ក្រុម​សហជីព​ព្រមាន​ធ្វើ​បាតុកម្ម​បើ​ប្រាក់​ខែ​គោល​កម្មករ​តិច​ជាង​ការ​ទាមទារ

0:00 / 0:00

ក្រុម​សហជីព​ដែល​អះអាង​ថា មាន​ជំហរ​គាំទ្រ និង​រក​ផល​ប្រយោជន៍​ឲ្យ​កម្មករ ព្រមាន​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ប្រាក់​ខែ​គោល​ទាប ប្រសិន​បើ​សេចក្ដី​សម្រេច​ចុង​ក្រោយ​មួយ​ដំណាក់​កាល​ទៀត​របស់​គណៈកម្មការ​ក្រុមប្រឹក្សា​ការងារ នៅ​តែ​មិន​អាច​ឆ្លើយ​តប​ដូច​ការ​ទាមទារ​របស់​សហជីព​ចង់​បាន។

ប្រតិកម្ម​របស់​ក្រុម​សហជីព​នៅ​ពេល​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​បិទ​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ត្រី​ភាគី ដែល​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ស្វែងរក​តួលេខ​រួម​មួយ ក្នុង​ការ​ឈាន​ទៅ​កំណត់​ប្រាក់​ខែ​គោល​អប្បបរមា សម្រាប់​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​ឆ្នាំ​២០១៥។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ឯ​ទីស្ដីការ​ក្រសួង​ការងារ ថា ក្រុម​សហជីព​ដែល​តែង​ទាមទារ​ផល​ប្រយោជន៍​ឲ្យ​កម្មករ ពិត​ជា​សោកស្ដាយ នៅ​ពេល​លទ្ធផល​មិន​ដូច​ការ​រំពឹង​ទុក។ អ្នកស្រី​បន្ត​ថា បំណង​របស់​ក្រុម​សហជីព​ចង់​បាន​ប្រាក់​ខែ​សម្រាប់​កម្មករ​មិន​ត្រឹម​តែ ១៤០​ដុល្លារ​ដូច​ក្នុង​ពេល​ចរចា​ទេ ប៉ុន្តែ​ទាមទារ​រហូត​ដល់ ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។ អ្នកស្រី​ចាត់​ទុក​ថា ដោយសារ​សហជីព​មួយ​ចំនួន​ដែល​មិន​មាន​ភាព​ស្មោះត្រង់ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​ការ​ចរចា​ត្រូវ​បរាជ័យ៖ «ដោយសារ​តែ​យើង​ខ្លាច​បាត់​បង់​សំឡេង​ទៅ អ៊ិលអ៊ីស៊ី (LEC) ដល់​អ៊ីចឹង ទីបំផុត​ខ្ញុំ​ខ្លួន​ឯង​ត្រូវ​បាន​ចាញ់​ឆ្នោត។ ដោយសារ​គ្នា​មួយ​ចំនួន​ក្នុង​នាម​ជា​អ្នក​សហជីព​ដូច​គ្នា មិន​បាន​បោះ​ឆ្នោត​គាំទ្រ​តួលេខ​មួយ​ហ្នឹង​ទេ»

បើ​ទោះ​ជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មិន​បាន​បញ្ជាក់​ភ្លាមៗ​ពី​សហជីព​ដែល​អ្នកស្រី​អះអាង​ថា មិន​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​ចរចា​ក៏ដោយ​ចុះ ក៏​គេ​ដឹង​ថា នោះ​គឺ​ជា​សហជីព​របស់ លោក ជួន មុំថុល និង​សហជីព​របស់ លោក សោម អូន។

ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដែល​ជា​ការ​សម្រេច​ជ្រើស​រើស​ចុង​ក្រោយ មុន​នឹង​ដាក់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ពិនិត្យ និង​ឆ្លង​សេចក្ដី​សម្រេច​ពី​គណៈកម្មការ​ប្រឹក្សា​ការងារ បង្ហាញ​ថា អ្នក​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ដំឡើង​ប្រាក់​ខែ ១៤០​ដុល្លារ​ដូច​ការ​ទាមទារ​របស់​សហជីព មាន​សំឡេង​គាំទ្រ ៧ លើ ២៧។ បន្ទាប់​មក សំឡេង ៩ លើ ២៧​សំឡេង គាំទ្រ​ដំឡើង​ត្រឹម ១២១​ដុល្លារ​ដូច​ការ​ស្នើ​ឡើង​របស់​រដ្ឋាភិបាល។ ដោយ​ឡែក​សំឡេង​ឆ្នោត ៩ លើ ២៧ កំណត់​ដំឡើង​ត្រឹម ១១០​ដុល្លារ​ដូច​ការ​ទាមទារ​របស់​ភាគី​រោងចក្រ​ស្នើ​ឡើង។ ក្រៅ​ពី​នោះ​មាន ២​សំឡេង​បោះ​អនុបវាទ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​ចលនា​កម្មករ ចាត់​ទុក​ថា សំឡេង​ដែល​អនុបវាទ​ក្នុង​ការ​បោះ​ឆ្នោត​នោះ គឺ​ជា​សំឡេង​ចេញ​ពី​សហជីព​ទាំង​ពីរ​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល ដឹក​នាំ​ដោយ លោក ជួន មុំថុល និង​លោក សោម អូន។ យ៉ាង​ណា​ក៏ដោយ លោក​មាន​ជំនឿ​ចុង​ក្រោយ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ។

លោក ប៉ាវ ស៊ីណា ព្រមាន​ថា បើ​សេចក្ដីសម្រេច​នេះ​នៅ​តែ​តិច​ជាង​អ្វី​ដែល​សហជីព​ទាមទារ មិន​ដល់ ១៤០​ដុល្លារ ឬ​ថា​តួលេខ​ប្រហាក់​ប្រហែល​ទេ នោះ​បាតុកម្ម​ប្រឆាំង​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត៖ «ខ្ញុំ​គិត​ថា​គាត់​ត្រូវ​តែ​ពិចារណា ព្រោះ​ថា​ខ្ញុំ​គិត​ថា​វា​គួរ​ឲ្យ​មាន​រឿង​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៣ ហ្នឹង​ទេ។ ពេល​ដែល​យើង​ឃើញ​ហេតុការណ៍​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស ដោយសារ​ការ​សម្រេច​ប្រាក់​ឈ្នួល​មួយ​ដែល​មិន​តម្លាភាព​ដែល​មិន​សមរម្យ។ អ៊ីចឹង​ហើយ​រឿង​នេះ​នឹង​កើត​ឡើង​ទៀត បើ​សិន​អ៊ិលអ៊ីស៊ី នៅ​តែ​ដើរ​ផ្លូវ​ចាស់»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី លោក ជួន មុំថុល និង​លោក សោម អូន ដោយ​ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​ជា​អ្នក​ដឹក​នាំ​កិច្ច​ប្រជុំ ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ក្រោយ​បិទ​បញ្ចប់​កិច្ច​ពិគ្រោះ​យោបល់​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ដាក់​សំណើ​ក្នុង​ការ​ដំឡើង​ត្រឹម ១២១​ដុល្លារ​ក្នុង​មួយ​ខែ​នោះ ក៏​ព្រោះ​តែ​រដ្ឋាភិបាល​សម្រេច​មិន​យក​ពន្ធ​លើ​ប្រាក់​ខែ​កម្មករ និង ១០​ភាគរយ​ទៀត​សម្រាប់​ប្រាក់​ថែទាំ​សុខភាព។ ហេតុ​នេះ លោក​ថ្លែង​ថា ប្រសិន​បើ​កំណត់​ចំនួន ១៤០​ដុល្លារ ឬ​ថា​លើស​នេះ ជា​បន្ទុក​នៃ​ការ​បង់​ពន្ធ គឺ​កម្មករ​ផ្ទាល់។

ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​ដំឡើង​តម្លៃ​នៃ​កម្លាំង​ពលកម្ម​ខ្ពស់​ដូច​នេះ វា​នឹង​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា៖ «រាជ​រដ្ឋាភិបាល​សុខ​ចិត្ត​ថា​ឲ្យ​តួលេខ​១២១​នេះ​ទាប​តិច​ចុះ ប៉ុន្តែ​សុខ​ចិត្ត​ឲ្យ​មាន​គោល​នយោបាយ​គាំពារ​សុខភាព​គាត់ ដែល​ធ្វើ​ឲ្យ​បងប្អូន​កម្មករ​និយោជិត មិន​ចាំបាច់​ចំណាយ ១០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​គាត់​វិញ។ អ៊ីចឹង​ឧបមា​ថា ១៣៣​ដុល្លារ ហើយ​គាត់​បែរ​ជា​ចំណាយ​សុខភាព ១០​ភាគរយ មាន​ន័យ​ថា គាត់​អស់​ជាង ១០​ដុល្លារ ដក​ទៅ​នៅ​សល់​តែ​ជាង ១២០​ដដែល»

កិច្ច​ប្រជុំ​ត្រី​ភាគី​ដែល​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ​ក្នុង​រយៈពេល ៨​ថ្ងៃ​មក​នេះ ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​តុលា មក គឺ​ភាគី​នីមួយៗ​នៅ​តែ​មិន​ទាន់​អាច​ចុះ​សម្រុង​គ្នា​ទៅ​លើ​តួលេខ​រួម​មួយ​បាន​នៅ​ឡើយ។ នៅ​ចុង​បញ្ចប់ ក្រុម​សហជីព​បាន​បង្ហាញ​ជំហរ​ប្រឆាំង​លទ្ធផល​ឆ្នោត ហើយ​ឥរិយាបថ​ម្នាក់ៗ​ហាក់​ពើង​ទ្រូង​ដាក់​គ្នា មិន​ដូច​សម្ដី​ដែល​បាន​លើក​ឡើង​ថា ហាក់​យល់​ចិត្ត​គ្នា​នោះ​សោះ​ឡើយ។ ចំណែក​ទឹក​មុខ​ម្នាក់ៗ​វិញ​ឡើង​ក្រហម​នៅ​ក្នុង​បន្ទប់​ប្រជុំ។

នៅ​ទី​ចុង​ក្រោយ ស្ថានការណ៍​ហាក់​តានតឹង​ឡើងៗ ដោយសារ​ខ្វែង​គំនិត​គ្នា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សន្និសីទ​កាសែត រហូត​មិន​អាច​ធ្វើ​ឲ្យ​ត្រី​ភាគី​មាន​ឱកាស​ថត​រូប​រួម​គ្នា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។