កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​ឫស្សីកែវ​ត្រៀម​ដើរ​ដាក់​ញត្តិ​​តាម​ក្រសួង​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ

ដោយ អាស៊ីសេរី
2018-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី នៅ​ខាង​មុខ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រោយ​ការ​សម្រេច​របស់​ក្រសួង​រឿង​ប្រាក់​ខែ​គោល នៅ​ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ​២០១៣។
ក្រុម​កម្មករ​បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី នៅ​ខាង​មុខ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រោយ​ការ​សម្រេច​របស់​ក្រសួង​រឿង​ប្រាក់​ខែ​គោល នៅ​ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ​២០១៣។
Photo: RFA

ក្រុម​កម្មករ​រោងចក្រ​ដាយយ៉ាំង នៅ​ខណ្ឌ​ឫស្សីកែវ ក្រុងភ្នំពេញ បាន​បន្ដ​ការ​ធ្វើ​កូដកម្ម​មុខ​រោងចក្រ ជា​លើក​ទី​២​ទៀត នៅ​ថ្ងៃពុធ ទី​១៦ ឧសភា បន្ទាប់ពី​ពួកគេ​បាន​ផ្អាក​ធ្វើ​កូដកម្ម​៣​ថ្ងៃ ក្នុង​ព្រះ​រាជពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ សហជីព​នៃ​រោងចក្រ​ដាយយ៉ាំង ឱ្យ​ដឹង​ថា​ក្រុម​កម្មករ​បាន​ត្រៀម​នាំគ្នា​ដើរ​ថ្មើរជើង​យក​ញត្តិ​ទៅ​ដាក់​តាម​ស្ថាប័នរដ្ឋ​ដើម្បី​ស្វែងរក​ដំណោះស្រាយ។

ក្រុម​កម្មករ​រោងចក្រ​ដាយយ៉ាំង នៅ​តែ​បន្ត​ឈរ​កូដកម្ម លើក​បដា​រូបលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​នៅមុខ​រោងចក្រ​ពេញ​មួយថ្ងៃ និង​បាន​នាំគ្នា​ចាក់​បទ​ចម្រៀង ស្ដីពី ទុក្ខ​សោក​របស់​កម្មករ​រោងចក្រ​ព្រមទាំង​នាំគ្នា​ឡើង​ថ្លែង​បង្ហាញ​ពី​ការឈឺចាប់​ម្ដងម្នាក់​ដើម្បី​បង្ហាញ​ពី​ទុក្ខវេទនា​របស់​កម្មករ ដែល​ថៅកែ​រោងចក្រ មិន​ព្រម​បើកប្រាក់​ឈ្នួល​ឱ្យ។ ទោះ​យ៉ាង​ណា កម្មករ​មិន​បាន​នាំគ្នា​ធ្វើ​សកម្មភាព​បិទ​ផ្លូវ​ទេ ដោយ​អះអាង​ថា ខ្លាច​អាជ្ញាធរ​ចាប់ទោស​កំហុស​ពួកគាត់។

អ្នកស្រី ម៉ូត សាលីម៉ា ប្រាប់​ថា ក្រុម​កម្មករ​បាន​អង្គុយ​ធ្វើ​កូដកម្ម​ក្នុង​រោងចក្រ​ដាយយ៉ាំង ជាង​២​ខែ​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ ដូច្នេះ​ហើយ​ទើប​ពួកគាត់​នាំគ្នា មក​ឈរ​ហាល​ក្ដៅ​នៅមុខ​រោងចក្រ​វិញ​ម្ដង។ កម្មការិនី​ផ្នែក​ដេរ​រូប​នេះ អះអាង​ថា ក្រុម​កម្មករ​គ្មាន​ចង់បាន​អ្វី លើស​ពី​ច្បាប់​កំណត់​ទេ ដូច្នេះ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ចេញមុខ​អន្តរាគមន៍ កោះហៅ​ថៅកែ​រោងចក្រ​ដាយយ៉ាំង ចូលខ្លួន​ដោះស្រាយ​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ ឱ្យ​បាន​ឆាប់៖ «ចេញមុខ​មក​ដោះស្រាយ​ឱ្យ​ព្រោះ​អី​ពួក​ខ្ញុំ​អត់ ត្រូវ​ការ​អី​ក្រៅពី​ច្បាប់​នោះ​ទេ ពួក​ខ្ញុំ​អង្គុយ​នៅមុខ​រោងចក្រ​ហ្នឹង​រយៈពេល​២​ខែ​មក​ហើយ ប៉ុន្តែ​អត់​មាន ដំណោះស្រាយ​ហើយ ដាក់​ពន្យារ​ពេល​ការងារ​២​ខែ​ទៀត សូម្បីតែ​ថ្លៃ​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​កូន​រៀន​គឺ​លំបាក ហើយ​មាន​អ្នកខ្លះ​ពោះ​ធំ​ដល់ ថ្ងៃ​សម្រាលកូន​ហើយ​ទៅ​ពេទ្យ អត់​មាន​លុយ​ឆ្លង​ទន្លេ​ទៀត អត់​មាន លុយ​អត់​មាន​ប្រាក់​អ្នកខ្លះ​ជិត​ដាច់​បាយ​ហើយ»

