ហេតុអ្វីលោក ឡេង ណាវ៉ាត្រា និងអតិថិជនមិនប្រើប្រាស់តុលាការដោះស្រាយវិវាទបែរជាវាយប្រហារគ្នាតាមបណ្ដាញសង្គម?
2023.05.29

អតិថិជនមួយចំនួននៅតែបន្តលើកឡើងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនគោរពកិច្ចសន្យាក្នុងការធ្វើផ្ទះឱ្យ ទោះជាពួកគាត់បង់លុយរួចជិត៣ឆ្នាំហើយក៏ដោយ ហើយថែមទាំងប្លុកឬបិទការឆ្លើយឆ្លងតាមបណ្ដាញទំនាក់ទំនងសង្គមទៀតផង។ ចំណែក អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បន្តចេញផ្សាយវីដេអូរាប់រយបកស្រាយ ហើយចាត់ទុកអ្នករិះគន់មួយចំនួនថា ជាជនអគតិនៅក្រៅប្រទេស។
តើហេតុអ្វីបានជាភាគីមានជម្លោះទាំងនេះមិនជ្រើសរើសផ្លូវច្បាប់ឬតុលាការដើម្បីដោះស្រាយវិវាទនេះ?
អតិថិជនទិញផ្ទះពីក្រុមហ៊ុនលោក ឡេង ណាវ៉ាត្រា នៅតែបន្តអះអាងថា ពួកគេបង់លុយគ្រប់ចំនួនជិត៣ឆ្នាំហើយ នៅមិនទាន់ទទួលបានផ្ទះ ហើយនៅពេលពួកគេព្យាយាមសាកសួរ ខាងក្រុមហ៊ុនថែមទាំងបិទការឆ្លើយឆ្លង ឬប្លុក (Block)តាមហ្វេសប៊ុកទៀតផង។
អ្នកប្រើហ្វេសប៊ុកឈ្មោះ Yang Su Aim ជាអតិថិជនម្នាក់ដែលផ្សព្វផ្សាយ លើហ្វេសប៊ុកបន្តបន្ទាប់ទាមទារឱ្យលោក ឡេង ណាវ៉ាត្រា ធ្វើផ្ទះឱ្យហើយតាមការសន្យា ខណៈម្ចាស់ហ្វេសប៊ុករូបនេះបញ្ជាក់ថា ខ្លួនបានបង់ប្រាក់គ្រប់ចំនួនរាប់ឆ្នាំហើយ។
ម្ចាស់ហ្វេសប៊ុកYang Su Aim ក៏មិនសប្បាយចិត្តដែលលោក ឡេង ណាវ៉ាត្រា ប្លុកហ្វេសប៊ុករបស់គាត់មិនឱ្យសាកសួរព័ត៌មាន ឬបញ្ចេញមតិយោបល់នោះទេ។
ចំណែក តារាកំប្លែងលោក សុខ ភារម្យ ហៅនាយវ៉ាងអង ក៏បន្តសរសេរនៅលើហ្វេសប៊ុករបស់លោកបន្តបន្ទាប់ដែរថា លោកបង់លុយគ្រប់ចំនួនទិញផ្ទះនៅគម្រោង ផ្លូវជាតិលេខ6A ក្នុងស្រុកមុខកំពូល ខេត្តកណ្តាលជិត៣ឆ្នាំហើយ ប៉ុន្តែផ្ទះមិនទាន់ផ្តើមធ្វើ។
លោក វ៉ាងអង ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៨ ខែឧសភា ថា អ្វីដែលលោកផ្សព្វផ្សាយ លើហ្វេសប៊ុកកន្លងមកមានគោលបំណងតែមួយគត់ គឺចង់បានផ្ទះតាមការសន្យា។ លោកបន្តថា លុយដែលបង់ឱ្យក្រុមហ៊ុន លោក ឡេង ណាវ៉ាត្រា ជិត ២ម៉ឺនដុល្លារ នោះគឺបានមកពីការសន្សំយ៉ាងលំបាក និងលុយមួយផ្នែករបស់បងស្រី ដែលកំពុងឈឺធ្ងន់។
