វិនិយោគិនជាជនជាតិចិនដែលចូលមកធ្វើជំនួញអាជីវកម្មផ្សេងៗនៅកម្ពុជា ជាទូទៅត្រូវបានរដ្ឋាភិបាល ហ៊ុន សែន និងមន្ត្រីគ្រាក់ៗទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ បន្តិចម្តងៗ ជនជាតិចិនដែលមករកស៊ីនៅលើទឹកដីខ្មែរបានកើនឡើងយ៉ាងគំហុក ដែលនាំឱ្យពួកគេមួយចំនួនហ៊ានរកស៊ីគ្រប់បែបយ៉ាងក្នុងនោះ រាប់ទាំងការរំលោភយកដីធ្លីពលរដ្ឋម្ចាស់ស្រុក និងការនាំចូលទំនិញអាវុធសម្រាប់ប្រព្រឹត្តបទឧក្រិដ្ឋនៅកម្ពុជា ជាដើម។ លើសពីនេះ ប្រភេទអាជីវកម្មដែលហាក់មិនធ្លាប់កើតមានពីមុនមក ជនជាតិចិនទាំងនោះក៏អាចប្រែក្លាយកម្ពុជាទៅជាកន្លែងមួយដែលមានរោងចក្រសហគ្រាសសម្រាប់ផលិតគ្រឿងញៀនដើម្បីចរាចរក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
តើមូលហេតុអ្វីបានជាជនជាតិចិនហ៊ាននាំចូលសារធាតុញៀន និងបើករោងចក្រផលិតគ្រឿងញៀននៅលើទឹកដីខ្មែរ?
កម្ពុជា ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យជនបរទេស ជាពិសេសក្រុមវិនិយោគិនជាជនជាតិចិនហាក់សម្លឹងឃើញទុកមុន ថាកម្ពុជា ជាទីតាំងសម្រាប់ឱ្យពួកគេអាចបើកមុខរបបអាជីវកម្មទាំងស្របច្បាប់ និងខុសច្បាប់។ ក្នុងនោះជនជាតិចិន ក៏បាននាំសារធាតុគីមីផ្សំជាគ្រឿងញៀនរាប់រយតោន និងបើករោងចក្រសិប្បកម្មផលិតនៅកម្ពុជាជាបន្តបន្ទាប់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាលើកឡើងថា លំហូរសារធាតុគីមីផ្សំទៅជាគ្រឿងញៀនរាប់រយតោនចូលកម្ពុជាកន្លងមកនេះ ប្រសិនបើគ្មានក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាលឃុបឃិតគ្នាជាប្រព័ន្ធជាមួយជនជាតិចិនទាំងនោះ ក៏ដំណើរការនៃការចូលសារធាតុញៀន និងសង្វាក់ផលិតកម្មគ្រឿងញៀននេះមិនអាចប្រព្រឹត្តទៅបាននោះដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (ADHOC) លោក ស៊ឹង សែនករុណា លើកឡើងថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធគប្បីតាមដានការនាំចូលទំនិញរបស់ក្រុមអ្នកវិនិយោគជនជាតិចិនទាំងនោះ។ ប៉ុន្តែ លោកថា ក្រសួងពាក់ព័ន្ធជាពិសេសមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនមិនបានធ្វើការត្រួតពិនិត្យនៃការនាំចូលសារធាតុគីមីផ្សំទាំងនោះឱ្យបានច្បាស់លាស់នោះទេ ដែលជាហេតុធ្វើឱ្យជនជាតិចិនអាចបន្តបើករោងចក្រសម្រាប់ផលិតគ្រឿងញៀននៅកម្ពុជា៖ «អ៊ីចឹងថាមិនមែនមន្ត្រីដែលបើកឱ្យនាំចូលហ្នឹងមិនមែន មិនដឹងទេថាវាជាសាធាតុញៀន។ ព្រោះក្រុមហ៊ុននីមួយៗ ក្នុងប្រទេសកម្ពុជាសុទ្ធតែមានការចុះបញ្ជី។ អ៊ីចឹងការចុះបញ្ជី ហ្នឹងត្រូវតែជាប់កាតព្វកិច្ច ជាប់ការទទួលខុសត្រូវ ជាមួយនឹងរដ្ឋាភិបាលហើយ។ អ្នកដែលនាំចូលហ្នឹងក្រុមហ៊ុនសុចរិត ឬក៏យ៉ាងម៉េច ? អ៊ីចឹង គួរតែមានការតាមដាន បញ្ជាក់ទៅលើបញ្ហាហ្នឹងឱ្យបានច្បាស់លាស់។ ខ្ញុំជឿជាក់ថា ប្រសិនជាអនុវត្តត្រួតពិនិត្យ ឱ្យបានត្រឹមត្រូវ វាមិនអាច យកទៅប្រើប្រាស់ធ្វើការផលិតទៅជាគ្រឿងញៀនបានទេ។ ប៉ុន្តែ ដោយឡែក ប្រសិនបើជាការឃុបឃិតគ្នា ដើម្បីទទួលបាននូវផលប្រយោជន៍ណាមួយ ខ្ញុំគិតថា មិនអាចទប់ស្កាត់បានទេ បញ្ហាហ្នឹងចេះតែបន្តកើតបន្តទៀតហើយ»។
កាលពីថ្ងៃទី២៥ មករា កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាដល់កម្លាំងអាជ្ញាធរឱ្យចាត់វិធានការ និងស៊ើបអង្កេតដល់ស្ថាប័នរដ្ឋពាក់ព័ន្ធ ដែលបានអនុញ្ញាតឱ្យវិយោគិនជាជនជាតិចិនចំនួន៥នាក់ នាំចូលសារធាតុញៀនជាង១០០តោន ចូលកម្ពុជាដោយស្របច្បាប់។ ទោះបីជាពេលនោះ លោក ស ខេង មិនបាននិយាយឱ្យចំឈ្មោះចំពោះស្ថាប័នដែលពាក់ព័ន្ធក្ដី ក៏លោកទំនងចង់សំដៅទៅកាន់មន្ត្រីតាមច្រកព្រំដែន និងក្រសួងកសិកម្មដែលចុះបញ្ជីផ្តល់សិទ្ធិឱ្យជនជាតិចិនទាំងនោះ នាំចូលសារធាតុគីមីដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម។
ដោយឡែកថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនចំនួន ៧នាក់បន្ថែមទៀត ដែលពួកគេបាននាំចូលសារធាតុគីមីផ្សំកែទៅជាគ្រឿងញៀនប្រមាណជាង ១៤តោន និងបើករោងចក្រផលិតកែច្នៃក្នុងខេត្តព្រះសីហនុ។ ក្រៅពីនេះ ក៏មានម៉ាស៊ីនប្រតិកម្មសម្រាប់ផលិត ព្រមទាំងមានសម្ភារៈឧបករណ៍កែច្នៃ និងធុងសម្រាប់ផ្ទុកគ្រឿងញៀនមួយចំនួនធំ។
ថ្វីបើបែបនេះក្ដី មកដល់ពេលនេះ អាជ្ញាធរយឺតយ៉ាវក្នុងការស្រាវជ្រាវចំពោះអ្នកដែលពាក់ព័ន្ធ និងមិនទាន់រកឃើញមន្ត្រីធំៗក្នុងជួររដ្ឋាភិបាល ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា សារធាតុញៀនមួយចំនួនដែលនាំចូលដោយជនជាតិចិន គឺពួកគេបានសម្រេចក្នុងការផលិតកែច្នៃទៅជាគ្រឿងញៀនសុទ្ធនាំចេញទៅកាន់ប្រទេសទី៣ និងកោះតៃវ៉ាន់មួយចំនួនធំ។ លោកទទួលស្គាល់ថា កម្ពុជាជាទីតាំងមួយដែលក្រុមឧក្រិដ្ឋជនតែងតែចង់បានធ្វើជាកន្លែងផលិតគ្រឿងញៀន។ លោកឱ្យដឹងទៀតថា ទីតាំងរោងចក្រសម្រាប់ផលិតគ្រឿងញៀននៅកម្ពុជា ជាពិសេសនៅខេត្តកំពង់ស្ពឺ អាចនៅមានរោងចក្រផលិតគ្រឿងញៀនជាច្រើនទៀត។
ទោះជាយ៉ាងណា លោក ម៉ក់ ជីតូ ថ្លែងការពារថា ការនាំចូលសារធាតុគីមីផ្សំកែច្នៃជាគ្រឿងញៀនរាប់រយតោនរបស់ក្រុមឧក្រិដ្ឋជនជនជាតិចិនកន្លងមកនេះ មិនមានជាប់មានពាក់ព័ន្ធជាមួយអ្នកក្រុមឈ្មួញរកស៊ីមួយចំនួនស្រុក ឬមន្ត្រីក្នុងជួររដ្ឋាភិបាលនោះឡើយ។
