​ក្រសួង​វៀតណាម​ស្នើ​ឲ្យ​​អាជ្ញាធរ​​ចាត់វិធានការ​​ចំពោះ​​រថយន្ត​ចូល​ពី​កម្ពុជា

អ្នក​នយោបាយ និង​សង្គម​ស៊ីវិល ស្នើ​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ចំពោះ​ជនអន្តោប្រវេសន៍ វៀតណាម។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​វៀតណាម នៅ​ដើម​សប្ដាហ៍​នេះ បាន​ផ្សាយ​ថា មន្ទីរ​សាធារណការ​ក្រុង​ហូជីមិញ ស្នើ​ឲ្យ​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម ចាត់​វិធានការ​ចំពោះ​រថយន្ត​ក្រុង និង​រថយន្ត​ទេសចរណ៍​ដែល​ឆ្លង​ដែន​ចូល​មក​ពី​កម្ពុជា។

កាសែត​វៀតណាម ឈ្មោះ ថាន់ ង្វៀន (Thanh Nien) បាន​ស្រង់​ខ្លឹមសារ​លិខិត​របស់​មន្ទីរ​ដឹក​ជញ្ជូន​វៀតណាម ដែល​លើក​ឡើង​ថា បញ្ហា​រថយន្ត​ខ្មែរ​ចូល​ទៅ​ប្រទេស​វៀតណាម នេះ ជា​បញ្ហា​បន្ទាន់​មួយ ដែល​តម្រូវ​ឲ្យ​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម ទប់​ស្កាត់​ឲ្យ​បាន​ឆាប់​បំផុត។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ទី​១៥ ឧសភា មាន​ប្រសាសន៍​ថា ការ​ត្រៀម​ចាត់វិធានការ​ចំពោះ​ឡាន​ខ្មែរ​ចូល​ស្រុក​វៀតណាម ឬ​ទេសចរណ៍​ខ្មែរ​ចូល​ស្រុក​វៀតណាម នេះ ជា​សារ​មួយ​ព្រមាន​រដ្ឋាភិបាល​កម្ពុជា ឲ្យ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​បន្ត​ថា មន្ត្រី​បក្ស​កាន់​អំណាច​រាប់​អាន​ភាគី​វៀតណាម ចាក់​ទឹក​មិន​លិច រហូត​ភ្លេច​គិត​ពី​ផលប្រយោជន៍​ជាតិ ប៉ុន្តែ​វៀតណាម​វិញ គេ​ស្រឡាញ់​ជាតិ​គេ​ខ្លាំង​ណាស់។

មន្ទីរ​ដឹក​ជញ្ជូន​ក្រុង​ហូជីមិញ សរសេរ​ក្នុង​លិខិត​ថា រថយន្ត​ក្រុង និង​រថយន្ត​ទេសចរណ៍​ទៅ​ពី​កម្ពុជា បាន​បង្ក​ភាព​អនាធិបតេយ្យ និង​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន​ទៀត​ផង។ លិខិត​បន្ត​ថា ឡាន​ចូល​ពី​កម្ពុជា បាន​ជួញដូរ​ប្រេង​សាំង​តាម​រយៈ​ការ​ចាក់​សាំង​ក្នុង​រថយន្ត​ឲ្យ​ច្រើន​លើសលប់ ដើម្បី​យក​សាំង​មក​លក់​គេច​ពន្ធ។ រថយន្ត​ទេសចរណ៍​ដឹក​ភ្ញៀវ​ទៅ​កម្សាន្ត​ដោយ​ស្រេច​តែ​ចិត្ត ដោយ​មិន​មាន​អ្នក​នាំ​ភ្ញៀវ​ត្រឹមត្រូវ ហើយ​រថយន្ត​ទាំង​នោះ​ភាគ​ច្រើន​ជញ្ជូន​ជន​ជាតិ​វៀតណាម យក​មក​ឲ្យ​លេង​ល្បែង​កាស៊ីណូ តាម​ព្រំដែន​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​ឆ្លើយ​តប​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៣។

ទោះ​យ៉ាង​ណា​ក្ដី អ្នក​ស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា ជំនួញ​ជួញ​សាំង​គេច​ពន្ធ​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​អ្នក​ជាយ​ដែន​ធ្វើ​តាំង​ពី​យូរ​មក​ហើយ តែ​អ្នក​មិន​មែន​ភាគី​វៀតណាម ជា​អ្នក​ខាត​បង់​ទេ។ លោក​បន្ត​ថា វៀតណាម​អនុវត្ត​ច្បាប់​តឹង​ជាង​កម្ពុជា ហើយ​គេ​មិន​អនុញ្ញាត​ឲ្យ​ជន​កម្ពុជា ចូល​វៀតណាម ដោយ​ស្រួលៗ​នោះ​ឡើយ។

កាល​ពី​ដើម​ខែ​មេសា ប្រទេស​វៀតណាម ធ្លាប់​ឃាត់​មិន​ឲ្យ​លោក សឺន ស៊ូប៊ែរ្ដិ៍ ចូល​ទៅ​ទឹក​ដី​កំណើត​កម្ពុជា​ក្រោម​ម្ដង​រួច​ហើយ ហើយ​វៀតណាម ក៏​ធ្លាប់​ហាម​ឃាត់​ការ​នាំ​បក្សី​ចូល​ពី​កម្ពុជា ម្ដង​ជា​ពីរ​ដង​ដែរ។ ប៉ុន្តែ​តាំង​ពី​ឆ្នាំ​១៩៧៩ មក កម្ពុជា​មិន​ធ្លាប់​មាន​វិធានការ​ណា​មួយ​ជា​ផ្លូវ​ច្បាប់​ចំពោះ​ទំនិញ ឬ​ជនអន្តោប្រវេសន៍​ឆ្លង​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។