គ្រូ​បង្រៀន​ជួប​បញ្ហា​ប្រឈម​៣

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បង្ហាញ​លទ្ធផល​នៃ​ការ​អង្កេត​ថ្នាក់​ជាតិ ទៅ​លើ​វិស័យ​អប់រំ​ឆ្នាំ​២០១១ ចំនួន ១៧​ខែត្រ ក្រុង បាន​រក​ឃើញ​បញ្ហា​ធំៗ​បី ដែល​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស​កំពុង​ប្រឈម​មុខ គឺ​បញ្ហា​ប្រាក់​ខែ អំពើ​ពុករលួយ ខ្វះខាត​ការ​ផ្គត់ផ្គង់ ការ​បណ្ដុះបណ្ដាល និង​សម្ភារៈ​សិក្សា។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ឧសភា ថា វិស័យ​អប់រំ​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ ដោយសារ​តែ​ប្រាក់​បៀវត្សរ៍​តិច និង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​អប់រំ ដែល​ជា​បញ្ហា​ចម្បង។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​១ ឧសភា បាន​សរសេរ​ថា លោកគ្រូ អ្នកគ្រូ​ជាង ៧០០​នាក់​នៅ​ចំនួន ១៧​ខែត្រ ក្រុង បាន​ឆ្លើយ​តប​ទៅ​នឹង​​កម្រង​សំណួរ​បិទ និង​សំណួរ​បើក​នៃ​ការ​អង្កេត​នេះ បាន​បង្ហាញ​ថា មាន​គ្រូ​ចំនួន ៨៥% មិន​បាន​ចូល​រួម​ធ្វើការ​សម្រេច​ចិត្ត​នៅ​ក្នុង​សាលា​របស់​ពួកគេ និង​ទទួល​បាន​ព័ត៌មាន​ពី​ការ​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​បាន​ច្បាស់លាស់​ឡើយ។ គ្រូ​មិន​ធ្លាប់​បាន​ឮ​អំពី​គោលនយោបាយ​អប់រំ​របស់​ក្រសួង​អប់រំ​មាន ៤៥% គ្រូ​គិត​ថា គ្មាន​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​អប់រំ​មាន ៤៥% និង​គ្រូ​គិត​ថា វិស័យ​អប់រំ​ធ្លាក់​ចុះ​មាន ៣៩%។

លោក រ៉ុង ឈុន បាន​លើក​ឡើង​ថា គោលនយោបាយ​អប់រំ​ថ្នាក់​ជាតិ​របស់​ក្រសួង​គឺ​ល្អ​ណាស់ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​មិន​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​ក្រសួង​នោះ​ទេ មាន​ន័យ​ថា អំពើ​ពុករលួយ​នៅ​តែ​កើត​មាន​ពី​ក្នុង​វិស័យ​អប់រំ​នេះ ដែល​ជា​កត្តា​រាំង​ស្ទះ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​នេះ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី មិនបានធ្វើការអធិប្បាយជុំវិញ និងករណីនេះ​ទេនៅថ្ងៃទី២ឧសភា។ រីឯអនុរដ្ឋលេខាធិការនៃក្រសួងនេះ លោក ស្រី ទន់ សាអ៊ីមបានឆ្លើយថា បាន​ឲ្យ​ថា​ជាប់រវល់។

ទោះ​ជា​យ៉ាងណា​ក៏ដោយ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម លោក ជាម យៀប បាន​ពន្យល់​ថា គោលការណ៍​របស់​រដ្ឋាភិបាល គឺ​ផ្ដល់​ថវិកា​ជាតិ​ទៅ​ដល់​ក្រសួង​ជា​អាទិភាព មាន​ដូច​ជា​ក្រសួង​អប់រំ ក្រសួង​កសិកម្ម ក្រសួង​ដែនដី​នគរូបនីយកម្ម ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​សុខាភិបាល ក្រសួង​ធនធាន​ទឹក និង​សមាគម​នារី ដែល​សភា​បាន​បង្កើន​ថវិកា​ជាតិ​កាល​ពី​ឆ្នាំ​២០១០ ចំនួន ១៨% បន្ថែម​ទៀត ផ្ដល់​ជូន​ស្ថាប័ន​ទាំង​នេះ។

លោក រ៉ុង ឈុន បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​បង្កើន​គុណភាព​វិស័យ​អប់រំ គឺ​រដ្ឋាភិបាល​ត្រូវ​ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន ដើម្បី​កុំ​ឲ្យ​គ្រូ​បង្រៀន​បង្កើត​មុខ​របរ​ទី​ពីរ ព្រោះ​ប៉ះពាល់​ការ​បង្រៀន ផ្ដល់​សម្ភារៈ​សិក្សា​ឲ្យ​បាន​គ្រប់​នៅ​តាម​សាលា​នីមួយៗ កាត់​បន្ថយ​ចំនួន​សិស្ស​ក្នុង​ថ្នាក់​កុំ​យក​បរិមាណ​ច្រើន​តែ​គ្មាន​គុណភាព​នោះ។

លោក រ៉ុង ឈុន ក៏​បាន​លើក​ឡើង​ដែរ​ថា លោក​នឹង​ធ្វើការ​ប្រកាស​របាយការណ៍​អង្កេត​នេះ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ក៏​នឹង​ផ្ញើ​ជូន​ទៅ​ក្រសួង​អប់រំ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ផង​ដែរ៕