ពលរដ្ឋ​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​លុប​ចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ប្រទេស​ចិន

ហេង រស្មី
2020-11-03
Share
FTA រូប​ត្លុក​របស់អាស៊ីសេរី (រូបឆ្វេង) និង​រូប​លោក ហ៊ុន សែន ប្រធានាធិបតីចិន ស៊ី​ ជីន​ពីង​ និង​លោក ហ៊ុន ម៉ាណែត (រូបស្ដាំ)
RFA និង​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

ប្រជាពលរដ្ឋ​មួយចំនួនស្នើឲ្យរបបក្រុងភ្នំពេញលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ដែល​កម្ពុជា​បានចុះហត្ថលេខាជាមួយប្រទេសចិន កាលពីថ្ងៃទី១២​តុលា​ដោយសារតែ​ពួកគេ​យល់ថា​កិច្ច​ព្រមព្រៀង​នេះ​មិន​បាន​ផល​ចំណេញ​ និង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​។​

​អតីត​កម្មករ​រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់​មួយ​រូប ​រស់​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ក្រុង​ភ្នំពេញ​ ​បាន​បាត់​បង់​ការ​ងារ​ធ្វើ​​ដោយសារ​តែ​សហភាព​អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​២០​%​ពី​កម្ពុជា បាន​លើកឡើង​​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​គ្មាន​បាន​ផល​ចំណេញ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទេ។​

លោក​ថា​ បើ​កិច្ច​ព្រមព្រៀង​នេះ​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​មែន​ ចុះ​ហេតុ​អ្វី​បាន​ជា​រោង​ចក្រ​នៅ​បន្ត​បិទ​ទ្វារ​ ហើយ​កម្មករ​រាប់​ម៉ឺន​នាក់​ រួម​ទាំង​លោក​ផង ​មិន​ទាន់​មាន​ការ​ងារ​ធ្វើ​នៅ​ឡើយ។​

អតីត​កម្មករ​រោង​ចក្រ​រូប​នោះ​បាន​ផ្តូរ​មុខ​របរ​មក​រត់​ផាស អាប់​(Pass-app) ម្ដង​វិញ​។​លោក​បន្ថែម​ថា​ មុខ​របរ​សព្វថ្ងៃ​នេះ​រក​មិន​សូវ​បាន​ដូច​មុន​ទេ​ ដោយ​សារ​ស្ថានភាព​សេដ្ឋ​កិច្ច​មិន​ហ្នឹង​ហ្ន​ហើយ​លោក​គ្មាន​ជំនឿ​ថា​ រដ្ឋាភិបាល​នឹង​ជួយ​ស្រោច​ស្រង់​សេដ្ឋកិច្ច​កម្ពុជា​បាន​ឡើង​វិញ​ទេ​ ក្រោយ​ពី​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ចិន៖«​សម្រាប់​ជីវិត​ខ្ញុំ​រាល់​ថ្ងៃ​ ដែល​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ជាមួយ​គ្រួសារ​មាន​ការ​ខ្វះខាត​រាល់​ថ្ងៃ​ខ្ញុំ​មិន​ដឹង​ថា​ ទៅ​ថ្ងៃ​មុខ​ទៅ​មិន​ដឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ទេ។​ខ្ញុំ​មើល​ទៅ​ឃើញ​ថា​ រដ្ឋាភិបាល​ធ្វើ​ហ្នឹង​ជួយ​សេដ្ឋកិច្ច​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ ខ្មែរ​ ខ្ញុំ​ដូច​ជា​មិន​សូវ​សង្ឃឹម»។

​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​១២​ ខែតុលា​ កន្លង​ទៅ​នេះ​ បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ចិន​ គឺ​ចំ​ពេល​ដែល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅ​ប្រទេស​កម្ពុជា។​

របាយការណ៍​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ទំនិញ​កម្ពុជា​ជាង ៣០០​មុខ​អាច​នាំ​ទៅ​ចិន​ដោយ​មិន​គិត​ពន្ធ​ នៅ​ពេល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​កម្ពុជា​ចិន (FTA) ចូល​ជា​ធរមាន។

នៅ​ក្នុង​ចំ​ណោម​មុខ​ទំនិញ​ជាង​៣០០​មុខ​នេះ គឺ​ផលិតផល​កសិកម្ម​៩៥​ភាគ​រយ​ត្រូវ​រួច​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទៅ​ចិន​ ចំណែក​ផលិតផលគ្រឿងចក្រ និង​យានយន្ត​ផ្សេងៗវិញ ចិន​នៅតែ​បន្ត​យកពន្ធ​នាំចូល​ដដែល។

រដ្ឋាភិបាល​លោក ហ៊ុន សែន រំពឹង​កិច្ចព្រមព្រៀង​នឹង​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ចិន​កើន​ឡើង​ប្រមាណ ២៥% ហើយ​ភាគី​ទាំង​ពីរ​សន្យា​ថា​ នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​ដល់​១០​ពាន់​លាន​ដុល្លា​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ។​

