ពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​អះអាង​ថា​ថៃ​គ្រប់គ្រង​ជួរ​ភ្នំ​ដងរែក

ពលរដ្ឋ​កម្ពុជា និង​អតីត​យោធា​ខ្មែរ​ក្រហម​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឲ្យ​ដឹង​ថា ភាគី​ថៃ បាន​ចូល​ឈរ​ជើង​ចំណុច​ទីតាំង​សំខាន់ៗ​រួម​មាន ជួរ​ភ្នំ​ដងរែក និង​បន្ត​រំកិល​ព្រំដែន​ចូល​ដី​ស្រែ​ចម្ការ​របស់​កម្ពុជា មួយ​ផ្នែក​ធំ​បន្ថែម​ទៀត​ក្នុង​ពេល​បច្ចុប្បន្ន។
ដោយ ម៉ម មុនីរតន៍
2013.03.01
Share on WhatsApp
Share on WhatsApp
ទាហាន​ថៃ ៣០៥ ២៥-កុម្ភៈ-២០១៣៖ ទាហាន​ថៃ ឈរ​ជើង​នៅ​លើ​ប្រាសាទ​តាមាន់ ខេត្ត​ឧត្តរមានជ័យ។
RFA/Den Ayuthea

ការ​បាត់​បង់​ទឹកដី​ជា​បន្តបន្ទាប់​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ត្រូវ​បាន​ពលរដ្ឋ​ចាត់​ទុក​ថា ព្រោះ​តែ​រដ្ឋាភិបាល​ពុំ​បាន​គិតគូរ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ឲ្យ​បាន​ម៉ត់ចត់ ក្រោយ​ពី​រដ្ឋាភិបាល​ធ្វើ​សមាហរណកម្ម​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​ឆ្នាំ​១៩៩៨ និង​ប្រមូល​កងទ័ព​តស៊ូ​នៅ​តាម​ជាយ​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​វិញ។

ពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​តាម​ជាយ​ដែន​កម្ពុជា-ថៃ មាន​ជំនឿ​ថា ភាគី​ថៃ នឹង​នៅ​តែ​បន្ត​រំកិល​ព្រំដែន​ចូល​មក​ទឹកដី​កម្ពុជា បន្ត​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​គ្មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ទប់ស្កាត់​ចំពោះ​ការ​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​ដូច​បច្ចុប្បន្ន ពី​ប្រទេស​ជិត​ខាង​កម្ពុជា នោះ។

លោក ខាត សុឃី ពលរដ្ឋ​នៅ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ក្បែរ​ព្រំដែន​កម្ពុជា-ថៃ ឈម​នឹង​ខេត្ត​បូរីរាំ ប្រទេស​ថៃ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី២៣ កុម្ភៈ ថា រដ្ឋាភិបាល​ទីក្រុង​បាងកក បាន​ចាត់​ទុក​ថា​ដី​ខ្មែរ​នៅ​ជាប់​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា ថា​ជា​របស់​ខ្លួន និង​បាន​ហាមប្រាម​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​សាងសង់​ផ្ទះ​ធំ ឬ​សំណង់​រឹងមាំ ក្រៅ​ពី​ជម្រក​ធ្វើ​ពី​ស្បូវ ឬ​ស្លឹក​នោះ​ទេ។ លោក​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ កម្ពុជា ពុំ​ដែល​ប្រតិកម្ម​ប្រឆាំង​ណា​មួយ​ចំពោះ​ភាគី​ថៃ ធ្វើ​ផ្ទះ ឬ​អគារ​រឹងមាំ​នៅ​លើ​តំបន់​ដែល​គណៈកម្មការ​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ កំពុង​សិក្សា​ស្រាវជ្រាវ​ម្ដង​ណា​នោះ​ឡើយ។

លោក ខាត សុឃី៖ «ខ្ញុំ​ភ្ជួរ វា​អត់​ឲ្យ​ភ្ជួរ ថៃ​វា​សួរ​ថា វា​អត់​ឲ្យ​ភ្ជួរ​ទេ។ ខ្ញុំ​ក៏​ប្រាប់​វា​ថា ឥឡូវ​ខ្ញុំ​ភ្ជួរ​មិន​មែន​ថា​ខ្ញុំ​យក​ផល​ប្រយោជន៍​ទេ។ ខ្ញុំ​ភ្ជួរ​ហ្នឹង​ព្រោះ​ខ្ញុំ​ខ្លាច​ដូច​ថា​ភ្លើង​ឆេះ​ផ្ទះ ទី​ពីរ​សត្វ​វា​ស៊ី មាន់​ស៊ី​អី ខ្ញុំ​អ៊ីចឹង។ វា​អត់ វា​អត់​មាត់​អត់​និយាយ​អី​ទេ គ្រាន់​ថា​មិន​មែន​ខ្ញុំ​ភ្ជួរ​រក​រឿង​អី​ទេ ខ្ញុំ​ថា​អ៊ីចឹង។ ប៉ុន្តែ យើង​ដាំ​ទៅ​ទៀត​អី​អត់​បាន​ទេ វា​ទៅ​រក​រឿង​យើង»

