លោក សុន ឆ័យ សុំឲ្យនាយករដ្ឋមន្ត្រីជួយបញ្ឈប់សកម្មភាពយកដី និងព្រៃជនជាតិដើមភាគតិច បញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងដកយកដីសម្បទានដែលមិនបានអនុវត្តត្រឹមត្រូវមកដាក់ជាសម្បត្តិរដ្ឋវិញ។
លិខិតដែលចេញនៅថ្ងៃទី១៦ ខែសីហា ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន និងបណ្ដឹងស្ដីពីសកម្មភាពកេងបំបាត់ និងលួចប្លន់ដីស្រែចម្ការ និងព្រៃវិលជុំរបស់ជនជាតិភាគតិចជាច្រើនកន្លែងដោយក្រុមហ៊ុនបរទេសមួយចំនួនដែលទទួលបានសម្បទានដីព្រៃពីរដ្ឋាភិបាលមក លោក និងសហការីរបស់លោកបានចុះទៅពិនិត្យជាក់ស្ដែងដល់ទីកន្លែង និងបានឃើញសកម្មភាពបោកបញ្ឆោត គំរាមកំហែង និងលួចបន្លំដែលក្រុមហ៊ុនបានប្រព្រឹត្តមកលើជនជាតិដើមភាគតិច ដើម្បីរឹបអូសយកដីស្រែចម្ការ និងព្រៃ ដែលសហគមន៍ជនជាតិទាំងនេះបានរស់នៅជាយូរលង់ណាស់មកហើយ។
អ្នកតំណាងរាស្ត្រ លោក សុន ឆ័យ អះអាងថា សំណើរបស់លោកគឺយោងតាមច្បាប់ភូមិបាលដែលពាក់ព័ន្ធនឹងកម្មសិទ្ធិរួមរបស់ជនជាតិភាគតិចលើទឹកដីសហគមន៍៕