តើអង្គការសង្គមស៊ីវិលវិញ យល់យ៉ាងណាចំពោះពលរដ្ឋរបស់ប្រទេសមួយ ឆ្លងកាត់មកក្នុងអធិបតេយ្យមួយផ្សេងទៀត ក្រោមហេតុផលជំនឿសាសនាដូចនេះ?
ពាក់អាវក្រឡាការ៉ូពណ៌ក្រមៅចាស់ បន្ថែមពីលើអាវផាយ និងព្យាយាមរំពៃរកច្រកចូលទៅកាន់វាសស្រែ៥០០ ស្ត្រីជនជាតិវៀតណាម និយាយថា អ្វីដែលជាបំណងប្រាថ្នាទៅកាន់ទីនោះ គឺសម្រាប់ធ្វើពិធីគោរពបូជាតាមបែបសាសនា ក្នុងន័យដើម្បីឧទ្ទិសបុណ្យកុសលឲ្យបុព្វការីជនរបស់ខ្លួន ដែលបានស្លាប់ក្នុងអតីតកាលនៅទីនេះ។
មានដើមកំណើតនៅខេត្តអាងយ៉ាង ជាប់ព្រំដែនខេត្តតាកែវ និងខេត្តកំពត របស់កម្ពុជា លោកស្រី ថាវ ឲ្យដឹងកាលពីថ្ងៃទី៣០ សីហា ថា ការពិត វាលស្រែ៥០០ នេះ គឺជាតំបន់ដ៏ស័ក្ដិសិទ្ធិដែលពលរដ្ឋវៀតណាម មានជំនឿថា អាចនឹងនាំមកនូវសេចក្ដីសុខ និងភាពចម្រុងចម្រើន ជាពិសេសនោះ គឺអាចបំបាត់ជំងឺនានាថែមទៀតផង ប្រសិនបើគេបានមកដល់តំបន់ភ្នំបូកគោ៖ «ជើងវាឈឺអ៊ីចឹង នាំមកថ្វាយបង្គំព្រះ ដើម្បីអោយបាត់ឈឺ។ គាត់ឈឺនាំមកថ្វាយបង្គំព្រះ ដើម្បីអោយបាត់ឈឺ ហើយបាត់ឈឺត្រឡប់ទៅវៀតណាម វិញ ដើម្បីបួស»។
ដើម្បីបានទៅដល់វាលស្រែ៥០០ គឺគេត្រូវចំណាយពេលយ៉ាងតិច ២ម៉ោង។ ទីតាំងនោះ ស្ថិតនៅភាគខាងលិចវត្តសំពៅប្រាំ និងសណ្ឋាគារឋានសួគ៌បូកគោ របស់លោកឧកញ៉ា សុខ គង់ ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រ។
មុននឹងទៅដល់វាលស្រែ៥០០ គឺគេត្រូវធ្វើដំណើរដោយរថយន្ត ឬម៉ូតូក៏បាន លើកំណាត់ផ្លូវចាក់បេតុងដែលដាច់ដោយកង់ៗទើបស្ថាបនាមិនទាន់រួចនៅឡើយនោះ ក៏ប៉ុន្តែ ជួនកាលអ្នកដំណើរត្រូវប្រើមធ្យោបាយថ្មើរជើង ដោយឆ្លងកាត់ជ្រោះជម្រាលថ្ម អូរ និងព្រៃល្បោះជាដើម។ បើទោះជាបែបណា គេហាក់មិនជឿសោះឡើយថា ចំណុចវាលស្រែ៥០០ នេះ អាចមានមនុស្សទៅដល់ ព្រោះជាទីតាំងមួយស្ថិតនៅជ្រៅឆ្ងាយពីទីប្រជុំជន និងមានស្ថានភាពផ្លូវបត់បែនជ្រលងភ្នំ និងអូរ។
បុរសវ័យជាង ៦០ឆ្នាំ មានស្រុកកំណើតនៅខេត្តអាងយ៉ាង ប្រទេសវៀតណាម ថ្លែងថា គេពិតជាមិនអាចរកទីតាំងនេះឃើញបានដោយងាយឡើយ ប្រសិនបើគេខ្វះការសិក្សាអំពីភូមិសាស្ត្រ។ ក្នុងន័យនេះ លោក ភឹក (Phat) អះអាងថា សម្រាប់ពលរដ្ឋវៀតណាម អ្វីដែលអាចរកច្រកចូលទៅបាន គឺគេត្រូវដាក់ដុំថ្មពីរ ឬបីដុំទុកជាសញ្ញាចំណាំតៗគ្នានៅតាមគោលដៅនីមួយៗ សម្រាប់អ្នកដំណើរក្រោយៗទៀត រហូតដល់ចំណុចដែលត្រូវទៅ៖ «ដើរទៅអីចឹងទៅប្រហែល ៣០ម៉ែត្រ ឃើញដុំថ្មមួយដុំមានផ្លូវចេញទៅហើយ។ ជនជាតិវៀតណាម ដាក់ដុំថ្មធ្វើជាសញ្ញាដើម្បីកុំអោយវង្វេងផ្លូវ»។
