អាមេរិក​ប្រារព្ធ​ខួប​៥០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​ភ្នាក់ងារ​ភីសខ័រ

មន្ត្រី​ជាន់​ខ្ពស់​ស្ថាន​ទូត​អាមេរិក​អះអាង​ពី​ការ​បញ្ជូន​អ្នក​ស្ម័គ្រ​ចិត្ត​ភ្នាក់ងារ​ភីសខ័រ (Peace Corps) ឬ​មន្ត្រី​អង្គទូត​សន្តិភាព មក​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​អនាគត។

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១១ បាន​ប្រារព្ធ​ខួប​លើក​ទី​៥០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​អ្នក​ស្ម័គ្រ​ចិត្ត​ភ្នាក់ងារ ភីស​ខ័រ Peace Corps ) របស់​ខ្លួន ដោយ​បាន​បង្ហាញ​ពី​ភាគ​ជោគ​ជ័យ​ក្នុង​ការ​ងារ​នៅ​កម្ពុជា។

លោក​ស្រី ខារ៉ូល រ៉ុដលី (Carol Rodley) ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​៥០​ឆ្នាំ នៅ​ចំពោះ​មុខ​អង្គ​ទូត​សន្តិភាព​ថា បេសកកម្ម​ភីសខ័រ​នៅ​កម្ពុជា ប្រយោជន៍​ផ្ដល់​ជំនាញ ចំណេះ​ដឹង និង​ឯក​ទេស​ទាក់​ទង​វិស័យ​អប់រំ កសិកម្ម បរិស្ថាន ការ​អភិវឌ្ឍ​ជំនួញ​ខ្នាត​តូច វិស័យ​សុខាភិបាល បង្រៀន​ភាសា​អង់គ្លេស ព្រម​ទាំង​បច្ចេកវិជ្ជា​កុំព្យូទ័រ​ដល់​យុវជន​តាម​សាលា​ផង​ដែរ។

លោក​ស្រី​បន្ត​ថា ចាប់​ពី​ឆ្នាំ​២០០៧​មក សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ភ្នាក់ងារ​ភីសខ័រ​មក​កម្ពុជា ១​ឆ្នាំ​ៗ ប្រមាណ ៨០​នាក់ ដោយ​បញ្ជូន​ទៅ​ដល់​សហគមន៍​តាម​ជនបទ ដោយ​អង្គ​ទូត​សន្តិភាព បាន​ផ្ដល់​នូវ​ជំនាញ​ដល់​យុវជន និង​ពល​រដ្ឋ​តាម​សហគមន៍​ចំនួន ១៤​ខេត្ត​ក្រុង​នៅ​កម្ពុជា។

លោក​ស្រី​ទូត​បន្ត​ថា ទៅ​ថ្ងៃ​អនាគត​សហ​រដ្ឋ​អាមេរិក​នឹង​បញ្ជូន​ភ្នាក់ងារ​ភីសខ័រ​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​បទ​ពិសោធន៍​ការងារ ជា​ពិសេស​ជំនាញ​ភាសា​អង់គ្លេស​ដល់​យុវជន​ខ្មែរ​ឲ្យ​បាន​ច្រើន​នៅ​តាម​សាលា​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត។

ចំណែក​ក្រុម​អង្គ​ទូត​សន្តិភាព ដែល​បាន​ចូល​រួម​ប្រារព្ធ​ខួប​លើក​ទី ៥០​ឆ្នាំ នា​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា បាន​ថ្លែង​ប្រហាក់​ប្រហែល​គ្នា​ថា បេសកកម្ម​របស់​ពួក​គេ​មក​កម្ពុជា គ្មាន​អ្វី​ក្រៅ​ពី​ចែក​រំលែក​ជំនាញ និង​ចំណេះ​ដល់​ពល​រដ្ឋ​កម្ពុជា ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា តាម​រយៈ​សកម្មភាព​ចុះ​ផ្ទាល់​តាម​មូលដ្ឋាន។

មន្ត្រី​អង្គ​ទូត​សន្តិភាព​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​ឲ្យ​ដឹង​ថា វត្ត​មាន​របស់​ពួក​គេ​មក​កម្ពុជា ក្រៅ​ពី​ផ្ដល់​ជំនាញ​ដល់​យុវជន​ខ្មែរ ពួក​គេ​ក៏​បាន​សិក្សា​ពី​វប្បធម៌ ប្រពៃណី​ខ្មែរ និង​រៀន​និយាយ​ភាសា​ខ្មែរ​ផង​ដែរ ៖ «សកល​វិទ្យាល័យ​ភ្នំពេញ​ខ្ញុំ​បង្រៀន​អំពី​ប្រវត្តិ​សាស្ត្រ​តំបន់​អាស៊ី​អាគ្នេយ៍។ ធ្វើ​ការ​នៅ​ទីនេះ ខ្ញុំ​ធ្វើ​ការ​ជា​មួយ​ជន​ជាតិ​ខ្មែរ​ល្អ»