មជ្ឈដ្ឋាន​នានា​ដែល​កំពុង​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ គិត​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ចាត់​វិធាន​ការ​បន្ទាន់​ណា​មួយ ប្រឆាំង​ចំពោះ​ទង្វើ​របស់​ភាគី​ថៃ ដែល​ព្យាយាម​រំកិល​ព្រំដែន​ចូល​មក​ទឹកដី​កម្ពុជា ជា​បន្តបន្ទាប់​នេះ៖ «យើង​ដូច​ខ្ញុំ​ប្រជាពលរដ្ឋ​អី ខ្ញុំ​មិន​ដឹង​តែ​គិត​យ៉ាង​ណា​ទេ យើង​ខ្ញុំ​សុំ​តែ​ម៉ា​សុខសាន្ត ឲ្យ​តែ​បាន​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធ កូន អា​ហ្នឹង​ទុក​ឲ្យ​គេ​អ្នក​ដោះស្រាយ រដ្ឋាភិបាល​គេ​ដោះស្រាយ»

ក៏ប៉ុន្តែ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​អះអាង​កាល​ពី​ថ្ងៃ​ទី២១ កុម្ភៈ ថា កម្ពុជា នឹង​មិន​បាត់​បង់​ចំណែក​ណា​មួយ​នៃ​បូរណភាព​ទឹកដី​របស់​ខ្លួន ទៅ​ប្រទេស​ថៃ ទេ។

លោក វ៉ា គឹមហុង បញ្ជាក់​ថា ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​ថៃ មាន​ព្រំដែន​ដែល​មាន​តម្លៃ​ជា​អន្តរជាតិ​រួច​ទៅ​ហើយ ដែល​កំណត់​ដោយ​អាណានិគមនិយម​បារាំង ក្នុង​ឆ្នាំ​១៩០៤ ចំនួន ៧៣​បង្គោល នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នោះ។

បើ​ទោះ​ជា​បែប​នេះ​ក្ដី អតីត​យោធា​ខ្មែរ​ក្រហម​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ខេត្ត​ឧត្តរមានជ័យ និយាយ​ថា បើ​ទោះ​ជា​ការ​កំណត់​ព្រំដែន​ដែល​កំណត់​ដោយ​អាណានិគមនិយម​បារាំង រួច​ក៏​ពិត​មែន ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ភាគី​ថៃ បាន​គ្រប់គ្រង​ទាំង​ស្រុង​តាម​ខ្សែ​បន្ទាត់​ជួរ​ភ្នំ​ដងរែក និង​ផ្នែក​ខ្លះ​ទៀត​នៃ​ទឹកដី​កម្ពុជា៖ «នៅ​ទីនេះ​ដូច​គ្នា នៅ​ឆ្វេង​ដៃ​ខ្ញុំ​នេះ​ដូច​គ្នា ដូច​ផ្ទះ​បង​គាត់​នៅ​ដាំ​ដើម​ចេក​ដើម​អី​ហ្នឹង ក៏​ដូច​គ្នា​ដែរ។ អ៊ីចឹង​ទេ វា​ថា​វា​អត់​ឲ្យ​ដាំ វា​ថា​ដី​វា​ទាំង​អស់។ អ៊ីចឹង​ទេ យើង​បើ​គិត​ទៅ យើង​នៅ​តាម​បន្ទាត់​ខាង​ក្រោម​ហ្នឹង​ទេ ខាង​លើ​គេ​ទាំង​អស់។ មួយ​បន្ទាត់​នេះ ចាល់ និយាយ​រួម​ពី​ឧត្តរមានជ័យ នេះ​រហូត​បន្ទាយមានជ័យ រហូត​ដល់​កោះកុង សៀម នៅ​ទាំង​អស់ គេ​ថា​ចំណុច​ស​របស់​គេ។ បើ​គិត​ទៅ ទឹកដី​កម្ពុជា យើង មក​នៅ​ទីនេះ​ដែល​យើង​អង្គុយ​នេះ គេ​ថា​របស់​គេ​ដែរ​ហ្នឹង»

