លោក សុរិយា ស៊ូប៊ែឌី រិះគន់​បញ្ហា​សិទ្ធិ​លើ​ដីធ្លី​នៅ​កម្ពុជា

លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​លើក​ទី៨ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មក​កាន់​កម្ពុជា ហើយ​នៅ​ថ្ងៃ​ទី១៤ ធ្នូ នេះ។
ដោយ ខែ សុណង
2012.12.14

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២ នា​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រាជធានី​ភ្នំពេញ លោក សុរិយា ស៊ូប៊ែឌី បាន​លើក​ឡើង​ថា នៅ​ក្នុង​ពេល​បំពេញ​បេសកកម្ម​នេះ លោក​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​ឡាយ​នៅ​ក្នុង​សង្គម​កម្ពុជា រាប់​ទាំង​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន បុគ្គល​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា។

លោក​បាន​លើក​ឡើង​ថា កម្ពុជា បាន​បន្ត​អនុវត្ត​បាន​ល្អ​លើ​សូចនាករ​ជាច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច គាំទ្រ​ដោយ​ស្ថិរភាព​នយោបាយ។ ប៉ុន្តែ​លោក​បាន​រិះគន់​បញ្ហា​សិទ្ធិ​លើ​ដីធ្លី​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​កម្ពុជា និង​មាន​កង្វល់​ជាច្រើន​អំពី​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដូចជា​កង្វះ​តម្លាភាព ផល​ប៉ះពាល់​របស់​កម្មវិធី​នេះ​ទៅ​លើ​ជន​ជាតិ​ដើម​ភាគ​តិច និង​អំពី​របៀប​ជ្រើស​រើស​សហគមន៍​ដែល​ត្រូវ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។

នៅ​ក្នុង​សន្និសីទ​នេះ​ដែរ លោក សុរិយា ស៊ូប៊ែឌី បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​លោក​មិន​អាច​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ​ពិភាក្សា​ក្នុង​ជួរ​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ទាំង​អស់​នេះ។

លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា បញ្ហា​ប្រឈម​របស់​កម្ពុជា នេះ លោក​នឹង​ដាក់​ក្នុង​របាយការណ៍​របស់​លោក​ជូន​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

លោក សុរិយា ស៊ូប៊ែឌី បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា លើក​ទី៨ មាន​រយៈពេល ៥​ថ្ងៃ គឺ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៩ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។