ថៅកែរោងចក្រនៅតែមិនដំឡើងប្រាក់ខែគោលឲ្យកម្មករ
2013.02.27

តំណាងសហជីពលើកឡើងថា ភាគីរោងចក្រមិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដំឡើងប្រាក់ខែគោលឲ្យកម្មករទេ និងនៅតែចង់កេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កម្មករ។
នៅក្នុងកិច្ចចរចាជាថ្មីរវាងតំណាងសហព័ន្ធសហជីពជាង៧០ និងភាគីរោងចក្រ ជុំវិញបញ្ហាដំឡើងប្រាក់ខែគោលទាបបំផុតឲ្យកម្មករ នាថ្ងៃទី២៧ កុម្ភៈ មិនទទួលបានលទ្ធផលជាផ្លែផ្កានោះទេ។ ភាគីរោងចក្រឲ្យមនុស្ស ២នាក់ជាតំណាង ដែលមិនមានសិទ្ធិសម្រេចចូលរួមចរចា ស្របពេលដែលភាគីសហជីពបានសម្រេចបន្ទន់ឥរិយាបថ ដោយទម្លាក់តម្លៃទាមទារពី ១២០ដុល្លារ មកនៅ ១០០ដុល្លារ។
តំណាងសហជីពចូលរួមចរចា លោក អាត់ ធន់ មានប្រសាសន៍ថា តំណាងសហជីពបង្ហាញសុឆន្ទៈចុះតម្លៃប្រាក់ខែគោល តែភាគីរោងចក្រនៅតែប្រកាន់ជំហរដដែល គឺព្យាយាមបដិសេធន៍អត្ថប្រយោជន៍ជូនកម្មករ។ លោកបន្តថា ភាគីពាក់ព័ន្ធត្រូវតែកំណត់ប្រាក់ឈ្នួលទាបបំផុតឲ្យកម្មករ មកនៅត្រឹមកម្រិតមួយដែលអាចផ្គត់ផ្គង់ជីវភាពបានសមរម្យសិន ហើយបន្ទាប់មកកម្មករអាចនឹងទារឲ្យដំឡើងប្រាក់ខែតាមអត្រានៃអតិផរណា ឬអត្រានៃការប្រែប្រួលតម្លៃទំនិញបន្តទៀត។
លោក អាត់ ធន់ បញ្ជាក់ថា បើសិនជាភាគីរោងចក្រនៅតែមិនព្រមដំឡើងតទៅទៀតនោះ ប្រហែលជាកម្មករអាចផ្ទុះការតវ៉ាណាមួយជាមិនខាន៖ «គាត់បានពន្យល់ហើយថា លោក វ៉ាន់ ស៊ូអៀង ទៅក្រៅ ហើយថៅកែក៏មិននៅដែរ គេរវល់មិនមានពេលពិភាក្សាគ្នាទេ។ ការចរចាជាដំណើរការមួយ តែមិនមានលទ្ធផល។ យើងមិនអាចថាត្រូវទេ សហជីពជាតំណាងកម្មករ បើកម្មករតវ៉ា យើងនឹងជួយកម្មករ តែយើងមិនទាន់ថាយ៉ាងណាទេ»។
ទោះជាយ៉ាងណាក្តី ភាគីរោងចក្រដែលមកចូលចរចាមិនមានសិទ្ធិសម្រេចនោះឡើយ ដោយសារតែមនុស្សមកចរចាមានគ្នាតែ ២នាក់ ហើយក្រុមថៅកែធំៗដែលមានសិទ្ធិសម្រេចក្នុងរឿងនេះ គឺមិនបានមកចូលរួមពិភាក្សាដោះស្រាយឡើយ ដោយអ្នកតំណាងប្រាប់ថា ពួកថៅកែៗរវល់ និងជាប់បេសកកម្មទៅក្រៅស្រុក។ ប៉ុន្តែតំណាងភាគីរោងចក្រដែលចូលរួម ថ្លែងប្រាប់អ្នកកាសែតដោយខ្លីថា ថៅកែឲ្យប្រាក់ខែគោល ៧២ដុល្លារឲ្យកម្មករ តែបើកម្មករមិនអាចទទួលយកបានទេនោះ ពួកគេអាចឈប់ធ្វើការទៅរកការងារផ្សេងធ្វើបាន។
យ៉ាងណាក៏ដោយ អនុរដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សាត សមុទ្រ ថ្លែងថា រដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមថា ប្រាក់ខែគោលកម្មករនឹងនៅតែអាចឡើងជាបន្តទៀត ប៉ុន្តែត្រូវរង់ចាំការចរចាជាថ្មីសិន។ លោកបន្តថា ភាគីសហជីពបន្ទន់ឥរិយាបថខ្លះហើយ នៅតែរោងចក្រប៉ុណ្ណោះ ហើយបើរោងចក្រព្រមថែមឲ្យខ្លះទៀត ប្រហែលជាអាចនិយាយគ្នាបាន។
លោក សាត សមុទ្រ បញ្ជាក់ថា ភាគីពាក់ព័ន្ធបានឯកភាពគ្នាបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីសិក្សាពីបញ្ហានេះ ហើយគម្រោងដំឡើងប្រាក់ខែនេះ អាចនឹងត្រូវចរចាបញ្ចប់មុនចូលឆ្នាំខ្មែរ៖ «គ្នាគាត់ជុំគ្នាបានគាត់ប្រជុំបាន គាត់ម្នាក់ឯងហ្នឹងសម្រេចមិនទាន់បានទេ អង្គប្រជុំស្នើឲ្យគាត់ប្រជុំគ្នាគាត់បន្តទៀត»។
ការចរចាដំឡើងប្រាក់ខែឲ្យកម្មកររោងចក្រ ធ្វើឡើងបន្ទាប់ពីក្រុមកម្មករព្រមានធ្វើមហាបាតុកម្ម កាលពីចុងឆ្នាំ២០១២ ដើម្បីដំឡើងប្រាក់ខែគោលឲ្យបាន ១៥០ដុល្លារ។ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៣ រួចមក សហជីពសម្រេចទាមទារប្រាក់ខែគោលនៅត្រឹម ១២០ដុល្លារ និងនៅថ្ងៃទី២៧ កុម្ភៈ សម្រេចទាមទារមកត្រឹម ១០០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។