ក្រុមកម្មករណាហ្គាវើលដ៍ បន្តធ្វើកូដកម្ម ដោយស្រែកទាមទារឲ្យអាជ្ញាធរដោះលែងតំណាងសហជីពរបស់ពួកគេ ៨នាក់ ហើយក្រុមហ៊ុនត្រូវទទួលយកកម្មករជាង ៣រយនាក់ ចូលធ្វើការវិញ ដើម្បីបញ្ចប់វិវាទការងារដែលអូសបន្លាយជាង ១០ខែមកហើយ។ ពួកគេប្រមូលផ្ដុំគ្នាឈរតវ៉ាក្រោមកម្ដៅថ្ងៃក្ដៅអស់រយៈពេល ៤៨ថ្ងៃហើយ។
កម្មករម្នាក់ដែលតែងតែផ្សាយអំពីសកម្មភាពតវ៉ានេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក គឺ កញ្ញា មៀច ស្រីអូន ថ្លែងថា ទីតាំងដែលពួកគេចង់ឈរតវ៉ាដោយសន្តិវិធី គឺខាងមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍ មិនមែនទីតាំងកំណត់ដោយអាជ្ញាធរឲ្យពួកគាត់ឈរនៅក្បែរស្ថានទូតអូស្ត្រាលីបែបនេះ។
កញ្ញាយល់ថា ប្រសិនបើក្រសួងការងារចង់ឲ្យកម្មករទទួលយកដំណោះស្រាយ លុះត្រាតែតុលាការក្រុងភ្នំពេញ ទម្លាក់ការចោទប្រកាន់ ហើយដោះលែងតំណាងសហជីព ៨នាក់ ត្រឡប់មកវិញ ដើម្បីបន្តការចរចាជាមួយក្រុមហ៊ុន និងខាងក្រសួងការងារ។
កញ្ញា មៀច ស្រីអូន ស្នើរដ្ឋាភិបាលជួយអន្តរាគមន៍ពន្លឿនដំណោះស្រាយបញ្ចប់វិវាទការងារនេះឲ្យបានឆាប់ និងបង្គាប់ឲ្យថៅកែក្រុមហ៊ុនដែលជាជនជាតិបរទេស ត្រូវគោរពតាមច្បាប់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិសហជីពនៅកន្លែងការងារ។
គិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ថ្នាក់ដឹកនាំនិងសមាជិកសហជីពនៃកម្មករណាហ្គាវើលដ៍ ៨នាក់ បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេល ៣៤ថ្ងៃមកហើយ ដោយតុលាការមិនទាន់ដោះលែងពួកគេនៅឡើយ។
ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា ការមិនព្រមទទួលយកបុគ្គលិកជាង៣រយនាក់ឲ្យចូលបម្រើការវិញ គឺបង្ហាញឲ្យឃើញពីចេតនារបស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍យ៉ាងច្បាស់ថា ក្រុមហ៊ុនមួយនេះចង់រំលាយសហជីពចេញពីក្រុមហ៊ុន ព្រោះសហជីពតែងតែចេញមុខជួយការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត នៅពេលមានការរំលោភបំពានសិទ្ធិកម្មករពីសំណាក់ថៅកែ និងភ្ញៀវ នៅកន្លែងធ្វើការ។
ការបន្តអូសបន្លាយវិវាទការងារ និងកូដកម្មនេះ ក៏ទទួលបានចំណាប់អារម្មណ៍ពីស្ថានទូតបរទេសជាបន្តបន្ទាប់។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក គ្រីសស្ទៀន ប័រហ្គ័រ បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែកុម្ភៈថា វិវាទការងារនៅក្រុមហ៊ុនកាស៊ីណូ ណា់់ហ្គាវើលដ៍នេះ កំពុងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិកាន់តែខ្លាំង។ លោកថា រឿងនេះបានក្លាយជាប្រធានបទនៃការលើកឡើងរបស់អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងពេលមន្ត្រីរូបនោះបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់រូបនេះ ក៏បានគាំទ្រការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដែលបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទការងារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។