សង្គម​ស៊ីវិល​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​ដែល​ឱ្យ​យុវតី​បើក​រថយន្ត​បុក​និស្សិត​ដេក​នៅ​ពេទ្យ​រុស្សី

ដោយ ស្ងួន អមរា
2019.04.09
យិន ម៉ាណា ៦២២ យុវតី យិន ម៉ាណា (រូប​ស្ដាំ​កណ្ដាល) និង​ក្រុម​គ្រួសារ ពេល​មក​បង្ហាញ​ខ្លួន​នា​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១៩។
រូប​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឱ្យ​ដឹង​ថា ជនជាប់ចោទ​ដែល​បើក​រថយន្ត​បុក​និស្សិត​ស្រី​ស្លាប់​កាលពី​ខែ​មុន​នោះ ពិតជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ទៅ​ដេក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​មែន។ សង្គម​ស៊ីវិល សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​ចំពោះ​ការអនុញ្ញាត​ងាយៗ​បែបនេះ​ថា អាច​គ្រាន់តែ​ជា​លេស​ព្រោះ​ជន​ត្រូវ​ចោទ​ដែល​គេ​ដឹង​ថា មាន​លុយ មានអំណាច​មួយ​ចំនួនធំ​សុទ្ធតែ​ដឹក​ចេញពី​ពន្ធនាគារ​ទៅ​ដេក​នៅ​មន្ទីរពេទ្យ​ធំៗ​របស់​រដ្ឋ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សាវនា ប្រាប់​អាស៊ីសេរី​ថា ជនជាប់ចោទ កញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា ត្រូវ​បាន​បញ្ជូន​ចេញពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅថា ប៉េ​ហ្ស៊ី​(PJ)​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​មេសា។ លោក​មិន​ទាន់​ដឹង​ថា ជន​ត្រូវ​ចោទ​រូប​នេះ នឹង​ត្រូវការ​ពេលវេលា​សម្រាក​ព្យាបាល​យូរ​ប៉ុណ្ណា​នោះ​ទេ ព្រោះ​អាស្រ័យ​លើ​ការ​ព្យាបាល​របស់​គ្រូពេទ្យ។ លោក នុត សាវនា បញ្ជាក់​ថា ជនជាប់ចោទ​រូប​នេះ​មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ​ដូច្នេះ​ចាំបាច់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី ព្រោះ​ខាង​ពន្ធនាគារ​មានលទ្ធភាព​ព្យាបាល​តែ​ជំងឺ​ស្រាលៗ ប៉ុន្តែ​ខាង​ពន្ធនាគារ​ក៏បាន​ដាក់​កម្លាំង​យាមកាម​ចំពោះ​ជន​ត្រូវ​ចោទ​ដែរ៖ «អាការៈ​គាត់​ដូចជា​ល្ហិតល្ហៃ និង​អស់កម្លាំង។ នេះ​គឺជា​អ្វី​ដែល​ខាង​ពេទ្យ​ពិនិត្យ​ឃើញ​និង​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង។ ឃើញ​សន្លប់​ស្ដូកស្ដឹង និង​ដាក់​អុកស៊ីសែន​ផង។ ទោះ​យ៉ាង​ណា ខ្ញុំ​គិត​ថា ដូចជា​មិន​ធំ​ដុំ​អី​ទេ ខ្ញុំ​គិត​ថា​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ អាច​ធូរស្បើយ ហើយ​និង​បញ្ជូន​ទៅ​ដាក់​ឃុំឃាំង​វិញ»

កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​កញ្ញា យិន ម៉ាណា ដែល​ជា​អ្នក​បើករថយន្ត​ទំនើប​ទៅ​បុក​និស្សិត​ស្រី​ម្នាក់​ឈ្មោះ ឌុំ រីដា បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​កាលពី​ថ្ងៃ​ទី​២៦ ខែ មីនា​នោះ ពី​បទ​បើកបរ​ដោយ​ធ្វេស​ប្រហែល​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ និង​បាន​នាំទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ដើម្បី​រង់ចាំ​បើក​សវនាការ។

