អង្គសមាជគណបក្សកម្លាំងជាតិ បានសម្រេចជ្រើសរើសអតីតមេដឹកនាំសហជីព គឺលោក ជា មុនី ជាប្រធានគណបក្ស និងជ្រើសរើសលោក សុខ គឹមសេង អនុប្រធាន និងបានផ្ដល់សេចក្ដីទុកចិត្តដល់សមាជិកគណៈកម្មាធិការនាយកថ្មីចំនួន៣៥នាក់។ ចំណែកលោក រ៉ុង ឈុន ដែលកំពុងមានក្ដីក្ដាំនៅតុលាការ បន្តធ្វើជាទីប្រឹក្សារបស់គណបក្សនេះដដែល។
គណបក្សកម្លាំងជាតិបានធ្វើសមាជថ្នាក់ជាតិ នៅខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមេសា ដោយមានអ្នកចូលរួមជាង២.០០០នាក់។ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃ០៧ ខែមេសា ថា គណបក្សនេះសម្រេចធ្វើសមាជជ្រើសរើសមេដឹកនាំថ្មី ព្រោះអតីតប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយ ដែលតាមច្បាប់គណបក្សនយោបាយតម្រូវឱ្យគណបក្សត្រូវឱ្យមានមេដឹកនាំថ្មី។ លោកបន្តថា នៅពេលនេះគណបក្សកំពុងរៀបចំរបាយការណ៍នៃលទ្ធផលអង្គសមាជ និងឯកសារពាក់ព័ន្ធដាក់ជូនទៅក្រសួងមហាផ្ទៃនៅក្នុងអាទិត្យនេះ។
យើងកំពុងរៀបចំរបាយការណ៍កំណត់ហេតុ និងរចនាសម្ព័ន្ធ នឹងដាក់ជូនឆាប់ៗហ្នឹងហើយបាទ។ ខ្ញុំមើលទៅដូចជាមិនមានបញ្ហាអីដែលត្រូវក្រសួងមហាផ្ទៃទាត់ចោលបដិសេធទេ ក្រសួងមហាផ្ទៃត្រូវតែទទួលស្គាល់នូវលទ្ធផលនៃសមាជគណបក្សកម្លាំងជាតិ។
— លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យដឹងថា នៅពេលក្រសួងមហាផ្ទៃបានទទួលរបាយការណ៍ពីគណបក្សកម្លាំងជាតិ ក្រសួងនឹងផ្ទៀងផ្ទាត់របាយការណ៍នោះជាមួយលក្ខន្ដិកៈរបស់គណបក្សកម្លាំងជាតិ ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ លោកបន្តថា ប្រសិនបើសមាជរបស់គណបក្សកម្លាំងជាតិ បានធ្វើស្របគ្នាទៅនឹងលក្ខន្តិកៈរបស់ខ្លួន គឺក្រសួងនឹងទទួលស្គាល់លទ្ធផលសមាជ តែបើមានកំហុសឆ្គងវិញ ក្រសួងនឹងទាមទារឱ្យគណបក្សកម្លាំងជាតិរៀបចំធ្វើសមាជជាថ្មីទៀត។
យើង (ក្រសួងមហាផ្ទៃ) យកប្រៀបធៀបជាមួយលក្ខន្តិកៈរបស់គាត់ (គណបក្សកម្លាំងជាតិ) គាត់ត្រឹមត្រូវឬមិនត្រឹមត្រូវ។ អ្វីដែលគាត់សម្រេចនៅក្នុងបក្សរបស់គាត់ យើងទទួលស្គាល់ឬអត់ ទាល់តែមានលទ្ធផលសិនបានយើងនិយាយបាន ហើយជំនាញគេមើលតាមហ្នឹង។
— លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
គណបក្សកម្លាំងជាតិបានបង្កើតឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ គណបក្សថ្មីថ្មោងនេះ ក៏ទទួលបានកៅអីក្រុមប្រឹក្សា ស្រុក ខណ្ឌ មួយចំនួនកាលពីការបោះឆ្នោតអសកលឆ្នាំ២០២៤។
លោក រ៉ុង ឈុន រំពឹងថា គណបក្សកម្លាំងជាតិ នឹងក្លាយជាគូប្រកួតប្រជែងដ៏មុតស្រួច នឹងបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
