អាជ្ញាធររាជធានីភ្នំពេញ ដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ដើម្បីរាំងខ្ទប់សកម្មភាពរបស់ក្រុមកម្មករណាហ្គាវើលដ៍ (Naga World) មិនឱ្យចេញពីទីតាំងធ្វើកូដកម្មនៅម្ដុំសួនច្បារទៅតវ៉ាខាងមុខក្រុមហ៊ុនបានឡើយ។ ហេតុការណ៍នេះ នាំឱ្យមានការរុញច្រានគ្នា កើតឡើងក្រោយពេលក្រុមកូដករជាង ១ ពាន់នាក់នាំគ្នាប្ដូរទីតាំងឈរធ្វើបាតុកម្ម ពីទីធ្លានៅកណ្ដាលសួនច្បារ ទៅឈរក្បែរអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី១ ដើម្បីបង្ខំឲ្យថៅកែពន្លឿនដំណោះស្រាយបញ្ចប់វិវាទការងារមួយនេះ។
ការធ្វើកូដកម្មថ្ងៃទី១០ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ឈានដល់ការរុញច្រានដាក់គ្នាមួយប្រាវ រវាងក្រុមកូដករ និងកម្លាំងអាជ្ញាធរ ខណៈដំណោះស្រាយវិវាទការងារមួយនេះ នៅមិនមានលទ្ធផលណាមួយអាចទទួលយកបាននៅឡើយ។
បុគ្គលិកផ្នែកកាស៊ីណូលោកស្រី រិន ផល្លា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែធ្នូថា ការសម្រេចចិត្តផ្លាស់ប្ដូរទីតាំងឈរធ្វើកូដកម្មនេះ ដោយសារពួកគាត់សង្កេតឃើញថា ភាគីក្រុមហ៊ុនមិនសូវខ្វាយខ្វល់ដោះស្រាយបញ្ចប់វិវាទការងារមួយនេះទេ ចាប់តាំងពីផ្ដើមធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ មក។
លោកស្រីបន្តថា ក្នុងពេលមានការរុញគ្នាច្រាននោះ ខាងកម្លាំងសន្តិសុខព្យាយាមដណ្ដើមយកឧបករណ៍បំពងសំឡេងពីក្រុមកូដករ ដែលចាំបាច់ប្រើដើម្បីស្រែកតវ៉ារកដំណោះស្រាយពីក្រុមហ៊ុន។ លោកស្រីយល់ថា អាជ្ញាធរមិនគួររារាំងពួកគាត់ មិនឲ្យទៅតវ៉ាខាងក្រុមហ៊ុននោះទេ ព្រោះថា ការតវ៉ានេះ គឺធ្វើឡើងដោយសន្តិវិធី៖ «យើងជាកូដករយើងអត់ចង់ជួបបញ្ហាបែបហ្នឹងទេ ព្រោះយើងប្រើដោយសន្តិវិធី មិនប្រើប្រាស់ហិង្សាទៅលើគ្នាទៅវិញទៅមក កុំឲ្យរងគ្រោះនិងឈឺចាប់។ យើងប្រើវិធីសាស្ត្រដោះស្រាយគ្នា ប៉ុន្តែខាងអាជ្ញាធរមិនដឹងថា គាត់យល់របៀបម៉េច បានគាត់ប្រើរុញច្រាន ដើម្បីឲ្យគេមើលឃើញ ឬក៏គាត់ទទួលអ្វីមួយ ដែលហៅថាសូកប៉ាន់ ឬក៏អ្វីមួយ ខ្ញុំអត់ដឹងដែរ។ ដោយសារពួកយើងសុទ្ធតែជនជាតិដូចគ្នា។ គាត់មានសិទ្ធិការពារ យើងក៏ទុកចិត្តទៅលើគាត់។ យល់ថាគាត់ជាមនុស្ស មិនអាចលើកដៃវ៉ៃស្រីបានទេ»។