លោក នុត សាវនា លើក​ឡើង​ថា លោក​មិន​ដឹង​ត្រូវ​ឆ្លើយ​យ៉ាងម៉េច​នោះ​ទេ ចំពោះ​ការរិះគន់​ថា​ជន ជាប់ចោទ​ដែល​ជាប់​សែស្រឡាយ ឬ​មាន​លុយ​មានអំណាច​ភាគច្រើន​ទទួល​បាន​ការអនុញ្ញាត​ងាយៗ​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​ស្ថិតនៅ​ខាងក្រៅ​ពន្ធនាគារ​នោះ ព្រោះ​ករណី​ទាំងនេះ​គឺជា​ការសម្រេច​របស់​ព្រះរាជអាជ្ញា៖ «អ្នក​ធូរធារ​ក៏​ជា​មនុស្ស​ដូចគ្នា។ ដល់ពេល​គេ​ឈឺ​គេ​មាន​សំណើ​មានអី​មក​អ៊ីចឹង ហើយ​ធ្វើ​ម៉េច​ឥឡូវ។ បើ​គេ​ឈឺ​ត្រូវ​សង្គ្រោះ​បន្ទាន់​ដូច្នេះ​យើង​បញ្ជូន​ទៅតាម​នឹង​ហើយ​ខាង​ព្រះរាជអាជ្ញា​គេ​អត់​យល់​ទាស់​អី​ផង​យើង​ធ្វើ​ម៉េច។ បើ​ព្រះរាជអាជ្ញា​យល់​ទាស់ យើង​យក​មក​វិញ។ អាហ្នឹង​អាស្រ័យ​លើ​ព្រះរាជអាជ្ញា​មិនមែន​ខាង​ខ្ញុំ​ទេ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ឬ​ហៅថា​មន្ទីរ ពេទ្យ​រុស្ស៊ី​លោក ហេន រ៉ាម៉ានី បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន បន្ទាប់​ពី​លោក សុំ​ពេល​ពិនិត្យមើល​សំណុំ​ឯកសារ​នេះ​ជា​មុន​សិន។

កញ្ញា យិន ម៉ាណា អាយុ ១៧​ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​កូនស្រី​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត សៀមរាប និង​ជា​ម្ចាស់​សណ្ឋាគារ​មួយ​នៅ​ខេត្ត​សៀមរាប​ឈ្មោះ​លោក យិន ហ្គិច។ ជនជាប់ចោទ​រូប​នេះ ហាក់​ព្យាយាម​គេច​ពី​ការទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ចេញមុខ​អន្តរាគមន៍​ដោយ​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន ក្រោយពី​អ្នក​លែង​ហ្វេសប៊ុក​បាន​បង្ហាញ​ភស្តុតាង​ជាច្រើន និង​បាន​ទាមទារ​យុត្តិធម៌​ជូន​ជនរងគ្រោះ​ព្រមទាំង​បញ្ចប់​វប្បធម៌​បុក​ហើយ​រត់ ឬ​វប្បធម៌​និទ្ទណ្ឌភាព។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើក​ឡើង​ថា លោក ហាក់​ដូចជា​មានការ​សង្ស័យ​នៅ​ពេល​ដែល​ជនជាប់ចោទ​ដែល​មាន​លុយ​មានអំណាច​ភាគច្រើន​តែងតែ​ទទួល​បាន​ការអនុញ្ញាត​ងាយៗ​ឱ្យ​ដេក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ធំៗ​របស់​រដ្ឋ​ក្រោម​ហេតុផល​ថា មាន​ជំងឺ​ផ្សេងៗ ក្នុង​នោះ​មិនមែន​តែ​ករណី​កញ្ញា យិន ម៉ាណា នេះ​ទេ។ ចំណែក អ្នក​ទោស​នយោបាយ​និង​អ្នក​ទោសមនសិការ​ផ្សេងៗ ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែរ មិន​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ចេញ​ព្យាបាល​ជំងឺ​នៅ​ខាង​មន្ទីរពេទ្យ​ខាងក្រៅ​នោះ​ទេ ទោះបីជា​មានការ​ស្នើសុំ​ច្រើនដង​ក្ដី។ ជាក់ស្ដែង​សកម្មជន​បក្ស​ប្រឆាំង​លោក យ៉ា ថុង បាន​ទទួល​មរណភាព​ដោយសារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​តាំងពី​លោក​នៅ​ជាប់​ពន្ធនាគារ​ព្រៃ​ស ហើយ​មិន​ទទួល​បាន​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ។ លោក ស៊ឹង សែនករុណា បន្ត​ថា តាម​គោលការណ៍​ច្បាប់​គឺ​អ្នកទោស​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បាន​សេវា​ព្យាបាល។លោក​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ស្តង់ដារ​តែមួយ​ដើម្បី​កុំ​ឱ្យ​សាធារណជន​រិះគន់ និង​បាត់​ទំនុក​ចិត្ត៖ «ចំណុច​ទាំងអស់​នេះ​ដើម្បី​ឱ្យ​មាន​ស្មើភាព​គ្នា អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ គឺ​វា​ជា​រឿង​មួយ​ដ៏​ល្អ​ប្រសើរ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​កុំ​គិត​ថា វា​ជា​រឿង សម្រាប់​អ្នកមាន​សម្រាប់​អ្នក​មាន​ឋានៈ​ផ្សេងៗ​គឺ​កុំ​គិត​អ៊ីចឹង។ យើង​គួរ​គិត​ឱ្យ​ស្មើភាព​គ្នា​ហើយ​ធ្វើឡើង​ដោយ​ភាព​ត្រឹមត្រូវ​កុំ​ចេះតែ​លើក​ហេតុផល​នេះ ដើម្បី​គេចវេះ​នូវ​ការ​ទទួល​ទោស​ទណ្ឌកម្ម​ផ្សេងៗ​ហើយ​អាច​ធ្វើ​ឱ្យ​វប្បធម៌​នេះ​កើតឡើង​អាច​ថា អ្នក​ដែល​មាន​ប្រាក់​មាន​តួនាទី​អត់​ខ្លាច​ប្រព្រឹត្ត​នូវ​អំពើ​ល្មើសច្បាប់​អី​ទេ។ អ៊ីចឹង​វា​ជះ​ឥទ្ធិ​ដល់​សង្គម​យើង»

