ម្ចាស់រថយន្តប្រកែកតវ៉ាជាមួយមន្ត្រីតុលាការ និងជាមួយមន្ត្រីសាធារណការ និងដឹកជញ្ជូននៅអធិការស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២០ ធ្នូ។ នៅពេលព្រះរាជអាជ្ញាខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងថ្លឹងម្តងទៀតនូវរថយន្តដែលមន្ត្រីសាធារណការ និងដឹកជញ្ជូនចាប់កាលពីពេលកន្លងទៅ ដើម្បីរកឱ្យឃើញនូវភាពត្រឹមត្រូវនៃទម្ងន់ពិតប្រាកដរបស់រថយន្តនោះ។ ប៉ុន្តែ ម្ចាស់រថយន្តនៅតែមិនព្រមទទួលយក ពីព្រោះគាត់ដឹងច្បាស់នូវទម្ងន់រថយន្តរបស់ខ្លួន។
ម្ចាស់រថយន្តដឹកស្រូវទៅលក់នៅប្រទេសវៀតណាម ដែលមកតាំងពីខេត្តបន្ទាយមានជ័យ អ្នកស្រី សាំង ដាលីន បានឱ្យដឹងថា អ្នកស្រីសុំឱ្យមានការរើស្រូវចេញពីរថយន្តដើម្បីថ្លឹង ហើយយករថយន្តទទេទៅថ្លឹងផ្សេង ប៉ុន្តែខាងសាធារណការមិនអនុញ្ញាត។ អ្នកស្រីបន្តថា ការតវ៉ាពេញមួយព្រឹកធំ ដើម្បីសុំថ្លឹងទម្ងន់ស្រូវដែលមានចំនួន ២១៧បាវ គឺថ្លឹងឱ្យដឹងចំនួនស្រូវពិតប្រាកដ។ ការថ្លឹងទាំងស្រូវ និងរថយន្តជាផ្លូវការចាប់ផ្ដើមនៅម៉ោងប្រមាណជា ៧ល្ងាច ហើយលទ្ធផលឃើញជាង ៤៣តោន ដែលថយចុះជាងកាលពីថ្លឹងលើកមុនជាង ២តោន ប៉ុន្តែអ្នកស្រី សាំង ដាលីន នៅតែមិនអាចទទួលយកទម្ងន់នោះដដែល។
អ្នកស្រី សាំង ដាលីន៖ «អត់ទទួលស្គាល់ទេបង អត់ទទួលស្គាល់ទេ ៤៣តោន ៤៥០ ហ្នឹង ខ្ញុំអត់ទទួលស្គាល់ទេ។ អ៊ីចឹងបងឯងត្រូវធ្វើម៉េចបន្តទៀត? ខ្ញុំនឹងសុំឱ្យយកឡានហ្នឹងទៅថ្លឹងនៅកន្លែងណាក្រៅពីហ្នឹងតទៅទៀត ត្រូវតែមានដំណោះស្រាយសម្រាប់បង? ចា៎! ត្រូវតែមានដំណោះស្រាយ»។
អ្នកស្រីបន្តថា សកម្មភាពរបស់មន្ត្រីដែលមានសមត្ថកិច្ចពេលនេះ ហាក់ដូចជាមានការគាបសង្កត់មកលើពួកគាត់ដែលជាអ្នកមិនសូវដឹងច្រើនចំពោះបញ្ហាច្បាប់នោះ ពីព្រោះកន្លងមកការចរចារកភាពយុត្តិធម៌ ដូចមិនសូវមាន ប៉ុន្តែមានតែការចរចារឿងលុយច្រើនជាងទៅវិញ ដោយតម្រូវឱ្យអ្នកស្រីបង់ការផាកពិន័យជាង ៦លានរៀល៖ «ខ្ញុំដឹងថាគេគាបសង្កត់យើងអ៊ីចឹងបង។ ចា៎! ទី១ យើងស្នើសុំគេយកឡានមកថ្លឹង គេថាព្រមព្រៀងទៅសម្រួលម៉ានភាគរយអីភាគរយ ដូចថាលុយ ៦លានរៀល ១៣ម៉ឺន ២ពាន់ហ្នឹង យើងសម្រួលម៉ានភាគរយ ត្រូវនឹងចុះម៉ាន។ តែខ្ញុំអត់ព្រម ពីព្រោះថាបើខ្ញុំខុស