ដោយពួកគាត់ខកខានមិនបានដឹកទំនិញទៅលក់នៅទីផ្សារវៀតណាម ដូចសព្វមួយដង ក៏បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការបិទច្រកនេះ។ ចំណែកភាគីកម្ពុជា ក៏មិនបានប្រាប់ពីមូលហេតុនៃការបិទច្រកនេះឲ្យដឹងភ្លាមៗដែរ។
ប្រជាពលរដ្ឋខ្មែរបានតវ៉ាថា ភាគីវៀតណាម នៅច្រកព្រំដែនព្រែកចាក បានបិទច្រកព្រំដែនមិនឲ្យប្រជាពលរដ្ឋខ្មែរដឹកទំនិញចូលទៅលក់ដូរនៅវៀតណាម ក៏ប៉ុន្តែ ផ្ទុយទៅវិញ អនុញ្ញាតឲ្យភាគីវៀតណាម ដឹកទំនិញមកលក់នៅទីផ្សារកម្ពុជា បាន។
អ្នកតវ៉ាម្នាក់ឈ្មោះ ស៊ិន រ៉ាឌី រស់នៅឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បញ្ជាក់នៅថ្ងៃទី៩ តុលា ថា ប្រជាពលរដ្ឋជាច្រើនរយនាក់ដែលនៅស្ទះកកកុញនៅច្រកព្រំដែនព្រែកចាក សោកស្ដាយយ៉ាងខ្លាំង ហើយក៏នាំគ្នាធ្វើបាតុកម្ម ហើយមានអ្នកតវ៉ាខ្លះថែមទាំងគប់ដុំថ្មដាក់ភាគីវៀតណាម ដើម្បីបញ្ចេញកំហឹងទៀតផង៖ «គេហាមអត់ឲ្យចូលតែម្ដង អត់មានសួរមូលហេតុអី»។
ចំណែកអ្នកតវ៉ាម្នាក់ទៀតឈ្មោះ ផាត់ លី នៅឃុំឫស្សីស្រុកខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ក៏បានបញ្ជាក់ដូចគ្នា។
ក្រុមអ្នកតវ៉ាឲ្យដឹងថា ពួកគាត់រាប់រយនាក់ បានតវ៉ារហូតដល់ពេលរសៀលថ្ងៃដដែល តែមិនមានដំណោះស្រាយ ទើបនាំគ្នាវិលមកផ្ទះវិញរៀងៗខ្លួនទាំងចម្ងល់។
ទាក់ទងរឿងនេះ ភាគីកម្ពុជា ក៏បានឲ្យដឹងអំពីមូលហេតុនៃការបិទព្រំដែនរបស់ភាគីវៀតណាម នេះដែរ។
មន្ត្រីប៉ូលិសប៉ុស្តិ៍ច្រកព្រំដែនខាងភាគីកម្ពុជា លោក ឡឹក សុភាព មានប្រសាសន៍ថា លោកក៏មិនបានដឹងមូលហេតុច្បាស់ដែរ គ្រាន់តែបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាននៃភាគីទាំងពីរ គឺកម្ពុជា-វៀតណាម កំពុងជួបពិភាក្សាគ្នាដោះស្រាយបញ្ហានេះ៖ «វៀតណាម វាចាប់ទំនិញខ្មែរយើងហ្នឹងណា។ ខ្ញុំមិនទាន់ដឹងដែរ ចាំមើលថ្នាក់លើចរចាគ្នា រវាងថ្នាក់ស្រុក និងស្រុករឿងហ្នឹងណា។ ខ្ញុំដឹងតែមួយកំណាត់ក្រោមដែរទេ ដឹងថារឿងទំនិញ។ ប៉ុន្តែរឿងអីទៀត ខ្ញុំអត់ដឹង គេហៅទៅចរចាគ្នាបាត់ស្ងាត់ហើយ ខ្ញុំអត់ទាន់បានដឹង»។
លោក ឡឹក សុភាព ដែលបញ្ជាក់ថា ចំនួនអ្នកតវ៉ាមានតិចតួចមិនដល់រាប់រយនាក់នោះ ឲ្យដឹងថា ច្រកព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ជាប់នឹងស្រុកហាទៀង ប្រទេសវៀតណាម។ លោកថា ការជួបចរចានោះ មានទាំងមន្ត្រីប៉ូលិស មន្ត្រីគយច្រកព្រំដែននៃភាគីទាំងពីរចូលរួមដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
