ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ​រំពឹង​ថា​មាន​ទេសចរ​ច្រើន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយ សូត សុខប្រាថ្នា
2017-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសចរ​បរទេស​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។
ទេសចរ​បរទេស​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Saut Sokprathna

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀបចំ​តំបន់​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ប្រសើរ ទាំង​ផ្នែក​សេវាកម្ម អនាម័យ និង​សន្តិសុខ ជាដើម។ មន្ត្រី​មន្ទីរ​ទេសចរណ៍​រំពឹង​ចំនួន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នៅ​ក្នុង​ខេត្ត​នេះ​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ នឹង​កើន​ឡើង​ជាង​បណ្តា​ឆ្នាំ​មុនៗ។

ការ​រំពឹង​របស់​មន្ត្រី​មន្ទីរ​ទេសចរណ៍​ក្រោយ​ពេល​ខេត្ត​កំពង់ធំ ចាប់​ផ្តើម​មាន​ពលរដ្ឋ​ជាតិ និង​អន្តជាតិ​កាន់​តែ​ច្រើន​ឡើង​បាន​ស្គាល់ និង​មក​ទស្សនា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​នេះ ពិសេស​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​ទើប​នឹង​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ទេសចរណ៍ ផង ខាង​លោក​នឹង​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យ​កាន់​តែ​ប្រសើរ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទាំងអស់ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ។ បន្ថែម​ពី​នេះ រៀបចំ​ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត ដូចជា​បន្ថែម​ធុង​សំរាម និង​សេវាកម្ម​លក់ដូរ​ផ្សេងៗ ជាដើម។ លោក​ថា ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​រមណីយដ្ឋាន​ក្នុង​ខេត្ត​នេះ ជាក់ស្តែង​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​មាន​កាន់​តែ​ច្រើន ពិសេស​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ តែ​ម្តង ហើយ​អាជ្ញាធរ​កំពុង​ត្រៀម​លក្ខណៈ​មួយ​ចំនួន​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ និង​តំបន់​ផ្សេង​ទៀត​ផង​ដែរ៖ «សំខាន់​យើង​ជូន​ដំណឹង​ទៅ​ដល់​តាម​បណ្តា​រមណីយដ្ឋាន​ទាំងអស់ ទី​មួយ​បញ្ហា​ការ​លក់ដូរ សណ្ដាប់ធ្នាប់​ការ​លក់ដូរ ពិសេស​តម្លៃ​គឺ​កុំ​ឲ្យ​មាន​ការ​កើន​ឡើង​សម្រាប់​ភ្ញៀវ និង​អនាម័យ​ម្ហូប​អាហារ»

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​គណៈកម្មការ​នៃ​អង្គការ​យូណេស្កូ (UNESCO) សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា នៅ​ប្រទេស​ប៉ូឡូញ។ ក្រោយ​ពេល​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​កើន​ឡើង​ទ្វេដង។

ក្រៅ​ពី​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ពលរដ្ឋ​ខ្មែរ​អាច​មក​លេង​កម្សាន្ត​នៅ​តំបន់​ជាច្រើន​ទៀត ដូចជា​ភ្នំ​សន្ទុក ដែល​ជា​កន្លែង​ធ្វើ​បុណ្យ​បែប​ព្រះពុទ្ធសាសនា​ផង។ ប្រាសាទ​គុហនគរ ទំនប់ ១ មករា ឬ​ស្ទឹង​ជីនិត បឹង​សំរឹទ្ធិ ក្នុង​ស្រុក​បារាយណ៍។ កន្លែង​បែប​សាសនា និង​វប្បធម៌​ត្រៃលោក​ត្រៃលក្ខណ៍ ស្ទឹង​ព្រៃប្រស់ និង​កន្លែង​កម្សាន្ត​មួយ​ចំនួន​ទៀត។ លោក សេង អាន ឲ្យ​ដឹង​ថា សម្រាប់​ខេត្ត​កំពង់ធំ តម្លៃ​ស្នាក់នៅ និង​អាហារ​ក្តី នឹង​មិន​ឡើង​ថ្លៃ​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ទេ៖ «នេះ​ជា​ភាព​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត​កំពង់ធំ។ អ៊ីចឹង​យើង​សង្កេត​ឃើញ​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​ការ​កើន​ឡើង​ជា​រៀង​រហូត»

មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក លោក ឡូញ ប៊ុនថេង មិន​ទាន់​អាច​ទស្សន៍ទាយ​បាន​ទេ​ថា ចំនួន​ភ្ញៀវ​ទេសចរ​នឹង​មក​លេង​កម្សាន្ត​តំបន់​នេះ​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែរ​ឬ​យ៉ាង​ណា ព្រោះ​មុន​ពេល​ដាក់​បិណ្ឌ​ប្រមាណ ១​សប្តាហ៍ ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​ធ្លាក់​ចុះ​ច្រើន ទោះ​បី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ក៏ដោយ។ លោក​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ទេ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​មក​ទស្សនា​តំបន់​បុរាណ​មួយ​នេះ​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ស្វែងយល់​ពី​តម្លៃ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​នេះ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ធំ​ចំនួន ៣​ថ្ងៃ កាល​ពី​ឆ្នាំ​២០១៥ គឺ​មាន​ចំនួន​ជាង ១​ម៉ឺន​នាក់ (១៤.១៩៩​នាក់)។ ចំណែក​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈពេល​បី​ថ្ងៃ​ដូច​គ្នា​នៅ​ឆ្នាំ​២០១៦ គឺ​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល