ពលរដ្ឋនៅស្រុកជីក្រែងខេត្តសៀមរាបព្រមានបិទផ្លូវលំមិនឲ្យឡានដឹកថ្មក្រុមហ៊ុនចិនឆ្លងកាត់
2014.12.25

ជិតមួយឆ្នាំមកហើយ ប្រជាពលរដ្ឋរាប់សិបគ្រួសាររស់នៅតាមដងផ្លូវលំពីឃុំខ្វាវ ឆ្ពោះមកស្រុកជីក្រែង នៅតែទទួលរងប៉ះពាល់ពីធូលីដីហុយខ្លាំង ដោយសាររថយន្តធំៗរបស់ក្រុមហ៊ុនចិន ដឹកជញ្ជូនថ្មបើកឆ្លងកាត់ជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។
ក្រុមអ្នកភូមិខ្លះ បានប្រឹងប្រែងទាមទារ និងតវ៉ាឲ្យអាជ្ញាធរឃុំ ស្រុក ជួយហៅក្រុមហ៊ុនចិន មកដោះស្រាយ ដោយជួយបាញ់ទឹកតាមផ្លូវកុំឲ្យហុយខ្លាំង ក៏ប៉ុន្តែលទ្ធផលដែលបានមកវិញ គឺតិចតួចស្ទើរតែគ្មានសោះ។
ក្រុមអ្នកភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ព្រមានថា ពួកគេនឹងលើកគ្នាយកកំណាត់ឈើមកដាក់បិទផ្លូវលំ មិនឲ្យរថយន្តធំៗរបស់ក្រុមហ៊ុនចិន ឆ្លងកាត់នៅថ្ងៃណាមួយ ប្រសិនបើរថយន្តទាំងនោះនៅតែដឹកជញ្ជូនថ្មបើកឆ្លងកាត់ភូមិ បណ្ដាលឲ្យដីហុយខ្លាំងជាប្រចាំថ្ងៃបែបនេះ។
ការព្រមានធ្វើឡើងបន្ទាប់ពីអ្នកភូមិអះអាងថា គេបានប្រាប់ទៅអាជ្ញាធរឃុំខ្វាវ ជាច្រើនលើកមកហើយ ឲ្យជួយដោះស្រាយពីបញ្ហាឡានដឹកថ្មរបស់ក្រុមហ៊ុនចិន បើកហុយដីខ្លាំងជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែអាជ្ញាធរហាក់មិនហ៊ានដោះស្រាយរឿងនេះសោះ។
បុរសម្នាក់នៅភូមិខ្វាវ ឃុំខ្វាវ ក្នុងចំណោមជាច្រើនទៀត គឺលោក ឡុង យាន។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី២៤ ខែធ្នូ ថា ជិតមួយឆ្នាំមកហើយរហូតមកដល់ពេលនេះ ឡានធំៗរបស់ក្រុមហ៊ុនចិន តែងមកដឹកថ្មឆ្លងកាត់ភូមិ ហើយបើកលឿនបណ្ដាលឲ្យផ្លូវលំមានធូលីហុយខ្លាំង។ បុរសដដែលបញ្ជាក់ថា រូបគាត់ក៏ដូចជាអ្នកភូមិជាច្រើនទៀត កំពុងទទួលរងការប៉ះពាល់សុខភាពពីធូលីដីហុយខ្លាំងនេះ៖ «១ថ្ងៃៗហុយគ្មានដេកបាន អង្គុយបានទេ! វាល់ៗល្ងាចចាប់ពីម៉ោង ៦ព្រឹកទល់ម៉ោង ៦ល្ងាច ដកដង្ហើមមិនរួចទេ នៅតាមផ្ទះសុទ្ធតែដីហើយ»។
បុរសដដែលបញ្ជាក់ថា ដោយសារដីហុយខ្លាំងធ្វើឲ្យអ្នកភូមិជាច្រើនកើតជំងឺ ដូចជាផ្ដាសាយ ក្អក និងក្មេងៗកើតជំងឺពិបាកដកដង្ហើម ជាដើម។
កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅ អ្នកភូមិខ្វាវ ខ្លះ បាននាំគ្នាយកកំណាត់ឈើកាក់តាមដងផ្លូវ ក្នុងបំណងកុំឲ្យរថយន្តដឹកថ្មរបស់ក្រុមហ៊ុនចិន បើកលឿន និងហុយដីខ្លាំង។
ជំទប់ទី១ឃុំខ្វាវ លោក សឿ ភាជ ទទួលស្គាល់ថា ប្រជាពលរដ្ឋជាច្រើនភូមិនៅក្នុងឃុំខ្វាវ គឺពិតជាកំពុងទទួលរងការប៉ះពាល់ដោយសារឡានដឹកថ្មរបស់ក្រុមហ៊ុនចិន មែន។ លោកជំទប់ទី១បញ្ជាក់ថា លោកតែងឈឺឆ្អាលជាមួយនឹងប្រជាពលរដ្ឋដែលពិបាករស់នៅនោះ ហើយតែងលើកបញ្ហារាល់ពេលប្រជុំក្រុមប្រឹក្សា ក៏ប៉ុន្តែលោកគ្មានលទ្ធភាពជួយអ្នកភូមិទេ៖ «ខ្ញុំនៅក្រោមគេ ប៉ុន្តែខ្ញុំបានជម្រាបប្រាប់មេឃុំហើយ។ ឥឡូវដោះស្រាយ ឬក៏មិនដោះស្រាយ ជាតួនាទីរបស់គាត់។ បើឃុំមិនដោះស្រាយ ទុកឲ្យស្រុកជីក្រែង អ្នកដោះស្រាយ មិនដឹងថាម៉េច?»។
សមាជិកក្រុមប្រឹក្សាស្រុកជីក្រែង លោក សោម សូរិយា ឲ្យដឹងថា បញ្ហាដីហុយនេះមិនមែនប៉ះពាល់តែប្រជាពលរដ្ឋនៅឃុំខ្វាវ ទេ គឺនៅឃុំជាច្រើនទៀតអមតាមដងផ្លូវ ដូចជាឃុំពង្រលើ និងឃុំពង្រក្រោម ក៏ប៉ះពាល់ដូចគ្នា។ លោក សោម សូរិយា បញ្ជាក់ទៀតថា ប្រជាពលរដ្ឋនៅឃុំខ្វាវ មិនត្រឹមតែប៉ះពាល់ដោយសារដីហុយប៉ុណ្ណោះទេ គឺថែមទាំងខូចខាតដីស្រែប្រមាណជាង ១០ហិកតារ ដោយសារក្រុមហ៊ុនចិន ជីកយកថ្មដោយគ្មានចេញសំណងអ្វីទាល់តែសោះ។
សមាជិកក្រុមប្រឹក្សាស្រុកជីក្រែង ឲ្យដឹងថា បញ្ហានេះ អាជ្ញាធរស្រុកជីក្រែង ហាក់ដូចជាមិនហ៊ានដោះស្រាយទេ ពីព្រោះខ្លាចអំណាចមន្ត្រីដែលជាអ្នកចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនទាំងនោះ៕