តំណាង​សហជីព នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ព្រងើយ​កន្តើយ​លើ​បញ្ហា​សុខភាព​កម្មករ

0:00 / 0:00

មន្ត្រី​តំណាង​សហជីពកម្មករ​ នៅ​តែ​ព្រួយ​បារម្ភ ចំពោះ​ភាព​ព្រងើយ​កន្តើយ និង​ខ្វះ​ការ​ទទួល​ខុសត្រូវ​របស់​និយោជក និង​មន្រ្តី​​ក្រសួង​ការងារ​ លើ​បញ្ហា​សុខភាព​កម្មករ ក្រោយ​កម្មករ​ម្នាក់​បាន​ស្លាប់​ និង​ជិត ៤០នាក់​ផ្សេងទៀត​ បាន​ដួល​សន្លប់​នៅ​កន្លែង​ការងារ។​

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា ខកចិត្ត​ដែល​ភាព​ឆក​ល្វែង​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​ បន្ត​អះអាង​ថា បាន​យក​ចិត្ត​បន្ថែម​ដល់​កម្មករ​យ៉ាង​ណា​ក្តី។ លោក​បន្ថែម​ថា ខាង​សហជីព​បាន​ជំរុញ​ បញ្ហា​នេះ​ជា​ប្រចាំ​ដែរ​ប៉ុន្តែ​មិន​បាន​ផល​សោះ៖ «ជាច្រើន​លើក​ច្រើន​សារ​ដែល​យើង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ ជា​ពិសេស​ក្រសួង​ការងារ និង​ស្ថាប័ន​ជំនាញៗ របស់​រដ្ឋ ​ដុត​ដៃ​ដុត​ជើង​ ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​តម្លា​ភាព និង​ប្រសិទ្ធភាព ដើម្បី​កុំ​ឲ្យ​ចុះ​ទៅ​គ្រាន់តែ​ឡិមឡុម ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​។ ប្រសិនបើ​ការ​អនុវត្ត​នោះ វា​មាន​ប្រសិទ្ធភាព​ មាន​ន័យ​ថា​និយោជក​ទាំង​អស់​នោះ មិន​អាច​ធ្វើ​អ្វី​ផ្ដេសផ្ដាស​បាន​ទេ ពីព្រោះ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ជា​ច្រើន ដែល​ចេញ​ដោយ​ក្រសួង​ការងារ សុទ្ធតែ​ហាម​ប្រាម​ មាន​ការ​ណែនាំ​ឲ្យ​រោងចក្រ​សហគ្រាស​ ត្រូវ​ធ្វើ​តាម​បទដ្ឋាន​ទាំងនោះ។ ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​អនុវត្ត​តាម ហើយ​ខាង​មន្ត្រី​ជំនាញ​ គ្មាន​អនុវត្ត​វិធាន​ការ​តឹងរ៉ឹង​លើ​និយោជក​ទាំង​នោះ​ទេ »

ប្រតិកម្ម​របស់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នេះ ធ្វើ​ឡើង​ក្រោយ​សហជីព​នេះ​រក​ឃើញ​ថា កម្មករ​ប្រមាណ ៤០ នាក់​ ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​ ឃីង ម៉េកឃ័រ (King Maker) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ម៉ែនហាធេន (Manhattan) ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ដួល​សន្លប់​តៗគ្នា នៅ​កន្លែង​ធ្វើការ កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ។ លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា មុន​នេះ​បី​ថ្ងៃ ក៏​មាន​កម្មករ​នៅ​រោងចក្រ​ដដែល​នេះ​ម្នាក់​ស្លាប់ ក្រោយ​ដួល​សន្លប់ និង​បញ្ជូន​ទៅ​សង្គ្រោះ​មិន​ទាន់​ពេល។

ករណី​កម្មករ​ដួល​សន្លប់​នៅ​កន្លែង​ការងារ​នេះ នៅ​មាន​ចំនួន​ច្រើន ដែល​លោក ប៉ាវ ស៊ីណា ថា​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​សុខភាព​ជាក់​ស្តែង​របស់​កម្មករ នៅ​តាម​រោងចក្រ។ កន្លង​មក​ខាង​សហជីព បាន​រក​ឃើញ​ថា ការ​ដួល​សន្លប់​របស់​កម្មករ គឺ​បណ្ដាល​មក​ពី​ការ​ខ្វះ​អាហារូបត្ថម្ភ ដោយ​សារ​កម្មករ​ប្រាក់​ខែ​តិច មិន​អាច​លៃលក​ទិញ​ម្ហូប​អាហារ​គ្រប់គ្រាន់ ដើម្បី​ទទួល​ទាន បញ្ហា​ខ្យល់អាកាស​ក្រខ្វក់​ក្នុង​រោង​ចក្រ ដែល​មាន​ជាតិ​គីមី​ពុល​ពី​ក្រណាត់ និង​ធ្វើ​ការ​ថែម​ម៉ោង​ហួស​កម្លាំង ខ្វះ​ពេលសម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​ដើម។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ប៉ាវ ស៊ីណា ថា​ខាង​ក្រសួង​ការងារ នៅ​តែ​ខកខាន​ក្នុង​ការ​យកចិត្តទុកដាក់ ដើម្បី​វាយ​តម្លៃ​បញ្ហា​នេះ​ឲ្យ​បាន​ជាក់លាក់​នៅ​ឡើយ៖ «មក​ដល់​ម៉ោង​នេះ ខ្ញុំ​អត់​ទាន់​​ឃើញ​ក្រសួង​ការងារ​ រក​ឃើញ​ជំងឺ​វិជ្ជាជីវៈ​ទេ។ យើង​ចាំបាច់​ត្រូវ​ឲ្យ​គាត់​វិនិច្ឆយ​ថា តើ​កម្មករ​បច្ចុប្បន្ន​ មាន​បញ្ហា​សុខភាព​ប្រភេទ​ណា ពាក់ព័ន្ធ​នឹង​ការ​ដេរ​នៅ​រោងចក្រ​កាត់​ដេរ រោងចក្រ​ផលិត​ស្បែកជើង​ វា​ច្បាស់​ណាស់​វា​ប៉ះពាល់​ដល់​សុខភាព​ ដែល​កើត​ចេញ​ពី​ការ​បំពេញ​ការងារ​ច្រើន​ឆ្នាំ។ ទី​មួយ​ត្រូវ​ពិនិត្យ​សុខភាព​របស់​គាត់​ជាចាំបាច់ និង​ទីពីរ​ ត្រូវ​ពិនិត្យ​បញ្ហា​បរិស្ថាន​ក្នុង​រោងចក្រ ថា​តើ​អគារ​រោងចក្រ​រៀបចំ​តាម​ប្រព័ន្ធ​ស្តង់ដារ ឬ​នៅ

