យុវជន​វៀតណាម​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​នៅ​ក្រុង​តូក្យូ

ជន​ជាតិ​វៀតណាម​ប្រមាណ ២០០​នាក់ ភាគ​ច្រើន​ជា​យុវជន បាន​នាំ​គ្នា​ដើរ​ជា​ក្បួន​បាតុកម្ម​នៅ​កណ្តាល​ក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​សៅរ៍ ទី​២៥ មិថុនា ដោយ​ពាក់​អាវ​យឺត​មាន​ទង់​ជាតិ​របស់​ខ្លួន ប្រឆាំង​នឹង​ប្រទេស​ចិន ក្នុង​ជម្លោះ​ជា​មួយ​វៀតណាម រឿង​ដណ្ដើម​កាន់​កាប់​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

បាតុករ​វៀតណាម​ដើរ​កាត់​សង្កាត់​ពាណិជ្ជកម្ម​ឆើត​ឆាយ ឈ្មោះ Roppongi និង Ebisu ក្នុង​ចម្ងាយ​ជា​ច្រើន​គីឡូ​ម៉ែត្រ ដោយ​បន្ទរ​នូវ​ពាក្យ​ស្លោក​ថា កុំ​សម្លាប់​អ្នក​នេសាទ​ក្នុង​ស្រុក​វៀតណាម ជា​ភាសា​ជប៉ុន។ ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ដោយ​អហិង្សា ដែល​គេ​ស្គាល់​ថា​ជា​សមាគម​វៀតណាម​ការ​ពារ​សន្តិភាព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ប្រាប់​អ្នក​កាសែត​ជា​ភាសា​ជប៉ុន​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ជន​ជាតិ​វៀតណាម​រស់​នៅ​ប្រទេស​ជប៉ុន បាន​ធ្វើ​បាតុកម្ម​ប្រភេទ​នេះ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន អាអែហ្វប៉េ (AFP) បដា​ខ្លះ​មាន​សរសេរ​ពាក្យ​ស្លោក​ជា​ភាសា​អង់គ្លេស​ថា "គំនិត​ចិន គឺ​អ្វី​ជា​របស់​យើង គឺ​ជា​របស់​យើង។ អ្វី​ជា​របស់​អ្នក ក៏​ជា​របស់​យើង​ដែរ"៕