ជនជាតិចិនចំនួន ៨នាក់ក្នុងចំណោម ៤១នាក់ដែលជួបហេតុការណ៍គ្រោះថ្នាក់លិចទូកចូលក្នុងលម្ហសមុទ្រនៅខេត្តព្រះសីហនុថ្មីៗនេះ មកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញពួកគេនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិល និងឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជាចាត់ទុកករណីនេះ ថា ជាសោកនាដកម្មមួយទៀតសម្រាប់កម្ពុជា។
គិតត្រឹមថ្ងៃទី២៧ កញ្ញា គឺមានរយៈពេលជិតមួយសប្ដាហ៍ហើយដែលកម្លាំងអាជ្ញាធរមិនទាន់រកឃើញសាកសព ឬជួយសង្គ្រោះជនជាតិចិន ៨នាក់ ក្នុងចំណោម ៤១នាក់ដែលបានធ្វើដំណើរឆ្លងដែនតាមផ្លូវទឹកចូលប្រទេសកម្ពុជា ហើយបានជួបគ្រោះថ្នាក់លិចទូកក្នុងដែនសមុទ្រស្ថិតនៅខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ កញ្ញាថា នៅមានជនជាតិចិនចំនួន ៨នាក់ទៀត ដែលមកទល់នឹងពេលនេះ សមត្ថកិច្ចនៅមិនទាន់រកពួកគាត់ឃើញនៅឡើយ ខណៈជនជាតិចិន ៩នាក់ទៀតលោកអះអាងថា ត្រូវបានអាជ្ញាធរព្រំដែនវៀតណាមជួយសង្គ្រោះពួកគេកាលពីពេលថ្មីៗនេះ។ លោកបញ្ជាក់ទៀតថា ជនជាតិចិនដែលសមត្ថកិច្ចបានជួយសង្គ្រោះចេញពីឧប្បត្តិហេតុលិចទូកថ្មីៗនេះ អាជ្ញាធរថ្នាក់ជាតិកំពុងស្រាវជ្រាវ ដោយមិនទាន់បង្ហាញរបាយការណ៍ពិស្ដារណាមួយនៅឡើយទេ៖ «ឥឡូវនេះនៅក្នុងសមុទ្រកម្ពុជា។ អ៊ីចឹងការងារនេះ លើមនុស្សដែលស្រង់បាននេះ នៅលើឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក សួរនាំមនុស្សអីនៅហ្នឹង។ បាទបើច្បាប់អន្តោប្រវេសន្ត ប្រសិនបើ [ ជនជាតិចិន ] ឡើងមកដល់លើដីគោក យើងពិនិត្យមើលអត់មានលិខិតឆ្លងដែន (Passport) លិខិតស្នាមអី អាហ្នឹងច្បាប់ហើយ។ ប៉ុន្តែនេះ នៅក្នុងសមុទ្រ តែឥឡូវនៅក្នុងដៃលោកប្រធាននាយកដ្ឋានព្រំដែនទឹក»។
មកដល់ពេលនេះ ក្នុងចំណោមជនជាតិចិនចំនួន ៤១នាក់នោះ សមត្ថកិច្ចបានជួយសង្គ្រោះបាន ២១នាក់ ក្នុងនោះមានស្ត្រីម្នាក់។ ចំណែកជនជាតិចិន ៣នាក់ផ្សេងទៀតបានស្លាប់ ក្នុងហេតុការណ៍លិចទូកឈើក្នុងដែនសមុទ្រក្នុងខេត្តព្រះសីហនុ។
