ថៅកែ​រោងចក្រ​ថៃ ព្រម​​ឲ្យ​ពលករ​ខ្មែរ ដែល​បាន​បណ្ដេញ​ចេញ ចូល​ធ្វើ​ការងារ​វិញ

ដោយ មួង ណារ៉េត
2019-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

តំណាង​ពលករ​ដែល​ធ្វើការ​នៅ​រោងចក្រ SC WADO ក្នុង​ខេត្ត​ឈុនបុរី ប្រទេស​ថៃ ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​នេះ​បាន​ផ្ដល់​ដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ជាង ៥០នាក់ ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ហើយ។ ប្រភព​ដដែល​អះអាង​ទៀត​ថា ថៅកែ​ថែម​ទាំង​ឲ្យ​ពលករ​ខ្មែរ​ទាំង​នោះ ខ្ចី​លុយ​ស្មើ​នឹង​ប្រាក់​ខែ​ពួក​គេ​ពាក់​កណ្ដាល ធ្វើ​ជា​សោហ៊ុយ​ក្នុង​ការ​ធ្វើ​ដំណើរ​ថែម​ទៀត​ផង។

តំណាង​ពលករ​ដែល​ធ្វើ​ការ​នៅ រោងចក្រ SC WADO លោក រស់ ប៊ុនធឿន ឲ្យ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២ មករា​ថា ការ​សម្រេច​របស់​ថៅកែ​ថៃ​ដែល​ហៅ​ពលករ​ខ្មែរ​ឲ្យ​ចូល​ធ្វើ​ការងារ​បន្ទាប់​ពី​វិទ្យុ​អាស៊ី​សេរី បាន​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បញ្ឈប់​ពលករ​ខ្មែរ​ទាំង​នេះ​ជា​បន្ត​បន្ទាប់ ដែល​ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ មាន​ការ​ព្រួយ​បារម្ភ​ពី​ទង្វើ​របស់​ខ្លួន ស្រប​ពេល​មាន​ការ​ចោទ​ប្រកាន់​ថា ការ​បញ្ឈប់​នេះ ជា​ការ​រំលោភ​សិទ្ធិ​ការងារ។ លោក​បន្ត​ថា ពេល​នេះ ថៅកែ​ថៃ​ថែម​ទាំង​សន្យា​ផ្ដល់​ប្រាក់​ខែ និង​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេងៗ ទៀត ដល់​ពលករ​ខ្មែរ ដូច​ការ​ផ្ដល់​ឲ្យ​ពលករ​ថៃ​ដែរ។

តំណាង​ពលករ​រូប​នេះ សាទរ​ចំពោះ​ការ​បង្ហាញ​ដំណោះ​ស្រាយ​នេះ ពី​ភាគី​ថៅកែ​ថៃ​បែប​នេះ។ លោក​បន្ត​ថា ពេល​នេះ​ក្រុម​ពលករ កំពុង​រៀបចំ​ធ្វើ​ដំណើរ​មក​ប្រទេស​ថៃ ដើម្បី​ធ្វើ​ការងារ​ក្រោយ​ទទួល​ដំណឹង​ពី​ថៅកែ​រោងចក្រ។

ដូចគ្នានេះដែរ ពលករ​ម្នាក់​លោក ជួប សាវុធ ដែល​ភរិយា​របស់​លោក បាន​សម្រេច​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ ឲ្យ​ដឹង​ដែរ​ថា លោក​ទទួល​បាន​ដំណឹង​ពី​រោងចក្រ​ថា ថៅកែ​រោងចក្រ​យល់​ព្រម​ឲ្យ​ពលករ​ខ្មែរ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ចូល​ធ្វើ​ការងារ​វិញ។ លោក​បន្ត​ថា ពេល​នេះ​លោក​កំពុង​ទាក់ទង​ទៅ​ភរិយា​របស់​លោក ដែល​កំពុង​នៅ​ប្រទេស​កម្ពុជា ឲ្យ​ត្រឡប់​មក​ធ្វើ​ការ​វិញ៖ «»

មេការ​រោងចក្រ SC WADO ជនជាតិ​ខ្មែរ លោក សឿ ចន្ថា ធ្លាប់​ប្រាប់ អាស៊ី​សេរី​ឲ្យ​ដឹង កាល​ពី​ចុង​ឆ្នាំ២០១៨ ថា រោងចក្រ​មិន​សូវ​មាន​ការងារ​ធ្វើ មាន​បញ្ហា​ខ្លះ​កើត​ឡើង។ លោក​ថា ដើម​ឆ្នាំ២០១៩ នេះ ថៅកែ​រោងចក្រ​របស់​លោក​អះអាង​ថា មាន​ការងារ​គ្រប់គ្រាន់​ឲ្យ​ពលករ​ធ្វើ​ឡើង​វិញ​ហើយ។ ចំពោះ​រឿង​មិន​ផ្ដល់​លិខិត​ឆ្លងដែន​ដល់​ពលករ លោក​ថា លោក​មិន​សូវ​ដឹង​ច្បាស់​ទេ ព្រោះ​ការ​គ្រប់គ្រង​លិខិត​ឆ្លង​ដែន​របស់​ពលករ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ផ្សេង ដែល​នាំ​ពលករ​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ៖ «»

កាលពីចុងឆ្នាំ២០១៨ ក្នុង​អំឡុង​ខែ​វិច្ឆិកា ថៅកែ​រោងចក្រ SC WADO ក្នុង​ខេត្ត​ឈុនបុរី ប្រទេស​ថៃ បានបញ្ឈប់ពលករខ្មែរជាង៥០នាក់ ពី​ការងារ។ ពលករ​ប្រាប់​ថា អ្នក​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ ថៅកែ​មិន​បាន​ផ្ដល់​លិខិត​ឆ្លង​ដែន​ឲ្យ​វិញ​ទេ ហើយ​ពលរដ្ឋ​ភាគ​ច្រើន បាន​សម្រេច​ទៅ​ប្រទេស​កម្ពុជា​វិញ ទាំង​គ្មាន​លិខិត​ឆ្លង​ដែន។

សព្វថ្ងៃ​នេះ ទោះ​បី​ជា​របប​លោក ហ៊ុន សែន អះអាង​ថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា មាន​មិន​ដល់ ១ភាគ​រយ​ក្តី ក៏​ពលករ​ខ្មែរ​ជា​ច្រើន មិន​អាច​រក​ការងារ ដែល​មាន​ប្រាក់​ខែ​សមរម្យ​នៅ​ប្រទេស​របស់​ខ្លួន​បាន ទើប​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដូច​ជា ប្រទេស​ថៃ​នេះ​ជា​ដើម។ ឥឡូវ​នេះ យ៉ាង​ហោច​ណាស់​មាន ពលករ​ខ្មែរ​ចំណាក​ស្រុក ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​ជាង​មួយ​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល