អាជ្ញាធររបបក្រុងភ្នំពេញស្នើពលរដ្ឋរស់នៅក្នុងទីក្រុងកុំភ័យខ្លាចពេលឃើញយោធានៃរបបលោក ហ៊ុន សែន ចល័តកងទ័ព អាវុធ និងរថពាសដែក។ សាលារាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃទី១៩ មករា បញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងចល័តកងទ័ព អាវុធ និងរថពាសដែក ទៅកាន់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីទៅចូលរួមក្នុងពិធីខួបនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។
របបក្រុងភ្នំពេញត្រូវបានពលរដ្ឋមើលឃើញជារឿយៗ ថាតែងតែចល័តកងទ័ព និងអាវុធដើម្បីបង្ហាញពីកម្លាំងយោធាមកអួតបង្ហាញពលរដ្ឋពីអំណាចរបស់ខ្លួន ស្របពេលដែលរបបនេះបានរំលាយគណបក្សសង្គ្រោះជាតិ និងបានរៀបចំព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលសហគមន៍ជាតិ និងសហគមន៍អន្តរជាតិចាត់ទុកការបោះឆ្នោតក្លែងក្លាយ។
កាលពីពេលបោះឆ្នោតជាតិឆ្នាំ២០១៣កន្លងទៅ របបក្រុងភ្នំពេញក៏បានចល័តកងទ័ព និងរថក្រោះចូលក្នុងរាជធានីភ្នំពេញដែរ ដែលកាលនោះ របបក្រុងភ្នំពេញយកលេសថា ដើម្បីរក្សាសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
