កម្មករ​រោងចក្រ​២​នាក់​ស្លាប់ និង​របួស​ច្រើន​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ព្រះសីហនុ

កម្មករ​រោងចក្រ​២​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ហេតុការណ៍​នេះ គឺជា​ក្ដី​បារម្ភ​សម្រាប់​កម្មករ​រោងចក្រ​ជា​រៀងរាល់ថ្ងៃ ព្រោះ​ពួកគាត់ ងាយ​ប្រឈម​ហានិភ័យ​ខ្ពស់ ខណៈ​ដែល​វិធានការ​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ ពី​សំណាក់​រដ្ឋាភិបាល នៅ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

យោង​តាម​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ដែល​បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក កម្មករ​ចំនួន​២​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ និង​២៥​នាក់​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល នៅ​ថ្ងៃ​ពុធ ទី​២៨ សីហា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កុងតឺន័រ និង​រថយន្ត​សាំយ៉ុង​បុក​គ្នា អំឡុង​ពេល​ដឹក​កម្មករ​រោងចក្រ​ទៅ​ធ្វើ​ការ​។ ចំណែក​កម្មករ​ដែល​រងរបួស កំពុងតែ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ស្រែ​អំបិល។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ រថយន្ត​កុងតឺន័រ ដែល​កំពុង​ដឹកទំនិញ​បាន​បើក​មក​បុក​ចំ​ពីមុខ​រថយន្ត​សាំយ៉ុង ដែល​កំពុង​ដឹក​កម្មករ​បណ្ដាល​ឱ្យ​បែក​ផ្ទៃ​ខាងមុខ​ខ្ទេចខ្ទី ហើយ​អ្នក​បើក​រថយន្ត​កុងតឺន័រ បាន​រត់គេច​ចេញពី​កន្លែង​កើត​ហេតុ។ ចំណែក​រថយន្ត​សាំយ៉ុង​ដែល​ដឹក​កម្មករ​នេះ គេ​ឃើញ​មាន​ការ​កែច្នៃ​កៅអី​ត​ពីក្រោយ ដើម្បី​ដឹក​កម្មករ​ឱ្យ​បាន​ច្រើន​ខុស​ស្តង់ដារ​ផង​ដែរ។

អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) លោក អាត់ ធន់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែ​សីហា ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឱ្យ​មាន​កម្មករ​រោងចក្រ​ស្លាប់ និង​រងរបួស កើតមានឡើង​ស្ទើរតែ​គ្រប់កន្លែង​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ថា បច្ចុប្បន្ន កម្ពុជា​នៅតែ​បន្ត​មាន​រថយន្ត​ដឹក​កម្មករ​ដែល​ពុំ​មាន​ច្បាប់ ឬ​ប័ណ្ណបើកបរ​ត្រឹមត្រូវ​ឡើយ​។ ជាក់ស្ដែង លោក​ថា រថយន្ត​ដឹក​កម្មករ​ភាគច្រើន ដឹក​ហួស​កម្រិត ហើយ​រថយន្ត​ទាំងនោះ​ថែមទាំង​កែច្នៃ​ខុស​ស្តង់ដារ ដើម្បី​ដឹក​មនុស្ស​ឱ្យ​បាន​កាន់តែ​ច្រើន​ទៀត​ផង។ លោក​ថា ករណី​បែប​នេះ ជា​ហានិភ័យ​ខ្ពស់​សម្រាប់​កម្មករ​គ្រប់ពេលវេលា អំឡុង​ពេល​ធ្វើដំណើរ​ទៅ​ធ្វើ​ការ និង​ពេល​ត្រឡប់​មក​វិញ។

លោក អាត់ ធន់៖ «ត្រូវតែ​ឱ្យ​ឡាន​ដឹក​កម្មករ​ហ្នឹង មាន​បច្ចេកទេស​ត្រឹមត្រូវ ហើយ ឡាន​ដែល​កែច្នៃ ខុស​បច្ចេកទេស គួរតែ កុំ​លើកទឹកចិត្ត គួរតែ​ឱ្យមក​ជិះឡាន ក្រុង ឬ​ឡាន​ដែល​មាន​បច្ចេកទេស ច្បាស់លាស់​។ ទី​២ ហាម​ដឹក​ហួស​ទម្ងន់ ព្រោះ​យើង​ដឹង​ហើយ​ថា ការកែច្នៃ ខ្លះ​ឡាន​តូច​មួយ អាច​ថា​ដឹក​ត្រឹម​១០​នាក់​ជាង តែ​គេ ច្នៃ​ដឹក​ដល់​៣០ ទៅ​៤០​នាក់​ជាង»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ ស្រុក​កំពង់សីលា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កក្តា អ៊ន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៨ ខែសីហា។

កាល​ពី​ឆ្នាំ​២០២៣ រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ បាន​ថ្លែង​នៅ​ចំពោះមុខ​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ស្ពឺ​ថា ក្រសួង​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​បណ្ដើរៗ នូវ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករនិយោជិត ឱ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​មាន​ផាសុកភាព​ជាង​មុន ត្រឹម​ឆ្នាំ​២០២៧​។ លោក​អះអាង​ទៀត​ថា ការ​ធ្វើ​បែបនេះ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​កម្មករ​អំឡុង​ពេល​ធ្វើដំណើរ។

ទោះជា​យ៉ាងណា លោក អាត់ ធន់ សង្កេត​ឃើញ​ថា មកដល់​បច្ចុប្បន្ន​ពុំ​ឃើញ​មាន​វិធានការ ណាមួយ របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការធានា ឬ​ការពារ​សុវត្ថិភាព ជូន​កម្មករ​នោះ​ឡើយ។ ជាក់ស្ដែង​ទិដ្ឋភាព​នៅ​ខាងមុខ​រោងចក្រ​ពេល​កម្មករ​ចេញពី​ធ្វើការ ក៏​ពុំ​មាន​អាជ្ញាធរ ឬ​ប៉ូលិស​ចរាចរណ៍​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពួកគាត់​ដែរ​។ ពោល​គឺ​គេ​ឃើញ​ទិដ្ឋភាព​កកស្ទះ​ចរាចរណ៍​ពេញ​ដងផ្លូវ ហើយ​បញ្ហា​នេះ​ក៏​បណ្ដាល​ឱ្យ​កម្មករ​មួយចំនួន​ជួប​គ្រោះថ្នាក់​ផង​ដែរ នៅពេល​ពួកគាត់​ធ្វើដំណើរ​ឆ្លងផ្លូវ។

លោក អាត់ ធន់៖ «​និយោជក​គេ​ថា លុយ​៧​ដុល្លារ ហ្នឹង ដែល​គេ​ថា ជា​ការ​ចូលរួម​ចំណែក ប៉ុន្តែ​ខាង​កម្មករ​និយោជិត គាត់​ថា អាហ្នឹង​វា​មិន​គ្រប់​ទេ ព្រោះ​ត្រូវ​បង់​(​ថ្លៃ​ឡាន​)ជិត​១០​ដុល្លារ ទៅ​២០ ។ ចំណែក​រដ្ឋ ខ្ញុំ​មិន​ឃើញ​មាន​កម្មវិធី​ណា​ជួយ​ទេ ក្រៅពី​ជំរុញ និង​ឱ្យ​និយោជក​ផ្ដល់​ថវិកា ហើយ​រដ្ឋ​គ្មាន​កម្មវិធី​ជាក់លាក់​ណាមួយ​ទេ»។

បើ​តាម​ក្រសួង​ការងារ គិត​ត្រឹម​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២៤​នេះ មាន​កម្មករ​-​និយោជិត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ជាង​៩​រយ​ករណី (៩១៣) ដែល​មាន​ជនរងគ្រោះ​សរុប​ជាង ១​ពាន់​នាក់ (១.០៦៥) ក្នុង​នោះ​ស្លាប់ ៣៩​នាក់ របួសធ្ងន់​ស្រាល​ជាង​១​ពាន់​នាក់ (១.០២៦)​។ បើ​ធៀប​ទៅ​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ មាន​ការ​កើនឡើង​៣៨​ភាគរយ។

មន្ត្រី​សង្គម​ស៊ីវិល ទទូច​ដល់​អាជ្ញាធរ ឱ្យ​យកចិត្តទុកដាក់​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​សហការ​ជាមួយ​ថៅកែ​រោងចក្រ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ធានា​ដល់​អាយុជីវិត​របស់​ក្រុម​កម្មករ ពីព្រោះ​ពួកគាត់​ក៏​ជា​មនុស្ស និង​ក៏​ជា​ចំណែក​មួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​រីក​លូតលាស់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។