ពាក់ព័ន្ធ​នឹង​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្មែរ​និង​ចិន​នេះ​ដែរ​ ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ គួរ​ត្រូវ​លុប​ចេញ​វិញ​។ ​លោក​ថា​ សព្វ​ថ្ងៃ​នេះ​ជនជាតិ​ចិន​ បាន​មក​ដណ្ដើម​ មុខ​របរ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​​ ​បើ​ទោះបី​ជា​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ក៏​ដោយ​ ក៏​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ក៏​ប្រទេស​ចិន​មាន​ផល​ប្រយោជន៍​ជាង​កម្ពុជា​ ផង​ដែរ៖«​បើ​តាម​មតិ​របស់​ខ្ញុំ​ ទី​ផ្សារ​សេរី​របស់​ចិន​ហ្នឹង​គួរ​លប់​ចោល​ទៅ​ វា​អត់​មក​ដណ្ដើម​មុខរបរ​របស់​យើង​ ដល់​ចឹង​ទៅ​យើង រិត​តែ​ដាច់​មុខ​របប​ទៅ​ទៀត​ គាត់​ដណ្ដើម​មុខ​របរ​យើង​។​នេះ​មតិ​របស់​ខ្ញុំ​ បង​ប្អូន​ប្រជា​ពលរដ្ឋ​មិន​ដឹង​គិត​យ៉ាង​ណា​ទេ ​តែ​តាម​ខ្ញុំ​គិត​គឺ​អត់​ល្អ»។

ចំណែក​ប្រធាន​សហជីព​ប្រចាំ​កាស៊ីណូ​ណា​ហ្កា​វ៉ើល​(NAGA World)​ ​កញ្ញា​ ឈឹម ស៊ីធរ​ យល់​ឃើញ​ថា​ ប្រទេស​ចិន​គឺ​ជា​អ្នក​ទទួល​ផល​ច្រើន​ក្រោយ​ពី​កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ប្រទេស​ចិន​ គឺ​ប្រៀប​បី​ដូច​ជា​ការ​រក​ស៊ី​ជាមួយ​ភាគី​ម្ខាង​ មាន​ដើម​ទុន​តិច​​ ហើយ​ម្ខាង​ទៀត​មាន​ដើម​ទុន​ច្រើន​។​កញ្ញា​បន្ថែម​ថា​ ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​សុំ​អោយ​រដ្ឋាភិបាល​ពិចារណា​ឡើយ​វិញ​ចំពោះ​កិច្ច​ព្រមព្រៀង​សេរី​ជាមួយ​ប្រទេស​ចិន ហើយ​ប្រសិន​បើ​កិច្ច​ព្រមព្រៀង​នេះ​ មិន​មាន​ភាព​ស្មើ​មុខ​ ស្មើ​មាត់​ជាមួយ​គ្នា​ កម្ពុជា​មិន​គួរ​ចុះ​ហត្ថលេខា​នោះ​ទេ៖«​ប្រាកដ​ជា​មាន​ការ​សោក​ស្ដាយ​ ហើយ​យើង​មើល​ឃើញ​ថា​ ខាត​មុន​ហើយ​មុន​ពេល​ដែល​យើង​ចាប់​ផ្តើម​រក​ស៊ី​ គ្រាន់​តែ​ចាប់​ផ្តើម​រក​ស៊ី​ភ្លាម​ដឹង​ខ្លួន​ឯងមុន​ ហើយ​ថា​ យើង​ខាត។​ប៉ុន្តែ​យើង​ដឹង​ពី​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ កន្លង​មក​លោក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ លើ​ទុក​កង្វល់​ ហើយ​នឹង​ការ​ទាមទារ​ ឬក៏​មតិ​យោបល់​របស់​ពលរដ្ឋ​ទេ»។​​​​

​ឆ្លើយ​តប​នឹង​សំណើ​របស់​ពលរដ្ឋ​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ សៀង ថៃ​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​បាន​តាម​ដាន​ និង​យល់​ដឹង​ពី​អត្ថន័យ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​ចរចា​ រហូត​ដល់​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​មួយ​នេះ​ឡើង។​លោក​បន្ថែម​ថា ពលរដ្ឋ​​ក៏​ចង់​ឃើញ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត​ ដែល​ក្រសួង​ពាណិជ្ជកម្ម​ កំពុង​ដឹកនាំ​ចរចា​ និង​សិក្សា​យ៉ាង​យក​ចិត្ត​ទុកដាក់​។

