គណបក្ស សម រង្ស៊ី បានធ្វើពហិការមិនព្រមចូលរួមក្នុងការបង្កើតគណៈកម្មការបោះឆ្នោតជ្រើសរើសមេភូមិ នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១១ ដោយចោទប្រកាន់ថា ការបង្កើតគណៈកម្មការដើម្បីឈានទៅធ្វើការបោះឆ្នោតជ្រើសរើសមេភូមិ នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ ធ្វើឡើងខុសច្បាប់ និងមានភាពអយុត្តិធម៌ចំពោះគណបក្ស សម រង្ស៊ី។
សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី លោក មាន សារិទ្ធិ បានថ្លែងកាលពីថ្ងៃពុធ ទី២២ ខែមិថុនា ថា មន្ត្រីមូលដ្ឋានរបស់គណបក្សប្រជាជន កំពុងប្រើអំណាចរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសមេភូមិនៅឆ្នាំ២០១១នេះ ៖ «សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ជាប់ឆ្នោតនៅសាលាសង្កាត់ប៉ោយប៉ែត គឺមានបីរូបហ្នឹង គឺមិនទាន់បានធ្វើការផ្លាស់ប្ដូរបានត្រឹមត្រូវទេ ហើយក្រុមប្រឹក្សាសង្កាត់របស់ សម រង្ស៊ី ហ្នឹង គេមិនឲ្យសិទ្ធិធ្វើការជ្រើសរើសបេក្ខជនមេភូមិដាក់ចូល តើយើងចូលរួមបោះឆ្នោតទាំងខុសច្បាប់ហ្នឹងយ៉ាងម៉េច?»។
កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំគ្នា ដោយមានមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា គណបក្ស នរោត្តម រណឫទ្ធិ និងគណបក្ស សម រង្ស៊ី ដើម្បីបង្កើតគណៈកម្មការបោះឆ្នោតជ្រើសរើសមេភូមិចំនួន ២៣ភូមិ នៅក្នុងសង្កាត់ប៉ោយប៉ែត នៅឆ្នាំ២០១១។
លោក សាន ស៊ានហូ ចៅសង្កាត់ប៉ោយប៉ែត និងជាប្រធានគណៈកម្មការបោះឆ្នោតជ្រើសរើសមេភូមិសម្រាប់ឆ្នាំ២០១១នេះ មិនអាចទាក់ទងសុំប្រតិកម្មជុំវិញបញ្ហាខាងលើនេះទេ។ ប៉ុន្តែលោក ទ្រី ណារិន អភិបាលក្រុងប៉ោយប៉ែត បានប្រតិកម្មថា ការធ្វើពហិការមិនចូលរួម គឺជាសិទ្ធិរបស់គណបក្ស សម រង្ស៊ី។ ចំណែកអាជ្ញាធរសង្កាត់ប៉ោយប៉ែត គឺបានអនុវត្តទៅតាមច្បាប់ដែលកំណត់ដោយក្រសួងមហាផ្ទៃ។
លោក ទ្រី ណារិន បន្តដូច្នេះ ៖ «ការពិតពួកគាត់ជាអ្នកខូចទេ។ គាត់ដឹងថា គ្នាគាត់មានបីនាក់ គឺមិនជាប់ទេ អ៊ីចឹងគាត់ធ្វើពហិការ អានេះជារឿងរបស់គាត់ ប៉ុន្តែកូរ៉ុមហ្នឹង គណបក្សប្រជាជនជាអ្នកឈ្នះ ៧កៅអី ក្នុងចំណោម ១១ មានន័យថា គាត់ជាអ្នកខូច»។
លោក ទ្រី ណារិន អភិបាលក្រុងប៉ោយប៉ែត បានព្រមានថា ការធ្វើពហិការរបស់គណបក្ស សម រង្ស៊ី នឹងត្រូវទទួលបានលិខិតព្រមានតាមបទបញ្ជាផ្ទៃក្នុងរបស់សង្កាត់ ហើយបើសិនជាគណបក្ស សម រង្ស៊ី ខកខានជាលើកទី២ នឹងមានការធ្វើលិខិតព្រមានដាក់ទៅក្រសួងមហាផ្ទៃ ដកចេញពីមុខតំណែង។
កាលពីឆ្នាំ២០០៦ នៅសង្កាត់ប៉ោយប៉ែត ធ្លាប់មានការបោះឆ្នោតជ្រើសរើសមេភូមិរួចម្ដងទៅហើយ ដោយនៅគ្រានោះ គណបក្ស សម រង្ស៊ី ឈ្នះបាន ៥ភូមិ គណបក្សប្រជាជនបាន ៤ភូមិ និងគណបក្សហ៊្វុនស៊ិនប៉ិច បាន ២ភូមិ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនោះត្រូវបានក្រសួងមហាផ្ទៃ មិនទទួលស្គាល់។
នៅឆ្នាំ២០១១នេះ ការបោះឆ្នោតជ្រើសរើសមេភូមិថ្មី នឹងត្រូវធ្វើឡើងជាថ្មីម្ដងទៀតនៅក្នុងសង្កាត់ប៉ោយប៉ែត បន្ទាប់ពីក្រសួងមហាផ្ទៃ បានប្រកាសបង្កើតភូមិថ្មីចំនួន ១២។ សរុបជារួមទៅនៅក្នុងសង្កាត់ប៉ោយប៉ែត មានភូមិកើតឡើងរហូតទៅ ២៣ភូមិ នៅឆ្នាំ២០១១នេះ៕