រោងចក្រ​ដាយយ៉ាំង ស្ថិត​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មាន​កម្មករ ៤៩៨​នាក់។ កាល​ថ្ងៃ​ទី​១២ ឧសភា ក្រុម​កម្មករ​បាន​ប្រមូល​ផ្តុំ​នៅមុខ​រោងចក្រ លើក​បដា ទាមទារ​ប្រាក់​ឈ្នួល​៣​ខែ​ចុងក្រោយ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ម្ដង​ហើយ ប៉ុន្ដែ មិន​មាន​ដំណោះស្រាយ​ទេ​ទើប​បន្ត​នៅ ថ្ងៃ​ទី​១៦ ឧសភា ទៀត។

ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​នៃ​រោងចក្រ ដាយយ៉ាំង លោក ហេង សួភា ឱ្យ​ដឹង​ថា ប្រធាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់ និង​កូដកម្ម​គ្រប់មុខ​សញ្ញា​របស់​ក្រសួង​ការងារ គឺ លោក ប្រាក់ ច័ន្ទ​ធឿន បាន​ជូនដំណឹង​ឱ្យ​តំណាង​កម្មករ​១០​នាក់ ឱ្យ​ចូល​រក​ដំណោះស្រាយ​នៅ​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​១៨ ឧសភា។ ទន្ទឹម​នឹង​នោះ សហជីព​ប្រាប់​ថា ភាគី​ខាង​មន្ត្រី​ក្រសួង​ការងារ បាន​ស្នើ​ឱ្យ​ក្រុម​កម្មករ​នាំគ្នា​បញ្ឈប់​សកម្មភាព​កូដកម្ម​មុខ​រោងចក្រ​ត​ទៀត ព្រោះ​ខាង​មន្ត្រី​ប្រាប់​ថា ថ្នាក់​ដឹកនាំ​នៅ​ខាងលើ បាន​ដឹង​រឿង​របស់​កម្មករ​រោងចក្រ​ដាយយ៉ាំង​រួចហើយ ដោយ​ស្នើ​ឱ្យ​ទៅ​ធ្វើ​កូដកម្ម​ក្នុង​រោងចក្រ​ដដែល ប៉ុន្តែ​ខាង​កម្មករ​បដិសេធ និង​ព្រមាន​ថា បើ​នៅ​ថ្ងៃ​ទី​១៨ ឧសភា ក្រសួង​មិន​អាច​អន្តរាគមន៍​ឱ្យ​ថៅកែ​ចូលខ្លួន មក​ដោះស្រាយ​ប្រាក់​ឈ្នួល ៣​ខែ ប្រាក់​បំណាច់ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ តាមច្បាប់​កំណត់​ទេ ក្រុម​កម្មករ​នឹង​នាំគ្នា​យក​ញត្តិ ហើយ​ដើរ​ថ្មើរជើង​ទៅ​ដាក់​តាម​ស្ថាប័ន​ជាតិ​ធំ ឱ្យ​ជួយ​អន្តរាគមន៍៖ «រឿង​នេះ​គឺជា​ជម្លោះ​កម្មករ​យើង​យូរ​ជិត​៣​ខែ​ហើយ ពួកគាត់​គ្មាន​លុយ​បង់ថ្លៃ​ផ្ទះ ទឹក​ភ្លើង លុយ​ឱ្យ​កូន​ទៅ​រៀន​គ្មាន​អី​ជាទី​ពឹង​ទៀត អ៊ូចឹង​សូម​ចេញ​មក​ដោះស្រាយ​បើកប្រាក់​ខែ​ឱ្យ កម្មករ​មក ម្ចាស់ផ្ទះ​គេ​មិន​ទុក​ពេល​ឱ្យ​កម្មករ​ដល់​៣​ខែ​ទេ យ៉ាង​យូរ​១​ខែ​នឹង បាទ»