លោក វ៉ាងអង៖`«លុយដែលយកមកទិញផ្ទះហ្នឹងគាត់ខំសន្សំខ្លះហើយ បានមកគាត់ជួយយើងទៀត។ ដាក់បង្គ្រប់គ្នាទៅ ដើម្បីឱ្យបានផ្ទះនៅជាមួយប្អូន ដល់ឥឡូវវា ១ឆ្នាំ២ឆ្នាំជិត៣ឆ្នាំហើយ។ ចេះតែបាត់ទៅបាត់ទៅ គាត់ចេះតែអស់សង្ឃឹមចេះតែតេមកសួរខ្ញុំ ខ្ញុំចេះតែកុហកភូតភរគាត់ទៅថា គេបុកគ្រឹះហើយអ៊ីចេះទៅ។ ខ្ញុំចង់បាន តែគាត់ធ្វើផ្ទះឱ្យខ្ញុំមក ឬដាក់ជាងធ្វើផ្ទះឱ្យខ្ញុំមក ឬគាត់ដោះដូរក៏បានដែរផ្ទះណាដែលធ្វើហើយ»។
ចំណែកលោក ឡេង ណាវ៉ាត្រា វិញបានផ្សព្វផ្សាយវីដេអូរាប់សិប ទៅរាប់រយជារៀងរាល់ថ្ងៃដែលបង្ហាញពីផ្ទះដែលសាងសង់ហើយ និងផ្ទះកំពុងសាងសង់។ លោក ឡេង ណាវ៉ាត្រា ក៏បានព្រមានអតិថិជនថា បើជឿតាមការញុះញង់ ពេលលោកមានបញ្ហា ឬក្ស័យធននោះអតិថិជនក៏រងផលប៉ះពាល់ដែរ។
រាល់វីដេអូរបស់លោក ឡេង ណាវ៉ាត្រា ផ្ទាល់និងវីដេអូដែលលោករៀបចំឱ្យអ្នកផ្សេងនិយាយគឺ មិនបានបកស្រាយលើបញ្ហាដែលអតិថិជនរបស់លោក ចោទសួរទេ គឺតែងតែចោទប្រកាន់វាយបកថា អ្នករិះគន់ទាំងនោះជាក្រុម ប្រឆាំង ឬក្រុមអគតិនៅក្រៅប្រទេស។
លោក ឡេង ណាវ៉ាត្រា៖ «គាត់ចោទថា យើងលាងលុយថាយើងសំបូរលុយណាស់។ គាត់ក្រឡេចក្រឡុចត្រឡប់ត្រឡិនថា យើងក្រុមហ៊ុនយើងហ្នឹងដួលរលំ ហើយថាយើងហ្នឹងបោកប្រាស់គេ។ អ៊ីចឹងយើងទទួលយកមិនបានទេ ហើយក៏សុំបញ្ជាក់ទៅក្រុមអគតិទាំងអស់នោះថា សូមបើកកុងត្រាមើលក្រុមហ៊ុនដែលយឺតយ៉ាវមានការសងត្រឡប់ទៅវិញ ហើយការទិញលក់មានកិច្ចសន្យាត្រឹមត្រូវមានការផ្ដិតមេដៃជាមួយអតិថិជនហើយ និងជាមួយខ្ញុំ»។
ទន្ទឹមនឹងនេះ តារាចម្រៀងល្បីឈ្មោះ មួយចំនួន រួមមានទាំងលោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និង លោក ខេម ជាតារាចម្រៀងប្រចាំផលិតកម្មរបស់លោក ឡេង ណាវ៉ាត្រា ក៏ជួយផ្សព្វផ្សាយលើហ្វេសប៊ុកការពារលោក ឡេង ណាវ៉ាត្រាដែរ។
តារាចម្រៀងទាំងនេះលើកឡើងប្រហាក់ប្រហែលគ្នាដោយបញ្ជាក់ថា លោក ឡេង ណាវ៉ាត្រា កំពុងរងគ្រោះដោយសារក្រុមប្រឆាំងរិះគន់ ឬវាយប្រហារញុះញង់អតិថិជន។
ទោះយ៉ាងណា បញ្ហានេះនាំឱ្យមានការចោទសួរថា ហេតុអ្វីបានជាពួកគេទាំងអតិថិជននិងលោក ឡេង ណាវ៉ាត្រា មិនប្តឹងទៅតុលាការឱ្យជួយរកយុត្តិធម៌ បែរជាបន្តវាយប្រហារគ្នាតាមបណ្ដាញទំនាក់ទំនងសង្គមទៅវិញ?