យ៉ាងណាក៏ដោយ សម្រាប់ច្រកចេញចូលទៅកាន់វាលស្រែ៥០០ ត្រូវបានគេរឹតបន្តឹងផ្នែកសន្តិសុខតឹងរ៉ឹង និងដាក់របាំងការពារ មិនអនុញ្ញាតឲ្យពលរដ្ឋឆ្លងកាត់ដោយសេរីឡើយ។
ស្ថិតក្រោមហេតុផលនេះ ទាំងអង្គការសង្គមស៊ីវិល និងពលរដ្ឋដែលរស់នៅក្បែរជើងភ្នំបូកគោ បានរិះគន់ថា បើទោះជាការវិនិយោគដើម្បីប្រាក់ចំណេញយ៉ាងណាក៏ដោយចុះ ក៏ប៉ុន្តែថា ក្រុមហ៊ុនរបស់ លោក សុខ គង់ គួរបើកសិទ្ធិឲ្យបានទូលាយជាងនេះសម្រាប់ពលរដ្ឋជាម្ចាស់ប្រទេស បានទៅទស្សនាដោយមិនយកកម្រៃអ្វីនោះទេ។
លោក យន់ ផល្លី អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ (Licadho) ប្រចាំតំបន់ ដែលបានអង្កេតដោយផ្ទាល់ករណីនេះ ចាត់ទុកថា លំហូរចូលរបស់ជនអន្តោប្រវេសន៍វៀតណាម ឡើងមកកាន់តំបន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិនេះ ហាក់ដូចជាមានភាពធូររលុង និងមានមន្ទិលសង្ស័យ។ លោកគិតថា អាជ្ញាធរពាក់ព័ន្ធគួរពង្រឹងច្បាប់ស្ដីពីជនអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពជាងនេះ៖ «ការស្នាក់អាស្រ័យជាបន្តបន្ទាប់ រវាងអ្នកដែលបានចេញចូល ដូចជាអ្នកដែលបានមក ហើយត្រឡប់ទៅវិញ ឬក៏អ្នកដែលបានមកតាមក្រោយ ហើយក៏មានការស្នាក់នៅបន្តបន្ទាប់»។
ដោយឡែកនៅក្រោមផ្ទាំងថ្មដ៏ធំមួយវិញ មានផ្នូរជនជាតិវៀតណាម ដែលត្រូវគេកប់ក្រោយពីស្លាប់រួចនៅទីនោះ។ ទោះជាបែបណា ពុំមានការទម្លាយឲ្យថា តើការស្លាប់នេះមកពីមូលហេតុអ្វីឲ្យបានជាក់លាក់ឡើយ។ ក៏ប៉ុន្តែ ផ្នូរសពនេះ គេអាចដឹងបានដោយសារតែ នៅលើផ្លាកព្រលឹងបញ្ចុះសពបានសរសេរជាភាសាវៀតណាម ថា លោក ត្រឹង វ៉ាំងយៀក (Tran Van Viet) ទទួលមរណភាពកាលពីថ្ងៃទី២២ មីនា ឆ្នាំ២០១១ វេលាម៉ោងជាង ១១យប់។ ជាងនេះទៀត មានស្នាមជើងមួយចំហៀងនៅលើផ្ទាំងថ្មធម្មជាតិ ដែលមើលទៅហាក់ទំនងជាមានប្រវត្តិដ៏យូរលង់មកហើយនៅទីនោះ។
និន្នាការទាំងនេះហើយដែល លោក ភឹក បញ្ជាក់ថា ជាហេតុផលដែលជំរុញឲ្យគេលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុជំនឿសាសនានេះពីប្រទេសវៀតណាម ឆ្លងចូលមកកាន់តំបន់វាលស្រែ៥០០ នៅលើភ្នំបូកគោ នេះ៖ «នេះគឺស្នាមជើងរបស់ព្រះពុទ្ធ។ ព្រះពុទ្ធគង់។ លោក (សំដៅលើជនជាតិវៀតណាម ម្នាក់ដែលធ្លាប់មកកន្លែងនេះពីមុនមក) ទៅរួច លោកឆ្លាក់ជាប់លើថ្ម លោកឆ្លាក់លើថ្មដើម្បីអោយជនជាតិវៀតណាម ឡើងមក ស្គាល់ដានជើងព្រះពុទ្ធ ដើម្បីយករបស់មកថ្វាយ»។
