ន្ធ គួរមានវិធានការចំពោះបញ្ហានេះ។
លោក ព្រាប ច័ន្ទវិបុល ប្រធានផ្នែកអប់រំច្បាប់ចរាចរណ៍ផ្លូវគោកនៃមន្ត្រីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា សព្វថ្ងៃនេះអ្នកមានប័ណ្ណបើកបរម៉ូតូ មានចំនួនប្រមាណ ១៦ម៉ឺននាក់ក្នុងចំណោមអ្នកប្រើប្រាស់ម៉ូតូជាងពីរលានគ្រឿង។ អ្នកបើកបរម៉ូតូនៅតាមផ្លូវសាធារណៈដែលគ្មានប័ណ្ណបើកបរនឹងត្រូវពិន័យ ៦ម៉ឺនរៀល។
លោកបញ្ជាក់ថា ដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងប្រទេសកម្ពុជា រាល់ថ្ងៃនេះ គឺ ដោយសារតែអ្នកបើកបរភាគច្រើនមិនបានឆ្លងកាត់សាលារៀនបើកបរ ឬមិនចេះច្បាប់ចរាចរណ៍។
មន្ត្រីរូបនេះបានស្នើដល់អ្នកបើកបរដែលមិនទាន់មានប័ណ្ណបើកបរត្រូវទៅប្រឡងយកប័ណ្ណបើកបរឲ្យបានគ្រប់ៗគ្នា ព្រោះច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរដែលគ្មានប័ណ្ណបើកបរ ត្រូវរងការផាកពិន័យជាប្រាក់ ឬឈានដល់ជាប់ពន្ធនាគារ។
លោក សន ជ័យ តំណាងប្រចាំប្រទេសកម្ពុជា នៃសម្ព័ន្ធគណនេយភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក៏បានរិះគន់ការផាកពិន័យចំពោះអ្នកបើកបរគ្មានប័ណ្ណរហូតដល់ចំនួន ៦ម៉ឺនរៀល។ លោកបន្តថា របៀបរបបនៃការចុះឈ្មោះរៀនបើកបរ គឺមានតម្លៃខ្ពស់ និងមានអំពើពុករលួយ ទើបមិនសូវមានមនុស្សទៅចុះឈ្មោះរៀនបើកបរបានច្រើន។
តារាងឧបសម្ពន្ធស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ បានបង្ហាញថា ការប្រឡងទោចក្រយានយន្តគ្រប់ប្រភេទ គឺមានតម្លៃ ៧ម៉ឺន៥ពាន់រៀល។ រយៈពេលផ្ដល់សេវា ៧ថ្ងៃ និងមានសុពលភាពប្រើប្រាស់ ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
