អាជ្ញាធរខេត្តមួយចំនួនបានតុបតែងលំអភ្លើងពណ៌តាមដងផ្លូវក្នុងទីរួមខេត្ត ដើម្បីត្រៀមស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងប្រព្រឹត្តពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសាខាងមុខ។ ក្នុងនោះខេត្តខ្លះនឹងមានការប្រគំតន្ត្រី ចាក់ធុងបាស លេងល្បែងប្រជាប្រិយនិងដុតកាំជ្រួចដើម្បីឱ្យប្រជាពលរដ្ឋកម្សាន្តសប្បាយនៅក្នុងខេត្តរៀងៗខ្លួន។
អាជ្ញាធរខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប បានតុបតែងលំអភ្លើងពណ៌ស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិជាលើកដំបូងបន្ទាប់ពីបានខកខាន អស់រយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩។

ហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបងចុះផ្សាយនៅថ្ងៃទី១០ ខែមេសាថា សង្រ្កាន្តនឹងរៀបចំនៅមុខបរិវេណសារមន្ទីរប្រវត្តិសាស្ត្រខេត្ត និងបរិវេណសួនច្បារនាគសន្តិភាពជាប់មាត់ស្ទឹងសង្កែក្រុងបាត់ដំបង រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ ពិធីនេះនឹងមានតាំងពិព័រណ៍ទំនិញ ការប្រគំតន្ត្រី លេងល្បែងប្រជាប្រិយ និងដុតកាំជ្រួច ជូនពលរដ្ឋកម្សាន្តជារៀងរាល់រាត្រី។
ដោយឡែកនៅខេត្តសៀមរាបឯណោះវិញអាជ្ញាធរបានរៀបតុបតែងភ្លើងពណ៌នៅតាមដងស្ទឹងសៀមរាបជាពិសេសនៅមុខព្រះរាជដំណាក់ក្នុងក្រុងសៀមរាប។
ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបលោកស្រី មួន សាវើន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០មេសាថា បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះអាជ្ញាធរបានរៀបចំភ្លើងពណ៌យ៉ាងស្រស់ស្អាតដើម្បីឱ្យប្រជាពលរដ្ឋកម្សាន្តក្នុងថ្ងៃបុណ្យប្រពៃណីជាតិ។ ស្ត្រីវ័យ៣៩ឆ្នាំរូបនេះបន្តថា លោកស្រីនឹងឆក់យកឱកាសដ៏កម្រនេះលក់ដូរដើម្បីសន្សំប្រាក់សងបំណុលធនាគារដែលខ្ចីគេនាពេលកន្លងទៅ៖ «ខ្ញុំទៅមើលការតុបតែងគេហ្នឹងរួចហើយនៅកូនៗ អាចទៅលេង ខ្ញុំលក់ឥវ៉ាន់ចាហួយនៅលក់នៅផ្ទះ។ គេអត់បានលក់ចាបហួយអីហ្នឹងគេទៅ ដល់ពេលខ្ញុំចូលឆ្នាំហ្នឹងឱកាសខ្ញុំរកបានប្រាក់ច្រើន យើងលក់ដាច់។សប្បាយឡើងវិញសប្បាយបានតែពីរបីថ្ងៃ ប៉ុន្តែអារម្មណ៍តាំងពីរាតត្បាតជំងឺកូវីដ១៩មកយើងរកអត់សូវបានប្រាក់ វានៅតែជាបន្ទុកក្នុងចិត្តយើងដដែលហ្នឹង » ។

