សហភាពសហជីពកម្ពុជាស្នើឱ្យព្រឹទ្ធសភាកុំអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ការងារ ដោយសារយល់ឃើញថា ច្បាប់នេះនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករ ក្រោយពេលដាក់ឱ្យអនុវត្ត។ របបក្រុងភ្នំពេញចង់កែប្រែមាត្រាចំនួន ៨ នៃច្បាប់ស្ដីពីការងារ ដោយលើកឡើងថា នេះជាការគិតគូរពីផលប្រយោជន៍ដល់កម្មករនិយោជិត ប៉ុន្តែសហជីពឯករាជ្យមិនគាំទ្រចំពោះដំណើរនេះទេ ដោយសារតែច្បាប់នេះ ត្រូវបានធ្វើឡើងដោយគ្មានការពិភាក្សាយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធឡើយ។
ប្រធានសហជីពការងារកម្ពុជា លោក រ៉ុង ឈុន ស្នើឱ្យព្រឹទ្ធសភាបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ព្រោះលោកយល់ថា មាត្រាមួយចំនួននៃសេចក្ដីព្រាងច្បាប់នេះនឹងធ្វើឱ្យកម្មករនិយោជិកខាតបង់ផលប្រយោជន៍ និងប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់សហជីព។
លោកយល់ឃើញថា ការស្នើពីរបបលោក ហ៊ុន សែន ឱ្យមានវិសោធនកម្មច្បាប់ស្ដីពីការងារដោយគ្មានការពិគ្រោះយោបល់ជាមួយសហជីពនេះ គ្រាន់តែជាការធ្វើតាមការចង់បានរបស់និយោជក និងបើកឱកាសឱ្យពួកគេបានរួចផុតពីកាតព្វកិច្ចនៅពេលរោងចក្របិទទ្វារប៉ុណ្ណោះ។
លោកក៏បានស្នើឱ្យរបបក្រុងភ្នំពេញពិនិត្យមើលឡើងវិញនូវសេចក្ដីព្រាងច្បាប់នេះ និងបញ្ចូលចំណុចសំខាន់ៗ មួយចំនួនទៅក្នុងសេចក្ដីព្រាងច្បាប់នេះ។ ចំណុចទាំងនោះ រួមមាន និយោជកត្រូវតម្កល់ប្រាក់ក្នុងរតនាគារជាតិ ទុកបើកជូនកម្មករនិយោជិក ក្នុងករណីរោងចក្របិទទ្វារ ការរក្សាទុកមាត្រា ៨៧ចាស់ និងប្រាក់បំណាច់បណ្ដេញចេញ ហើយការទូទាត់ប្រាក់បំណាច់អតីតភាពជូនកម្មករ និយោជកត្រូវធ្វើឡើងរៀងរាល់ ៣ ឆ្នាំម្ដង៖ «យើងចង់ឱ្យរដ្ឋាភិបាលមានវិធានការផ្សេងពីនេះ មិនមែនធ្វើបែបនេះដើម្បីដោះបន្ទុកនៅពេលរោងចក្របិទនោះទេ។ ការស្នើធ្វើវិសោធនកម្មបែបនេះគ្រាន់តែជាការចង់បាន ឬផ្គាប់ចិត្តនិយោជកតែប៉ុណ្ណឹងទេ ហើយមិនបានគិតគូរអំពីផលប្រយោជន៍របស់កម្មករ - កម្មការិនី»។
កាលពីសប្ដាហ៍មុន សមាជិករដ្ឋសភានៃរបបក្រុងភ្នំពេញ បានលើកដៃអនុម័តសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីការងារ ដោយសំឡេងគាំទ្រ ១០៧ លើ១០៩។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានថ្លែងការពារនៅក្នុងឱកាសនោះថា សេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីការពារផលប្រយោជន៍កម្មករនយោជិក សម្រាលបន្ទុកនិយោជកក្នុងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ បញ្ចៀសការរក្សាទុកប្រាក់បំណាច់អតីតភាពរហូតដល់ពេលបញ្ចប់កិច្ចសន្យា និងលើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈតាមរយៈការកាត់បន្ថយការតវ៉ា ទាមទារ និងការទូទាត់ប្រាក់បំណាច់ផ្សេងៗ។ លោកបន្ថែមថា សេចក្ដីព្រាងច្បាប់នេះ ក៏ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលដែលត្រូវដោះស្រាយសំណងជំនួសម្ចាស់រោងចក្រ ក្នុងករណីពួកគេរត់ចោលកម្មករផងដែរ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះ នៅទី១៤ មិថុនា ខាងមុខ។ លោកបន្តថា ព្រឹទ្ធសភាមិនចាប់អារម្មណ៍នឹងការស្នើពីសំណាក់សហភាពសហជីពកម្ពុជារបស់លោក រ៉ុង ឈុន ឡើយ ព្រោះស្ថាប័នកំពូលមួយនេះជឿជាក់ថា សេចក្ដីព្រាងច្បាប់ដែលរបបលោក ហ៊ុន សែន រៀបចំស្នើមកនេះ ជារឿងត្រឹមត្រូវ និងផ្ដល់ផលប្រយោជន៍ច្រើនដល់កម្មករ៖ «ច្បាប់ដែលគេបង្កើតថ្មីនេះ គឺគេគិតអំពីផលប្រយោជន៍របស់កម្មករ - កម្មការិនីពិតប្រាកដណាស់។ គាត់ ( លោក រ៉ុង ឈុន ) អត់មានបានអ្វី ចេះតែលើកពីហេតុផលមក។ ឥលូវខុសកន្លែងណា ប្រការណា មាត្រាទីប៉ុន្មានដែលខុសហ្នឹងឱ្យគាត់លើកយកមកនិយាយមក វាអត់មានទេ។ ឱ្យតែគេចាប់ផ្តើមធ្វើ ដឹងតែថា ច្បាប់នេះខុស ច្បាប់នោះខុសហើយ។ តាមពិតទស្សនៈគាត់ គេស្គាល់ហើយ រ៉ុង ឈុន នោះ គាត់ស្អីក៏ដោយក៏ប្រឆាំងដែរ»។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បដិសេធថា អ្វីដែលលោកកំពុងធ្វើនេះ គឺដើម្បីផលប្រយោជន៍កម្មករប៉ុណ្ណោះមិនមានពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ លោកពន្យល់ថា មាត្រាមួយចំនួននៃសេចក្ដីព្រាងច្បាប់នេះ ជាការធ្វើឱ្យខាតប្រយោជន៍កម្ពុជា ដូចជា មាត្រា ៨៧ថ្មី ដែលបើកឱកាសឱ្យនិយោជកបានរួចផុតពីកាតព្វកិច្ច និងមិនទទួលខុសត្រូវចំពោះកម្មករនិយោជិក ក្នុងករណីសហគ្រាស ឬគ្រឹះស្ថានទាំងនោះបិទទ្វារ។ ចំណែកមាត្រា ៨៩ ថ្មី ដែលចែងអំពីការទូទាត់ប្រាក់បំណាច់អតីតភាពការងាររៀងរាល់ ៦ ខែចម្រូតនោះវិញ លោកថា នេះមានន័យស្មើនឹងការបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនិយោជិក។
អតីតសមាជិកគ.ជ.ប រូបនេះជឿជាក់ថា បន្ទាប់ពីច្បាប់នេះត្រូវអនុវត្ត កម្មករនិយោជិកក្នុងវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប នឹងត្រូវប្រើប្រាស់កិច្ចសន្យាការងារមានកំណត់ថិរវេលា ឬហៅម្យ៉ាងទៀតថា ជាកិច្ចសន្យាខ្លី ដែលជាការបើកផ្លូវឱ្យនិយោជកងាយស្រួលបញ្ឈប់កម្មករនិយោជិក កម្មការិនីមានផ្ទៃពោះ និងថ្នាក់ដឹកនាំសហជីពនៅតាមរោងចក្រ ពេលដែលថៅកែមិនពេញចិត្តកម្មករនិយោជិកណាម្នាក់ ដោយគ្រាន់តែយកលេសឈប់បន្តកិច្ចសន្យាឱ្យ៖ «ប្រសិនបើច្បាប់ហ្នឹងចូលជាធរមាន ពេលនោះកម្មករនៅស្រុកខ្មែរទាំងអស់នឹងប្រើកិច្ចសន្យាមានថេរវេលាកំណត់ អ៊ីចឹងមានន័យថា ប្រើកិច្ចសន្យាការងារខ្លីៗ ដែលបញ្ហានេះហើយនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសហជីព ហើយប៉ះពាល់ដល់ផលប្រយោជន៍កម្មករនិយោជិក។ កិច្ចសន្យាខ្លីៗ ពេលនិយោជកមិនពេញចិត្ត ឬមិនសប្បាយចិត្តចំពោះកម្មករ - កម្មការិនីណាម្នាក់ គេនឹងអាចបញ្ឈប់ពីការងារ តាមរយៈការផ្តាច់កិច្ចសន្យា ឬរំលាយកិច្ចសន្យាហ្នឹង ដោយយកលេសថា គេមិនបន្តកិច្ចសន្យាឱ្យកម្មករតទៅទៀតទេ ព្រោះការបើកផ្ដាច់ហ្នឹង វាស្មើនឹងរំលាយកិច្ចសន្យាការងារ»។
ចំណែក ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ វិញ ក៏មិនគាំទ្រការធ្វើវិសោធនកម្មច្បាប់នេះដែរ ដោយលោកបញ្ជាក់ថា ដំណើរការនេះត្រូវបានធ្វើឡើងដោយគ្មានការពិភាក្សា ឬពិគ្រោះយោបល់ឱ្យបានស៊ីជម្រៅពីគ្រប់ភាគីពាក់ព័ន្ធឡើយ ខណៈមាត្រាមួយចំនួនដែលគ្រោងកែប្រែនោះអាចនឹងប៉ះពាល់ដល់ប្រយោជន៍របស់កម្មករ។ លោកអះអាងថា ច្បាប់ស្ដីពីការងារដែលបានអនុវត្តក្នុងពេលកន្លងទៅនោះ មានភាពល្អប្រសើរ និងមានប្រព័ន្ធការពារផលប្រយោជន៍កម្មកររួចជាស្រេច ដូចនេះការកែប្រែណាមួយដែលនាំទៅរកការធាក់ថយក្រោយវិញនោះ មិនមែនជារឿងដែលរដ្ឋាភិបាលគួរធ្វើនោះទេ៖ «រដ្ឋាភិបាលគ្រាន់តែចង់បានលុយឱ្យកម្មករ កុំឱ្យមានអតីតភាពការងារយូរពេក ប៉ុន្តែខាងកម្មករ យើងឃើញថា កាលណាបង់ ( លុយបំណាច់អតីតភាពការងារ ) រួចហើយ ចំពោះកម្មករយើង ជួនកាលគេអត់បន្តកិច្ចសន្យាវែង មានហេតុផលអ្វីមួយគេបញ្ឈប់កម្មករហ្នឹងចោលតែម្ដង នោះគាត់នឹងមិនបានលុយអ្វីផ្សេងនោះទេ ព្រោះគេបានបង់រួចអស់ហើយ។ ខ្ញុំអត់គាំទ្រតែម្ដងការធ្វើវិសោធនកម្មច្បាប់ការងារនេះ ដែលមិនមានឆ្លងកាត់ការពិភាក្សាគ្នារវាងថៅកែ និងកម្មករជាមុនសិននោះ។ បើទោះបីជា ( រដ្ឋាភិបាល ) មានសិទ្ធិក៏ដោយ ក៏ប៉ុន្តែជាទូទៅ ការកែប្រែនៅក្នុងគោលការណ៍ការងារ តែងតែមានការជជែកគ្នាជាត្រីភាគី ប៉ុន្តែហេតុអ្វីបានជាច្បាប់នេះមិនមានការពិភាក្សាគ្នា បែរជាយកទៅអនុម័តតែម្ដង»។
គិតត្រឹមរយៈពេល ៥ខែ នៃឆ្នាំ២០១៨ នេះ របបក្រុងភ្នំពេញបានផ្ដល់ថវិកាបុរេប្រទានចំនួនជាង ៦ លាន ២ សែនដុល្លារអាមេរិក សម្រាប់បើកជូនកម្មករជិត ៦ពាន់នាក់ នៃរោងចក្រចំនួន១២ ដែលត្រូវបានថៅកែបិទទ្វាររត់ចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
