ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ចោទ​ក្រុមហ៊ុន​ដឹក​ដី​ថា​បំពុល​បរិស្ថាន

ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ជា​ច្រើន​នាក់​កំពុង​នាំ​គ្នា​ផ្ដិត​មេ​ដៃ​ប្ដឹង​ក្រុមហ៊ុន​ឡាន​ដឹក​ដី​មួយ ដែល​បាន​បើក​បរ​បង្ហុយ​ដី​មក​លើ​អ្នក​ភូមិ និង​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ខ្លះ​ជួប​ប្រទះ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម។
ដោយ មណ្ឌល កែវ
2011.03.22
Share on WhatsApp
Share on WhatsApp

ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ទឹក​ហូត ឈ្មោះ ម៉ុម អន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ថា​ក្រុមហ៊ុន​ឡាន​ដឹក​ដី​មួយ ដែល​មាន​ថៅកែ​ឈ្មោះ ម៉ម ចន្ថា និង​មេ​ការ​ឈ្មោះ សុង បាន​ដឹក​ដី​តាម​ផ្លូវ​ភូមិ​ដែល​បណ្ដាល​ឲ្យ​ធូលី​ដី​ហុយ​សំពោង ប្រឡាក់​ផ្ទះ​សម្បែង និង​បណ្ដាល​ឲ្យ​ខូច​សុខភាព​អ្នក​ភូមិ​យ៉ាង​ខ្លាំង។ ប្រជា​ពល​រដ្ឋ​រូប​នេះ​បន្ត​ថា គាត់​បាន​ដាក់​បណ្ដឹង​ទៅ​អាជ្ញាធរ​ដែន​ដី​ឃុំ និង​ស្រុក ឲ្យ​ជួយ​ដោះ​ស្រាយ​ក្តី​កង្វល់​នេះ​ជូន​ប្រជា​ពល​រដ្ឋ​ដែរ តែ​ហាក់​ពុំ​ទទួល​លទ្ធផល​អ្វី​ឡើយ។

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ នន់ ចំរើន បន្ថែម​ថា ក្រុមហ៊ុន​នេះ​មិន​ត្រឹម​តែ​បើក​បរ​បង្ហុយ​ធូលី​មក​លើ​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​បើក​បរ​ក្នុង​ល្បឿន​លឿន​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ចៅ​អ្នក​ភូមិ​ទៀត​ផង។

ប្រភព​ពី​ប្រជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឡាន​ដឹក​ដី​នេះ មាន​សំអាង​ខ្នង​បង្អែក​ជា​មន្ត្រី​ខេត្ត ទើប​គេ​មិន​សូវ​ខ្លាច​ញញើត​នរណា​ឡើយ ហើយ​គេ​ដឹក​ដី​នេះ​ទៅ​លក់​ឲ្យ​ឡ​ឥដ្ឋ​នានា ដែល​មាន​ទីតាំង​នៅ​ក្នុង​ឃុំ​ទឹក​ហូត​នេះ​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក ម៉ម ចន្ថា ប្រធាន​ក្រុមហ៊ុន​រថ​យន្ត​ដឹក​ដី​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២២ មីនា​នេះ។ ប៉ុន្តែ​មេ​ការ​ក្នុង​ក្រុមហ៊ុន​គឺ​លោក សុង បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ។

ជំទប់​ទី​១ ឃុំ​ទឹក​ហូត គឺ​លោក ជ័យ ម៉ូត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​កិច្ច​សន្យា​ថា ពេល​បើក​បរ​ក្នុង​ភូមិ ត្រូវ​ប្រើ​ល្បឿន​តាម​ច្បាប់​កំណត់ និង​ត្រូវ​ស្រោច​ទឹក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ធូលី​ហុយ​មក​លើ​ប្រជា​ពល​រដ្ឋ។ លោក​ជំទប់​បន្ត​ថា អាជ្ញាធរ​កំពុង​ធ្វើ​ការ​សម្របសម្រួល​ជម្លោះ​នេះ​ហើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក​មន្ត្រី​ជំនាញ​ផ្នែក​ជលផល​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ មីនា​នេះ។ ប៉ុន្តែ​ប្រភព​ពី​ប្រជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​ក្រុមហ៊ុន​កំពុង​ជីក​យក​ដី​នេះ គឺ​នៅ​ក្នុង​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្ថិត​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ដែល​ជា​តំបន់​ហាម​ឃាត់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។