កម្មកររោងចក្រចំនួន២ នៅក្រុងតាខ្មៅ ទទូចឱ្យអាជ្ញាធរពន្លឿនដោះស្រាយក្រោយសន្យាពីសប្ដាហ៍មុន
2020.07.26

ក្រុមកម្មកររោងចក្រ ឌីកនីកធី (Dignity Knitter Limited) និង អេខូបេស (Ecobest) នៅក្រុងតាខ្មៅ ទទូចឱ្យអាជ្ញាធរខេត្តកណ្ដាល ពន្លឿនដំណោះស្រាយ ក្រោយទទួលញត្តិ និងបានសន្យា កាលពីសប្ដាហ៍មុនថា នឹងដោះស្រាយជូនកម្មករ។ អភិបាលខេត្តកណ្ដាល ប្រាប់ថា គណៈកម្មការចម្រុះរបស់ខេត្តកំពុងប្ដឹងទៅតុលាការ ស្នើសុំលក់ឡាយឡុងសម្ភារៈរោងចក្រ យកលុយសងកម្មករ។កម្មកររោងចក្រ ឌីកនីកធី (Dignity Knitter Limited) និង អេខូបេស (Ecobest) អះអាងថា ជីវភាពពួកគេ កាន់តែដុនដាបខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារគ្មានពេលវេលាទៅធ្វើការ ជាប់រវល់ដេកយាមសម្ភារៈ នៅមុខរោងចក្រ។
កម្មករ និងជាប្រធានសហជីពស៊ីខៅឌូ ប្រចាំរោងចក្រ ឌីកនីធី លោក ភិន សុភា ប្រាប់ថា តាំងពីអាជ្ញាធរខេត្តកណ្ដាលទទួលញត្តិកម្មករ កាលពីថ្ងៃទី១៣ កក្កដា រួចមក មិនទាន់ឃើញមានអាជ្ញាធរណា ចុះមកប្រាប់កម្មករពីដំណោះស្រាយ នីតិវិធីដោះស្រាយ និងជួយទុក្ខធុរៈរបស់កម្មករដែលកំពុងដេកយាមមុខរោងចក្រទេ។ លោកប្រាប់ថា កម្មករនឹងប្រជុំគ្នាម្ដងទៀត ដើម្បីរៀបចំញត្តិ ហែទៅដាក់នៅស្ថាប័នរដ្ឋជាថ្មីទៀត បើនៅតែបន្តគ្មានដំណោះស្រាយ៖ «តទៅមុខទៅ ចង់និយាយថា បើនៅតែបន្តអ៊ីចឹងទៀត ពួកខ្ញុំមិនអាចស៊ូទ្រាំ ការរង់ចាំបានទៀតទេ។ អ៊ីចឹងបើសិនជាមិនជំរុញរឿងហ្នឹង ឱ្យឆាប់ចប់ ពួកខ្ញុំ នឹងធ្វើការហែញត្តិបន្តទៀត ដើម្បីរកកិច្ចអន្តរាគមន៍ ដើម្បីធ្វើម្ដេចឱ្យករណីវិវាទការងាររួម ឌីកនីធី និងអេខូបេសហ្នឹងឆាប់ចប់។ ខ្ញុំចង់បញ្ជាក់ថា ពួកខ្ញុំអត់ចង់ហែទេ តែបើមិនដោះស្រាយឱ្យ ពួកខ្ញុំអត់មានជម្រើសទេ»។
ចំណែក តំណាងកម្មកររោងចក្រ អេខូបេស លោកស្រី ឡេង ស្រី ប្រាប់ថា ក្រុមកម្មករពេញកម្លាំងភាគច្រើន លែងអាចស៊ូទ្រាំនឹងជីវភាពដេកយាមមុខរោងចក្រ រង់ចាំដំណោះស្រាយទៀតហើយ ដោយពួកគេ នាំគ្នាទៅរកការងារថ្មី ប្រភេទប្រើកម្លាំងបាយ ប្ដូរយកប្រាក់កម្រៃ។ ឯកម្មករវ័យចំណាស់ ដែលរកការងារថ្មី ធ្វើមិនបាន ពួកគាត់នៅបន្តស៊ូទ្រាំដេកយាមមុខរោងចក្រ រង់ចាំដំណោះស្រាយ ព្រោះគ្មានជម្រើស។
តំណាងកម្មកររូបនេះ ស្នើសុំអាជ្ញាធរទាំងអស់ ជួយពន្លឿនដំណោះស្រាយឱ្យកម្មករ ព្រោះពួកគាត់ដេកយាមរង់ចាំដំណោះស្រាយ នៅមុខរោងចក្រ រយៈពេល៧ខែមកហើយ៖ «ចាស! ចង់ឱ្យឆាប់ដោះស្រាយឱ្យឆាប់ៗ អត់ចង់នៅយូរទេ ព្រោះវាអត់មានលុយកាក់អ្វីចាយ ហើយមិនដឹងជា ទៅរកការងារឯណាធ្វើ ហើយណាមួយថ្លៃផ្ទះជួលគេ ជំពាក់គេ ក៏មិនទាន់បានសងថ្លៃផ្ទះជួលគេ ចេះតែនៅត្រាំត្រែងៗ ហ្នឹងរហូត។ ចង់ឱ្យរដ្ឋាភិបាលហ្នឹង ជួយដោះស្រាយផង ព្រោះតាំងពីខែ១ ដល់ខែកក្កដា»។
រោងចក្រ ឌីកនីធី និងអេខូបេស មានទីតាំងជាប់គ្នា លើផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។ រោងចក្រទាំងពីរ មានថៅកែតែមួយគឺជាជនជាតិកូរ៉េខាងត្បូង ហើយកាត់ដេរសំលៀកបំពាក់ និងស្រោមជើង ដូចគ្នា គឺប្រភេទចាក់ ឬតម្បាញ។ រោងចក្រទាំងពីរមានកម្មករសរុប ជាង១.៣០០នាក់ (ឌីកនើធី ជាង ៩០០នាក់ និងអេខូបេស ២២៤នាក់)។
កម្មកររោងចក្រទាំងពីរ បានផ្ទុះការតវ៉ា កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ដោយសារ ថៅកែរោងចក្រ មិនព្រមបើកប្រាក់ឈ្នួល ប្រាក់បំណាច់ប្រចាំឆ្នាំ និងប្រកាសបិទរោងចក្រភ្លាមៗ ដោយគ្មានទូទាត់សំណង តាមច្បាប់ការងារ។ កម្មករ ឱ្យដឹងទៀតថា រោងចក្រនេះ ក៏ជំពាក់បំណុលក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយដែរ ហើយតុលាការខេត្តកណ្ដាល បានចេញដីការក្សាការពារទ្រព្យសម្បត្តិក្នុងរោងចក្រ ដើម្បីលក់ឡាយឡុង សងបំណុលក្រុមហ៊ុនដឹកជញ្ជូន ទើបក្រុមកម្មករ នាំគ្នាដេកយាមមុខរោងចក្រទាំងថ្ងៃទាំងយប់ មិនឱ្យក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រោងចក្រ លួចដឹកសម្ភារៈចេញ។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៥ កក្កដា ថា ម្ចាស់រោងចក្រឌីកនីធី និងអេខូបេស ជំពាក់បំណុលគេច្រើន ហើយម្ចាស់បំណុលទាំងអស់ សុទ្ធតែបានប្ដឹងតុលាការ ឱ្យរក្សាការពារទ្រព្យសម្បត្តិក្នុងរោងចក្រ សម្រាប់ដោះបំណុលពួកគេ។ ទោះជាយ៉ាងណា លោក គង់ សោភ័ណ បញ្ជាក់ថា ពេលនេះ តុលាការបានមោឃភាពដីការក្សាការពារនោះអស់ហើយ ដោយទុកឱ្យគណៈកម្មការចម្រុះខេត្ត លក់ឡាយឡុងសម្ភារៈរោងចក្រ យកលុយឱ្យកម្មករ នៅសប្ដាហ៍ក្រោយ៖ «ហើយនីតិវិធីរក្សាការពារចុងក្រោយមួយទៀត មានរហូតច្រើន ព្រោះថៅកែហ្នឹង វាជំពាក់គេច្រើន ហើយនៅក្នុងអាទិត្យក្រោយនេះ នឹងមានការសម្រេចរបស់ប្រធានតុលាការ។ នេះខ្ញុំចង់រ៉ាយរ៉ាប់ជូនបងបន្តិច។ អាទិត្យក្រោយ យើងប្រហែលជាចប់សព្វគ្រប់ លើនីតិវិធីនេះ ហើយយើងដាក់សុំតុលាការសម្រេចលក់ឡាយឡុងទ្រព្យសម្បត្តិហ្នឹង ហើយនៅអាទិត្យក្រោយ ក្រែងលោវាសម្រេចបានប៉ុនណា យើងព្យាយាមធ្វើឱ្យលឿន ដើម្បីយើងលក់របស់របរនេះ ហើយយើងយកមកចែកជូនកម្មករតែម្ដង»។
ទោះជាបែបនេះក្ដី កម្មកររោងចក្រឌីកនីធី និងអេខូបេស ប្រាប់ថា ពួកគេមិនទាន់បានឃើញដីកាមោឃៈ របស់តុលាការនៅឡើយទេ និងមិនទាន់មាន អាជ្ញាធររូបណា ទៅផ្សព្វផ្សាយប្រាប់កម្មករ ដែលកំពុងតវ៉ានៅមុខរោងចក្រនោះដែរ។
កម្មករចង់ឱ្យអាជ្ញាធរធានាថា កម្មករ នឹងទទួលបានសំណងត្រឹមត្រូវតាមច្បាប់ ដើម្បីពួកគេរំសាយការដេកយាមនៅមុខរោងចក្រ ព្រោះការបោះតង់តវ៉ា និងដេកយាមមុខរោងចក្រ ជាងកន្លះឆ្នាំមកនេះ ពួកគេប្រឈមនឹងការធ្វើបាបពីក្រុមក្មេងទំនើងផឹកស្រវឹង មកបង្ករឿងនៅពេលយប់ និងខ្លាចគ្រោះថ្នាក់ចរាចរណ៍ ព្រោះក្រុមកម្មករខ្លះដេកផ្ទាល់ដី ខ្លះដេកលើគ្រែ លើចិញ្ចឹមផ្លូវមុខរោងចក្រ៕