កងទ័ពជើងទឹកកម្ពុជាត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិត

កងទ័ពជើងទឹកនៅមូលដ្ឋានទ័ពរាម ត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើផ្ទៃសមុទ្រ ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមិថុនាខាងមុខ។ អ្នកឃ្លាំមើលថា កម្ពុជាមិនគួរហ្វឹកហាត់បាញ់គ្រាប់ពិតអំឡុងពេលដែលកម្ពុជានិងថៃកំពុងមានជម្លោះប្រដាប់អាវុធតំបន់ព្រំដែនឡើយ។

មេ​បញ្ជាការដ្ឋាន​ទ័ព​ជើង​ទឹក​សមុទ្ររាម​ លោក ម៉ី ឌីណា បាន​លើកឡើង​នៅក្នុង​សេចក្ដីប្រកាសព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣​មិថុនា​ថា កម្ម​វិធី​ហ្វឹកហ្វឺន​បាញ់គ្រាប់​ពិត​នៅ​លើ​ដែន​សមុទ្រ​នេះ​នឹង​ធ្វើឡើង​ចន្លោះ​ពី​កោះ​ពូលូវ៉ៃ​និង​កោះតាង​ នៅក្នុង​ខេត្ត​ព្រះសីហនុ។

កងទ័ពជើងទឹក​ក៏​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​ កុំមាន​ការ​ភ័ន្តច្រឡំ​នៅពេល​លឺ​សំឡេង​កាំភ្លើង​ ការ​ចល័តកងទ័ព​ និង​នាវា​ចម្បាំង​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នេះ ​ព្រម​ទាំង​ហាម​ប្រជានេសាទ​កុំ​ឱ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​តំបន់​ធ្វើ​សមយុទ្ធ​អំឡុង​ពេល​ហ្វឹកហ្វឺន​នេះ។

អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ថា កម្ពុជា​ធ្វើ​សមយុទ្ធ​បាញ់គ្រាប់​ពិត​អំឡុងពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅតាម​ព្រំដែន​នេះ​ជា​រឿង​មិន​ល្អ​សម្រាប់​កម្ពុជា​ឡើយ ហើយ​លោក​បាន​ប្រដូច​ការ​ប្រើ​កងកម្លាំង​​សម្ញែង​​ប្រទេស​ជិត​ខាង​នៅ​ពេលនេះ​ថា ជា​ការ​ហុច​ដង​ដាវ​ឱ្យ​ថៃ​កាប់​ទៅវិញ​ទេ។

ការប្រើកម្លាំងមែនទែនគឺជាការហុចដងឱ្យចាក់ទៅវិញ នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងតែអន់ខ្សោយនៅឡើយពេលដែលកម្ពុជាបង្ហាញកម្លាំងបាញ់គ្រាប់ពិតនៅក្បែរព្រំដែនវាចូលអន្ទាក់របស់គេ។គេអាចចោទថា ត្រៀមឈ្លានពានគេ តាមពិតយើងត្រៀមកម្លាំងដើម្បីតទល់ម្ល៉ោះហើយ គួរណាស់តែមេដឹកនាំក្រសួងការពារជាតិកម្ពុជាមានភាពឆ្លាតវៃបន្តិច មិនគួរណាបង្ហាញកម្លាំងបាញ់គ្រាប់ពិតក្ដៅក្នុងស្ថានភាពដែលកំពុងក្ដៅទៅហើយនោះទេ។

—  លោក គឹម សុខ

អ្នកវិភាគ​លើកឡើង​ថា ក្នុង​ស្ថានការណ៍​បែបនេះ​ កម្ពុជា​គួរតែ​ដោះស្រាយ​បញ្ហា​ដោយ​ការប្រើច្បាប់​ គឺ​ទី​១​ផ្ដល់​សច្ចាប័ន​លើ​ច្បាប់​អន្តរជាតិ​ ទី​២​រាយការណ៍​ទៅ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ទី៣​ប្រើ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧​ និង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឱ្យ​ដោះស្រាយ។

ស្របពេល​ដែល​ទ័ពកម្ពុជា​ត្រៀម​ហ្វឹកហ្វឺន​បាញ់គ្រាប់ពិត​នេះ ប្រមុខ​ការពារជាតិ​ប្រទេស​កម្ពុជា​និង​ថៃ​ឯណោះ​វិញ ​ក៏​បាន​ជួប​ពិភាក្សា​គ្នា​នៅតំបន់​ព្រំដែន​ស្រុក​អារ័ញ​ប្រទេស​ថៃ​ដើម្បី​ដោះស្រាយ​ជម្លោះ​ប្រទេស​ទាំងពីរ។

សារព័ត៌មាន​ថៃ​ភីប៊ីអេស្ស(Thai PBS)របស់​ថៃ បាន​ចុះផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​ លោក​ ទៀ សីហា​ និង​មេទ័ព​មួយ​ចំនួន​ទៀត​ បាន​ជួប​ពិភាក្សា​ជាមួយ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ លោក ភូមិថាំ​ វេឆាយ៉ាឆៃ (Phumtham Wechayachai )​នៅ​ស្រុក​អារ័ញ​ខេត្ត​ស្រះកែវ​ជាប់​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា។ ភាគីទាំងពីរ​បាន​យល់​ស្រប​គ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​យន្តការ​ដែល​មាន​ស្រាប់​ ដើម្បី​រក​ច្រកចេញ​ដ៏​សមស្រប​ និង​បាន​រក្សា​កងកម្លាំង​ដូច​កាល​ពី​ឆ្នាំ​២០២៤​កន្លង​ទៅ។

ស្របពេល​ដែល​ប្រមុខ​ការពារជាតិ​ប្រទេស​ទាំងពី​ជួប​ពិភាក្សា​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​នឹង​ប្ដឹង​បញ្ហាជម្លោះ​នៅតំបន់​ប្រាសាទ​តាមាន់ធំ​ ប្រាសាទ​តាមាន់តូច​ ប្រាសាទតាក្របី​ និង​តំបន់មុំបី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុងឡាអេ (The Haguge) ប្រទេសហូឡង់ (Netherlands) ដើម្បី​ឱ្យ​ជួយ​កាត់​ក្ដី​រឿង។

ភាព​តានតឹង​រវាង​កម្ពុជា​នឹង​ថៃ​បន្ត​ឡើង​កម្ដៅ​ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​កងទ័ព​និង​អាវុធប​ន្ថែម​ទៅកាន់​ព្រំដែន​ ក្រោយ​មាន​ករណី​ផ្ទុះ​អាវុធ​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​ និង​ការ​ជួប​ចរចា​រវាង​មេ​ទ័ពជើងគោក​ប្រទេស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​២៩​ឧសភា​បាន​បរាជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។