រដូវវស្សាចូលមកដល់ភ្លៀងធ្លាក់អមដោយផ្គររន្ទះ ធ្វើឱ្យពលរដ្ឋមួយចំនួនដែលផ្លាស់ទីពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក ក្នុងខេត្តសៀមរាបភ័យខ្លាចគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ បណ្តាលឱ្យលំនៅឋានរបស់ពួកគាត់គ្មានសុវត្ថិភាព ឬដួលរលំខូចខាតជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
បញ្ហាប្រឈមទាំងនេះពលរដ្ឋអះអាងថា ដោយសារអាជ្ញាធរឈូសឆាយបំផ្លាញព្រៃឈើ និងដើមឈើធំៗក្លាយជាវាល ធ្វើឱ្យពួកគាត់ជួបគ្រោះធម្មជាតិផ្ទួនៗគ្នា។
អាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងខែឧសភានេះ ធ្វើឱ្យពលរដ្ឋរស់នៅតំបន់រុនតាឯក ធូរទ្រូងបន្តិច ក្រោយពីពួកគាត់ប្រឈមរលកកំដៅខ្លាំងពិបាករស់នៅជាច្រើនខែមកហើយ។ ក៏ប៉ុន្តែបញ្ហាប្រឈមថ្មីមួយទៀត គឺគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់កំពុងគំរាមកំហែងដល់ផ្ទះសម្បែង តូបលក់ដូរ និងទ្រព្យសម្បត្តិរបស់អ្នកភូមិ។
ពលរដ្ឋរស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបអះអាងថា ដោយសារតែភាពក្រីក្រពួកគាត់មិនទាន់មានលទ្ធភាពសង់ផ្ទះរឹងមាំ រស់នៅសមរម្យនៅឡើយទេ ខណៈបច្ចុប្បន្នអ្នកភូមិភាគច្រើនសង់ជម្រក ប្រក់ស័ង្កសី រោងដោល និងផ្ទះតូចៗស្នាក់នៅបណ្ដោះអាសន្ន កំពុងប្រឈមគ្រោះធម្មជាតិរដូវវស្សា។
អាជីវករលក់ដូរតាមដងផ្លូវ លោកស្រី ចេង ម៉ានីន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ឧសភាថា ជារៀងរាល់ឆ្នាំឱ្យតែដល់ខែវស្សាផ្ទះសម្បែងពលរដ្ឋយ៉ាងហោចណាស់ ៥០ខ្នង ខូចខាត ដោយសារខ្យល់កន្ទ្រាក់ ផ្ទះខ្លះប៉ើងដំបូល និងខូចខាតទ្រព្យសម្បត្តិជាដើម។ ប្រការនេះលោកស្រីថា ដោយសារអាជ្ញាធរឈូសឆាយដើមឈើធំៗដែលធ្លាប់ផ្តល់ម្លប់ត្រជាក់ឱ្យក្លាយជាវាលធំល្វឹងល្វើយ។
លោកស្រីថា ពេលនេះគ្រួសារលោកស្រីនៅមិនទាន់មានលទ្ធភាពសង់ផ្ទះរស់ សមរម្យនៅឡើយទេ ព្រោះជីវភាពខ្វះខាត។
លោកស្រី ចេង ម៉ានីន៖«យើងធ្លាប់ទៅនៅអង្គរ នៅនោះសំបូរព្រៃឈើហើយវាត្រជាក់ ដល់ពេលយើងផ្លាស់ទីមករស់នៅថ្មីរស់នៅទីនេះ វាអត់មានព្រៃឈើវាឡើងកំដៅខ្លាំង វាប៉ះពាល់ជាលើកទី០១ ក្នុងជីវិត។ អ្នកខ្លះប៉ើងស័ង្កសី ខ្លះក៏សាចចូល ទទឹកខោអាវ ទទឹកសម្ភារៈ»។