លោក​លើក​ឡើង​ថា​ តាម​ការសិក្សា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ពេល​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ នឹង​កើន​ឡើង​ប្រមាណ​ ២៥%។​ទំនិញ​ដែល​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ មាន​ប្រមាណ​ ៩៨% ​នៃ​មុខ​ទំនិញ​សរុប​ ខណៈ​ដែល​កម្ពុជា​បើក​ទីផ្សារ​ឲ្យ​ទំនិញ​ចិន​នាំ​ចូល​មក​កម្ពុជា​ប្រមាណ​ ៩០%​ នៃ​បន្ទាត់​ពន្ធគយ​ គឺប្រហាក់​ប្រហែល​នឹង​កម្រិត​ទីផ្សារ​ ដែល​កម្ពុជា​បាន​បើក​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន-ចិន ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ អ្នក​វិភាគ​សង្គម​ លោក​បណ្ឌិត ​សេង សារី​ មើល​ឃើញ​ថា បើ​មើល​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ វា​ជា​រឿង​ធម្មតា​ដែល​ភាគី​ទាំង​ពីរ​ទទួល​បាន​ផល​ចំណេញ។​ប៉ុន្តែ​ផលប្រយោជន៍​ដែល​​កម្ពុជា​ទទួល​បាន​ផល​តិច​តួច​ ​ដោយ​សារ​តែ​ទំនិញ​ដែល​កម្ពុជា​ នាំ​ចេញ​ទៅ​ចិន​បាន​គឺ​ផ្ដោត​ភាព​ច្រើន​ទៅ​លើ​ទំនិញ​កសិកម្ម។

លោក​ថា​ បើ​ក្រឡេក​ទៅ​មើល​ការ​ផលិត​ទំនិញ​ដែល​ចេញ​ពី​កសិកម្ម​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ រួម​ទាំង​ការ​វេច ខ្ចប់​ ការ​កែច្នៃ​ នៅ​មាន​កម្រិត​ដែល​កម្ពុជា​ត្រូវ​ការ​អភិវឌ្ឍន៍​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ឆ្លើយ​តប ទៅ​នឹង​ទីផ្សារ​ជាក់​ស្ដែង​។​ដូច្នេះ​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ កម្ពុជា​ត្រូវ​តែ​ពង្រឹង​ ទៅ​លើ​វិស័យ​កសិកម្ម​ ជា​ពិសេស​ទៅ​លើ​ផលិតកម្ម​ ឲ្យ​កាន់​តែ​ច្រើន និង​​ធ្វើ​ទំនើប​​កម្ម​កសិកម្ម​ រួម​ទាំង​ការ​វេច ខ្ចប់​ផង​ដែរ៖«​ចំណុច​មួយ​ទៀត​ដែល​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ហ្នឹង​គឺ​ការ​ធ្វើ​សមតុល្យ​ពាណិជ្ជកម្ម​រវាង​ចិន​ រវាង​ សហរដ្ឋ​អាមេរិក​ មាន​ន័យ​ថា​ យើង​មិន​អាច​ធ្វើ​ជំនួយ​ជាមួយ​អឺរ៉ុប​ និង​អាមេរិក​ ហើយ​យើង​មិន​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ផ្សេង​ទេ​។​អានេះ​វា​ខុស​ពី​គោល​ការណ៍​ធ្វើ​ពាណិជ្ជកម្ម​ហើយ។​ប៉ុន្តែ​អ្វី​ដែល​ សំខាន់​បំផុត​ដូច​យើង​បាន​លើក​ឡើង​អញ្ចឹង​ថា​ ទីផ្សារ​ត្រូវ​ការ​អ្វី​?​យើង​ពង្រឹង​ក្នុង​ការ​ផលិត​របស់​យើង​ដើម្បី​ឆ្លើយតប​ទៅ​តាម​ទីផ្សារ​»។

កាល​ពី​ឆ្នាំ២០១៩ ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ចិន​ មាន​ទំហំទឹក​ប្រាក់​ប្រមាណ​​ជាង​៧ ពាន់​លាន​ដុល្លារអាមេរិក ។ ​កម្ពុជា​នាំ​ទៅ​ចិនបាន​ត្រឹម​តែជិត៩ រយ​លាន​ដុល្លារ ប៉ុន្តែ​ចិន​នាំម​ក​កម្ពុជាវិញ មាន​ជាង៦ ពាន់​លាន​ដុល្លារ​។

ដោយ​ឡែក ទំនិញ​ដែល​កម្ពុជា​នាំទៅចេញ​ទៅ​សហភាពអឺរ៉ុប​កាល​ពី​ឆ្នាំ២០១៧ វិញ គិត​ជា​ទឹក​ប្រាក់​​ជាង៦ ពាន់​លានដុល្លារអាមេរិក ក្នុ​ងនោះ​កម្ពុជា​រួច​កាតព្វកិច្ច​ពន្ធ​ជិត​៧ ​រយលាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ​ បង្ហាញ​យ៉ាង​ច្បាស់​ថា គ្រាន់​តែ​ទឹក​ប្រាក់​ដែល​កម្ពុជា​ចំណេញ​ពី​ការ​មិន​បង់​ពន្ធ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ គឺ​មាន​ចំនួន​សឹង​តែ​ស្មើនឹង​ទំហំ​​ទំនិញ​របស់​កម្ពុជា​​នាំ​ទៅ​ប្រទេស​​ចិន ប៉ុន្តែ​ដោយសារ​តែ​ការ​រំលោភ​សិទ្ធិមនុស្ស​ កម្ពុជា​បាន​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​ EBA​ចំនួន​២០%​ ពី​សហភាព​អឺរ៉ុប​៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល