ភាគីកម្ពុជា-ចិន បានផ្លាស់ប្ដូរឯកសារ ពាក់ព័ន្ធមួយចំនួន រួមមាន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ ព័ត៌មាន ការងារយុវជន កសិកម្ម សុខាភិបាល ធនធានទឹក ទេសចរណ៍ កិច្ចការនារី និងវិស័យផ្សេងទៀត ដែលសរុបចំនួន៣៧ ឯកសារ។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន អះអាងថា លោក ស៊ី ជីនពីង បានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងនេះមានតម្លៃ១,៧ពាន់លានដុល្លារ។ ប៉ុន្តែលោក ហ៊ុន សែន មិនទាន់បញ្ជាក់ចំនួនថវិកាដែលភាគីចិនផ្ដល់ការគាំទ្រលើគម្រោងនេះនៅឡើយទេ។
រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរលើហ្វេសប៊ុកលោកនៅយប់ទី១៧ ខែមេសាថា ចិនជាចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី ម៉ៅ នីង (Mao Ning) សរសេរលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃទី១៧ ខែមេសាថា ប្រទេសចិនគាំទ្រកម្ពុជា យ៉ាងម៉ឺងម៉ាត់ក្នុងការការពារស្ថិរភាព និងការពន្លឿនកំណើនសេដ្ឋកិច្ច។ អ្នកស្រីបន្តថា ទំនាក់ទំនងកម្ពុជា-ចិន ដើរតួនាទីជាគំរូនៃសមភាព ភាពស្មោះត្រង់ ការជឿទុកចិត្ត និងផលប្រយោជន៍ទៅវិញទៅមក។
បើទោះជាក្រុមមេដឹកនាំកម្ពុជា កំពុងរីករាយអបអរទទួលស្វាគមន៍លោក ស៊ី ជីនពីង ប៉ុន្តែពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ ដែលបាត់បង់ការងារ គឺអ្នកនាង ម៉ម សុវឌ្ឍិន បារម្ភពីវត្តមានមេដឹកនាំចិនទៅវិញទេ។
អ្នកនាងប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលកម្ពុជា អាចនឹងខ្ចីលុយចិនបន្ថែមទៀត ដែលនឹងធ្វើឱ្យកម្ពុជា ផុងខ្លួនកាន់តែជ្រៅនៃបំណុលចិន។ ពលរដ្ឋរូបនេះ បន្តទៀតថា នៅពេលសហរដ្ឋអាមេរិកកំពុងដាក់ផែនការយកពន្ធពីកម្ពុជា និងចិនខ្លាំង ហើយកម្ពុជាបង្ហាញជំហរលម្អៀងទៅចិនខ្លាំង នឹងធ្វើឱ្យសហរដ្ឋអាមេរិកដាក់ពន្ធលើកម្ពុជាកាន់តែធ្ងន់ធ្ងរគឺ៤៩ភាគរយ។
ទៅស្និទ្ធស្នាលជាមួយចិនធ្វើឱ្យអាមេរិកខឹងអ៊ីចឹង អ្នកដែលខាតបង់ អាចថាជាប្រទេសយើងអ៊ីចឹងណា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋដូចអត់សប្បាយចិត្តសោះហើយមានការព្រួយបារម្ភ។
— អ្នកនាង ម៉ម សុវឌ្ឍិន
ចំណែកអ្នកអត្ថាធិប្បាយបញ្ហានយោបាយលោក គឹម សុខ លើកឡើងថា ចិនគ្មានផែនការគាំទ្រកម្ពុជាជីកព្រែកហ្វូណនតេជោនោះទេ ប៉ុន្តែប្រកាសគាំទ្រផ្នែកហិរញ្ញវត្ថុឱ្យកម្ពុជាជីកព្រែកនៅពេលនេះ ទំនងចង់ឌឺដងឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក ព្រោះលោក ស៊ី ជីនពីង ចង់បង្ហាញថា បណ្ដាប្រទេសនៅក្នុងតំបន់ ដូចជាកម្ពុជា ឈរនៅខាងភាគីចិន ក្នុងពេលមានសង្គ្រាមពាណិជ្ជកម្ម។
ការប្រកាសជួយជីកព្រែកហ្វូណនដល់កម្ពុជាដោយចិន មែនទែនទៅជាច្រវាក់វ័ណ្ឌកកម្ពុជាទៅវិញទេ ធ្វើឱ្យលោកត្រាំកាន់តែក្ដៅចិត្តជាមួយកម្ពុជា ហើយដាក់ពន្ធពាណិជ្ជកម្មលើទំនិញកម្ពុជាដែលនាំទៅលក់នៅទីផ្សារអាមេរិកកាន់តែខ្ពស់អាចដល់កម្រិតទណ្ឌកម្មសេដ្ឋកិច្ចផង មានន័យថា កម្ពុជាបានលុយចិនជីកព្រែកមែន ក៏ប៉ុន្តែកម្ពុជា ត្រូវប្រឈមធ្លាក់វិបត្តិសេដ្ឋកិច្ចដួលប្រទេស។
— លោក គឹម សុខ
ការបង្ហាញទំនាក់ទំនងស្អិតរមួតជាថ្មីរបស់មេដឹកនាំកម្ពុជា-ចិន នៅពេលនេះ ខណៈសហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធពីកម្ពុជា៤៩ភាគ ប៉ុន្តែអាមេរិកទុកពេលឱ្យកម្ពុជា៩០ថ្ងៃ ដើម្បីចរចា។ ចំណែកប្រទេសចិន អាមេរិកប្រកាសដំឡើងពន្ធទៅដល់២៤៥ភាគរយ។
អតីតតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន លើកឡើងថា កម្ពុជាមិនត្រូវបង្ហាញជំហរណាមួយ ដែលចូលរួមពាក់ព័ន្ធនឹងការប្រកាសធ្វើសង្គ្រាមពាណិជ្ជកម្មរបស់ចិន ប្រឆាំងនឹងសហរដ្ឋអាមេរិកនោះទេ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង។ លោកបន្តថា បញ្ហានេះ នឹងធ្វើឱ្យកម្ពុជាបរាជ័យក្នុងការចរចាសុំបន្ធូរបន្ថយពន្ធពីអាមេរិក ឬសហរដ្ឋអាមេរិកអាចបន្ថែមពន្ធលើសពី៤៩% លើទំនិញកម្ពុជា។
កម្ពុជាយើងកុំឈរនៅខាងណាមួយត្រូវឈរឯករាជ្យ ហើយត្រូវបន្ទប់ឥរិយាបថចរចាជាមួយសហរដ្ឋអាមេរិក ជាពិសេសគឺត្រូវស៊ើបអង្កេត ហើយពន្យល់ឱ្យបានច្បាស់លាស់ជុំវិញបញ្ហាដែលអាមេរិករកឃើញថា កម្ពុជា យកទំនិញចិន ហើយដាក់ស្លាកថា ទំនិញកម្ពុជា នាំមកអាមេរិក។
— លោក អ៊ុំ សំអាន
កម្ពុជាជាប្រទេសចុងក្រោយដែល លោក ស៊ី ជីនពីង មកបំពេញទស្សនកិច្ច បន្ទាប់ពីប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី។ មុនពេលមកដល់កម្ពុជាលោក ស៊ី ជីនពីង ផ្ញើលិខិតដោយហៅការបំពេញទស្សនកិច្ចរបស់លោកនៅកម្ពុជា គឺមកលេងផ្ទះមិត្តភក្ដិដ៏ល្អម្នាក់។ លោកបានបញ្ជាក់ថា ចិននៅតែគាំទ្រកម្ពុជាយ៉ាងមុតមាំ ដើម្បីការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី។
ទោះជាយ៉ាងណា អ្នកវិភាគបានមើលឃើញថា ចិនកំពុងបារម្ភបាត់បង់អានុភាពពាណិជ្ជកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជា និងវៀតណាម ដែលចិនប្រើប្រាស់ជាទីកន្លែងយុទ្ធសាស្ត្រ សម្រាប់គេចពន្ធពីសហរដ្ឋអាមេរិក ក្រោមរូបភាពចិននាំចូលវត្ថុធាតុដើម និងទំនិញសម្រេចរបស់ខ្លួន មកកម្ពុជានិងវៀតណាម ដើម្បីនាំចេញបន្តទៅលក់នៅសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
