យុវជនខេត្តសៀមរាបយល់ថា ព្រឹត្តិការណ៍ GUMBALL 3000 ជួយផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់អង្គរទៅកាន់ពិភពលោក
2024.09.17
យុវជនរស់នៅក្នុងខេត្តសៀមរាបយល់ថា ព្រឹត្តិការណ៍ហ្គាំបល (GUMBALL 3000) អាចជាផ្នែកមួយ ជួយផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់អង្គរទៅកាន់ពិភពលោក។
ក៏ប៉ុន្តែអ្នកឃ្លាំមើលយល់ថា ព្រឹត្តិការណ៍នេះមិនចំទិសដៅស្នូល ដើម្បីស្ដារវិស័យទេសចរណ៍ឱ្យងើបឈរឡើងវិញនោះឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែពន្យារពេលមិនស្ដារប្រជាធិបតេយ្យ។
ក្បួនរថយន្តទំនើប ៣ រយគ្រឿងបានធ្វើដំណើរមកដល់ទឹកដីអង្គរ ខេត្តសៀមរាបហើយ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ក្នុងព្រឹត្តិការណ៍ ហ្គាំបល (GUMBALL 3000)។ រីឯអាជ្ញាធរខេត្តសៀមរាបបានបិទផ្លូវសាធារណៈសំខាន់ៗមួយចំនួន ដើម្បីសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ ក្នុងក្រុង ដោយមានការប្រគំតន្ត្រីសម័យនៅសួនច្បារខាងមុខព្រះរាជដំណាក់ និងពិធីតាំងពិព័រណ៍ជាដើម។
យុវជនរស់នៅខេត្តសៀមរាប លោក សៀ តាំងឡេង ប្រាប់វិទ្យុអាស៊ីសេរី ថា ព្រឹត្តិការណ៍នេះអាចរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ ព្រោះអ្នកចូលរួមភាគច្រើន ជាអ្នកវិនិយោគ សហគ្រិន តារាល្បីៗ និងអ្នកមានឥទ្ធិពល (Influencers) លើពិភពលោក។
លោក សៀ តាំងឡេង៖ «ខ្ញុំគិតថាព្រឹត្តិការណ៍នេះមានការចូលរួមច្រើនពីសំណាក់អ្នកមានឥទ្ធិពលនៅលើពិភពលោក និងមហាសេដ្ឋីនានានៅទូទាំងពិភពលោក តាមរយៈការចូលរួមរបស់ពួកគាត់ គឺអាចធ្វើឲ្យឥទ្ធិពលរបស់ប្រទេសកម្ពុជាយើងកាន់តែមានកេរ្តិ៍ឈ្មោះល្អ ហើយហើយមានភាពល្បីសុះសាយនៅទូទាំងពិភពលោកផងដែរ»។
រីឯយុវជនម្នាក់ទៀត កញ្ញា សឹង សំអូនណារី យល់ថា ព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យខេត្តសៀមរាបមានភាពអ៊ូអរខ្លះដែរ ដែលជាផ្នែកមួយជួយស្ដារសេដ្ឋកិច្ចខេត្តនេះបានខ្លះ ក្នុងរយៈពេលខ្លី។
លោក សឹង សំអូនណារី៖ «វាល្អដោយសារតែវាទាក់ទាញភ្ញៀវទេសចរណ៍ ហើយជួយធ្វើឲ្យប្រទេសយើងល្អជាងមុន ឯអ្នកលក់នៅលើផ្លូវ ឬ តាមដងផ្លូវគឺអាចមានភ្ញៀវទេសចរណ៍ទិញច្រើន និងប្រសើរជាងមុន»។
ព្រឹត្តិការណ៍ហ្គាំបល Gumball 3000 ប្រមូលផ្តុំដោយរថយន្តទំនើបល្បីល្បាញលំដាប់ពិភពលោក កាលពីឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងនៅទ្វីបអឺរ៉ុបដែលមានរថយន្តទំនើប ជាង ១រយគ្រឿង បានធ្វើដំណើរលើចម្ងាយផ្លូវ ៣ពាន់ម៉ាល (mile) ឬជិត ៥ពាន់ (៥.០០០) គីឡូម៉ែត្រ ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីប្រទេសស្កុតលែន (Scotland) អង់គ្លេស (England) ហូឡង់ (Netherlands) ស្វីស (Switzerland) អ៊ីតាលី (Italy) និងហុងគ្រី (Hungary)។
អ្នកចូលរួមក្នុងកម្មវិធីនេះបានចំណាយថវិកា ចាយវាយក្នុងម្នាក់ៗចន្លោះពី ៥ម៉ឺនដុល្លារ (៥០.០០០) ដល់ ៨ម៉ឺន ៥ពាន់ដុល្លារ (៨៥.០០០) អាមេរិក។
ចំណែក យុវជនម្នាក់ទៀត កញ្ញា ឆប រក្សា យល់ថា ពលរដ្ឋខេត្តសៀមរាបអាចនឹងទទួលបានចំណូលពីកម្មវិធីនេះ តាមរយៈវិស័យទេសចរណ៍។
លោក ឆប រក្សា៖ «ខ្ញុំយល់ឃើញថាការបង្ហាញហ្កាំបល 3000នឹងល្អ ព្រោះអីជួយដល់សង្គមយើង ឲ្យមានសេដ្ឋកិច្ច និងជំរុញទេសចរណ៍ឲ្យមកលេងសៀមរាបយើងបានច្រើន»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការអធិប្បាយបន្ថែមជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បាននៅឡើយទេនៅថ្ងៃទី១៦ កញ្ញា។
ក្រសួងទេសចរឱ្យដឹងថា ព្រឹត្តិការណ៍នេះមានការតាំងបង្ហាញរថយន្ត និងការប្រគំតន្ត្រីខ្នាតយក្សលំដាប់អន្តរជាតិដោយមានការចូលរួមពីប្រតិភូហ្គាំបល Gumball 3000 Rally ខ្លះជាមហាសេដ្ឋី អ្នកមានឥទ្ធិពល កីឡាករ និងតារាចម្រៀងល្បីៗជាច្រើនរូប។
តែទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្ស ចាត់ទុកថា ព្រឹត្តិការណ៍នេះនឹងមិនអាចស្រូបទាញភ្ញៀវទេសចរឱ្យបានទូលំទូលាយនោះឡើយ ប្រសិនបើរដ្ឋាភិបាល នៅតែមានៈមិនស្តារប្រជាធិបតេយ្យឡើងវិញទេ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា យល់ថា មធ្យោបាយទាក់ទាញភ្ញៀវទេសចររយៈពេលយូរ រដ្ឋាភិបាលត្រូវកែលម្អផ្ទៃក្នុងកម្ពុជា រួមមាន បញ្ហាអសន្តិសង្គម អំពើចោររកម្ម ការរំលោភសិទ្ធិមនុស្ស ការធ្លាក់ចុះប្រជាធិបតេយ្យ និងអំពើពុករលួយជាដើម។
លោក សឹង សែនករុណា៖ «រឿងរថយន្ត រឿងទំនើប រឿងតារាអីនេះវានៅប្រទេសគេជឿនលឿន តែបើយើងមើលពីទិដ្ឋភាពនៅប្រទេសយើង នៅក្នុងប្រទេសកម្ពុជាយើងប្រទេសយើងកំពុងតែរងទុក្ខ ដំណាំក៏រឿងស្ងួតលក់មិនបានថ្លៃ ប្រជាជនចំណាកស្រុកផង ឈប់បំណុលផង ហើយយើងទៅសម្ញែងរថយន្តទំនើបៗបែបហ្នឹងខ្ញុំយល់ថា វាជារឿងមួយដែលមិនសមទេដែលឲ្យប្រជាពលរដ្ឋកម្ពុជាបានឃើញ»។
ព្រឹត្តិការណ៍ ហ្គាំបល ៣០០០នេះ គេសង្កេតឃើញថាអ្នកចូលរួម ភាគច្រើនជាជនជាតិខ្មែរ ដែលជាកូនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សាច់ញាតិក្រុមឧកញ៉ា និងអ្នកមានលុយមានអំណាច ហើយមានជនបរទេសតិចតួចប៉ុណ្ណោះ។
ព្រឹត្តិការណ៍ជួបជុំឡានអន្តរជាតិ ហ្គាំបល ៣០០០ លើកទី២៥ (2024 Gumball 3000 Rally) នឹងធ្វើឡើងនៅតំបន់អាស៊ី ដែលចេញដំណើរពីទីក្រុងហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម (Vietnam) ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយបន្តដំណើរទៅទីក្រុងបាងកក (Bangkok)ប្រទេសថៃ (Thailand) រួចឆ្ពោះទៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) ហើយគោលដៅចុងក្រោយនៅប្រទេសសិង្ហបុរី (Singapore) ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកញ្ញា៕
សម្រាប់លោកអ្នកនាងកញ្ញា ដែលអានអត្ថបទទាក់ទងរឿងនេះជាភាសាអង់គ្លេស សូមចុចលើចំណងជើងនេះ៖ Angkor temple complex plays host to international luxury car rally
Some 130 luxury cars were on display at Cambodia’s Angkor temple complex on Tuesday for the Gumball 3000 – an international car rally that raises money for charity by showcasing iconic vehicles at scenic sites.
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។