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ក្រសួង​ការងារ ជុំវិញ​មូលហេតុ​នៃ​ការ​ដួល​សន្លប់​ និង​ការ​ស្លាប់​របស់​កម្មករ​នៅ​ក្រុង​បាវិត​នេះ បាន​នៅ​ឡើយ​ទេ។

ប៉ុន្តែ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង លោក ឈាង វុន ធ្លាប់​លើក​ឡើង​ថា មាន​កម្មករ​មួយ​ចំនួន បាន​ឃុបឃិត​ជាមួយ​គ្រូ​ពេទ្យ​ធ្វើ​ពុត​ជា​ឈឺ ដើម្បី​ចេញ​វិក្កយបត្រ​ក្លែងក្លាយ​ បើកប្រាក់​ចែក​គ្នា។ លោក​ថា បច្ចុប្បន្ន​រដ្ឋ ​បាន​បាត់បង់​ចំណូល​ជា​​ច្រើន ព្រោះ​មាន​ការ​កេង​បន្លំ​បែបនេះ៖ «លោក​ជំទាវ ឡោ ខេង បាន​លើក​ខ្លាំង​មែនទែន​ពាក់ព័ន្ធ​នឹង​ការ​បាត់​ចំណូល​និង​ការចាយវាយ ដែល​មាន​ការ​កេង​បន្លំ។ តើ​យើង​ត្រូវ​ដោយ​ស្រាយ​ម៉េច ? កេង​បន្លំ​ហ្នឹង មិនមែន​តែ​មន្ត្រី​រាជ​ការ ដែល​ពាក់ព័ន្ធ​រឿង​ហ្នឹង​ទេ កម្មករ​របស់​យើង​មួយ​ចំនួន ក៏​ឆ្លៀត​ឱកាស​ហ្នឹង​ដែរ ដូចជា ទៅ​ត្រូវរ៉ូវ​ជាមួយ​មន្ទីរពេទ្យ​បង្អែក​សុខាភិបាល ឬក៏​មណ្ឌល​សុខភាព ត្រូវរ៉ូវ​គ្នា​ចេញ​សំបុត្រ​អ៊ីចឹង​ទៅ ទៅ​បើក​លុយ​របស់​រដ្ឋ រួច​ហើយក៏​សម្រាក​នៅផ្ទះ តាមពិត​អត់​ឈឺ​ខ្លាំង​អី​ផង ក៏​មាន​ដែរ។ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​រដ្ឋ​បាត់​ថវិកា​មួយ​ចំនួន​ធំ »

លោក ប៉ាវ ស៊ីណា ច្រាន​ចោល​រាល់​ការ​លើក​ឡើង​ទាំង​ឡាយ​ណា ដែល​ទម្លាក់​កំហុស​ទៅ​លើ​កម្មករ ដែល​ដួល​សន្លប់​ថា ធ្វើ​ពុត ដើម្បី​បាន​ឈប់សម្រាក ឬ​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ នោះ។ លោក​ថា ការ​ចោទ​បែប​នេះ គឺ​គ្រាន់​តែ​ជា​លេស ដែល​ជា​ទូទៅ​ប្រឌិត​ឡើង​ពី​ភាគី​និយោជក ដែល​មិន​ចង់​ឲ្យ​កម្មករ​ឈប់​សម្រាក​​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ដោយសារ​តែ​ប្រាក់​ខែ​តិច កម្មករ​ធ្វើ​ការ​ពេញ​ម៉ោង​ផង បន្ថែម​ម៉ោង​ផង នៅ​តែ​ហូប​មិន​គ្រប់ តើ​មាន​រឿង​អ្វី​ដែល​កម្មករ​ ត្រូវ​ធ្វើពុត ដែល​បាត់បង់​ប្រាក់​ចំណូល ដែល​មាន​តិច​ស្រាប់​នេះ​ទៅ​វិញ​នោះ?

តំណាង​សហជីព​រូប​នេះ ស្នើសុំ​ឲ្យ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំង​អស់ រួម​ទាំង​ថៅកែ​រោងចក្រ និង​មន្ត្រី​ក្រសួង​ការងារ យកចិត្ត​ទុក​ដាក់​បន្ថែម​ឲ្យ​បាន​ច្រើន​ជាង​នេះ លើ​បញ្ហា​របស់​កម្មករ ដោយ​ត្រូវ​ចាត់​​ទុក​កម្មករ​ ជា​កម្លាំង​ចលករ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដ៏​សំខាន់​មួយ។ លោក​ថា កម្មករ​លះបង់​ច្រើន​ណាស់ ដើម្បី​ជីវភាព​គ្រួសារ និង​សង្គម​ជាតិ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។