ក្រុម​យុវជន​រិះគន់​ក្រុមហ៊ុន​ស្រាបៀរ​​ដែល​ផ្សព្វផ្សាយ​រង្វាន់​អូសទាញ​ពលរដ្ឋ​ឱ្យ​ផឹកស្រា

ដោយ ជីវិតា
2023.11.27
ក្រុម​យុវជន​រិះគន់​ក្រុមហ៊ុន​ស្រាបៀរ​​ដែល​ផ្សព្វផ្សាយ​រង្វាន់​អូសទាញ​ពលរដ្ឋ​ឱ្យ​ផឹកស្រា ទិដ្ឋភាពក្រុមហ៊ុនស្រាបៀរហនុមាន ផ្សព្វផ្សាយកម្មវិធីទាក់ទាញពលរដ្ឋមកគាស់ក្រវិលស្រា យករង្វាន់លុយ កាលពីថ្ងៃទី២៦ វិច្ឆិកា ២០២៣។
រូប៖ ហ្វេសប៊ុកក្រុមហ៊ុនហនុមាន

ក្រុម​យុវជន​រិះគន់​ក្រុមហ៊ុនស្រាបៀរ​ហនុមាន (Hanuman) ថា យក​ពិធី​បុណ្យអុំទូក​ផ្សព្វផ្សាយ​ពី​ស្រាបៀរ​កេង​ចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ និង​ជា​គំរូ​អាក្រក់​ទៅដល់​យុវជន។ ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​ស្រាបៀរ​នេះ​ដើម្បី​កុំឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​ដែល​ប៉ះពាល់​បុណ្យ​ប្រពៃណី​ជាតិ។

ក្រុម​យុវជន​លើកឡើង​ថា រដ្ឋាភិបាល​មិន​គួរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនស្រាបៀរ​ហនុមាន ផ្សាយពាណិជ្ជកម្ម​អំពី​ស្រាបៀរ​របស់​ខ្លួន ចំ​ថ្ងៃ​ពិធី​បុណ្យអុំទូក​នោះ​ទេ ពីព្រោះ​ការ​ផ្សព្វផ្សាយ​ហួស​កម្រិត​នេះ​អាច​ធ្វើ​ឱ្យ​តម្លៃ​វប្បធម៌​ប្រពៃណី​ជាតិ​ធ្លាក់​ចុះ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ។

សកម្មជន​សង្គម កញ្ញា ស្រ៊ន់ ស្រីល័ក្ខ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ វិច្ឆិកា ថា ការ​ផ្សព្វផ្សាយ​ស្រាបៀរ​បែបនេះ​គឺជា​រឿង​អវិជ្ជមាន​ដែល​ប៉ះពាល់​សុខភាព​ពលរដ្ឋ និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​។ កញ្ញា​បន្ត​ថា រដ្ឋាភិបាល​គួរតែ​រឹត​បន្តឹង​ច្បាប់ និង​ដាក់ចេញ​នូវ​គោលការណ៍​ស្ដីពី​ការ​ផ្សព្វផ្សាយ​ស្រាបៀរ​ជា​សាធារណៈ។

កញ្ញា ស្រ៊ន់ ស្រីល័ក្ខ៖ «ហើយ​អី​ដែល​ចង់ឱ្យ​រដ្ឋាភិបាល​មាន​យុទ្ធ​ការ​ឡើង​វិញ​នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដូច​អា​គាស់​រង្វាន់​ស្រា​បៀរ​ដែល​គេ​ល្បី​ថ្មីៗ​ហ្នឹង​អ៊ីចឹង​អី​ដែល​គាត់​គួរតែ​មើល​ការខុសត្រូវ​ក៏​ត្រួត​ពិនិត្យ​ឡើងវិញ​ពី​ការ ផ្សព្វផ្សាយ​ជា​សាធារណៈ​ហ្នឹងឯង​មិន​គួរ​ណា​មាន​ផ្ទាំង​ផ្សព្វផ្សាយ​ធំៗ​នៅ​តាម​ផ្លូវ​មិនគួរ​តែ​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដូច​ពេល​បច្ចុប្បន្ន​ហ្នឹង​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​សង្គម​ម្នាក់​ទៀត គឺ​លោក នី ចាន់ដា យល់​ឃើញ​ថា ក្នុង​ឱកាស​បុណ្យអុំទូក​ប្រពៃណី​ជាតិ រដ្ឋាភិបាល​មិន​គួរ​ឱ្យ​ក្រុមហ៊ុន​ស្រាបៀ​ទាំងឡាយ​ដាក់​បង្ហាញ​ពី​ស្រា​បៀ​នៅ​តាម​ទីប្រជុំជន​នោះ​ទេ។ លោក​បន្ត​ថា យុទ្ធសាស្ត្រ​ទីផ្សារ​ផ្សព្វផ្សាយ​ស្រាបៀរ​របស់​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​ដោយ​ភ្ជាប់​ជាមួយ​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​គឺជា​ការ​លើកទឹកចិត្ត​យុវជន​ឱ្យ​ផឹក​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន។