ទាក់ទងនឹងនេះរឿង អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សលោក ស៊ឹង សែនករុណា យល់ថា ការសន្និដ្ឋានយ៉ាងឆាប់រហ័សរបស់មន្ត្រីអាជ្ញាធរថា គ្មានបុគ្គលអ្នកមានអំណាចជាប់ពាក់ព័ន្ធករណីឧក្រិដ្ឋកម្មគ្រឿងញៀនដោយគ្មានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ជាមុននោះ អាចនឹងប៉ះពាល់ដល់សមត្ថភាពរបស់ស្ថាប័នស៊ើបអង្កេតដទៃទៀត៖ «យើងមិនពិបាកនឹងជឿជាក់ណាស់ដែលថា មិនពាក់ព័ន្ធទៅនឹង អ្នកមានអំណាច ឬក៏អ្នកដែលមានឥទ្ធិពលនោះ ពីព្រោះសារធាតុញៀន ដែលអាចនាំចូលមកបានដល់កម្រិតនេះ មិនមែនតែខ្ញុំមិនជឿជាក់ទេ វាពិបាកណាស់ក្នុងការជឿជាក់ពីខាងសាធារណជន ដែលច្បាស់ជាមានមន្ទិលសង្ស័យហើយ ព្រោះសារធាតុញៀនដល់កម្រិតរាប់សិបតោន ហើយចូលមកដល់កម្ពុជា ហើយមិនមានការជាប់ពាក់ព័ន្ធទៅនឹងអ្នកមានអំណាច ឬក៏អ្នកមានឥទ្ធិពល ក្នុងការពាក់ព័ន្ធ ឬក្នុងការអន្តរាគមន៍។ ខ្ញុំជឿជាក់ថា មានការពិបាកក្នុងការជឿជាក់ វាអាចមានមន្ទិលសង្ស័យច្រើនពីរឿងពាក់ព័ន្ធទៅនឹងអ្នកមានអំណាច អ្នកមានទឹកប្រាក់អីហ្នឹង»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិរូបនេះ ព្រួយបារម្ភថា បើអាជ្ញាធរកម្ពុជាគ្មានវិធានការច្បាស់លាស់ ហើយនៅតែឆ្លើយដោះសាយកតែរួចខ្លួនការហូរនៃគ្រឿងញៀនកម្ពុជាកាន់តែ ធ្វើឱ្យមានការគំរាមកំហែងសន្តិសុខកម្ពុជា និងប្រជាពលរដ្ឋទូទៅ។
ចំណែក អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ យល់ថា ជនជាតិចិនដែលមករកស៊ីបើកសិប្បកម្មរោងចក្រនានាកម្ពុជា គ្រាន់ជារបបបាំងមុខតែប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយខ្នងជនជាតិចិនទាំងនោះអាចមានឱកាសច្រើន ដើម្បីរកស៊ីជួញដូរ និងបើករោងចក្រផលិតគ្រឿងញៀន ជាមួយអ្នកមានឥទ្ធិពលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន។ លើសពីនេះ លោកមើលឃើញថា ចំណាត់ការទប់ស្កាត់បទល្មើសគ្រឿងញៀននៅកម្ពុជាមិនមានប្រសិទ្ធភាពឡើយ ដោយសារអ្នករកស៊ីជួញដូរគ្រឿងញៀនទាំងនោះមានឥទ្ធិពលជាកម្លាំងសមត្ថកិច្ចបង្ក្រាប៖ «ហើយយើងទៅនិយាយពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់អី បើពួកដែលជាមន្ត្រីជាន់ខ្ពស់ ធំៗ ក្នុងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋាភិបាល លោក ហ៊ុន សែន ជាពិសេសអ្នកដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន សាច់ញាតិ កូនចៅ លោក ហ៊ុន សែន សុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ អំពីការជួញដូរគ្រឿងញៀន ខុសច្បាប់នៅប្រទេសកម្ពុជាទៅហើយហ្នឹង»។
លោក គឹម សុខ បន្ថែមថា អ្វីដែលគួរឱ្យគ្រោះថ្នាក់សម្រាប់របបឯកបក្សសព្វថ្ងៃនេះ គឺការអនុវត្តច្បាប់ស្តង់ដារពីរ ចំពោះក្រុមឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនជាបន្តបន្ទាប់នេះ ដែលអាចមានការសម្រួលឱ្យពួកគេនៅក្រៅឃុំស្ងាត់ៗ ដូចជាមេខ្លោងឧក្រិដ្ឋជនឧកញ្ញ៉ា គិត ធាង នាពេលកន្លងមក។
ឧកញ្ញ៉ា គិត ធាង គឺជាបងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីដើមខែមីនា ឆ្នាំ២០១៩ ទាក់ទងនឹងការចោទប្រកាន់ថា ជាមេខ្លោងចែកចាយគ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉កនៅរាជធានីភ្នំពេញ។ តុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសឱ្យលោក គិត ធាង ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឱ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត៥០ (៤៩,៤៤) គីឡូក្រាម។ ប៉ុន្តែ តុលាការដែលស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាចបានដោះលែងឧកញ៉ា គិត ធាង ឱ្យនៅក្រៅឃុំវិញក្នុងឆ្នាំ ២០២១ ក្រោមហេតុផលមានជំងឺសួត និងស្ទះដង្ហើម។ ឧកញ៉ា គិត ធាង និងឧកញ៉ា គិត ម៉េង នេះ គឺជាអ្នកជំនួញដែលមានឥទ្ធិពល និងតែងបរិច្ចាគទឹកប្រាក់ក្រោមរូបភាពសប្បុរសធម៌ច្រើនសន្ធឹកទៅឱ្យគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន សែន។
ទោះជាយ៉ាងណាក៏ដោយចុះ ទាំងលោក ស៊ឹង សែនករុណា និងលោក គឹម សុខ លើកឡើង ជាអនុសាសន៍ថា បើអាជ្ញាធរពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការស៊ើបអង្កេតករណីជនជាតិចិនអាចបើករោងចក្រផលិតគ្រឿងញៀននៅកម្ពុជាជាបន្តបន្ទាប់នេះ អាជ្ញាធរគួរតែបង្ហាញតម្លាភាពដល់ប្រជាពលរដ្ឋ ដោយចាប់ផ្តើមស្រាវជ្រាវមន្ត្រីតាមច្រកព្រំដែន អ្នកមានឥទ្ធិពលតាមស្ថាប័នក្រសួងពាក់ព័ន្ធ និងមេខ្លោងធំៗដែលមានអំណាចក្នុងជួររដ្ឋាភិបាលផ្សេងទៀត។ ពួកគាត់ព្រួយបារម្ភថាបើ អាជ្ញាធរអនុវត្តច្បាប់ធូររលុងដូចសព្វថ្ងៃនេះ លំហូរគ្រឿងញៀននឹងកាន់តែកើនឡើងបន្ថែមទៀត ដែលជាហេតុនាំឱ្យកើតមានបញ្ហាកាន់ច្រើនទាក់ទងនឹងអំពើឆក់អំពើប្លន់ ករណីចាប់ជម្រិតមនុស្ស បញ្ហាអសន្តិសុខក្នុងសង្គម និងអំពើរំលោភសិទ្ធិមនុស្សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។