លោកស្រី ភឿង សកូណា រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៥០​ឆ្នាំ ថ្ងៃ​បង្កើត​ភ្នាក់ងារ​ភីសខ័រ បាន​ចាត់​ទុក​វត្តមាន​ភ្នាក់ងារ​ភីសខ័រ​នៅ​កម្ពុជា ថា​បាន​ចូល​រួម​ចំណែក​ជំរុញ​ឲ្យ​វិស័យ​អប់រំ​កម្ពុជា​មាន​ការ​រីក​ចំរើន ពិសេស​ជំនាញ​ភាសា​អង់គ្លេស​ដល់​យុវជន​កម្ពុជា។ បន្ថែម​លើ​នេះ លោក​ស្រី​ចង់​ឲ្យ​វត្ត​មាន​ភ្នាក់ងារ​ភីសខ័រ​សហ​រដ្ឋ​អាមេរិក​មាន​ចំនួន​កាន់​តែ​ច្រើន​នៅ​កម្ពុជា ដើម្បី​ជួយ​ផ្ដល់​ជំនាញ​ទាក់​ទង​ការ​អប់រំ កសិកម្ម បរិស្ថាន ក៏​ដូច​ជា​បញ្ហា​សុខភាព​ជា​ដើម បាន​ដល់​ពល​រដ្ឋ​នៅ​តាម​មូលដ្ឋាន ពិសេស​ផ្ដល់​ការ​យល់​ដឹង​ពី​បំណិន​ជីវិត​ដល់​យុវជន​កម្ពុជា​សម្រាប់​រៀប​ចំ​ខ្លួន​នៅ​ថ្ងៃ​អនាគត ៖ «ជួយ​ប្រទេស​ដែល​ត្រូវ​ការ​ជំនួយ ជួយ​ជន​ជាតិ​កម្ពុជា​យើង​ឲ្យ​បាន​យល់​ច្បាស់​ពី​ជន​ជាតិ​អាមេរិកាំង ហើយ​ពេល​ពួក​គាត់​ត្រឡប់​ទៅ​វិញ គាត់​អាច​និយាយ​អំពី​ជន​ជាតិ​កម្ពុជា​យើង​ឲ្យ​ជន​ជាតិ​អាមេរិក​បាន​ដឹង»

មន្ត្រី​ស្ថាន​ទូត​អាមេរិក​ឲ្យ​ដឹង​ថា តាម​ការ​អញ្ជើញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា មន្ត្រី​អង្គ​ទូត​សន្តិភាព សហ​រដ្ឋ​អាមេរិក បាន​បើក​ការិយាល័យ​របស់​ខ្លួន នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៦ ហើយ​គិត​មក​ដល់​ឆ្នាំ​២០១១ មាន​អ្នក​ស្ម័គ្រ​ចិត្ត​សរុប​ជិត ២០០​នាក់ បាន​ចុះ​ធ្វើ​ការ​តាម​គោលដៅ​តាម​ខេត្ត​ក្រុង​ចំនួន​១៤ ក្នុង​ចំណោម​២៤​ខេត្ត-ក្រុង​ទូទាំង​ប្រទេស​កម្ពុជា។

អ្នក​ស្ម័គ្រ​ចិត្ត​អង្គ​ទូត​សន្តិភាព ត្រូវ​បាន​ជ្រើស​រើស​ដោយ​យក​ចិត្ត​ទុក​ដាក់​នៅ​អាមេរិក ដោយ​ភ្នាក់​ងារ​ភីសខ័រ​ទាំង​បុរស និង​ស្ត្រី ត្រូវ​មាន​អាយុ​ពី​២២ ដល់​៧៥​ឆ្នាំ ជា​តំណាង​ឲ្យ​ជន​ជាតិ​ខុសៗគ្នា ក្នុង​សហ​រដ្ឋ​អាមេរិក។ អ្នក​ស្ម័គ្រ​ចិត្ត​ភ្នាក់ងារ​ភីសខ័រ សុទ្ធ​តែ​បាន​បញ្ចប់​សញ្ញាប័ត្រ​ពី​សាកល​វិទ្យាល័យ​នៅ​សហ​រដ្ឋ​អាមេរិក។ អ្នក​ស្ម័គ្រ​ចិត្ត​ភ្នាក់ងារ​ភីសខ័រ បាន​ធ្វើ​ការ​ជិត​ស្និទ្ធ​ក្នុង​ប្រទេស​ជិត ១៤០​ប្រទេស​នៅ​លើ​ពិភព​លោក។

មន្ត្រី​អង្គទូត​សន្តិភាព​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក ចន ខេននីឌី (John F. Kennedy) ក្នុង​ឆ្នាំ​១៩៦១ មាន​គោលដៅ​លើក​កម្ពស់​សន្តិភាព និង​មិត្តភាព​ជា​អន្តរ​ជាតិ តាម​រយៈ​សេវា​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​នៅ​ឯ​នាយ​សមុទ្រ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា និង​មិន​គិត​ពី​ប្រាក់​ចំណេញ​នៃ​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ៕