ក្រោយពីហេតុការណ៍នេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចុះជួបនិយាយជាមួយក្រុមកម្មករ ដោយសម្របសម្រួលឲ្យពួកគេវិលមកឈរលើខឿនសួនច្បារជាប់ផ្លូវថ្នល់វិញ។ លោកលើកឡើងថា កម្មករអាចបន្តការតវ៉ានេះ នៅទីតាំងដែលអាជ្ញាធរបានកំណត់ឲ្យដោយមិនគួរទៅតវ៉ាដែលរំខានដល់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនឡើយ។ ចំណែក ក្រុមកម្មករក៏យល់ព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរ៖ «ពេលនេះខ្ញុំឃើញថា សហជីពកំពុងធ្វើការដោះស្រាយ រឿងអីអូនឯងមកប៉ះគ្នា ក្ដុងក្ដាំងជាមួយខ្ញុំជាអ្នកការពារនេះវិញ។ អ៊ីចឹង ! វាអត់ត្រូវរឿង។ ឥឡូវនេះ ខ្ញុំសូមឲ្យប្អូនឯងមកលើ ហើយបន្តធ្វើការដោះស្រាយតទៅទៀត។ អូនឯងអាចធ្វើកូដកម្មបាននៅតាមរោងចក្រ គឺអង្គុយបាននៅតាមរោងចក្រ។ អង្គុយនៅកន្លែងធ្វើការ គឺត្រូវតែធ្វើការ។ អូនឯងអត់អាចយកផ្លូវសាធារណៈរបស់ខ្ញុំធ្វើកើតទេ។ ឲ្យមានការយោគយល់ដល់ខ្ញុំជាអ្នកសម្របសម្រួលនេះផង។ នេះជាបញ្ហាដែលខ្ញុំចង់បាន»។
ទាក់ទងនឹងរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ដែលនៅ ឃ្លាំមើលការតវ៉ានេះ និយាយថា សកម្មភាពធ្វើកូដកម្មដោយសន្តិវិធីនេះ គឺស្របច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលអនុញ្ញាតឲ្យកម្មករអាចធ្វើកូដកម្មជាប់នឹងទីតាំងក្រុមហ៊ុនបាន។ លោកបន្តថា វិវាទការងារដែលអូសបន្លាយមកពេលនេះ គឺដោយសារភាគីក្រុមហ៊ុននៅតែមិនមានចេតនាស្មោះត្រង់ ចង់ចូលរួមដោះស្រាយបញ្ចប់រឿងនេះឡើយ។ លោកយល់ថា ភាគីក្រុមហ៊ុន ល្មមដល់ពេលដោះស្រាយបញ្ចប់វិវាទនេះ ដោយទទួលយកកម្មករជាង៣រយនាក់ឲ្យធ្វើការវិញហើយ ព្រោះថា ក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មរបស់ខ្លួនច្រើនខែមកហើយដែរ៖ «បើគាត់មានជំហរក្នុងការដោះស្រាយខណៈពេលនេះ មិនមែនជាឧបសគ្គទេ ព្រោះអី ក្រុមហ៊ុននៅដំណើរធម្មតា។ នៅពេលប្រកាសបិទថ្ងៃ២០ កុម្ភៈឡើងវិញ សេវារបស់ក្រុមហ៊ុន នៅប្រតិបត្តិការធម្មតា។ មកដល់ពេលនេះ កម្មករជាង១ពាន់បានទទួលយកសំណងរួចហើយ នៅសល់តែជាង៣រយនាក់ទេ។ អ៊ីចឹង ! ក្រុមហ៊ុនមានលទ្ធភាពពេញលេញនៅក្នុងការសម្បទាននូវកម្មករនិយោជិត»។
គិតមកត្រឹម២៧ ខែធ្នូ ក្រុមកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មដោយសន្តិវិធី អស់រយៈពេល ១០ ថ្ងៃហើយ។ អង្គការសង្គមស៊ីវិលដែលតាមដានរឿងនេះ លើកឡើងថា បើភាគីក្រុមហ៊ុនព្រមទទួលយកបុគ្គលិកជាង៣រយនាក់ចូលធ្វើការវិញ វិវាទការងារមួយនេះនឹងត្រូវបានបញ្ចប់ ហើយកម្មករក៏រំសាយការធ្វើកូដកម្ម ហើយវិលធ្វើចូលធ្វើការវិញដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។