ផ្នូរសពនៅលើភ្នំបូកគោ ដែលពលរដ្ឋវៀតណាម មានជំនឿថា គឺជាដូនតារបស់ពួកគេ បានស្លាប់តាំងពីសម័យមុននោះ ពុំមែនមាននៅតែវាលស្រែ៥០០ ឡើយ។ ក្នុងន័យនេះ ពលរដ្ឋនៅខេត្តកំពត ដែលតែងនាំភ្ញៀវទេសចរទៅកាន់តំបន់ប្រវាំងកូន ស្ថិតក្នុងស្រុកទឹកឈូ សុំមិនបញ្ចេញឈ្មោះ អះអាងថា នៅមានផ្នូរសពបុរាណវៀតណាម ជាង ២០ផ្នូរទៀត ត្រូវគេប្រទះឃើញនៅទីនោះ។ នៅរៀងរាល់ថ្ងៃបុណ្យ ឬមានពិធីអ្វីមួយ សមាគមវៀតណាម ប្រចាំកម្ពុជា និងពលរដ្ឋវៀតណាម ឆ្លងដែនចូលមកកម្ពុជា ក៏តែងឡើងទៅធ្វើសមាធិនៅតំបន់ប្រវាំងកូន ជាហូរហែដែរ។
ចំណុចប្រវាំងកូន ឬហៅថា ជ័យយួន នេះ មានចម្ងាយពីទីរួមខេត្តកំពត ប្រមាណជាង ១០គីឡូម៉ែត្រ។ ដើម្បីបានទៅដល់ទីតាំងនោះ អ្នកដំណើរត្រូវដើរដោយថ្មើរជើង តាមជម្រាលភ្នំឆ្លងកាត់តាមតំបន់ទឹកឈូ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរវប្បធម៌ខេត្តកំពត លោក គង់ ផល្លា មានប្រសាសន៍ថា ផ្អែកតាមការពិនិត្យរបស់អ្នកជំនាញបច្ចេកទេស រកឃើញថា ផ្នូរសពដែលនៅលើភ្នំបូកគោ នេះ ទំនងពុំមែនជាផ្នូរសពបុរាណទេ។ លោកបញ្ជាក់ថា ដើម្បីបញ្ចៀសមន្ទិលសង្ស័យ លោកបានស្នើទៅភាគីក្រុមហ៊ុនរបស់ លោក សុខ គង់ ឲ្យបញ្ឈប់សកម្មភាពនេះរួចហើយ៖ «អាយុកាលវា យើងមើលប្រសិនបើជាផ្នូរហ្នឹង ក៏យើងមិនអាចកំណត់អត្តសញ្ញាណបានថាជាឆ្នាំណាដែរ ពីព្រោះ យើងមើលវត្តហ្នឹងដូចឆ្នាំ១៩២០ ២២ ២៣ ផ្លូវឡើងហ្នឹង ២៣។ ម្ល៉ោះហើយ អាចប្រហែលមុនហ្នឹង ប្រសិនបើមានផ្នូរមែន អាហ្នឹងមិនទាន់ឆ្លើយថាផ្នូរទេ អាហ្នឹង ពីព្រោះថាវាទើបរៀបថ្មពីលើ»។
លោក អ៊ុក វណ្ណា បណ្ឌិតសេដ្ឋកិច្ច និងទេសចរណ៍នៅរាជបណ្ឌិតសភាកម្ពុជា ផ្នែកពាណិជ្ជកម្ម គិតថា នេះគឺជាមធ្យោបាយនៃការធ្វើពាណិជ្ជកម្មរបស់ លោក សុខ គង់។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ម្ចាស់វិនិយោគភ្នំបូកគោ នេះ គួរបើកសិទ្ធិឲ្យបានទូលំទូលាយជាងនេះ ជាជាងសម្រាប់តែពលរដ្ឋវៀតណាម៖ «ពីព្រោះប្រសិនជាធ្វើទេសចរណ៍សម្រាប់ជាការសែនផ្នូរ ភ្នំបូកគោ មួយ មានតែជនជាតិស្លាប់ វាជាបញ្ហាមួយមិនគួរទទួលយកបាន។ បើជាសិនឃោសនា ឬក៏អាដែងម៉ាឃីដធីង (Marketing) ទាក់ទាញភ្ញៀវ គួរតែឲ្យទាំងអស់នោះសមាធិ ទៅទស្សនៈធម៌ ទៅកាន់សីល ទៅសូត្រធម៌ ទាំងពិភពលោក»។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គិតថា នេះគឺជាមធ្យោបាយពង្រីកទឹកដីរបស់វៀតណាម ក្រោមហេតុផលជំនឿសាសនា៖ «ការដែលលើកឡើងរឿងផ្នូរបុរាណ ឬស្អីនោះ វាគ្រាន់តែជាលេស ហើយនិងល្បិចកលរបស់ជនជាតិវៀតណាម នោះទេ។ ហើយយើងដឹងហើយ ជនជាតិវៀតណាម តែងតែមានល្បិចកលគ្រប់បែបយ៉ាងក្នុងការធ្វើម៉េច ដើម្បីឈ្លានពានចូលមកអធិបតីភាពបូរណភាពនៃទឹកដីកម្ពុជា យើងហ្នឹង»។
ក៏ប៉ុន្តែ កាលពីថ្ងៃទី២៧ សីហា កន្លងទៅ អាជ្ញាធរខេត្តកំពត បានបង្កើតគណៈកម្មការចម្រុះបន្ទាន់មួយ ដែលមានសមភាពចូលរួមមកពី ៤ស្ថាប័នខុសៗគ្នា មានមន្ទីរវប្បធម៌ជាដើម ស៊ើបអង្កេតអំពីភាពចម្រូងចម្រាសនេះ។ ការរុករកទីតាំងរបស់ស្ថាប័នរដ្ឋទាំង ៤ បានអះអាងថា ពុំមានជនជាតិវៀតណាម ធ្វើអាស្រម ឬទីតាំងសំចត ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរី ក្នុងពេលកន្លងទៅនោះឡើយ។
ជាងនេះទៀត ប្រធានច្រកព្រំដែនកម្ពុជា-វៀតណាម នៅទាន់ហន់ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ទទួលបន្ទុកជនអន្តោប្រវេសន៍ លោក ឡេវ កក្កដា ឲ្យដឹងថា ប្រទេសជិតខាងព្រំដែន តែងបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈលំហូរពលរដ្ឋជាមួយគ្នាជាដរាប ទាំងលើវិស័យពាណិជ្ជកម្ម និងជំនឿសាសនា។ យ៉ាងណាក៏ដោយ លោកអះអាងថា ការចេញចូលនេះ ត្រូវអនុវត្តក្រោមច្បាប់យ៉ាងតឹងរ៉ឹងរបស់ប្រទេសទាំងពីរ៖ «ហើយបើសិនជានៅកៀកគ្នា ខេត្តដូចគ្នាហ្នឹង យើងសម្ព័ន្ធមិត្តជាមួយគ្នាហ្នឹង បើគេមានអត្តសញ្ញាណប័ណ្ណ គេអាចអនុគ្រោះឲ្យគេចូលមកលេងខ្មែរយើងត្រឹមកំពត ត្រឹមកែប ត្រឹមបូកគោ អីតិចតួចអ៊ីចឹង ឲ្យហើយវិលវិញ។ ប៉ុន្តែ យើងចេញលិខិតស្នាមឲ្យនគរបាលត្រួតពិនិត្យណាលោក»។
អង្គការសង្គមស៊ីវិល គិតថា បញ្ហានេះ លោកឧកញ៉ា សុខ គង់ ម្ចាស់វិនិយោគភ្នំបូកគោ ទំនងជាស្ថិតនៅពីក្រោយ ដែលនាំឲ្យជនអន្តោប្រវេសន៍វៀតណាម បន្តហូរចូលមកធ្វើសមាធិលើភ្នំបូកគោ។
បញ្ហាកើតចេញពីរឿងរ៉ាវទាំងនេះហើយ ដែល លោកស្រី ថាវ និយាយថា ដើម្បីបានទៅដល់ទីនោះ ពួកគេត្រូវទិញសំបុត្រជាមុនសម្រាប់ការស្នាក់នៅពីក្រុមហ៊ុនរបស់ លោក សុខ គង់ នៅលើភ្នំបូកគោ។ សម្រាប់ការស្នាក់នៅលើវាលស្រែ៥០០ រយៈពេល ២យប់ ៣ថ្ងៃ តម្លៃ ១៥ដុល្លារ ឬប្រមាណ ៦ម៉ឺនរៀលក្នុងម្នាក់៖ «មួយថ្ងៃ ៥ដុល្លារ សម្រាប់មនុស្សម្នាក់ ដេកបានតែពីរយប់ទេ យប់នេះមួយយប់ស្អែកមួយយប់ទៀត យើងទៅផ្ទះ បើនៅយឺតមួយថ្ងៃ ត្រូវគេពិន័យ ២៥ដុល្លារ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
