ប្រជាពលរដ្ឋខ្មែរមួយចំនួនសម្ដែងការហួសចិត្ត ដែលរដ្ឋាភិបាលលើកតម្កើងបុគ្គលសង្ឃ ចន្ទមុនី ដែលមានជំនឿអរូបិយ បន្តដើរបក់ផ្លិតផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាលរឿងព្រំដែនតំបន់CLV។ ការចេញមកបក់ផ្លិតលើកនេះ រឹតតែធ្វើឱ្យពលរដ្ឋមួយចំនួនអស់សំណើច។
នៅក្នុងរដូវចូលវស្សារយៈពេល ៣ខែ ភិក្ខុ សាមណេរនៅតាមវត្តអារាម បានបវារណាចាំវស្សា ធ្វើកិច្ចវត្ត និងសិក្សារៀនសូត្រតាមព្រះវិន័យ ដោយមិនហ៊ាននិមន្ត ឬធ្វើដំណើរទៅកាន់ទីកន្លែងឆ្ងាយវត្តឱ្យកន្លងហួស ១រាត្រីឡើយ។
ខុសពីភិក្ខុសាមណេរដទៃ បុគ្គលសង្ឃមួយរូបដែលធ្លាប់ម្ដងអះអាងថា ព្រះអង្គជាអ្នកមានបារមី និងមានអាយុជាង ១០០ឆ្នាំនោះ បាននិមន្តបក់ផ្លិតនៅខេត្តជាប់ព្រំដែន ពីខេត្តមួយទៅខេត្តមួយ ដោយមិនបានចាំវស្សាដូចភិក្ខុសាមណេរដទៃទេ នោះគឺបុគ្គលសង្ឃ ចន្ទ មុនី។
យុវជននៅខេត្តប៉ៃលិន ឈ្មោះ ណុប ចន្ទ្រា អះអាងប្រាប់វិទ្យុអាស៊ីសេរីថា ទង្វើបុគ្គលសង្ឃ ចន្ទមុនី ជាល្ខោនដែលរដ្ឋាភិបាលនិពន្ធឱ្យសម្ដែង ដើម្បីបន្លប់ស្មារតីអ្នកប្រឆាំងតំបន់អភិវឌ្ឍត្រីកោណ។ លោកបន្តទាំងអស់សំណើចថា ប្រសិនបើរដ្ឋាភិបាលចង់បន្សាបគំនិតអ្នកប្រឆាំងនឹងតំបន់ CLV រដ្ឋាភិបាលគួរតែទៅពឹងពាក់អ្នកជំនាញឯករាជ្យ ឱ្យមកស្រង់ទិន្នន័យដើម្បីបកស្រាយដល់ប្រជាពលរដ្ឋ ដោយមិនគួររត់ទៅរកអ្នកអប្បិយជំនឿឱ្យមកនិយាយបកស្រាយតាមតែការចង់បានរបស់ខ្លួននោះឡើយ។
លោក ណុប ចន្ទ្រា៖ «ជារឿងមួយ ដែលគួរឱ្យអស់សំណើច និងហួសចិត្តខ្លាំងណាស់។ អ្នកចេះដឹងខាងបង្គោលព្រំដែន និងអ្នកជំនាញខ្សែបន្ទាត់ព្រំដែន ម៉េចក៏មិននាំទៅ?មិនបាច់ចង់បង្វែរស្ថានការណ៍សង្គម ឬដឹកនាំពុទ្ធបរិស័ទ ឬមួយអ្នកដែលមានជំនឿលើព្រះពុទ្ធសាសនា ឱ្យជឿទាំងស្រុងទៅលើគម្រោងហ្នឹង ដែលអះអាងថា មិនបាត់ដី និងនិយាយទាំងបំផ្លើស។ គឺយើងមានភស្តុតាងមួយ ដោយយើងមើលទៅក្នុងGoogle Mapទៅដឹងហើយ ថានរណា ចូលខាងនរណា»។
អស់ពីត្រួតពិនិត្យបង្គោលព្រំដែនជាប់ប្រទេសវៀតណាម ពេលនេះបុគ្គលសង្ឃ ចន្ទ មុនី បានបន្តមកដល់ព្រំដែនកម្ពុជាថៃ ដោយចុះទៅខេត្តបាត់ដំបង ប៉ៃលិន និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ថែមទៀត ដោយរដ្ឋបាលខេត្តទាំងនោះ បានប្រកាសយ៉ាងឱឡារិក ឱ្យពលរដ្ឋទៅទទួលខ្យល់បក់ពីផ្លិតរបស់សង្ឃអង្គនេះថែមទៀតផង។ កាយវិការដើរកាន់ផ្លិតបក់ឱ្យពលរដ្ឋ ដែលអង្គុយអមសងខាងផ្លូវ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមួយចំនួន បានរិះគន់បុគ្គលសង្ឃរូបនេះ ថា កំពុងពង្វក់ពលរដ្ឋខ្មែរឱ្យងប់ងុល និងផ្ដេកផ្ដួលលើអប្បិយជំនឿ។
សកម្មជនដីធ្លីកំពុងភៀសខ្លួនទៅប្រទេសថៃ លោកស្រី នួន នឿន ចាត់ទុកថា បើបុគ្គលសង្ឃរូបនេះ ពិតជាមានបារមីមែននោះ លោកគួរតែប្រកាន់ខ្ជាប់ផ្លូវកណ្ដាល និងអប់រំពលរដ្ឋឱ្យជឿលើហេតុផលប្រកបដោយភាពច្បាស់លាស់ មិនមែនយកផ្លិតដើរបក់ និយាយតាមការបញ្ជារបស់មេដឹកនាំឡើយ។
លោកស្រី នួន នឿន៖ «គេយកព្រះអង្គឡប់ឡែ ទៅធ្វើអ៊ីចឹងៗ ហើយព្រះអង្គហ្នឹង អ្នករៀន ឬអ្នកវិទ្យាសាស្ត្រខាងព្រំដែនមែនទេ បានជាទៅមើលព្រំដែន ថាគេចូលឬមិនចូលយ៉ាងម៉េចដឹង។ សុទ្ធតែអ្នកធុតង្គ អ្នកមានបុណ្យ ហើយអ្នកមានបុណ្យស្អីគេ បើទៅការពារសុទ្ធតែអ្នកមានអំណាចអ៊ីចឹង?បើអ្នកមានបុណ្យ គេការពារអ្នករងគ្រោះហើយ គេសង្គ្រោះមនុស្សលោកទូទៅហ្នឹង គេមិនទៅកាន់ជើងតែម្ខាងទេ។ អ៊ីចឹងយើងគួរតែដឹងហើយ យើងមើលទៅសកម្មភាពរបស់លោកនោះ។ យើងមិនបាច់នាំគ្នាក្ដៅក្រហាយទេ យើងគួរតែនាំគ្នាប្រើច្បាប់ទៅ»។
ដំណើរទស្សនកិច្ចតាមព្រំដែន របស់ព្រះសង្ឃអង្គនេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក្រោកឡើងប្រឆាំងនឹងការដាក់ខេត្តចំនួន៤ ចូលក្នុងតំបន់អភិវឌ្ឍត្រីកោណ ជាមួយប្រទេសវៀតណាម ក៏ប៉ុន្តែត្រូវរងការចាប់ខ្លួន និងគំរាមកំហែង ពីសំណាក់រដ្ឋាភិបាល។ នៅមុនពេលធ្វើដំណើរទស្សនកិច្ចនេះ បុគ្គលសង្ឃ ចន្ទមុនី បានបង្ហោះវីដេអូមួយ ដោយទូន្មានឱ្យប្រជាពលរដ្ឋ រួបរួមសាមគ្គី និងរួមគ្នាដើម្បីការពារសន្តិភាពក្នុងសង្គម។
ទាក់ទិននឹងការលើកឡើងនេះ ពលរដ្ឋនៅក្រុងប៉ោយប៉ែត ម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កត់សម្គាល់ឃើញថា ការបកស្រាយរបស់បុគ្គលសង្ឃចន្ទមុនី គឺជាការច្រៀងបន្ទរកំដររោងល្ខោនឱ្យមេដឹកនាំ ព្រោះលោក ហ៊ុន សែន នេះហើយ គឺជាអ្នកបញ្ជាឱ្យចាប់ខ្លួន និងគំរាមកំហែងមកលើសកម្មជន សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដែលចេញមុខតវ៉ាទាមទារសេរីភាព ប៉ុន្តែបុគ្គលសង្ឃ ចន្ទមុនី មិនដែលហ៊ានចេញមុខប្រដៅលោក ហ៊ុន សែន រឿងចាប់ខ្លួនមនុស្សតាមអំពើចិត្តនោះឡើយ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «សម្រាប់ខ្ញុំ ខ្ញុំអត់ជឿអីបន្តិចទេ រឿងបារមីនោះ ព្រោះមើលទៅសុទ្ធតែក្បួនបោកទាំងអស់ហ្នឹង ខ្ញុំមិនដែលឃើញប្រទេសណារីកចម្រើន ដោយសារជំនឿអរូបិយនេះទេ»។
ទោះជាយ៉ាងណា ក្នុងដំណើរចុះទៅពិនិត្យព្រំដែនកម្ពុជា វៀតណាម ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែសីហា របស់បុគ្គលសង្ឃ ចន្ទមុនី ក៏បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនទៀតតែហួសចិត្តដែរ បន្ទាប់ពីបុគ្គលសង្ឃរូបនេះ បានទៅពិនិត្យមើលបង្គោលព្រំដែន០៣៥ កម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង ដោយលោកបានកាន់សៀវភៅមួយក្បាល និងប៊ិកមួយដើម ហើយចង្អុលលើផែនទីក្នុងទូរស័ព្ទដៃដូចប្រើវេទមន្ត ហើយលើកឡើងប្រាប់ទៅក្រុមអាជ្ញាធរដែលដើរហែហម ថា កម្ពុជាមិនបាត់បង់ទឹកដីនោះទេ ប៉ុន្តែថែមទាំងបោះបង្គោលចូលដីប្រទេសជិតខាងទៀតផង។