ទាក់ទងនឹងរឿងនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឱ្យដឹងតាមរយៈបណ្ដាញសង្គមធ្វីតធើ (Twitter) កាលពីថ្ងៃទី២៥ កញ្ញា ថា កំពុងមានវត្តមាននៅខេត្តព្រះសីហនុ ដើម្បីជួបដៃគូសហរដ្ឋអាមេរិក ហើយក៏បានឆ្លៀតគិតអំពីសោកនាដកម្មជាច្រើនដែលកំពុងកើតមានឡើងក្នុងខេត្តមួយនេះ។ លោកលើកឡើងបញ្ហាសោកនាដកម្មទាំងនោះមានដូចជា ទូកធ្វើដំណើរគ្មានសុវត្ថិភាព ការជួញដូរ មជ្ឈមណ្ឌលបោកប្រាស់ និងមានអគារកាស៊ីណូដែលគេបោះបង់ចោលជាដើម។ លោកបញ្ជាក់ថា ករណីទាំងនេះមានតម្រូវការពិតប្រាកដសម្រាប់សកម្មភាពទូលំទូលាយ ដើម្បីដោះស្រាយបញ្ហាដែលហាក់ដូចជាពពកខ្មៅកំពុងកើតមានក្នុងខេត្តព្រះសីហនុ។
កាលពីថ្ងៃទី២២ កញ្ញា ជនជាតិចិនចំនួនសរុប ៤១នាក់ បានធ្វើដំណើរតាមផ្លូវទឹកចូលកម្ពុជា បានជួបឧប្បត្តិហេតុលិចទូកស្ថិតក្នុងតំបន់ភូមិសាស្ត្រ កោះតាង ក្នុងខេត្តព្រះសីហនុ។ ជនជាតិចិនម្នាក់ឈ្មោះ ចេន វីហ្សេង (CHEN GuiSheng) ដែលស្ថិតក្នុងហេតុការណ៍នោះ អះអាងប្រាប់សមត្ថកិច្ចកម្ពុជាថា ទូកដែលបានលិចក្នុងលម្ហសមុទ្រខេត្តព្រះសីហនុនេះ បានធ្វើដំណើរចេញកំពង់ផែ ក្វាងចូវ ប្រទេសចិន តាមរយៈកប៉ាល់ធំមួយតាំងពីថ្ងៃទី១១ ខែកញ្ញា។ ពេលមកដល់ច្រកសមុទ្រអន្តរជាតិ ជនជាតិចិនទាំង ៤១នាក់ ក៏បានធ្វើដំណើរតាមទូកឈើដោយរួមជាមួយតៃកុងទូកជនជាតិខ្មែរចំនួន ០២នាក់ផង។ ជនរងគ្រោះដដែលអះអាងទៀតថា រហូតដល់ ថ្ងៃទី២២ កញ្ញា ស្រាប់តែមានទូកមួយផ្សេងទៀតមានគ្នា ៦នាក់ មកទទួលតៃកុងទូក ២នាក់ដែលរួមដែលដំណើរជាមួយពួកគេ ហើយភ្លាមៗនោះទូកក៏បានលិចបន្តិចម្ដងៗក្នុងលម្ហសមុទ្រនៅតំបន់ភូមិសាស្ត្រចន្លោះពយសារឿង និងកោះតាង ក្នុងខេត្តព្រះសីហនុ។
ទោះបីជាយ៉ាងណា ជនរងគ្រោះជនជាតិចិនពីររួបដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានប្រាប់ទីភ្នាក់ងារព័ត៌មាន (AFP) ថា ក្រោយពីទូកលិច ពួកគាត់បានឃើញទូកនេសាទមួយ ក៏ស្រែកហៅគេជួយ។ ទូកនេសាទនោះ ក៏មកជួយស្រង់ពួកគាត់ពីទឹក។ ជនរងគ្រោះដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដដែលនេះ បានរៀបរាប់ពីមូលហេតុដែល លោកសម្រេចចិត្តមកកម្ពុជានេះ ដោយសារតែនៅប្រទេសចិន ក្រោយពីមានវិបត្តិជំងឺកូវីដ១៩មក លោកបាត់បង់ការងារធ្វើ ហើយសម្រាកនៅផ្ទះប្រមាណ១ឆ្នាំមកហើយ។
យុវតីរងគ្រោះមួយរួបឲ្យដឹងថា ថៅកែរបស់នាងបានណែនាំឲ្យមកធ្វើការនៅកម្ពុជា នឹងមានការងារល្អធ្វើ។ តែនាងមិនបានដឹងថា ត្រូវធ្វើដំណើរឆ្ងាយដូច្នេះទេ។ យុវតីរូបនេះ បានរៀបរាប់អំពីការធ្វើដំណើរពីប្រទេសចិនមកកម្ពុជានៅមុនពេលទឹកលិចនេះ បានប៉ុន្មានថ្ងៃ ក៏អស់ស្បៀង សូម្បីតែទឹកក៏ផឹកក៏គ្មានដែរ៖ «ក្រោយពីធ្វើដំណើរតាមទូកបាន៤ថ្ងៃក៏អស់ស្បៀង .. ។ ហើយរយៈពេល៦ ៧ថ្ងៃក្រោយមកអស់ទាំងទឹកផឹកថែមទៀត។ ប្រហែលជា១០ថ្ងៃក្រោយមក ទើបទទួលបានម្ហូបខ្លះ និងទឹក។ បន្ទាប់មកយើងក៏ផ្លាស់ប្ដូរទូកជិះ ដោយខ្ញុំមានកាបូបពីរ មានមី តែគ្មានអាហារអ្វីផ្សេងទៀតទេ»។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ប្រសិនជនជាតិចិនដែលជួបគ្រោះថ្នាក់លិចទូកទាំងនោះពិតជាត្រូវចាញ់បោកមេខ្យល់ ឱ្យមកធ្វើការខុសច្បាប់នៅកម្ពុជាពិតមែននោះ គឺជាការព្រមានមួយដល់ជនបរទេសផ្សេងទៀតឱ្យមានការប្រុងប្រយ័ត្ន ត្បិតជនបរទេសដែលឆ្លងដែនឆ្លងខុសច្បាប់អាចនឹងប្រថុយប្រថានតាមផ្លូវ ឬត្រូវសមត្ថកិច្ចកម្ពុជាបង្ក្រាបនៅពេលដែលពួកគេចូលបម្រើការងារក្រុមហ៊ុនក្រុមឧក្រិដ្ឋជននៅកម្ពុជា។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សោកស្ដាយចំពោះជនជាតិចិនដែលជួបឧប្បត្តិហេតុលិចទូកក្នុងដែនសមុទ្រកម្ពុជា។ អ្នកស្រីយល់ថា ជនជាតិចិនចំនួន ៨នាក់ដែលបន្តបាត់ខ្លួនរហូតមកពេលនេះហាក់នៅមានមន្ទិលច្រើន ដ្បិតបើជនជាតិចិនទាំងនោះបានស្លាប់ក្នុងហេតុការណ៍លិចទូកពិតមែន នោះសមត្ថកិច្ចនឹងអាចរកឃើញសាកសពពួកគេ៖ «មានការសោកស្ដាយ ហើយមានការអាណិតដល់ពួកគាត់។ យើងក៏អត់ទាន់ទទួលដំណឹងជាបន្តទៀតថា អ្នកដែលយើងជួយសង្គ្រោះមកហ្នឹងខាងរដ្ឋបាលខេត្តព្រះសីហនុលោកមិនទាន់បាន ធ្វើការចែករំលែកនូវព័ត៌មានថា តើពួកគាត់ [ ជនជាតិចិនជួបគ្រោះថ្នាក់លិចទូក ] ដែលយើងបានស្រង់មកហើយនិងមានជីវិតហ្នឹង តើពួកគាត់មកកម្ពុជាក្នុងគោលបំណងអី ? មកគោលបំណងដើរកម្សាន្ត ឬគាត់ត្រូវបានមេខ្យល់បោកបញ្ឆោតនាំមករកការងារធ្វើនៅខេត្តព្រះសីហនុ ?»។
អ្នកស្រី ជៀប សុធារី នៅតែបន្តជំរុញដល់អាជ្ញាធរឱ្យខិតខំប្រឹងប្រែងរកជនរងគ្រោះកំពុងបាត់ខ្លួន ព្រមទាំងបង្ហាញព័ត៌មាន និងរបាយការណ៍នៃលទ្ធផលស៊ើបអង្កេតចុងក្រោយលើក្រុមជនជាតិចិនដែលធ្វើដំណើរឆ្លងដែនតាមផ្លូវទឹកចូលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។