ពិធី​រំលឹក​ខួប​លើក​ទី២១ នៃ​ការ​ប្ដូរ​ឈ្មោះ​ពី​រណសិរ្ស​ហ៊្វុនស៊ិនប៉ិច មក​ពី​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី២៨ កុម្ភៈ ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ លោក លឺ ឡាយស្រេង ប្រធាន​កិត្តិយស​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ទទួល​ស្គាល់​ថា ក្នុង​សម័យ​តស៊ូ នៅ​តាម​ជាយដែន​ទឹកដី​របស់​កម្ពុជា មាន​វិសាលភាព​ជាង​សព្វថ្ងៃ។

លោក​បន្ត​ថា តំបន់​កាន់​កាប់​មួយ​ចំនួន​នៃ​អតីត​អ្នក​តស៊ូ​យោធា​បារ៉ា​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ សម័យ​សង្គ្រាម បាន​ក្លាយ​ជា​មូលដ្ឋាន​ឈរ​ជើង​ដ៏​រឹងមាំ និង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ភាគី​ថៃ ក្នុង​ពេល​បច្ចុប្បន្ន៖ «ដូច​ថ្ម​ដូន​ថ្មី អី​ហ្នឹង គឺ​ថា​ដូច​ជា​បាត់ឡែវ​ហើយ ទៅ​ហើយ។ ប៉ុន្តែ ខ្ញុំ​មិន​បាន​អា​នេះ​ឮ​គេ​និយាយ ខ្ញុំ​មិន​បាន​ទៅ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ប៉ុន្តែ​ខ្ញុំ​អាច​ជឿ»

អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ ឲ្យ​ដឹង​ថា ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​អាណាចក្រ​ដែល​មាន​ព្រំដែន​ជាប់​គ្នា​រវាង​កម្ពុជា និង​ថៃ នេះ បាន​កើត​ឡើង​តាំង​ពី​សតវត្ស​ទី១៣ ពោល​គឺ​នៅ​អំឡុង​ឆ្នាំ​១២៨០ ហើយ​ជម្លោះ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ ឲ្យ​ដឹង​ថា គិត​មក​ដល់​សតវត្ស​ទី២១ នេះ ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​កម្ពុជា និង​ថៃ មាន​រយៈពេល​ជាង ១ពាន់​ឆ្នាំ​មក​ហើយ។

លោក ខាត សុឃី គិត​ថា អ្វី​ដែល​ភាគី​ថៃ នៅ​តែ​បន្ត​រំកិល​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា នេះ បាន​តាម​បំណង​ប្រាថ្នា​របស់​គេ​នោះ ក៏​ព្រោះ​តែ​នយោបាយ​ការ​បរទេស និង​យន្តការ​នៃ​ការ​គ្រប់គ្រង​ទឹកដី​របស់​រដ្ឋាភិបាល​កម្ពុជា មាន​ភាព​ទន់​ជ្រាយ​ជាង​ប្រទេស​ជិត​ខាង រួម​មាន​ប្រទេស​ថៃ និង​វៀតណាម ជាដើម។ បើ​តាម​លោក ខាត សុខឃី ក្នុង​ពេល​បច្ចុប្បន្ន ក្រៅ​ពី​ការ​ជ្រៀតជ្រែក​ព្រំដែន ភាគី​ថៃ បាន​គំរាម​ពលរដ្ឋ​កម្ពុជា នៅ​តាម​ជាយ​ដែន​ជាប់​ប្រទេស​ថៃ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាំដុះ និង​បង្កបង្កើន​ផល​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​ទេ។