កម្មករ​រោងចក្រ​ដាយយ៉ាំង ឱ្យ​ដឹង​ថា នៅ​ក្នុង​ប័ណ្ណ​ប៉ាតង់​របស់​រោងចក្រ ថៅកែ​រោងចក្រ ដាយយ៉ាំង ជា​ជនជាតិ​កូរ៉េ ឈ្មោះ ផាក ស៊ុនសុក។ កម្មករ​ឱ្យ​ដឹង​ថា ថៅកែ​រូប​នេះ បាន​បើក​រោងចក្រ​ចំនួន​២​ទៀត នៅ​ម្ដុំ​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ជា​សាខា​ដឹកទំនិញ​ចេញ​ចូល​រោងចក្រ​ដាយយ៉ាំង ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ ថៅកែ​បាន​ប្រើ​ល្បិច​ដឹកទំនិញ​តាម​ឡាន​តូចៗ ដើម្បី​ឱ្យ​កម្មករ​ដេរ ពេញ​មួយ​ខែ​មីនា បន្ទាប់​មក​នៅ​ខែ​មេសា ថៅកែ​បាន​ព្យួរ​ការងារ​កម្មករ​ទាំង​អស់ និង​ប្រកាស​ថា បិទ​រោងចក្រ ដោយសារ​ក្ស័យធន។ កម្មករ​បាន​ចោទ​ថៅកែ​រោងចក្រ​ដាយយ៉ាំង ថា បាន​ប្រើ​ល្បិច​រើ​សម្ភារៈ​ចេញពី​រោងចក្រ​ម​មួយ​កន្លែង ដែល​ក្រសួង​ឧស្សាហកម្ម បញ្ជា​ឱ្យ​រើ ប៉ុន្តែ​ក្រោយពី​រើ​រួច ថៅកែ​បាន​បន្ថែម​ពាក្យបណ្ដឹង​មួយ​ទៅ​តុលាការ ដើម្បី​សុំ​ប្ដឹង​ថា រោងចក្រ​ក្ស័យធន។ កម្មករ​អះអាង​ថា រោងចក្រ​មិនបាន​ក្ស័យធន​ទេ ហើយ​ថៅកែ​រោងចក្រ​ដាយយ៉ាំង ក៏​មិនបាន​រត់គេច​ពី​កម្ពុជា​ដែរ តែ​ទៅ​បើក​រោងចក្រ​ថ្មី ហើយ​ធ្វើការ​នៅ​ទីនោះ គឺ​រោងចក្រ​ឈ្មោះ តេយ៉ុង នៅ​ម្ដុំ​ចោមចៅ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួគ៍ បាន​ទេ ជុំវិញ​កូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ​ដាយយ៉ាំង ដោយសារ លោក មិន​លើក​ទូរស័ព្ទ។

កម្មករ​បញ្ជាក់​ថា បើ​ក្រសួង​ការងារ​ទទួល​ស្គាល់​ថា ម្ចាស់​រោងចក្រ​ក្ស័យធន ឬ មិន​អាច​អន្តរាគមន៍​ឱ្យ​ថៅកែ​រោងចក្រ​ដាយយ៉ាំង​ចូលខ្លួន​មក​ដោះស្រាយ​ឱ្យ​កម្មករ​បាន រដ្ឋមន្ត្រី​ក្រសួង​ការងារ ត្រូវ​ផ្ដល់​ប្រាក់​បុរេប្រទាន​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឱ្យ​កម្មករ។ សហជីព​ប្រាប់​ថា ក្រុម​កម្មករ​ធ្លាប់​បាន​ដាក់​សំណើរ​សុំ​ប្រាក់​បុរេប្រទាន​នេះ​ម្ដង​រួចហើយ ពី​របប​ក្រុងភ្នំពេញ ប៉ុន្តែ​ពួកគាត់​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​បែប​ណា​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល