ក្រុមកម្មកររោងចក្រ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd.) នៅថ្ងៃទី៦ ខែឧសភា ប្រមូលគ្នាតវ៉ានៅមុខក្រុមហ៊ុន ទាមទារឲ្យក្រុមហ៊ុនកែតម្រូវលក្ខខណ្ឌការងារ និងទទួលយកតំណាងកម្មករចូលធ្វើការវិញ។ ក៏ប៉ុន្តែ ភាគីក្រុមហ៊ុនច្រានចោលរាល់ការចោទប្រកាន់របស់ក្រុមកម្មករដែលថា ក្រុមហ៊ុនបានរំលោភសិទ្ធិកម្មករ។
ក្រុមកម្មករចោទអ្នកគ្រប់គ្រងក្រុមហ៊ុនថា បានបង្ខំកម្មករធ្វើការដោយមិនផ្ដល់ប្រាក់អត្ថប្រយោជន៍ត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ការងារ។
លោកស្រី ណាម ស្រីរ័ត្ន ដែលបានធ្វើការនៅរោងចក្រ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត ចំនួនពីរឆ្នាំមកហើយ បានចេញធ្វើកុបកម្មមិនចូលធ្វើការ ហើយចេញតវ៉ានៅមុខក្រុមហ៊ុនដើម្បីរកដំណោះស្រាយ។ លោកស្រីត្អូញត្អែរពីការលំបាករបស់កម្មករពេលធ្វើការក្នុងរោងចក្រ។
ក្រុមកម្មករបានចេញតវ៉ារយៈពេល ៤ថ្ងៃមកហើយ។ កាលពីថ្ងៃទី៥ ខែឧសភា ក្រុមកម្មករបាននាំគ្នាទៅតវ៉ានៅមុខក្រសួងការងារ ហើយក្រសួងការងារ បានសន្យាថា នឹងមកដោះស្រាយវិវាទនេះនៅថ្ងៃទី៦ ខែឧសភា។ ក៏ប៉ុន្តែ មកដល់ម៉ោង ២រសៀល ថ្ងៃទី៦ ខែឧសភា មិនទាន់ឃើញភាគីក្រសួងការងារ សម្របសម្រួលបើកការចរចារវាងក្រុមហ៊ុន និងក្រុមកម្មករនៅឡើយទេ។
លោក ចែម សម្ជស្ស តំណាងសហជីពម្នាក់ក្នុងចំណោមបីនាក់ដែលអះអាងថា ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីតំណែងជាងម៉ាស៊ីននៅរោងចក្រ ដោយសារការបង្កើតសហជីព៖ «ដល់ថ្ងៃសៅរ៍ ទី១៨ ខែមេសា ២០១៦ ពេលខ្ញុំមកធ្វើការ គេមិនឲ្យចូល។ សន្តិសុខមិនបាននិយាយអីទេ»។
ក៏ប៉ុន្តែអ្នកចាត់ចែងអគារស៊ី (C) នៃរោងចក្រ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត អ្នកស្រី ស្ស៊ី ស៊ាអ៊ីង (Xueying Xu) បញ្ជាក់ថា ការបណ្ដាញកម្មករចេញដោយសារពួកគេបានធ្វើខុសក្នុងម៉ោងការងារ ដូចជាលួចដេកជាដើម។ អ្នកស្រីក៏ច្រានចោលការចោទប្រកាន់របស់ក្រុមកម្មករតវ៉ាថា ក្រុមហ៊ុនអ្នកស្រីគិតគូរពីស្ថានភាពលក្ខខណ្ឌការងាររបស់កម្មករ៖ «បើថាតឹងរឹង មិនតឹងរ៉ឹងទេ ព្រោះពួកខ្ញុំ មានដូចជា IE មានគំរូខោអាវ ត្រូវចេញមកប៉ុន្មាន។ អ៊ីចឹងការកំណត់ចំនួនពួកខ្ញុំត្រូវមានកំណត់ចំនួនច្បាស់លាស់ នៅកណ្ដាល។ អ្នកដេរបានប៉ុន្មាន មានលុយរង្វាន់លើកទឹកចិត្តបន្ថែមទៀត»។
ទោះបីជាយ៉ាងណា អ្នកនាង ផល ភា កម្មការិនីដែលមិនចូលធ្វើការ ចេញមកតវ៉ាម្នាក់ទៀត បដិសេធការពន្យល់របស់តំណាងក្រុមហ៊ុន។ អ្នកនាងហៅការពន្យល់នេះថា ជាការព្យាយាមបំភ្លៃការពិត និងបំភាន់ភ្នែកសាធារណជន ដោយអ្នកនាងប្រាប់ថា ក្រុមហ៊ុនបានកុហកកម្មករថា ផ្ដិតមេដៃដើម្បីទទួលបានការដំឡើងប្រាក់ ៥ភាគរយ តែតាមពិតក្រុមហ៊ុនបានក្លែងយកប្រើដើម្បីបញ្ឈប់តំណាងសហជីព៖ «កាលពីមុនគាត់ និយាយថា ការកំណត់ខោអាវ ដូចជាទំហំ ៦៥ កាលពីឆ្នាំមុន កំណត់តែ ៧០០-៨០០ តែពេលមកឥឡូវនេះ ឡើងប្រាក់ខែ ១៤០ អ៊ីចឹងគាត់ដំឡើងចំនួន ១.០០០ ទៅ ១.២០០។ ពួកខ្ញុំតវ៉ាថា ដេរអត់បាន សុំចុះចំនួន។ ពួកគាត់ថា បើចង់បានចំនួនដូចពីមុនឲ្យយកប្រាក់ខែ ១២៨ដុល្លារដូចពីមុន។ ពួកខ្ញុំដេរមិនបាន គេឲ្យចេញម៉ោង៤។ ពីមុនមួយក្រុម ៣២នាក់ ទាំង supervisor (អ្នកត្រួតពិនិត្យ) ទាំងប្រធាន តែពេលឥឡូវ គាត់ដកមនុស្សនៅសល់ត្រឹម ២៥ ទៅ ២៦»។
នៅម៉ោង ២រសៀល ក្រុមកម្មករបានរារាំងឡានកុងតឺន័រក្រុមហ៊ុន មិនឲ្យបើកចេញពីទីតាំងក្រុមហ៊ុន។
រោងចក្រ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងផលិតខោក្នុងបុរសម៉ាក ក្លាស៊ីក ឡុក (Classic Look)។ អ្នកចាត់ចែងការក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុននាំទំនិញនេះចេញទៅប្រទេសចិន ជាទីដែលក្រុមហ៊ុនមេ (Archid Garment Factory) របស់ ញូ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត តាំងនៅ។ កាលពីពីរឆ្នាំមុន ក្រុមហ៊ុនក៏កាត់ដេរសំលៀកបំពាក់របស់ក្រុមហ៊ុនស៊ុយអែត ដ៏ល្បីល្បាញ ឈ្មោះ អេច្ឆ.អែន.អឹម (H&M) ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