លោក ខាត សុឃី៖ «ទាហាន​ថៃ ឡើង​ខ្មៅ​ក្រឹប។ យើង​លើក​មក​ប្រុង​ឡើង​មក​ទៅ​ដល់​កែង​តឹង​ណោះ ២០០​ម៉ែត្រ វា​អត់​ឲ្យ​លើក​ទេ​ណា ឲ្យ​លើក​ប្រឆាំង​គ្នា​ហ្មង អា​ស៊ីនី​កំពុង​លើក អា​ឡូ​កំពុង​កិន ប្រុង​បាញ់ៗ​គ្នា​ហ្នឹង។ អ៊ីចឹង ថ្ងៃ​ហ្នឹង​ក៏​ខេត្ត​គេ​មក និយាយ​គ្នា​ក៏​ឈប់​ទាល់​ឥឡូវ​នេះ ឥឡូវ​ទើប​លើក​បាន​ប៉ុណ្ណឹង ទើប​ហើយ មក​ដល់​ត្រឹម​ណេះ។ ឥឡូវ ពិចារណា​មើល អា​យើង​នៅ​ហ្នឹង ផ្ទះ​យើង​រាល់​ថ្ងៃ វា​មិន​ឲ្យ​ធ្វើ​ទៀត។ ចង់​ថា​ផ្សារ​ហ្នឹង​ស័ង្កសី វា​មិន​ឲ្យ​ប្រក់​ទៀត​ណា ពិចារណា​មើល​ទៅ បើ​សិន​យើង​ហាន​ធ្វើ​តូប​មួយ​ថែម​ទៀត វា​ថត​ភ្លាម នេះ​ធ្វើ​ត ដូច​ថា​ធ្វើ​ត​អ៊ីចឹង​វា​ទូលាយ វា​មក​ថត​ភ្លាម។ ខ្ញុំ​ឆ្ងល់ ខ្ញុំ​កំពុង​ដេក​ឆ្ងល់​កន្លែង​ហ្នឹង​នេះ»

អតីត​យោធា​ខ្មែរ​ក្រហម​ដែល​បន្ត​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឲ្យ​ដឹង​ថា ភាគី​ថៃ មិន​ត្រឹម​ពុំ​ទទួល​ស្គាល់​ការ​កំណត់​ព្រំដែន​របស់​អាណានិគមនិយម​បារាំង ឆ្នាំ​១៩០៤ ទេ លើស​ពី​នេះ រដ្ឋាភិបាល​ទីក្រុង​បាងកក បាន​លួច​រំកិល​ព្រំដែន​ដោយ​បង្កើត​បង្គោល​ឡាក់​ថ្មី​ជា​ឯកតោ​ភាគី និង​បន្ត​វាត​ខ្សែ​បន្ទាត់​ខណ្ឌ​សីមា​ព្រំដែន​ហួស​ពី​អ្វី​ដែល​គណៈកម្មការ​ជំនាញ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង និង​កំណត់​ក្នុង​ពេល​កន្លង​ទៅ​ថែម​ទៀត៖ «បើ​សិន​ជា​យើង​ប្រៀបធៀប​ថា​ដី​កម្ពុជា នៅ​ទីនេះ កន្លង​ហើយ​នេះ​នៅ​ធ្វើ​ជាក់​ស្ដែង​នេះ នេះៗ​យើង​ធ្វើ​អា​នេះ ស្លាក​សញ្ញា​នេះ យើង​ឃើញ​ទាំង​អស់​គ្នា​ហើយ​ណា កុំ​យើង​ធ្វើ​អា​ហ្នឹង​ទាន់ វា​ឲ្យ​យើង​នេះ​បត់​កែង​ណេះ ណេះ​អា​បត់​កែង អា​ជ្រោះ ជ្រោះ​ដែល​ទឹក​ធ្លាក់​ហ្នឹង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ដើម្បី​អត្ថាធិប្បាយ​បាន​ទេ​ពី​បញ្ហា​នេះ នៅ​ថ្ងៃ​ទី២៨ កុម្ភៈ។

ទោះ​ជា​បែប​ណា កាល​ពី​ថ្ងៃ​ទី២១ កុម្ភៈ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​សំណួរ​ដែល​លើក​ឡើង​ថា ប្រសិន​បើ​រក​ឃើញ​មាន​ពលរដ្ឋ ឬ​យោធា​ថៃ តាំង​ទីលំនៅ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ហួស​បង្គោល​ឡាក់​ដែល​បោះ​កំណត់​ចែក​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរ និង​មាន​តម្លៃ​ជា​សាកល​ទទួល​ស្គាល់​ដោយ​អាណានិគមនិយម​បារាំង តើ​រដ្ឋាភិបាល​កម្ពុជា នឹង​ដោះស្រាយ​បែប​ណា​លើ​ផ្នែក​នេះ?