ខ្ញុំព្រមទទួលកំហុស តែអានេះខ្ញុំអត់ខុស អ៊ីចឹងខ្ញុំត្រូវការឱ្យរកយុត្តិធម៌ឱ្យឡានខ្ញុំវិញ។ រឿងលុយបើខ្ញុំខុសខ្ញុំបង់ជូនលោកភ្លាមតាមច្បាប់ ប៉ុន្តែបើខ្ញុំអត់ខុស ខ្ញុំសូមធ្វើការតវ៉ាហើយ។ អ៊ីចឹងគេថាឥឡូវសម្រួលចង់បង់ម៉ាន ២០ ឬ ៣០ម៉ឺន ក៏ដោយ ខ្ញុំថាអត់ មើលលុយ ៦លានជាង មកបង់ ២០ ឬ ៣០ម៉ឺន មិនធម្មតាទេណាបង»។

ប្រធានលេខាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ែន បូរ៉ា បានមានប្រសាសន៍អំពីនីតិវិធីក្នុងការថ្លឹងរថយន្តនោះថា គឺមានការពិសោធន៍ដុំដែកទម្ងន់ ១តោនចំនួនពីរជាមុនសិន ទើបមានការថ្លឹងរថយន្តជាក្រោយ ដើម្បីមើលឱ្យឃើញពីភាពត្រឹមត្រូវរបស់ជញ្ជីង។ លោកបញ្ជាក់ថា ជញ្ជីងដែលប្រើប្រាស់នោះ គឺមានវិញ្ញាបនបត្រទទួលស្គាល់ពីក្រសួងយ៉ាងត្រឹមត្រូវ៖ «មានការទទួលស្គាល់បាទ! ទទួលស្គាល់ហ្នឹង គឺគេហៅថាមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិនៃក្រសួងឧស្សាហកម្ម។ កាលណាគេយកទៅធ្វើការផ្ទៀងផ្ទាត់ត្រឹមត្រូវហើយ គឺគេមានចេញវិញ្ញាបនបត្រឱ្យយើង។ អាហ្នឹងបានថា បើសិនជាជញ្ជីងហ្នឹងថ្លឹងខុស គឺមាត្រាសាស្ត្រជាតិជាអ្នកទទួលខុសដែរ ពីព្រោះខ្ញុំអីមិនមានសមត្ថភាពទៅធ្វើម៉េចជញ្ជីងហ្នឹង ឬក៏កែតម្រូវម៉េចបានទេ ហើយជញ្ជីងហ្នឹងក៏អត់មានកត់ដៃទៅបូកលេខអីដែរ»។
លោកបន្ថែមទៀតថា រថយន្តមួយនេះ គឺធ្លាប់មានបញ្ហាពីមុនមក ដោយខាងសមត្ថកិច្ចចាប់បាននៅក្នុងខេត្តកំពង់ធំ កាលពីខែមិថុនា កន្លងទៅ ប៉ុន្តែម្ចាស់រថយន្តបានបដិសេធចំពោះករណីនេះ។ រីឯបញ្ហាថា ម្ចាស់រថយន្តធ្លាប់ទៅចរចាជាមួយមន្ត្រីជំនាញ ប៉ុន្តែបែរជាមានការនិយាយពីរឿងលុយនោះ លោកសូមឱ្យបង្ហាញមុខមន្ត្រីដែលបានប្រព្រឹត្ត ពីព្រោះលោកកំពុងតែស្វែងរកមន្ត្រីណាដែលមិនបានគោរពច្បាប់នោះ៖ «ឥឡូវបើនិយាយពាក់ព័ន្ធនឹងបញ្ហាលុយ គាត់ចង្អុលមកគាត់យកលុយទៅឱ្យអ្នកណា អ្នកណាទៅទារលុយ ហើយលុយហ្នឹងឱ្យរបៀបម៉េច។ តែឱ្យត្រូវឃើញថាធ្វើម៉េចបានឱ្យលុយគាត់! ហើយប្រសិនបើឃើញទាំងពីរល្អហ្មង! ពីព្រោះខ្ញុំរាល់ថ្ងៃកំពុងតែរកមុខអ្នកណាដែលឃុបឃិត ដែលមិនបានអនុវត្តច្បាប់សោះនេះ។ យើងស្ដាយណាស់ ហើយកាលណាមិនបានអនុវត្តច្បាប់ វាអសមធម៌ចំពោះអ្នកដទៃទៀតដែលគេអនុវត្ត គេខំប្រឹងដាក់តិច ជាពិសេសដូចជាសមាគមដឹកជញ្ជូនដូចអី តែយើងនៅប្រឹងដឹកល្មើស»។