លោក នី ចាន់ដា៖ «យើង​មិន​បិទ​ឱកាស​ក្នុង​ការ​ធ្វើ​ទីផ្សារ​ពាណិជ្ជកម្ម​អី​ទេ ព្រោះ​ប្រទេស​យើង​នៅក្នុង​ទីផ្សារសេរី​ដែល ប៉ុន្តែ​យើង​គិត​ទៅ​មើល​ផល​ប៉ះពាល់​នៃ​ការ​ផ្សព្វផ្សាយ​ហ្នឹង​ផង​ដែរ​យើង​មើល​ថា តើ​នៅ​ពេល​ដែល​យើង​ផ្សព្វផ្សាយ​ច្រើនពេក វា​អាច​ប៉ះពាល់​ទៅដល់​យុវជន​ទេ អ៊ីចឹង​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿង​ស្រវឹង​គួរតែ​ដំឡើង​ព័ន្ធ​រៀង​ថ្លៃ​ខ្ញុំ​ឃើញ​លក្ខខណ្ឌ​មួយចំនួន​ដែល​ទាល់តែ​គេ​មាន​លក្ខខណ្ឌ​គ្រប់​អាយុ​ទើប​គេ​ទិញ​មកពីផ្សារ​បាន»

ការរិះគន់​របស់​ក្រុម​យុវជន​នេះ​គឺ​ស្រប​ពេល​ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​២៦ ដល់​២៨ ខែវិច្ឆិកា ប៉ុន្តែ​បែរជា​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនស្រាបៀរ​ហនុមាន​ផ្សព្វផ្សាយ​ស្រា​បៀ​របស់​ខ្លួន​យ៉ាង​អនាធិបតេយ្យ​តាមរយៈ​ឱ្យ​ពលរដ្ឋ​ចូលរួម​គាស់​ក្រវិល​កំប៉ុង​ស្រាបៀរ​ទទួល​បាន​រង្វាន់​លុយ​នៅ​ផ្សារ​ទំនើប​អ៊ីអន​២ ។ កម្មវិធី​ផ្សព្វផ្សាយ​ស្រាបៀរ​របស់​ក្រុមហ៊ុន​ហនុមាន​នេះ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ វិច្ឆិកា ដោយ​មាន​ប្រជាពលរដ្ឋ ចាស់ ក្មេង​ជាច្រើន​នាក់​ចូលរួម ដោយ​អះអាង​ថា អ្នកចូលរួម គាស់​ក្រវិល​កំប៉ុង​ឈ្នះ​រង្វាន់​ពី​១​ដុល្លារ រហូតដល់​៣​ម៉ឺន​ដុល្លារ (៣០០.០០ ដុល្លារ​) ហើយ​មាន​ពលរដ្ឋ​ជាច្រើន​នាក់​នាំគ្នា​ទិញ​ស្រាបៀរ​ក្រុមហ៊ុន​មួយ​នេះ​មក​យក​មក​នៅផ្ទះ​ទៀត។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង អគ្គ​នាយិកា​ក្រុមហ៊ុន​ស្រាបៀរ​ហនុមាន អ្នកស្រី ខៀវ សស៊ីលៀប និង​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​លោក ឈិន កេតនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៦ វិច្ឆិកា។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង រិះគន់​ថា ពិធី​បុណ្យអុំទូក​ប្រពៃណី​ជាតិ​ហាក់​ក្លាយជា​ពិធីបុណ្យ​របស់​ក្រុមហ៊ុនស្រាបៀរ​ដែល​ឆ្លៀតឱកាស​យកបុណ្យ​ជាតិ​ផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​របស់​ខ្លួន។ លោក​សោកស្ដាយ​ដែល​រដ្ឋាភិបាល​នៅ​គ្មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ស្រាបៀរ​ដែល​ធ្វើ​ឱ្យ​បុណ្យជាតិ​ក្លាយជា​ពិធី​ពោរពេញ​ទៅ​ការ​ផឹក​គ្រឿង​ស្រវឹង។

