ថៃ​អរគុណ​កម្ពុជា​ដែល​ដោះលែង​ពលរដ្ឋ​ខ្លួន​៣​នាក់

មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា គេ​សូម​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សម្រេច​ដោះលែង​ប្រជាពលរដ្ឋ​ថៃ ៣​នាក់ ដែល​តុលាការ​ខេត្ត​សៀមរាប បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ​ពី​បទ​​​ឆ្លង​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ និង​ប្រើប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ជួប​ជុំ​គ្រួសារ​នៅ​ឯ​ប្រទេស​ថៃ​វិញ​នោះ។

លោក សុវ៉ាត កែវស៊ូក (Suwat Kaesook) ទីប្រឹក្សា​អម​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែ​ធ្នូ ដោយ​ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ខ្មែរ​ ក្នុង​ការ​ដោះលែង​ប្រជាពលរដ្ឋ​ថៃ ៣​នាក់​នោះ ប្រៀប​ដូច​ជា​កា​ដូរ​​នៃ​ការ​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​​រវាង​ថៃ និង​កម្ពុជា​ផង​ដែរ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា បុរស​ជនជាតិ​ថៃ​ទាំង ៣​នាក់​នោះ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​វិល​ត្រឡប់​​ទៅ​ប្រទេស​ថៃ​វិញ​ហើយ កាល​ពី​ថ្ងៃ​ត្រង់ ថ្ងៃ​អង្គារ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ៖ «ខ្ញុំ​បញ្ជូន​គាត់​ត្រឡប់​ទៅ​ថៃ តាម​ច្រក​អន្តរជាតិ​ជាំសាង៉ាំ អន្លង់វែង។ ថ្ងៃ​ត្រង់​ថ្ងៃ​នេះ​ស្ថានទូត​គាត់​បាន​ទទួល​ប្រជាពលរដ្ឋ ៣​នាក់​នោះ​យ៉ាង​ឆាប់​រហ័ស។ ទទួល​បាន​ការ​អនុគ្រោះ​យ៉ាង​ល្អ​ពី​ខាង​កម្ពុជា ក៏​ដូចជា​ខាង​អាជ្ញាធរ​កង​រាជ​អាវុធហត្ថ និង​ក្រុម​អន្តោប្រវេសន៍​​នៅ​ច្រក​អន្លង់វែង។ ប្រជាពលរដ្ឋ​ថៃ ៣​នាក់ បាន​ឆ្លង​ដែន ហើយ​បាន​ស្វាគមន៍​ដោយ​ខាង​អភិបាល​រង​ខេត្ត​សុរិន្ទ គាត់​បាន​រៀបចំ​ក្រុម​គ្រួសារ​របស់​គាត់​មក​ជួប​នៅ​ច្រក​ព្រំដែន»

បុរស​ជនជាតិ​ថៃ​ទាំង ៣​នាក់​នោះ ឈ្មោះ សាណង វង់ចារើន ឈ្មោះ លែម ភួងភេត និង​ឈ្មោះ លេន សាបសិរី ជា​អ្នក​ស្រុក​សាំងខាក់ ខេត្ត​សុរិន្ទ។ អ្នក​ទាំង ៣​នាក់​នោះ ត្រូវ​ប៉ូលិស​ការពារ​ព្រំដែន​គោក​របស់​ខ្មែរ​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី​១៨ ខែ​សីហា កន្លង​មក នៅ​តំបន់​តាទុំ ចន្លោះ​បង្គោល​ឡាក់​ព្រំដែន​ខ្មែរ-​ថៃ​លេខ​៩ និង​លេខ​១០ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​ឆ្លង​ចូល​មក​ក្នុង​ដី​ខ្មែរ​ជម្រៅ​ជាង ៣០០​ម៉ែត្រ ដោយ​មាន​អាវុធ​ច្នៃ ព្រម​ទាំង​គ្រាប់​ជា​ច្រើន​ជាប់​នឹង​ខ្លួន​ផង។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ មន្ត្រី​ថៃ បាន​អះអាង​ថា ព្រះមហាក្សត្រ​ខ្មែរ​បាន​សព្វ​ព្រះរាជហឫទ័យ​លើក​លែង​ទោស​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​ទាំង ៣​នាក់​នោះ បន្ទាប់​ពី​មាន​ជំនួប​រវាង​លោក កាស៊ិត ភីរម្យ (Kasit Piromya) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ និង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា៕