កម្មករប្រកបរបរអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែត បន្តការតវ៉ាទាមទារឱ្យមន្ត្រីគយ បើកច្រកព្រំដែនឱ្យពួកគាត់បានដឹកទំនិញឆ្លងកាត់ រកប្រាក់កម្រៃចិញ្ចឹមជីវិត បន្ទាប់ពីអាជ្ញាធរបានបិទខ្ទប់បីថ្ងៃមកនេះ។ មន្ត្រីសង្គមស៊ីវិល ស្នើដល់អាជ្ញាធរ ឈរលើគោលការណ៍មនុស្សធម៌ និងបញ្ឈប់ការប្រើហិង្សាលើពលរដ្ឋដែលចេញតវ៉ា។
កម្មករជាង ២០នាក់ មានទាំងមនុស្សចាស់ និងក្មេងវ័យជំទង់ផងនោះ បានប្រមូលផ្ដុំគ្នាដើម្បីតវ៉ាម្ដងទៀត ដោយសារតែពួកគាត់គ្មានប្រាក់សម្រាប់ទិញម្ហូបអាហារ អស់រយៈពេលបីថ្ងៃមកហើយ។
លោក ទុំ រ៉េន ថា អាជ្ញាធរវាយបំបែកឆ្នាំងបាយ ឬខ្ទប់ដង្ហើមពួកគាត់ ស្របពេលដែលជីវភាពកម្មករអូសរទេះរាប់រយនាក់ ពឹងផ្អែកលើរបរមួយនេះ។ លោកបន្តថា មកទល់ពេលនេះ អាជ្ញាធរបានបិទខ្ទប់ការដឹកជញ្ជូនឥវ៉ាន់គ្រប់ប្រភេទ និងគ្រប់របៀប សូម្បីតែកាន់ ឬកណ្ដៀត ក៏មិនឱ្យពួកគាត់យកចេញនោះដែរ។
លោក ទុំ រ៉េន៖«មកដល់ប៉ោយប៉ែត នេះ គ្នារស់តែនឹងមុខរបរអូសរទេះ ២០ឆ្នាំហើយ ឱ្យគ្នាទៅដូរមុខរបរ ទៅធ្វើសំណង់ធ្វើអីនៅឯណា។ ឥឡូវបីថ្ងៃៗ នេះហើយ អត់មានបាយហូបទេ។ គេមិនឱ្យអូសសោះ គ្រាន់តែកាន់ឥវ៉ាន់មួយកូនកេសតូចក៏គេមិនឱ្យដែរ គេដេញចាប់ពេញហ្នឹង»។
ការតវ៉ារបស់កម្មករអូសរទេះជាង ១០០នាក់នេះ ចាប់ផ្ដើមឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដោយកម្មករអូសរទេះ បានលើកគ្នាតវ៉ាម្ដងរួចមកហើយ ដោយយករទេះដឹកទំនិញបិទផ្លូវ រហូតមានការសម្របសម្រួល។ ប៉ុន្តែនៅថ្ងៃទី២៨ ខែឧសភា អាជ្ញាធរនៅតែបន្តធ្វើទុក្ខបុកម្នេញទៅលើពួកគាតម្ដងទៀត ដែលបណ្ដាលឱ្យមានការតវ៉ាទ្រង់ទ្រាយធំបីថ្ងៃមកនេះ និងមានការប៉ះទង្គិច។ ការប៉ះទង្គិចនេះ បណ្ដាលឱ្យក្មេងស្រីម្នាក់សន្លប់។
អធិការនគរបាល ក្រុងប៉ោយប៉ែត លោក សៅ សារឿន ប្រាប់វិទ្យុអាស៊ីសេរីថា ការហាមឃាត់ មិនឱ្យពលរដ្ឋដឹកជញ្ជូនឥវ៉ាន់នៅច្រកព្រំដែនប៉ោយប៉ែត គឺដើម្បីទប់ស្កាត់ ការនាំចូលទំនិញគេចពន្ធ និងសម្រួលច្រកទ្វារប៉ោយប៉ែត សម្រាប់ភ្ញៀវទេសចរចេញចូល ដោយសារអាជ្ញាធរបានបង្វែរឱ្យកម្មករអូសរទេះ ប្ដូរទៅច្រកទ្វារស្ទឹងបត់វិញ។
លោក សៅ សារឿន៖«អីវ៉ាន់ទាំងអស់ហ្នឹងគេឱ្យចេញតាមច្រកផ្សេង ហើយច្រកប៉ោយប៉ែតហ្នឹង គេទុកសម្រាប់ឱ្យភ្ញៀវទេសចរ។ ប្រាប់តាំងពីយូរដែរហើយ»។
កម្មករអូសរទេះលើកហេតុផលថា ច្រកទ្វារស្ទឹងបត់ គឺស្ថិតនៅទីតាំងដាច់ស្រយាល ដែលឆ្ងាយពីផ្សារឡុងកឿ និងមិនសូវមានអ្នកដំណើរឆ្លងកាត់ ឬដឹកទំនិញនោះឡើយ។ ពួកគាត់លើកឡើងទៀតថា អាជ្ញាធរមានចេតនាដណ្ដើមការងាររបស់កម្មករអូសរទេះ ដោយប្រើប្រាស់ឡានដឹកទំនិញ ដែលជាខ្សែបណ្ដាញរបស់អាជ្ញាធរជំនួសវិញ ដូចដែលមន្ត្រីច្រកទ្វារអន្តរជាតិដូង ឬបានឡែម នៅស្រុកកំរៀង ខេត្តបាត់ដំបង ធ្លាប់ធ្វើបានសម្រេចមកហើយ។
ទាក់ទិនរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អាជ្ញាធរប្រចាំការនៅច្រកព្រំដែនគួរតែយោគយល់ ព្រោះពួកគាត់ប្រកបរបរនេះ សម្រាប់ចិញ្ចឹមជីវិត។លោក អ៊ិន គង់ជិត៖«គួរតែមានការយោគយល់ដល់កម្មករអូសរទេះ ដែលគាត់លក់កម្លាំង ដោយការអូសរទេះ ដោយប្រើកម្លាំង ក្នុងនាមមន្ត្រីរាជការ ដែលជាអ្នកចេះដឹង ជាអ្នកអនុវត្តច្បាប់ហ្នឹង គួរតែមានការយោគយល់ អធ្យាស្រ័យ អនុគ្រោះ ហើយអត់ធ្មត់កម្រិតខ្ពស់ ចៀសវាងការប្រើប្រាស់អំពើហិង្សា។ តែកាលណាប្រើប្រាស់អំពើហិង្សា គឺជាបទល្មើសព្រហ្មទណ្ឌ»។
ករណីអាជ្ញាធរធ្វើទុក្ខបុកម្នេញ លើកម្មករអូសរទេះ នៅច្រកអន្តរជាតិប៉ោយប៉ែតនេះ បានកើតឡើងម្ដងរួចមកហើយ ក្រោយអាជ្ញាធរកម្ពុជា និងថៃ ព្រមព្រៀងបើកច្រកព្រំដែនវិញបន្ទាប់ពីជំងឺកូវីដ១៩ បានស្រាលស្រាន្តទៅវិញ កាលពីឆ្នាំ២០២២៕