ភូមិធម្មជាតិរុនតាឯកគឺជាកន្លែងរស់នៅថ្មី របស់ពលរដ្ឋក្នុងតំបន់អង្គរ ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅដើមឆ្នាំ២០២៤នេះ បានសម្រេចបង្កើតតំបន់នោះជាទីក្រុង ដោយដាក់ឈ្មោះថា «រុនតាឯកសែនជ័យ»។
បច្ចុប្បន្នទីនោះ ពលរដ្ឋដែលរុះរើផ្ទះសម្បែងចេញពីតំបន់អង្គរ ទៅតាំងទីលំនៅក្នុងក្រុងរុនតាឯក យ៉ាងហោចណាស់ ៥ពាន់គ្រួសារ (៥០០០) ដោយពួកគាត់មានលទ្ធភាពសាងសង់ផ្ទះដោយខ្លួនឯង រស់នៅមានតិចតួចនៅឡើយ ដោយផ្ទះភាគច្រើន ប្រក់ស័ង្កសី និងផ្ទះខ្លះទៀតសង់ជារោងដោល ចង់ភ្ជាប់នឹងខ្សែលួស។
រីឯពលរដ្ឋខ្លះ សង់ផ្ទះទុកចោលគ្មានមនុស្សរស់នៅ និងមានពលរដ្ឋខ្លះទៀត ទុកដីទំនេរចោល ហើយវិលត្រឡប់មកធ្វើការក្នុងក្រុងសៀមរាបវិញ។ ពលរដ្ឋរស់នៅតំបន់រុនតាឯក លោក ចាន់ ថុង បារម្ភថា ថ្មីៗនេះខ្យល់កន្ទ្រាក់ធ្វើឱ្យខូចខាតផ្ទះ ៥ខ្នង ហើយតូបលក់ដូររបស់លោក ត្រូវដួលរំលំដល់ដី។
លោកថា ការអភិវឌ្ឍន៍តំបន់នេះហាក់យឺតយ៉ាវនៅឡើយ ហើយប្រព័ន្ធលូទឹកតំបន់ខ្លះទៀត មិនទាន់សាងសង់រួចរាល់ ពេលភ្លៀងធ្លាក់មកលិចផ្លូវ ពិបាកធ្វើដំណើរ។
លោកថា ពលរដ្ឋភាគច្រើនគ្មានការងារធ្វើ ខ្លះចំណាកស្រុក និងខ្លះទៀត ជួលបន្ទប់ស្នាក់នៅក្នុងក្រុងសៀមរាប។
លោក ចាន់ ថុង៖«ពិបាកអត់មានស្អីហូប អត់មានការងារធ្វើ ដល់ពេលភ្លៀងស្រយ៉ាបផ្ទះសម្បែងអត់សូវមាន។ យើងរើមកវាយ៉ាប់វាអត់ដើមឈើ ជម្រករស់នៅយ៉ាប់ដែរសព្វថ្ងៃ»។
សមាជិកក្រុមប្រឹក្សាឃុំរុនតាឯក លោក អ៊ុច ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរី កាលពីដើមឆ្នាំ២០២៤ ថា ពេលនេះរដ្ឋាភិបាលបានអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធសាលារៀន អគ្គិសនី និងផ្សារជាដើម ក្នុងក្រុងរុនតាឯក បានប្រមាណ ៦០ ភាគរយហើយ ក៏ប៉ុន្តែពលរដ្ឋរស់នៅទីនោះត្អូញត្អែរពិបាកនឹងសម្របខ្លួនរស់នៅ និងពិបាករកប្រាក់ចំណូល។
លោកថា មកទល់ពេលនេះ មានពលរដ្ឋជាង ៤ រយ (៤០០)គ្រួសារ កំពុងរស់នៅអចិន្ត្រៃយ៍ក្នុងតំបន់នោះ ហើយខ្លះទៀតកំពុងសង់ផ្ទះជាបន្តបន្ទាប់។
លោក អ៊ុច ម៉ៅ៖«ដឹងស្រាប់ហើយតើ មករស់នៅអត់ដឹងភូមិសាស្ត្រ គាត់បុកទៅខាងអង្គរវិញ គាត់ទៅរកស៊ីរត់ឌុប ស៊ីឈ្នួលនៅនោះ»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល និង អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បាននៅឡើយទេ នៅថ្ងៃទី២៤ ឧសភា។