លោក វ៉ា គឹមហុង គិត​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​មាន​ចំណាត់​ការ​ណា​មួយ​ក្នុង​ការ​ចាប់​បង្ខំ​ឲ្យ​ភាគី​ថៃ ចាក​ចេញ​លើ​ទីតាំង​ដែល​ធ្លាប់​រស់នៅ​នោះ​ទេ៖ «បើ​យើង​យក​ទៅ បើ​យើង​រក​ឃើញ​ទីតាំង​បង្គោល​ហ្នឹង ត្រូវ​អើ​ក៏​មិន​ត្រូវ យើង​ធ្វើ​កំណត់​ហេតុ ពីព្រោះ​យើង​មិន​ទាន់​ធ្វើ​ជា​ផ្លូវ​ការ​អី​ក៏ដោយ ប៉ុន្តែ​យើង​ធ្វើ​កំណត់​ហេតុ យើង​ធ្វើ​ទីតាំង​ផែនទី​ថា​នៅ យើង​យល់​ថា​នៅ​ទី​នេះ គេ​នៅ​ទី​នោះ​ប៉ុណ្ណឹង។ យើង​អត់​មាន​ទៅ​ថា​គេ​ចូល​មក​រាប់​សិប អើ​ឬ​មួយ​គីឡូ ឬ​ក៏​ច្រើន​រយ​ម៉ែត្រ។ វា​ធម្មតា វា​មិន​សូវ​នេះ​ខុស​គ្នា​ប៉ុន្មាន​ទេ គ្រាន់​តែ​មាន​ការ​ខុស​គ្នា​មែន»

អ្នក​ឃ្លាំ​មើល​ការ​វិវត្តន៍​ស្ថានការណ៍​សង្គម ចាត់​ទុក​យន្តការ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​គ្មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ទប់ស្កាត់​ប្រឆាំង​ការ​រំកិល​ព្រំដែន​ដោយ​រដ្ឋាភិបាល​ទីក្រុង​បាងកក នោះ​ទេ។ ក្នុង​ន័យ​នេះ អ្នក​វិភាគ​គិត​ថា អនាគត​ប្រទេស​កម្ពុជា អាច​ប្រឈម​នឹង​ការ​បាត់​ឈ្មោះ​ពី​ផែនទី​របស់​ពិភពលោក ប្រសិន​បើ​រដ្ឋាភិបាល​ប្រកាន់​គោល​នយោបាយ​ការ​អត់ធ្មត់ មិន​តបត​ចំពោះ​ការ​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​ពី​ប្រទេស​ជិត​ខាង​នោះ។

លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថ្លែង​ថា វា​ជា​ប្រការ​ដែល​គួរ​ឲ្យ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ខ្វល់ខ្វាយ​ចំពោះ​ការ​បន្ត​បាត់​បង់​ទឹកដី​មួយ​ផ្នែក​ទៀត​ទៅ​ប្រទេស​ថៃ ក្នុង​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា ផ្ទុយ​ទៅ​វិញ ឆន្ទៈ​នយោបាយ​ដ៏​ពិត​ប្រាកដ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​បាន​ប្រឆាំង​តែ​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន និង​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​ប៉ុណ្ណោះ។

លោក រ៉ុង ឈុន៖ «រឿង​ការពារ​ទឹកដី ដូច​ខ្ញុំ​បាន​ជម្រាប​ហើយ មិន​ដែល​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពង់ខ្ពស់​ទេ គ្រាន់​តែ​ជា​ការ​ធ្វើ​សើៗ​លំៗ គ្មាន​សេចក្ដី​សម្រេច​ចិត្ត​ខ្ពស់​ទេ ហើយ​ការពារ​ប្រជាពលរដ្ឋ​មិន​មាន​ការពារ​ប្រជាពលរដ្ឋ​ណា​មួយ​ផ្ដល់​សេចក្ដី​សុខ​ជូន​អើ​ប្រជាពលរដ្ឋ​ទេ មាន​តែ​ធ្វើ​ឲ្យ​បង្ហូរ​ទឹក​ភ្នែក​ជា​រៀង​រាល់​ថ្ងៃ»

ចំណែក​អតីត​យោធា​ខ្មែរ​ក្រហម និង​ពលរដ្ឋ​ដែល​រស់នៅ​តាម​ជាយ​ដែន​កម្ពុជា-ថៃ គិត​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​ប្រកាន់​ជំហរ​នៃ​គោល​នយោបាយ​ការ​អត់ធ្មត់ គេ​រំពឹង​ថា នោះ​កម្ពុជា ទំនង​នឹង​បាត់​បង់​សិទ្ធិ​ជា​ម្ចាស់​ប្រទេស​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។