កន្លងមក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​រង​ការ​ចោទ​ថា បាន​ជួល​បន្ទប់​ទំនើបៗ​ឱ្យ​ពួក​ម៉ាហ្វីយ៉ា និង​ពួក​ឧក្រិដ្ឋជន​សម្រាប់​ដេក​លំហែ​កាយ​ក្រៅ​គុក។ អ្នកទោស​ដែល​ជាប់​ឈ្មោះ​ថា ចូល​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​វី​អាយ​ភី (VIP) របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​បាន​យ៉ាង​ស្រួល ដោយ​លើក​ហេតុផល​ដើម្បី​សម្រាក​ព្យាបាល​នោះ​មាន​ដូចជា ឧកញ៉ា គិត ធាង ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត​រ៉ក (ROCK) ឧកញ៉ា ថោង សារ៉ាត់ ជាប់​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ លោក ឈូក បណ្ឌិត អតីត​ទណ្ឌិត និង​ជា​អតីត​អភិបាល​ក្រុង​បាវិត ដែល​បាញ់បោះ​ទៅលើ​ក្រុម​កម្មករ ឧកញ៉ា សុខ ប៊ុន ក្នុង​សំណុំរឿង​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ និង​ឧកញ៉ា តាន់ សេងហាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ជាដើម។

មជ្ឈដ្ឋាន​ទូទៅ​ដាក់​ការ​សង្ស័យ​ថា ការ​ទទួល​បាន​សិទ្ធិ​ពិសេស​ដើម្បី​យក​លេស​ទៅ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំៗ​របស់​រដ្ឋ​នេះ គឺ​ដោយសារតែ​អំពើពុករលួយ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​ករណី​នេះ ប្រសិន​បើ​គ្មាន​ការ​ដោះស្រាយ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​ទេ គឺ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​ជាពិសេស​ជនជាប់ចោទ​ដែល​ជា​មាន​លុយ​មានអំណាច លែង​ខ្លាច​និង​គោរព​ច្បាប់​តទៅ​ទៀត​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។