ដូចគ្នានេះដែរនៅខេត្តបន្ទាយមានជ័យឯណោះវិញ អាជ្ញាធរក៏បានតុបតែងលំអភ្លើងពណ៌នៅសួនច្បារមុខសាលាខេត្ត ដើម្បីត្រៀមឱ្យប្រជាពលរដ្ឋទស្សនាកម្សាន្តដែរ។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យលោក យ៉ង់ តាំងកួយ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរខេត្តបានរៀបចំទីកន្លែងចំនួន២ទីតាំងធំៗ គឺនៅបរិវេណសួនច្បារវេទិកាមុខសាលាខេត្ត និងនៅមុខប្រាសាទបន្ទាយឆ្មារ ដើម្បីត្រៀមស្វាគមន៍បុណ្យចូលឆ្នាំខ្មែរ។ លោកបញ្ជាក់ថា ពិធីនេះជារៀងរាល់យប់នឹងមានចាក់ធុងបាស លេងល្បែងប្រជាប្រិយ ជូនប្រជាពលរដ្ឋរាំលេងកម្សាន្តសប្បាយ៖ «មានដាក់បាសរាំហើយហ្នឹងបោះអង្កុញ វាយក្អមនិងទាញព្រ័ត្រអី តាមប្រពៃណីខ្មែរពីដើមមក មិនបានលេងធំដុំទេដោយសារយើងការពារខ្លាចកូវីដដែរ។ ដើម្បីយើងប្រារព្ធតាមប្រពៃណីរបស់ខ្មែរយើងដោយសារកន្លងមក យើងតែងប្រាព្ធ ដោយសារកូវីដ១៩យើងបានបិទជាច្រើនឆ្នាំមកហើយ ឥឡូវតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ បានឱ្យរៀបចំឱ្យប្រជាពលរដ្ឋបានលេងសប្បាយ »។
ទោះជាយ៉ាងណា ពលរដ្ឋនៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យលោក កិ កាន ថ្លែងថា លោកនឹងមិនទៅលេងកម្សាន្តបុណ្យចូលឆ្នាំខ្មែរនៅទីរួមខេត្តដែលអាជ្ញាធរបានរៀបចំស្វាគមន៍បុណ្យឆ្នាំពេលខាងមុខនោះទេ ព្រោះលោកមិនសូវមានប្រាក់និងព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ និងមានគ្រោះថ្នាក់ផ្សេងៗ។ ពលរដ្ឋវ័យ៣៥ឆ្នាំរូបនេះបន្ថែមថា ក្នុងឱកាសជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះមានពលករខ្មែរបានត្រឡប់មកលេងស្រុកកំណើតច្រើនជាងឆ្នាំមុនៗ ហើយពួកគេភាគច្រើនត្រៀមខ្លួនទៅរាំលេងកម្សាន្តនៅទីរួមខេត្តបន្ទាយមានជ័យ៖ «ហើយភាគច្រើនហ្នឹងបើក្មេងៗគេសប្បាយហើយ អ្នកខ្លះមកពីថៃអីហ្នឹងនិយាយរួមទៅដូចក្មេងជំទង់គាត់សប្បាយច្រើន គាត់ត្រៀមម៉ូតូត្រៀមអី។ព្រោះសព្វថ្ងៃ តែក្មេងត្រឹមតែថ្នាក់ទី៥ទី៦ហ្នឹងគាត់មានទូរស័ព្ទអីគាត់បបួលគ្នាគាត់ទៅដើរលេងហើយ គាត់អត់មានគិតបញ្ហាអ្វីជាធំទេ សំខាន់គឺសប្បាយៗប៉ុណ្ណឹងឯង » ។

ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា សាទរនឹងការត្រៀមរៀបចំពិធីបុណ្យចូលប្រពៃណីជាតិ របស់អាជ្ញាធរដើម្បីឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនេះ។ ទោះជាយ៉ាងណា លោកជំរុញឱ្យអាជ្ញាធរការពារសន្តិសុខសណ្ដាប់ឱ្យបានល្អជូនប្រជាពលរដ្ឋលេងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ៖ «ទី២ហ្នឹងជួយប្រកូកប្រកាសធ្វើយ៉ាងណាកុំឱ្យពួកគាត់ហ្នឹងមានអំពើហិង្សាកុំឱ្យប្រើប្រាស់គ្រឿងញៀន។ទី៣ទាក់ទងនឹងផ្លូវចិត្តដែលជាសារមួយ ដើម្បីឱ្យពួកគាត់ហ្នឹងមានការគិតការចាប់ផ្ដើមពិចារណាទាក់ទងទៅលើផ្លូវចិត្ត ឆ្នាំថ្មីគំនិតថ្មី ការកែប្រែអ្វីដែលធ្វើថ្មី ល្អៗទាំងអស់ដើម្បីផលប្រយោជន៍សង្គមផងផលប្រយោជន៍គ្រួសារផលប្រយោជន៍ជាតិផង » ។
ការដែលអាជ្ញាធររៀបចំតុបតែងលំអភ្លើងពណ៌ត្រៀមស្វាគមន៍បុណ្យចូលឆ្នាំនៅពេលខាងមុខនេះធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសកាលពីពេលថ្មីនេះ ដោយណែនាំឱ្យអាជ្ញាធរខេត្តនៅទូទាំងប្រទេសបើកឱ្យប្រជាពលរដ្ឋដើរកម្សាន្តសប្បាយបុណ្យចូលឆ្នាំខ្មែរឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។
មន្ត្រីសង្គមស៊ីវិល លោក ស៊ុំ ច័ន្ទគា យល់ថា ស្ថានភាពដូចសព្វថ្ងៃនេះប្រជាពលរដ្ឋត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ដែលអាចនឹងធ្វើឱ្យការសប្បាយក្លាយទៅជាទុក្ខក្រោយពេលបុណ្យចូលឆ្នាំរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។