ជុំវិញបញ្ហានេះ លោក វ៉ាងអង បញ្ជាក់ថា លោកមិនមានលុយក្នុងការប្តឹងផ្តល់ទេ។ លោកក៏បានបញ្ជាក់ថា លោកស្ថិតនៅក្នុងក្រុមការងារបក្សប្រជាជនកម្ពុជា ហើយការតវ៉ានេះ ក៏មិនមែនធ្វើតាមការញុះញង់របស់ក្រុមណាមួយដែរ។
លោក វ៉ាងអង៖ «បើគាត់មិនធ្វើឱ្យខ្ញុំ សុំឱ្យលុយមកខ្ញុំវិញមកខ្ញុំអស់ចិត្តហើយ ខ្ញុំរកលុយបានដោយពិបាកណាស មិនមែនលុយសីល (ជប់) ទេ។ហើយសម្រាប់លុយ១ម៉ឺន ៨ពាន់៨រយហ្នឹងមិនស្មើកង់ឡានគាត់៤គ្រាប់ផង និយាយឱ្យអស់ទៅ។ បើគាត់មានបេះដូងជាអ្នកសិល្បៈពិតស្រលាញ់សិល្បៈពិតគាត់គិតគូខ្ញុំហើយ។ ហើយកុំចេះតែព្យាយាមបញ្ចេញឃ្លីបមកផ្ញើទៅជនអគតិមួយចំនួននៅក្រៅស្រុកអីណា! ខ្ញុំអត់មានជនអគតិអី ខ្ញុំមិនទៅជឿការញុះញង់អីឯណាដែរ ខ្ញុំនិយាយតែរឿងពិតខ្ញុំចង់បានតែផ្ទះខ្ញុំ ខ្ញុំអត់បានទៅប្រឆាំងអីឯណាទេ»។
លោក វ៉ាងអង ឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា រូបលោកនិង អតិថិជនផ្សេងទៀតនឹងជួបជុំគ្នានៅគម្រោងលក់ផ្ទះផ្លូវជាតិ6Aរបស់លោក ឡេង ណាវ៉ាត្រា ដើម្បីទាមទាររកដំណោះស្រាយ។
ចំណែកលោក ឡេង ណាវ៉ាត្រា ជាអ្នកឧកញ៉ា១រូបមានទំនាក់ទំនងស្និទ្ធជាមួយបក្សកាន់អំណាចហើយតែងតែផ្តល់ប្រាក់រាប់លានដុល្លារជួយរដ្ឋាភិបាលតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ម្តងៗ។
លោក ឡេង ណាវ៉ាត្រា ក៏តែងតែប្រកាសជំហរគាំទ្រ រាល់ការសម្រេចនានារបស់តុលាការ ឬការសម្រេចរបស់លោក ហ៊ុន សែន ថា ជាការសម្រេចដោយយុត្តិធម៌ត្រឹមត្រូវដូចជា ការកាត់ទោសលោក កឹម សុខា ឱ្យជាប់ឃុំជិត៣០ឆ្នាំ ឬការសម្រេចបិទសារព័ត៌មានវីអូឌីជាដើម។
ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជា លោក ឡេង ណាវ៉ាត្រា មិនប្តឹងបញ្ហាវិវាទ ក្នុងអាជីវកម្មរបស់លោកទៅតុលាការបែរជាចំណាយពេលបកស្រាយតាមហ្វេសប៊ុកទៅវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ឡេង ណាវ៉ាត្រា សុំការបកស្រាយជុំវិញ បញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែឧសភា។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា មានប្រសាសន៍ថា តាមន័យច្បាប់គឺ ស្ថាប័នតុលាការជាទីតាំងមួយដែលផ្តល់ឱ្យមនុស្សគ្រប់រូប ស្វែងរកដំណោះស្រាយលើវិវាទនានាដោយស្មើភាពគ្នា មិនបែងចែកអ្នកមាន ឬអ្នកក្រ។ លោកបន្តថា ការបកស្រាយលើបណ្ដាញសង្គម ករណីលោក ឡេង ណាវ៉ាត្រា ធ្វើឱ្យមហាជនមានការយល់ច្រឡំ ហើយបញ្ហានឹងរាលដាលកាន់តែធំ។
លោក ប៉ោ មករា៖ «បើម្នាក់ៗព្យាយាមអត្ថាធិប្បាយការពារខ្លួនឯងរៀងៗខ្លួនវាធ្វើឱ្យបញ្ហាកាន់តែរីកទៅៗ។ អ្នកមានគាត់អាងប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ គឺគាត់ចង់និយាយម៉េចក៏បាន ហើយអ្នកក្រទៅពឹងអ្នកធំណាមួយដែលគាត់ស្គាល់អាចទៅរួចអ៊ីចឹងទៅ ទាំងអស់ហ្នឹងដែលធ្វើឱ្យបញ្ហាកាន់តែរីកធំទៅៗធ្វើឱ្យសង្គមយើងកាន់តែបែកបាក់ពី ១រឿងទៅ១រឿងអ៊ីចឹងទៅ»។
ទោះយ៉ាងណាលោកថា ពលរដ្ឋមួយចំនួននៅតែស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់តុលាការដើម្បីដោះស្រាយវិវាទព្រោះបារម្ភពីការចំណាយលុយ ឬប្រើពេលវេលាយូរជាដើម។
ទោះយ៉ាងណានៅឆ្នាំ២០២២ គម្រោងយុត្តិធម៌ពិភពលោក (WJP) បានដាក់ចំណាត់ថ្នាក់កម្ពុជាឱ្យជាប់លេខ១៣៩ក្នុងចំណោម១៤០ប្រទេស។ ចំណាត់ថ្នាក់បង្ហាញថា កម្ពុជាជាប្រទេសមិនមានយុត្តិធម៌ ហើយមហាជនមិនមានជំនឿលើអ្នកអនុវត្តន៍ច្បាប់ ឬតុលាការទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។