អ្នកស្រីនឹងនៅតែបន្តស្វែងរកយុត្តិធម៌តទៅទៀត ពីព្រោះអ្នកស្រីបានបង្ហាញពីទម្ងន់ស្រូវទាំង ២១៧បាវ ដែលថ្លឹងដោយជញ្ជីងដៃ គឺមានប៉ុន្មានជាជាង ២៣តោន ចំណែកឯទម្ងន់រថយន្តរបស់គាត់ទទេ ដែលស្ថានីយជាច្រើនបានថ្លឹងនាពេលកន្លងទៅ គឺមានជាង ១៥តោន។ ដូចនេះ អ្នកស្រីអះអាងថា វាមិនអាចលើសពី ៤០តោនបានឡើយ។ ស្រូវដែលមាននៅក្នុងរថយន្តរបស់អ្នកស្រី ត្រូវបានខូចខាតជាបណ្ដើរៗ ពីព្រោះត្រូវទឹកភ្លៀង ហើយមានបាវស្រូវខ្លះបានដុះទៀតផង ប្រសិនបើរកឃើញនូវទម្ងន់ពិតប្រាកដ អ្នកស្រីនឹងសូមឱ្យមន្ត្រីសាធារណការដោះស្រាយនូវការខាតបង់ទាំងនោះ។
ព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ហួត វុទ្ធី បានមានប្រសាសន៍ថា ប្រសិនបើរកឃើញថា រថយន្តនោះពិតជាបានដឹកលើសចំណុះពិតមែននោះ ម្ចាស់រថយន្តត្រូវប្រឈមមុខនឹងការផាកពិន័យដែលមានចែងក្នុងច្បាប់ ហើយប្រសិនបើរកឃើញថា ម្ចាស់រថយន្តមិនបានដឹកលើសចំណុះនោះទេ អាចនឹងមានការសងការខូចខាតពីសំណាក់ក្រសួង ប្រសិនបើមានការស្នើសុំពីភាគីខាងម្ចាស់រថយន្ត៖ «តាមការស្នើសុំពីភាគី រឿងហ្នឹងទុកឱ្យភាគីអ្នកសម្រេចចុះ។ ប៉ុន្តែយើងក្នុងនាមសមត្ថកិច្ចប្រើអស់លទ្ធភាព ទីមួយ។ ហើយទី២ ខ្ញុំក្នុងនាមតំណាងអយ្យការ តំណាងព្រះរាជអាជ្ញា ក៏ខំប្រឹងពន្លឿនរឿងហ្នឹងលឿនដែរ។ ខ្ញុំជំរុញរឿងហ្នឹងដូចជាទៅដល់ខ្ញុំថ្ងៃសុក្រ ល្ងាច ហើយខ្ញុំធ្វើលិខិតទាំងល្ងាចហ្នឹងទៅក្រសួង»។
រថយន្តរបស់ អ្នកស្រី សាំង ដាលីន ត្រូវបានសមត្ថកិច្ចក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការឃាត់តាំងពីថ្ងៃទី២ ធ្នូ នៅចំណុចថ្នល់ទទឹងខេត្តកំពង់ចាម។ បន្ទាប់ពីម្ចាស់រថយន្តមិនព្រមទទួលយកនូវទម្ងន់ដែលថ្លឹងកាលពីយប់ថ្ងៃទី២០ ធ្នូ នោះ រថយន្តដឹកស្រូវត្រូវតម្កល់ទុកនៅក្នុងអធិការស្រុកត្បូងឃ្មុំ ចំណែកឯអ្នកស្រី សាំង ដាលីន គ្រោងនឹងដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីធ្វើការដោះស្រាយរកភាពយុត្តិធម៌ជុំវិញរឿងរថយន្តរបស់អ្នកស្រីតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