ក៏ប៉ុន្តែ លោក ឡុង កុសល ប្រាប់ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នពលរដ្ឋរស់នៅតំបន់រុនតាឯក អាចនឹងលំបាកបន្តិច ក៏ប៉ុន្តែអ្វីដែលសំខាន់នៅថ្ងៃអនាគត ពលរដ្ឋនឹងទទួលផលច្រើនពីវិស័យទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មី។
លោកបន្ថែមថា អាជ្ញាធរកំពុងរៀបចំកិច្ចការងារ ជំរុញជីវភាពរស់នៅ របស់ពលរដ្ឋឱ្យល្អប្រសើរ។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ ប្រចាំខេត្តសៀមរាប លោក អ៊ិន គង់ជិត សង្កេតឃើញថា កន្លងទៅតំបន់នោះមានដើមឈើធំៗ ជារនាំងកាត់បន្ថយគ្រោះធម្មជាតិ ក៏ប៉ុន្តែបច្ចុប្បន្នព្រៃឈើឈូសឆាយបំផ្លាញអស់ ធ្វើឱ្យពលរដ្ឋជួបគ្រោះធម្មជាតិផ្ទួនៗគ្នា។
លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ និងវាយតម្លៃពីបញ្ហាប្រឈមរបស់ពលរដ្ឋ ដើម្បីរកមធ្យោបាយដោះស្រាយសម្រាលជីវភាពរស់នៅរបស់ពួកគាត់ឱ្យទាន់ពេលវេលា៖
លោក អ៊ុន គង់ជិត៖«តំបន់ហ្នឹងធ្លាប់មានដើមឈើធំៗ អាចជារបាំងខ្យល់ តែដល់ពេលឥលូវស្រឡះអស់ពួកគាត់រងគ្រោះធម្មជាតិ គ្រោះធម្មជាតិ។ ជួយលើកតម្កើងប្រាក់ចំណូលពួកគាត់ កៀរគរឧកញ៉ា និងក្រុមហ៊ុនផ្សេងៗ មកបង្កើតឱកាសការងារ ក្នុងតំបន់រុនតាឯក ដើម្បីឱ្យពលរដ្ឋប្រកបការងារ ដោយមិនបាច់ចាំធ្វើដំណើរទៅក្រុងសៀមរាបទេ»។
រដ្ឋាភិបាលបានឈូសឆាយ កសាងហេដ្ឋារចនាសម្ព័ន្ធ លើផ្ទៃដីជាង ១ពាន់ ១រយហិកតារ (១.១១២) ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯក ជាដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនពលរដ្ឋដែលត្រូវបានជម្លៀសចេញ ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅនៅតំបន់នោះ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការលើកលែងទោសអន្តរជាតិ បានផ្សាយរបាយការណ៍ស្រាវជ្រាវដោយរកឃើញថា រដ្ឋាភិបាលកម្ពុជាបានយកឈ្មោះអង្គការ UNESCO និងលេសពាក្យថា អភិរក្សជា «អាវុធ» ដើម្បីបណ្ដេញពលរដ្ឋដោយបង្ខំចេញតំបន់អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
អង្គការ យូណេស្កូ UNESCO ក៏អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានាគោរពសិទ្ធិពលរដ្ឋនៅតំបន់អង្គរ។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិចេញផ្សាយ កាលពីឆ្នាំ២០២២ ឱ្យដឹងថា មានពលរដ្ឋ ១ម៉ឺនគ្រួសារ (១០.០០០) ដែលរស់នៅក្នុងតំបន់អង្គរ ត្រូវបណ្ដេញចេញដោយបង្ខំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
