កម្មការិនី​២៧​នាក់​ដួល​សន្លប់​ក្នុង​រោងចក្រ​ផលិត​អំពូល​ភ្លើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង

កម្មករ​-​កម្មការិនី ២៧​នាក់ ដួល​សន្លប់ នៅ​រោងចក្រ​តៃវ៉ាន់ បៃហុង ផលិត​អំពូល​ភ្លើង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ស្វាយរៀង ដោយសារ​បញ្ហា​បរិស្ថាន​នៅ​ក្នុង​រោងចក្រ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ។ សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា ការ​ដួល​សន្លប់​នេះ បង្ក​មកពី​ក្លិន​ផ្សែង​ជ័រ​ម្យ៉ាង បណ្ដាល​ឲ្យ​កម្មករ​វិលមុខ ដកដង្ហើម​ថប់ៗ និង​ក្អួតចង្អោរ។ កម្មករ​-​កម្មការិនី​ដែល​រងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជីភូ ក្រុង​បាវិត។

មន្ត្រី​សហជីព​ប្រចាំ​តំបន់​នៃ​សហភាព​ចលនា​កម្មករ​កម្ពុជា លោក សុខ ខេមរា ប្រាប់​អាស៊ីសេរី​ថា រោងចក្រ បៃហុង នេះ​មិន​មាន​តំណាង​កម្មករ ឬ​សហជីព​នៅ​ក្នុង​រោងចក្រ​ដើម្បី​ជួយ​កម្មករ​នោះ​ទេ​។ លោក ខេមរា សង្ស័យ​ថា ថៅកែ​បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​ហួស​ម៉ោង​កំណត់ ដែល​ធ្វើ​ឲ្យ​កម្មករ​មួយ​ចំនួន​ដួល​សន្លប់៖ «តាមតែ​កម្មករ​និយាយ​ក្បែរៗ​គ្នា និយាយ​តៗ​គ្នា នៅ​ពេល​ថ្ងៃ​ហ្នឹង ដោយសារតែ​រោងចក្រ​ហ្នឹង​ដំឡើង​ចំនួន​ច្រើនពេក។ កម្មករ​ធ្វើការ​អត់​មាន​ពេល​សម្រាក​ធ្វើ​ឲ្យ​គាត់​សន្លប់។ ហើយ​ដោយសារ​រោងចក្រ​ហ្នឹង អត់​គោរព​ច្បាប់​ការងារ​ទេ តាំងពី​ដើមឡើយ ហើយ​មកដល់​បច្ចុប្បន្ន​ក៏​ដដែល»។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​នេះ ពី​តំណាង​រោងចក្រ​បាន​នៅឡើយ គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

កាលពី​ពាក់​កណ្ដាល​ខែ​មករា ក្រុម​កម្មករ​រោងចក្រ​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ពីមុខ​រោងចក្រ អស់​រយៈពេល ៥​ថ្ងៃ ទាមទារ​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​តៃវ៉ាន់ ទទួលយក​តំណាង​ពួកគេ​ចូល​ធ្វើការ​វិញ។ ប៉ុន្តែ​ការ​ទាមទារ​នេះ ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​បដិសេធ និង​គ្មាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ណាមួយ​ឡើយ ក្រោយពី​ដឹង​ថា​តំណាង​កម្មករ​ទាំងនោះ ចង់​បង្កើត​សហជីព​ការងារ​មួយ​នៅ​ក្នុង​រោងចក្រ។ ក្រោយមក តំណាង​កម្មករ ៣​នាក់ សម្រេច​លាឈប់​ពី​ការងារ និង​មិន​បន្ត​ដឹកនាំ​កូដកម្ម​តទៅទៀត បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង ក្នុង​វិវាទ​ការងារ​ជាមួយ​ថៅកែ​រោងចក្រ បៃហុង នៅ​ខេត្ត​ស្វាយរៀង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។