កម្មករ​រោងចក្រ​ពីរ​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៣

កម្មករ​រោងចក្រ​ពីរ ដែល​ផលិត​ស្បែក​ជើង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ខេត្ត​កណ្ដាល ឈ្មោះ មែកណេតធ៍ ហ៊្វូតវែរ (Magnate Footwear) និង​កម្មករ​រោងចក្រ​វីនស្តារ (Wing star shoes) សន្យា​បន្ត​ការ​តវ៉ា​ទៀត បន្ទាប់​ពី​ពួក​គេ​បាន​នាំ​គ្នា​តវ៉ា​អស់​ជាច្រើន​ថ្ងៃ។
ដោយ អ៊ុក សាវបូរី
2013.03.22
Share on WhatsApp
Share on WhatsApp
កម្មករ​បិទ​ផ្លូវ ខេត្ត​កណ្ដាល ៣០៥ កម្មករ​រោងចក្រ​ស្បែក​ជើង​មែកណេតធ៍ ហ៊្វូតវែរ (Magnate Foot Wear) សាខា​ទី១ ធ្វើ​កូដកម្ម​បិទ​ផ្លូវ នា​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Ouk Savborey

រូបភាព​កម្មករ​តវ៉ា​បិទ​ផ្លូវ

កម្មករ​ជិត ៨​ពាន់​នាក់ ធ្វើ​ការ​ឲ្យ​រោងចក្រ​ផលិត​ស្បែក​ជើង​ចំនួន​២ នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៣ នោះ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ផល​ប្រយោជន៍​របស់​កម្មករ​ជាង ១០​ចំណុច។

កម្មករ​នៅ​រោងចក្រ​ស្បែក​ជើង​មែកណេតធ៍ ហ៊្វូតវែរ សាខា​ទី១ គឺ​មាន​ទីតាំង​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ប្រមាណ ៨០០​នាក់ ព្រម​ទទួល​យក​ប្រាក់​ឈ្នួល​អប្បបរមា ៨០​ដុល្លារ ដែល​រដ្ឋាភិបាល​ប្រកាស​ផ្តល់​ឲ្យ​កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា។ ប៉ុន្តែ​ពួក​គេ​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​ថ្លៃ​បាយ​ថ្ងៃ​ត្រង់ ២​ពាន់​រៀល​ក្នុង​១​ថ្ងៃ ទៅ​ពួក​គេ។ ប៉ុន្តែ​សំណើ​សុំ​ថ្លៃ​បាយ​នោះ ថៅកែ​បាន​បដិសេធន៍ ទើប​កម្មករ​ធ្វើ​កូដកម្ម​ទៀត៖ «បាន​ជា​បន្ត​ហ្នឹង មក​ពី​មូលហេតុ​ដក​លុយ​ឡាន ហើយ​លុយ​បាយ​ហ្នឹង យក​ទៅ​បូក​ជាមួយ​គ្នា។ ដល់​អីចឹង​ទៅ កម្មករ​បាន​បន្ត​ថ្ងៃ​តវ៉ា​បន្ត​ទៀត»

ចំណែក​កម្មករ​រោងចក្រ​ស្បែក​ជើង​វីនស្តារ នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ប្រមាណ ៧.០០០​នាក់ ធ្វើ​កូដកម្ម​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៣ ដែរ។ ការ​បិទ​ផ្លូវ​របស់​កម្មករ​វីនស្តារ នេះ បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ហើយ។ ពួក​គេ​មិន​ព្រម​ទទួល​យក​ប្រាក់​ឈ្នួល​អប្បបរមា ៨០​ដុល្លារ ដែល​រាជ​រដ្ឋាភិបាល​គ្រោង​ផ្តល់​ឲ្យ​នោះ​ទេ ព្រោះ​ការ​ផ្តល់​ប្រាក់​ខែ​ថ្មី​នោះ​មាន​តែ ១៤​ដុល្លារ៖ «ឥឡូវ​ប្រាក់​ខែ​គោល​យើង​មាន ៦១​ដុល្លារ​ហើយ ទៅ​ហើយ គាត់​យក​ប្រាក់ ៥​ដុល្លារ​ពី​ទ្រទ្រង់​សុខភាព​មក​បូក មាន​ន័យ​ថា យើង​បាន ៦៦​ដុល្លារ គេ​ថែម ១៤​ដុល្លារ​ទៀត គឺ ៨០។ ហើយ ១៤​ដុល្លារ​សម្រាប់​សហជីព​សេរី លោក​ប្រធាន ជា មុនី គាត់​ថា អត់​ទាន់​ទទួល​យក​ទេ ព្រោះ​អ្វី​ដែល​គាត់​ទាមទារ ១២០​ជូន​កម្មករ​ទូទាំង​ប្រទេស។ មាន​ន័យ​ថា គាត់​យក​លុយ​ហ្នឹង​ទាំងអស់​មក​ដាក់​រួម គឺ​ប្រាក់​ឈ្នួល​គោល​សុទ្ធ ១២០​ដុល្លារ»

កម្មករ​បាន​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៣ នេះ​ជា​ពីរ​កំណាត់។ កំណាត់​ទី​មួយ គឺ​បិទ​ផ្លូវ​នៅ​ឃុំ​ត្បែង ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល គឺ​នៅ​មុខ​រោងចក្រ​ស្បែក​ជើង​មែកណេតធ៍ ហ៊្វូតវែរ ចាប់​ពី​ម៉ោង ៦ និង​៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង ៩​ព្រឹក។ កំណាត់​ទី​២ កម្មករ​រោងចក្រ​ស្បែក​ជើង​វីនស្តារ បិទ​ផ្លូវ​នៅ​ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់។

ការ​បិទ​ផ្លូវ​របស់​កម្មករ​ទាំង​២​ខេត្ត​នេះ មិន​មាន​ការ​ប្រើ​ហិង្សា​បង្ក្រាប​ណា​មួយ​ពី​មន្ត្រី​ប៉ូលិស​ទាំង​៣​ខេត្ត​ទេ គឺ​ប៉ូលិស​ខេត្ត​កណ្ដាល តាកែវ និង​ខេត្ត​កំពង់ស្ពឺ។ ប៉ុន្តែ​អ្នក​ដំណើរ ពិសេស​ក្រុមហ៊ុន​ចាក់​បេតុង បាន​ត្អូញ​ពី​ការ​ខូចខាត​បេតុង ដែល​បាន​លាយ​រួច។

នៅ​ម៉ោង​ជាង ១១​ថ្ងៃ​ត្រង់ មាន​ការ​ចរចា​រវាង​តំណាង​ក្រុម​ដោះស្រាយ​វិវាទ​ការងារ តំណាង​សហជីព និង​ថៅកែ​រោងចក្រ​ទាំង​២ ប៉ុន្តែ​កម្មករ​មិន​ទទួល​យក ហើយ​បន្ត​ការ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​បន្ទាប់។

កម្មករ​រោងចក្រ​ស្បែក​ជើង​មែកណេតធ៍ ហ៊្វូតវែរ បាន​ធ្វើ​កូដកម្ម​ពី​ថ្ងៃ​សុក្រ ទី១៥ ខែ​មីនា បន្ត​រហូត​ដល់​ថ្ងៃ​ទី២២ ខែ​មីនា។ ចំណែក​កម្មករ​រោងចក្រ​ស្បែក​ជើង​វីនស្តារ បាន​ធ្វើ​កូដកម្ម​ពី​ថ្ងៃ​ពុធ ទី២០ ខែ​មីនា មក​ដល់​ថ្ងៃ​ទី២២ ខែ​មីនា។ ក្រុម​កម្មករ​ទាំង​ពីរ​រោងចក្រ​នោះ នៅ​តែ​មិន​ទទួល​យក​ការ​ដោះស្រាយ ហើយ​កម្មករ​សន្យា​បន្ត​ធ្វើ​កូដកម្ម​ទៀត បើ​ការ​ទាមទារ​ជាង ១០​ចំណុច​នោះ ថៅកែ​មិន​ព្រម​អនុវត្ត​ទេ។

កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រមុខ​រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​ឲ្យ​កម្មករ​ពី ៦១​ដុល្លារ ដំឡើង​ដល់ ៧៣​ដុល្លារ បូក​នឹង​ប្រាក់​ថែទាំ​សុខភាព ៥​ដុល្លារ ដែល​មាន​ស្រាប់ ហើយ​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ថែម ២​ដុល្លារ បង្គ្រប់ ៨០​ដុល្លារ​ក្នុង​១​ខែ។ ប្រាក់​ឈ្នួល​អប្បបរមា​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៣ ហើយ​ថៅកែ​គ្រប់​រោងចក្រ​តម្រូវ​ឲ្យ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នៅ​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៣ ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។