ព្រះសង្ឃគង់នៅខេត្តបាត់ដំបង សុំមិនបញ្ចេញឈ្មោះ មានថេរដីកាអះអាងថា យោងតាមព្រះវិន័យ បុគ្គលសង្ឃ ចន្ទមុនី អាចត្រូវអាបត្តិបារាជិក ឬលែងមានភេទជាសង្ឃ បើមានថេរដីកា អួតអាងខុសពីការពិត។
ព្រះសង្ឃថ្លែងលាក់ឈ្មោះ៖ «លោក(ចន្ទមុនី)ភូតឱ្យគេជឿថា លោកពិតជាមានអាយុកាលប៉ុណ្ណឹងមែន ហើយពូកែអ៊ីចឹងមែន ប៉ុន្តែដឹកនាំគេឱ្យទៅរកផ្លូវខុស។ ករណីនេះ ចូលទៅដល់ភិក្ខុមិនខ្មាសបាបភិក្ខុដែរ។ បានន័យថា ដឹងថាខ្លួនឯងបារាជិកហើយ ហើយខ្លួនឯងបានបោកប្រាស់គេហើយ ធ្វើឱ្យគេជឿនូវអ្វីដែលខ្លួនឯងមិនមានហើយ នោះនឹងចូលដល់អលជ្ជីភិក្ខុហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែសីហា។
ទាក់ទិនរឿងនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្សលោក ស៊ឹង សែនករុណា សង្កេតឃើញថា រដ្ឋាភិបាល បានប្រើប្រាស់សិទ្ធិលើជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា មកធ្វើប្រជាភិថុតិ។ ទោះជាយ៉ាងណា លោកបន្តថា ខ្យល់បក់ ដែលចេញមកពីផ្លិតរបស់បុគ្គលសង្ឃ ចន្ទមុនី អាចមិនធ្វើឱ្យចិត្តពុះកញ្ជ្រោលប្រឆាំងនឹងតំបន់អភិវឌ្ឍត្រីកោណរបស់ពលរដ្ឋខ្មែរ ត្រជាក់បានយូរអង្វែងឡើយ ព្រោះពលរដ្ឋខ្មែរប្រហែលជាមិនភ្លេចអំពីប្រវត្តិសាស្ត្រ ដែលប្រទេសវៀតណាមបានយកទឹកដីខ្មែរនៅកម្ពុជាក្រោម និងបំពានអធិបតេយ្យភាពកម្ពុជា កន្លងមកនេះ។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងគួរតែងាកពិនិត្យមើលឡើងវិញ ជជែកជាមួយភាគីឡាវ ភាគីវៀតណាម បញ្ឈប់នឹងការចូលរួមក្នុងគម្រោងហ្នឹងទៅ ជៀសវាងពលរដ្ឋមិនសប្បាយចិត្ត ហើយផលប៉ះពាល់ហ្នឹង នឹងជះទៅលើខ្លួនឯងផង មិនត្រឹមតែខ្លួនឯងទេ ហើយថ្ងៃក្រោយខ្លួនហ្នឹង នឹងក្លាយទៅជាមនុស្ស ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ថាជាអ្នកធ្វើឱ្យទឹកដីបាត់បង់ទៅលើវៀតណាម ដូចដែរជំនាន់ស្ដេចជ័យជេដ្ឋាទី២ អ៊ីចឹង។ អ៊ីចឹងប្រវត្តិសាស្ត្រ នឹងចារទុកអំពីត្រកូលអ្នកដែលធ្វើឱ្យទឹកដីបាត់បង់»។
ប្រជាពលរដ្ឋ និងអ្នកតាមដានសង្គម អំពាវនាវឱ្យរដ្ឋាភិបាល និងបុគ្គលសង្ឃ ចន្ទមុនី បញ្ឈប់ការយកសាសនាជាឈ្នាន់ ដែលនាំឱ្យប៉ះពាល់ដល់គុណតម្លៃពុទ្ធសាសនា ហើយងាកមកដោះស្រាយបញ្ហាជាក់ស្ដែងចំពោះមុខ ឆ្លើយតាមក្ដីបារម្ភចំពោះចំណុចទាក់ទិននឹងបញ្ហាតំបន់អភិវឌ្ឍត្រីកោណ CLV៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