លោក យង់ គិមអេង៖ «កាលណា​តែ​ឱ្យ​ព្រឹត្តិការណ៍​ស្រា​ធំ​ជាង​ពិធី​អត្ថន័យ​នៃ​បុណ្យ​អាច​ធ្វើ​ឱ្យ​គេ​យល់​ថា ពិធីបុណ្យ​ហ្នឹង​បុណ្យ​ស្រា​យូរៗ​ទៅ​មនុ​ស្ស​លែង​ចាប់អារម្មណ៍​ជាមួយ​ពិធីបុណ្យ​អ៊ីចឹង​ទៅ​វា​ធ្វើ​ឱ្យ​មាន​ការ​លំបាក​វា​ធ្វើ​ឱ្យ​យើង​បាត់​នូវ​អត្តសញ្ញាណ​ជាតិ​ធ្វើ​ឱ្យ​យើង​មានការ​ថយ​ចុះ​ពី​ការ​ចាប់អារម្មណ៍​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន ពីព្រោះ​ទំនៀមទម្លាប់​ប្រពៃណី​វា​ជា​អត្តសញ្ញាណ​ជាតិ​មួយ​សំខាន់»

ក្រៅពី​ក្រុមហ៊ុនស្រា​បៀ​ហនុមាន​ចែក​រង្វាន់​ជា​លុយ​សុទ្ធ​ដល់​ពលរដ្ឋ​ខ្មែរ​ហើយ​នោះ​នៅ​មាន ក្រុមហ៊ុនផលិតស្រាបៀ​មួយចំនួន​ទៀត ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល ដាក់​តាំង​ប្រទីប​របស់​ខ្លួន​ក្នុង​ថ្ងៃ​ពិធីបុណ្យ​អុំទូក ដូចជា​គឺ​ក្រុមហ៊ុន ស្រាបៀរ​វឌ្ឍនៈ (Vattanak) ជាដើម​។ ជាងនេះ​ទៅ​ទៀត​ក្រុមហ៊ុនផលិតស្រាបៀ​ផ្សេងទៀត រួមមាន ស្រាបៀ គ្រុឌ (Krud) ស្រាបៀរ​ហ្គែនស៍ប៊ឺត (Ganzberg ) ស្រាបៀរ​អង្គរ និង​ក្រុម​ផលិត​ស្រាបៀរ​ផ្សេងទៀត ក៏បាន​បង្កើន​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ធំៗ​តាម​ដងផ្លូវ ជាពិសេស​ថែមទាំង​មាន​រង្វាន់ ម៉ូតូ ឡាន និង​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ទៀត​ផង។

កាលពី​ឆ្នាំ​២០១៩ រដ្ឋាភិបាល គ្រោង​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ ដែល​មាន​លក្ខណៈ​មិន​ស្មោះត្រង់ ពោល​គឺ​ការ​ដាក់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន​ទិញ​ផលិតផល​របស់​ខ្លួន ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​រដ្ឋាភិបាល​នៅ​គ្មាន​វិធានការ​ជាក់លាក់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅឡើយ​ទេ។

ក្រុម​យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​ម៉ឺងម៉ាត់​ចំពោះ​ក្រុមហ៊ុនស្រាបៀរ​ណា​ដែល​ឆ្លៀតឱកាស​យក​ពិធី​បុណ្យជាតិ​កេង​ចំណេញ​ធ្វើជា​ប្រយោជន៍​ផ្ទាល់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​បុណ្យជាតិ​ជាពិសេស​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ប្រភេទ​នៅ​ពេល​ដែល​ពួកគាត់​ផឹក​គ្រឿង​ស្រវឹង​ច្រើន។ គ្រឿង​ស្រវឹង​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ការប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ និង​ប៉ះពាល់​ដល់​អភិវឌ្ឍន៍​ធនធានមនុស្ស​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។