ពលរដ្ឋរងគ្រោះពីការបាញ់រះរបស់សមត្ថកិច្ចនៅខេត្តព្រៃវែង ពាក់ព័ន្ធករណីសង្ស័យចាប់ជំរិតមនុស្សមួយ ព្រួយបារម្ភអំពីជីវភាពលំបាក ខណៈពួកគាត់ពុំទាន់ជាអាចធ្វើការងារបានដូចដើម។ មន្ត្រីសង្គមស៊ីវិលថា ករណីផ្ទះអាវុធនេះ ធ្វើឡើងមិនត្រឹមត្រូវតាមផ្លូវច្បាប់ ដែលអាជ្ញាធរពាក់ព័ន្ធ ត្រូវស៊ើបអង្កេតបន្ត ហើយត្រូវផ្ដល់សំណងជំងឺចិត្តដល់ជនរងគ្រោះឱ្យបានសមរម្យបន្ថែមទៀត ក្រៅពីថ្លៃព្យាបាលរបួស និងថ្លៃ ជួសជុលការខូចខាតមួយចំនួន។
ករណីសមត្ថកិច្ចខេត្តព្រៃវែង ផ្ទុះអាវុធបាញ់រះ ស្រោចលើឡានពលរដ្ឋ បណ្ដាឱ្យពលរដ្ឋពីរនាក់ រងបួសធ្ងន់ និងស្រួល នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងមកទាល់ពេលនេះ ពួកគាត់នោះពុំទាន់ទទួលបានសំណងសមរម្យនៅឡើយទេ ក្រៅពីថ្លៃព្យាបាលរបួសនៅមន្ទីរពេទ្យ។ ករណីនេះ ធ្វើឱ្យជនរងគ្រោះព្រួយបារម្ភអំពីជីវភាពខ្វះខាត ស្របពេលពួកគាត់ត្រូវសម្រាកព្យាបាលយូរខែទៀត ទើបអាចត្រឡប់ទៅធ្វើការវិញបាន។
ពលរដ្ឋរងគ្រោះ ក្នុងហេតុការណ៍ផ្ទះអាវុធ របស់សមត្ថកិច្ចខេត្តព្រៃវែង លោក ខន ឡាញ់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែមករា ថា មកទល់ពេលនេះ សុខភាពរបស់លោកបានល្អប្រសើរជាងមុន ក្រោយពីត្រូវគ្រប់កាំភ្លើងរងរបួសធ្ងន់ត្រង់ឆ្អឹងខ្នងខាងស្ដាំផ្នែកខាងក្រោយ។ ពេលនេះលោកកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្ររយៈពេល ៧ថ្ងៃហើយ លោកនៅពុំទាន់ដឹងថា តើនឹង អាចចេញមកផ្ទះវិញ បាននៅពេលណានោះទេ។
លោកព្រួយបារម្ភពីជីវភាពខ្វះខាត ខណៈដែលសព្វថ្ងៃគ្រួសាររបស់លោក ពុំមានចំណូលនោះឡើយ ក្រោយពីលោកមានរបួសសម្រាកនៅពេទ្យ។ កាលមិនមានរងរបួស លោក ខន ឡាញ់ ប្រកបរបរ ដើរទិញអេតចាយលក់បន្តដើម្បីបានលុយកាក់ដោះស្រាយជីវភាព។ ពេលលោកមានរបួសបែបនេះ គ្មានអ្នករកចំណូលទៀតទេ ខណៈដែល ប្រពន្ធត្រូវនៅមើលថែកូននៅផ្ទះ។ លោករំពឹងថា អាជ្ញាធរនឹងផ្ដល់សំណងជំងឺចិត្តបន្ថែមដូចជា ជាថវិកា ឬស្បៀង ព្រោះថា របួសរបស់លោក មិនដឹងពេលណាជាសះស្បើយល្អនោះទេ ព្រោះត្រូវដាក់ដែក ក្នុងសាច់ផង។
លោក ខន ឡាញ់៖«ពេលខ្ញុំចេញពីពេទ្យទៅ ខ្ញុំអត់អាចធ្វើការអីកើតទេ ហើយពេទ្យគេនឹងណាត់យើងមកមើលរហូតដែរ អ៊ីចឹងវាចំណាយពេលយូរបានអាចធ្វើការកើត។ អ៊ីចឹងសំណងនឹងវាត្រូវតែមានហើយ ព្រោះពេលខ្ញុំចេញទៅអត់អាចធ្វើការបានដូចដើមទេ ហើយគ្រួសារយើងអត់មានចំណូល»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន និង អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីឆ្លើយតបជុំវិញរឿងនេះ បានទេ នៅថ្ងៃទី២ ខែមករា ដោយហៅទូរស័ព្ទចូលតែ គ្មានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី ចំពោះករណីផ្ទះអាវុធបណ្ដាឱ្យប្រជាពលរដ្ឋរងរបួស នៅខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែធ្នូកន្លងមកនេះ នគរបាលខេត្តព្រៃវែង បានចេញបកស្រាយ ទទួលស្គាល់កំហុសថាជាការបាញ់ច្រឡំ និងព្រមផ្ដល់សំណងជំងឺចិត្តមួយចំនួនដល់ជនរងគ្រោះ ក្នុងនោះ ទទួលជួសជុលការខូចខាតរថយន្ត និងថ្លៃព្យាបាលនៅមន្ទីរពេទ្យជាដើម។ ហេតុការណ៍ផ្ទុះអាវុធនេះ កើតឡើង ដោយសារតែសមត្ថកិច្ចកំពុងតែតាមចាប់ជនជាតិវៀតណាមចំនួន ១២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃុំខ្លួនជនជាតិចិនម្នាក់ ឈ្មោះ ឈិន អ៊ីតុង (CHEN YITONG) ដោយខុសច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ការបាញ់រះលើរថយន្តម៉ាកស្តារិច ពណ៌សពេលនោះ ដោយសារតែទទួលបានព័ត៌មានខុស ខណៈដែលរថយន្តជនល្មើស និងឡានពលរដ្ឋ ដែលបើកបរពេលនោះមានភិនភាគដូចគ្នា។ ទន្ទឹមនឹងនោះសមត្ថកិច្ចបានព្យាយាមឃាត់ឡាននោះឱ្យឈប់ ប៉ុន្តែមិនព្រមឈប់ ជាហេតុធ្វើឱ្យសមត្ថកិច្ចបាញ់រះលើឡានពលរដ្ឋ ដើម្បីការពារខ្លួន ក្នុងករណីជនល្មើសផ្ទុះអាវុធមុន។ ហេតុការណ៍នេះ ធ្វើឱ្យពលរដ្ឋម្នាក់នៅក្នុងឡានមានរបួសដៃស្រាល ចំណែកពលរដ្ឋម្នាក់ទៀតដែលនៅក្បែរហេតុការណ៍នោះ រងបួសធ្ងន់។
អ្នកឃ្លាំមើលថា បើទោះបីជាករណីនេះ សមត្ថកិច្ចបានចេញមកទទួលកំហុស និង ព្រមចេញសំណងព្យាបាល និង ជួសជុលរថយន្ត ដែលខូចខាតមួយចំនួនក្ដី ប៉ុន្តែ ករណីនេះ ពុំអាចចប់ដោយងាយៗ នោះទេ។ ពួកគាត់ថា កម្លាំងនគរបាលទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាច់ និងតួនាទីរបស់ខ្លួនបន្ថែមទៀត ព្រោះថា ប្រសិនបើពុំមានវិធានការតឹងរ៉ឹងទេ ករណីសមត្ថកិច្ច អនុវត្តមិនត្រឹមត្រូវបែបនេះ នឹងបន្តកើតមានជាថ្មីម្ដងទៀត។
ទាក់ទិនរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមអាដហុក (ADHOC) លោក យិន ម៉េងលី សង្កេតឃើញករណីផ្ទុះអាវុធនេះ បើពិនិត្យមើលតាមផ្លូវច្បាប់ គឺជាទង្វើខុសច្បាប់ទាំងស្រុង។ ជាពិសេស ការបាញ់រះមកលើឡានជនសង្ស័យ ទាំងដែលជនសង្ស័យពុំបានបាញ់តមកវិញសោះ។ លោកថា ជាធម្មតា មន្ត្រីនគរបាលត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីបាញ់ម្ដងៗ ព្រោះគេបារម្ភខ្លាចប៉ះពាល់ពលរដ្ឋ និងការបាញ់ទៅមានការភ័ន្តច្រឡំ។ លោកថា ករណីនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថា ប្រតិបត្តិការ របស់មន្ត្រីនគរបាលទាំងនោះ អសមត្ថភាព។
លោក យិន ម៉េងលី៖«ចុះបើបាញ់ទៅស្លាប់អាយុជីវិតរបស់ប្រជាពលរដ្ឋ តើសមត្ថកិច្ចយកអីសំណងមកអះអាង ឬយ៉ាងម៉េច។ ការប្រតិបត្តិការនេះ គឺខុសហើយ ជាការបង្ហាញអំពីអសមត្ថភាពរបស់សមត្ថកិច្ចដែរ។ អ៊ីចឹង ការបង្ក្រាបនេះបើយើងសរុបវិញតាមផ្លូវច្បាប់ គឺទាំងស្រុង»។
មន្ត្រីសង្គមស៊ីវិលស្នើដល់អាជ្ញាធរពាក់ព័ន្ធថា ត្រូវតែទទួលខុសត្រូវបន្ថែមទៅលើជីវភាពគ្រួសារ របស់ជនរងគ្រោះ ជាពិសេស ត្រូវផ្ដល់សំណងជំងឺចិត្តជូនពួកគាត់ឱ្យបានសមរម្យ ស្របពេលជនរងគ្រោះពុំអាចធ្វើការបាន ដោយសារតែមុខរបួសមិនទាន់សះស្បើយ។ លោកថា ការធ្វើបែបនេះ ដើម្បីកុំឱ្យពួកគាត់មានជីវភាពខ្វះខាត។ លោកបន្តថា ករណីនេះ អាជ្ញាធរពុំមិនត្រូវដោះស្រាយតែលើថ្លៃព្យាបាលជំងឺ និងការខូចខាតមួយចំនួន ហើយក៏ចប់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
